ក្រសួង​​​យុត្តិធម៌​និង​​អាជ្ញាធរ​​រាជ​ធានី​​ភ្នំពេញ​ ព្រមាន​​ចាត់​វិធាន​ការ​​ច្បាប់​​លើ​​ការ​​ប្រមូល​​ផ្តុំ​​ស្នើ​​ឱ្យ​​ដោះ​លែង​លោក​ រ៉ុង​ ឈុន​

ពលរដ្ឋដែលគាំទ្រលោក រ៉ុង ឈុន បានតវ៉ាទាមទារទៅតុលាការដោះលែងលោក រ៉ុង ឈុន នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួង​យុត្តិធម៌និង​អាជ្ញាធរ​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ចន្ទ​នេះ បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ប្រមូល​ផ្តុំ​ទាមទារ​ឱ្យ​ដោះលែងលោ​ក រ៉ុង ឈុន ដោយ​អាជ្ញាធរ​ចាត់ទុក​សកម្មភាព​នេះ​ថា​ជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់និង​ជា​ការ​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ។

ការព្រមាន​នេះបាន​ធ្វើឡើង​ក្រោយពេលលោ​ក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី៣១ ខែកក្កដា និង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃបន្ទាប់។ ក្រោយពី​មានការ​ចាប់ខ្លួន​លោ​ក រ៉ុង ឈុន ក៏​មានសាច់​ញាតិ យុវជន និង​ព្រះសង្ឃ​ជាច្រើន​អង្គ​នាក់ បាន​នាំគ្នា​ទៅ​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្រធាន​សហជីព​រូប​នេះ​ឱ្យ​មាន​សេរីភាព​វិញ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​លើកឡើង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា សកម្មភាព​ប្រមូល​ផ្តុំ​តវ៉ា​ទាមទារ​ឱ្យ​ស្ថាប័ន​តុលាការ​ដោះលែងលោក រ៉ុង ឈុន នេះ ពុំមែន​ជា​ទង្វើ​ត្រឹមត្រូវ​តាមច្បាប់​នោះ​ទេ ប៉ុន្តែ​ជា​ការ​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ ដែល​អាច​ប្រឈមមុខនឹង​ការចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ តាម​មាត្រា៥២២នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​ថា៖ «សូម​អំពាវនាវ​ដល់​បងប្អូន​ដែល​កំពុង​ធ្វើសកម្មភាព​ខុសច្បាប់​ខាងលើ​នេះ សូម​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​របស់​ខ្លួន មុននឹង​អាជ្ញាធរ​មានសមត្ថកិច្ច​មាន​វិធានការ​តាមច្បាប់»។

អ្នកនាំពាក្យ​រូប​នេះបាន​បន្ថែម​ថា ក្នុង​សង្គម​នីតិរដ្ឋ លោ​ក រ៉ុង ឈុន មាន​សិទ្ធិ​ពេញលេញ​ស្របតាម​រដ្ឋធម្មនុញ្ញនិង​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ក្នុង​ការស្វែងរកនិង​ពឹងពាក់​មេធាវី ដើម្បី​ការពារ​សុចរិត​ភាពនិង​ភាព​ត្រឹមត្រូវ​របស់​គាត់​តាមផ្លូវ​ច្បាប់ ស្របតាម​នីតិវិធី​នៅចំពោះមុខ​ស្ថាប័ន​តុលាការ។ 

ស្រប​ពេល​គ្នា​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញក៏បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ដោយគូ​សបញ្ជាក់​ថា សកម្មភាព​ជួបជុំ​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​នោះ បាន​ធ្វើឱ្យប៉ះពាល់​ដល់​ប្រក្រតី​ភាព​សង្គម សណ្តាប់​ធ្នាប់​សាធារណៈ លំហូរ​ចរាចរណ៍ និង​ប្រាស​ចាក​ពី​គោលការណ៍​ច្បាប់​ស្តី​ពី​ការ​ធ្វើបាតុកម្ម​ដោយសន្តិវិធី។ 

រដ្ឋបាល​រាជធានី​ភ្នំពេញបាន​បន្ត​ថា រាល់​ការ​ជួប​ប្រជុំ​ប្រមូល​ផ្តុំ​តវ៉ា​ទាំងអស់ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ទៅកាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្របតាម​ច្បាប់និង​ការណែនាំ​នានាស្តី​ពី ការ​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ការ​ចម្លង​វីរុស​កូ​វីដ១៩។ 

រដ្ឋបាល​រាជធានី​ភ្នំពេញបាន​បញ្ជាក់​ថា៖ «រាល់​សកម្មភាព​ជួប​ប្រជុំ​ប្រមូល​ផ្តុំដែល​គ្មាន​ការ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​មករ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ ត្រូវ​ចាត់ទុកជា​ទង្វើ​ខុសច្បាប់ដែល​អាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​តាមច្បាប់​ជាធរមាន»។ 

កាលពី​ថ្ងៃទី១ ខែសីហា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន លោក រ៉ុង ឈុន ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​បទ​ចោទ «ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»។ 

យោង​តាម​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា៤៩៥ បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ អាច​ប្រឈម​នឹង​ទោស​ជាប់ពន្ធ​នា​គារ​ពី៦ខែ​ទៅ២ឆ្នាំនិង​ពិន័យ​ជា​ប្រាក់​ពី១លាន​រៀល​ទៅ៤លាន​រៀល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ