ចលនា​និស្សិត​នៅ​​ក្រៅ​​ប្រទេស​​ថា រដ្ឋា​ភិបាល​«​ធ្វើ​សម្ប​ទាន​ដី​ថ្មី​ទៀត​ឱ្យ​ទៅ​វៀត​ណាម​»​​ក្រោយ​​ទទួល​ស្គាល់​ផែន​ទី​ថ្មី​

លោក ហ៊ុន សែន និង ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណ​​រដ្ឋសង្គមនិយមវៀតណាម ក្នុងសន្និសីទ​ និងពិធីចុះហត្ថលេខាជាផ្លូវការសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលមានមូលដ្ឋាន​នៅសហរដ្ឋអាមេរិក បាននិយាយថា ការដែលរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ផែនទីថ្មីខ្នាត «១លើ២៥ពាន់​» គឺ​ជាការធ្វើសម្បទានដីថ្មីប​​ន្ថែ​មទៀតឱ្យទៅវៀតណាម។

ប្រធានចលនានេះ លោក ទូច វិបុល និយាយក្នុងសេចក្តីថ្លែងការណ៍នៅ​ថ្ងៃ​នេះ​ថា ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) កាលពីថ្ងៃទី០១ ខែសីហា បានចុះ​ផ្សាយ​ថា រដ្ឋាភិបាលកម្ពុជា​បានទទួលស្គាល់ជាផ្លូវការ​នូវ​ការបំប្លែងខ្នាតផែនទីពី ១​លើ១០០ពាន់ (១/១០០,០០០) ទៅ ១លើ២៥ពាន់​ (១/២៥,០០០)​​ សម្រាប់កំណត់ខ្សែបន្ទាត់ព្រំដែនដែលរដ្ឋាភិបាលកម្ពុជានិងវៀតណាមបោះបង្គោលបាន៨៤ភាគរយ។

លោក ទូច វិបុល និយាយទៀតថា ផែនទីថ្មីនេះយោងតាមការចុះហត្ថលេខារវាងមេដឹកនាំនៃប្រទេសទាំងពីរ​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ តបតាមមូលដ្ឋាននៃសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម​ឆ្នាំ២០០៥។

លោក វិបុល និយាយថា៖ «ការបំប្លែងខ្នាតផែនទី​ទៅជា ១/២៥,០00​ នេះ ទាំងខុសប្រក្រតីនិងខុសកាលៈទេសៈជាតិ គឺជាការធ្វើសម្បទានថ្មីបន្ថែមទៀតឱ្យវៀតណាម​ស្ងាត់ៗនិងមិនស្មោះ​ត្រង់​ជាមួយប្រជាជាតិខ្មែរ»

ប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានច្រានចោលការលើកឡើងនេះ ដោយចាត់ទុកសេចក្តីថ្លែងការណ៍របស់ក្រុម​លោក ទូច វិបុល នេះថា ជាការ​សន្និដ្ឋានខុសពីការពិត។

លោក វ៉ា គឹមហុង ប្រាប់ថា៖ «ខ្ញុំដូចគ្មានអ្វីឆ្លើយតបទៅនឹងពួកអស់ទាំងនោះទេ។ លោកអស់ទាំងនោះតាមខ្ញុំយល់ឃើញ គាត់ធ្វើវិភាគ គាត់ធ្វើព្រំដែន គឺព្រំដែននៅលើអាកាស ជើងអត់ជាប់ដី គាត់ចេះតែថាទៅ។ អាហ្នឹងជាសិទ្ធិរបស់លោកទេ យើង[មិន]ទៅតតាំងអីទេ»

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលត្រូវ​បាន​ចាប់​ដាក់​ឃុំ​ព្រោះ​រិះគន់បញ្ហាព្រំដែននោះ និយាយថា ការបោះបង្គោលព្រំដែនកន្លងទៅធ្វើតាមសន្ធិសញ្ញា១៩៨៥ ក្រោមការត្រួតត្រារបស់វៀតណាមដែលថាធ្វើឱ្យកម្ពុជាខាតបង់ និងតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ផ្ទុយនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

លោក អ៊ុំ សំអាន និយាយទៀតថា តាមរយៈសន្ធិសញ្ញានេះធ្វើឱ្យការវាស់វែងថ្មីៗរកឃើញថា ដីស្រែចម្ការរបស់កសិករខ្មែរមួយចំនួនតាមព្រំដែន រួមទាំងភូមិ​កំណើតរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន ស្ថិតក្នុងដីរបស់វៀតណាម។

អ្នកឃ្លាំមើលព្រំដែនរបស់អតីតបក្សប្រឆាំងរូបនេះ ហៅផែនទីថ្មីដែលរដ្ឋាភិបាលកម្ពុជាទើបទទួលបានថ្មីនេះ ជាប្លង់រឹងរបស់វៀតណាម។

លោកថា៖ «ការធ្វើផែនទីថ្មីហ្នឹងគឺធ្វើតាមការបោះបង្គោលចូលដីខ្មែរថ្មីៗហ្នឹង មានន័យថា យួនរំលោភយកដីខ្មែរប៉ុន្មាន អាផែនទីហ្នឹងធ្វើទៅតាមការរំលោភចូលដីខ្មែររបស់ភាគីយួនហ្នឹងឯង»។

អនុប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា លោកស្រី កុយ ពិសី និយាយលើគេហទំព័រហ្វេសប៊ុករបស់អ្នកស្រីនៅថ្ងៃចន្ទនេះថា ភាគីកម្ពុជាដឹកនាំដោយលោក វ៉ា គឹមហុង និងគណៈប្រតិភូវៀតណាមដឹកនាំដោយលោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី​ក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមានិងបោះ​បង្គោលព្រំដែនគោកវៀតណាម បានជួបពិភាក្សាការងារនិងប្រគល់​ទទួលផែនទីឋានលេខាព្រំដែនគោក​ខ្នាត ១/២៥,០០០ រវាងកម្ពុជានិងវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ កាល​ពីថ្ងៃទី១ ខែ​សីហា។

អ្នកស្រី កុយ ពិសី និយាយទៀតថា៖ «សៀវភៅផែនទីឋានលេខាព្រំដែន ដែលបានចងក្រងរួច ចំនួន៥០០ច្បាប់ដើម ក្នុងនោះភាសាខ្មែរ-វៀតណាមចំនួន២៥០ច្បាប់ និងភាសាវៀតណាម-ខ្មែរចំនួន២៥០ច្បាប់ ដែលបានចងជាអាល់ប៊ុម [album] បានល្អ ត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួនតទៅ»។

មន្ត្រីជំនាញកិច្ចការព្រំដែនកម្ពុជារូបនេះ អះអាងថា មាត្រដ្ឋាន ១/២៥ ០០០ នេះ បានបង្ហាញពេញលេញលទ្ធផលខណ្ឌសីមានិងបោះបង្គោលព្រំដែនប្រមាណជា៨៤ភាគរយដែល​ប្រទេសទាំងពីរ​សម្រេចបាន។ លោកស្រីថា ផែនទីនេះ​ជាផែនទីទំនើបសម័យឌីជីថល ៤.0 ដែលបង្ហាញយ៉ាងច្បាស់លាស់ខ្សែព្រំដែន បង្គោលព្រំដែនរួម និងស្ថានភាពភូមិសាស្រ្តនៅ​លើដីជាក់ស្តែងបានយ៉ាងជាក់លាក់ ងាយស្រួលក្នុងការ​ប្រើប្រាស់ មិនដូចផែនទីខ្នាត ១/១00 ០០០ នោះទេ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា និយាយថា ការប្ដូរមាត្រដ្ឋានផែនទីមិនខុសទេ តែអ្វីដែលចម្រូងចម្រាសដែលបានកើតឡើងអាចមកពីកង្វះតម្លាភាព។

អ្នកឃ្លាំមើលរូបនេះនិយាយទៀតថា ការចោទគ្នាទៅវិញទៅមករវាង​អ្នកឃ្លាំមើលនិងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធការកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយវៀតណាម វាបានកើតឡើង​ច្រើនឆ្នាំហើយ។

ប៉ុន្តែលោកថា ដើម្បីកុំឱ្យបញ្ហានេះនៅតែបន្តអូសបន្លាយដល់ក្មេងជំនាន់ក្រោយ រដ្ឋាភិបាលគួរលើកទឹកចិត្តឱ្យអ្នកឃ្លាំមើលបានជួបពលរដ្ឋនៅតាមព្រំដែនដែលអះអាងថាបាត់ដីស្រែ ដោយសារ​ការបោះ​បង្គោល​ព្រំដែននិងពន្យល់ពលរដ្ឋពីផែនទីខ្នាត ១លើ២៥ពាន់ ឱ្យពលរដ្ឋបានដឹង។

លោកថា៖ «រឿងបញ្ហាជាតិ យើងមិនអាចលាក់បាំងបានទេ។ យើងអាចលាក់បាំងបានថ្ងៃហ្នឹង តែថ្ងៃខាងមុខមិនអាចលាក់បានទេ ហើយចៀសមិនផុតក្នុងការបើកកកាយឱ្យស្របច្បាប់ទេ ពីព្រោះជាកិច្ចព្រមព្រៀងនៃប្រទេសពីរ អ៊ីចឹងពលរដ្ឋនៅក្នុងហ្នឹងដែលជាម្ចាស់អំណាចគួរតែដឹងហើយ»

កម្ពុជា-វៀតណាម មានព្រំប្រទល់ដីគោកប្រវែង១២៧០គីឡូម៉ែត បច្ចុប្បន្នបោះបាន៨៤ភាគរយនៅសស់១៤ភាគរយទៀតមិនទាន់ឯកភាពគ្នា ដែលភាគីទាំងពីររង់ចាំការគូរចម្លងផែនទីពីភាគីបារាំងពីខ្នាត «១លើ១០០ពាន់» មកខ្នាត «១លើ៥០ពាន់» វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ