ក្រុម​​អង្គការ​​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​​ថា​​ការ​​ចាប់​ខ្លួន​​លោក​ រ៉ុង​ ឈុន​ រំលោភ​សិទ្ធិ​​បញ្ចេញ​មតិ​​

លោក រ៉ុង ឈុន ក្នុងថ្ងៃគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ដោះលែង​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ដោយ​លើក​ហេតុផល​ថា វិធានការ​ចាប់​ឃុំខ្លួន​នេះ រំលោភសិទ្ធិ​សម្តែង​មតិដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

លោក រ៉ុង ឈុន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស រាជធានី​ភ្នំពេញ កាលពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន ក្រោម​បទ​ចោទ​ថា ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។ 

សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​-សមាគម​ចំនួន១១៤ កាលពី​ថ្ងៃទី០៣ ខែសីហា ដែល​ក្នុង​នោះ​រួមមាន ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស អង្គការ​លី​កាដ​ូ និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ បាន​លើកឡើង​ថា លោក រ៉ុង ឈុន ជា​អ្នកតស៊ូ​មតិ​មួយ​រូបដែល​ការពារ​សិទ្ធិ​កម្មករ គ្រូបង្រៀន និង​សកម្ម​ក្នុង​ការ​ឃ្លាំមើល​បញ្ហា​ព្រំដែន។ 

សេចក្តី​ថ្លែងការណ៍បាន​បន្ត​ថា៖ «ការចោទប្រកាន់​ដែល​ធ្វើឱ្យលោក រ៉ុង ឈុន ប្រឈម​នឹង​ការ​ជាប់ពន្ធ​នា​គារ​រហូតដល់២ឆ្នាំ គឺជា​ការរំលោភ​សិទ្ធិនិង​សេរីភាព​របស់​លោក ក្នុង​ការ​បញ្ចេញមតិ​ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។

សេចក្តី​ថ្លែងការណ៍​នោះរំពឹង​ថា រាជរដ្ឋាភិបាល​នឹង​គោរព​កាតព្វកិច្ច​របស់​ខ្លួនដោយ​ផ្នែក​តាម​រដ្ឋធម្មនុញ្ញនិង​ច្បាប់អន្តរជាតិ និង​សង្ឃឹមថា សាលាដំបូង​រាជធានី​ភ្នំពេញនឹង​ពិចារណា​ក្នុង​ការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ទាំងអស់និង​ដោះលែង​លោ​ក រ៉ុង ឈុន ឱ្យមាន​សេរីភាព​វិញ​ក្នុង​ពេល​ឆាប់​ៗនេះ។ 

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស លោក មឿន តុលា យល់ឃើញ​ថា ចំណាត់​ការលើ​ការ​ចាប់ខ្លួនលោក រ៉ុង ឈុន ជា​ការរំលោភ​សិទ្ធិ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

លោក​ថា៖ «ការ​ចាប់ ការ​ឃុំខ្លួន​លោក រ៉ុង ឈុន វា​ជា​ភស្តុតាង​មួយ​ដែល​ធ្វើឱ្យ​សហគមន៍​អឺរ៉ុបនិង​សហ​គម​ន៍​ផ្សេង​ៗទៀតមើលឃើញ​ច្បាស់​ថា កម្ពុជា​យើង​ហាក់​មិន​មាន​ចេតនា​ដោះស្រាយ​បញ្ហា​ដែលគេ​រក​ឃើញ​កន្លងមក​ទេ។ បញ្ហា​រឿង​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​នុស្ស សិទ្ធិ​ដីធ្លី ក៏​ដូច​សិទ្ធិពល​រដ្ឋ​ សិទ្ធិ​នយោបាយ ក៏ដូចជា​សិទ្ធិ​កម្មករ​និយោជិត​ដែរ»។

សហភាព​សហព័ន្ធ​អន្តរជាតិ ហៅ​កាត់ (ITUC​) កាលពី​ថ្ងៃ​ចន្ទក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ​ដែរ ដោយ​អះអាង​ថា លោ​ក រ៉ុង ឈុន ជា​បុគ្គល​មួយ​រូប​ដែល​ការពារនិង​ជួយ​ជំរុញ​លក្ខខណ្ឌ​ការងារ​កម្មករ​ឱ្យមាន​ភាព​ប្រសើរ​ឡើង។ 

អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​ឈ្នះ លោក យិន ឈឿន មានប្រសាសន៍​នៅ​ថ្ងៃនេះ​ថា រាជរដ្ឋាភិបាល គួរតែ​បង្ហាញ​ពី​តម្លាភាពនិង​នាំ​ក្រុម​អ្នកឃ្លាំមើល​ករណី​ព្រំដែន​ទៅ​ស្វែងរក​ការពិត​នៅ​តំបន់​ព្រំដែន​ដែល​មានការ​សង្ស័យ​ថា ​មានការ​រំលោភ​ពី​ប្រទេស​វៀតណាម ជាជាង​ការប្រើ​វិធានការ​ច្បាប់ ទៅលើ​លោ​ក រ៉ុង ឈុន។

លោក​ថា៖ «យើង​ចង់​ឃើញ​ការ​បង្ហាញ​មួយ​ឱ្យ​មាន​តម្លាភាព ហើយ​បើ​សង្គម​ស៊ីវិល​និង​អ្នកឃ្លាំមើល​គាត់​យល់ថា​មាន​បញ្ហា​បាត់បង់​ហ្នឹង អ៊ីចឹង​សុំ​[ឱ្យរាជរដ្ឋាភិបាល​]បង្ហាញ​មកឬទៅ​បង្ហាញ​ដល់ទី​តាំង​ជាក់ស្តែង​ឱ្យមាន​តម្លាភាព​ទាំងអស់គ្នា​មក ប៉ុន្តែ​បែរជា​ប្រើ​វិធានការ​ច្បាប់​ទៅវិញ ខ្ញុំ​អត់​យល់​ដែរ​ចំពោះ​រដ្ឋាភិបាល»។

ប្រធាន​ក្រុម​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​នៅ​ថ្ងៃនេះ​ថា កិច្ចការ​ព្រំដែន​ជា​កិច្ចការ​របស់​រដ្ឋនិង​ការងារ​រវាង​ប្រទេស​និង​ប្រទេស ដែល​គ្មាន​ជន​ណា​ម្នាក់​អាច​លូកលាន់​បាន​ឡើយ។ 

លោក​ថា៖ «គ្មាន​អង្គការ​ណា គ្មាន​សកម្មជន​ណា ដែល​អាច​មាន​សិទ្ធិ​មក​លូកលាន់​ក្នុង​សាច់រឿង​នោះ​ទេ រឿង​នេះ​ជា​ការងារ​អន្តរជាតិ ជា​ការងារ​មួយ​ដែល​យើង​ប្រយ័ត្ន​ប្រយែង​បំផុត យើង​ថ្នាក់ថ្នម​សភាព​ការ​ណ៍បំផុត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ»។

លោក ហ្វីល រ៉ូបឺ​តសិន អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៅ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​មានប្រសាសន៍​ថា លោក រ៉ុង ឈុន គ្រាន់តែ​និយាយ​ជំនួសមុខ​ឱ្យអ្នក​ដែល​បាន​អះអាង​បាត់បង់​ដី អំឡុង​ពេល​មានការ​បោះបង្គោល​ព្រំដែន​ប៉ុណ្ណោះ ។ 

លោក​ប្រាប់​តាម​អ៊ីម៉ែល​ថា៖ «ប្រាកដ​ណាស់ សហភាព​អឺរ៉ុប​គួរតែ​ចាត់ទុក​ករណី​ចាប់ខ្លួន​របស់​លោក រ៉ុង ឈុន និង​ស្ថានភាព​ដែល​កំពុង​បន្ត​នេះ​ជា​បញ្ហា​ដែល​ប្រទេស​កម្ពុជា​ត្រូវ​ដោះស្រាយ​ ជាផ្នែក​នៃ​ការ​ឆ្លើយតប​ចំពោះ​ប្រព័ន្ធ​អនុគ្រោះ EBA»។

គួរ​បញ្ជាក់​ថា លោ​ក រ៉ុង ឈុន ត្រូវ​បាន​ចាប់ខ្លួនក្រោយពី​លោក​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ស្ដីពីជម្លោះដីធ្លី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន១០៦គ្រួសារ នៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជា​ខេត្ត​ជាប់​ព្រំដែន​វៀតណាម។

ប៉ុន្តែ​នៅ​ថ្ងៃទី៣១ ខែកក្កដា គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​មួយ ចាត់ទុក​ការ​លើកឡើង​របស់​លោក រ៉ុង ឈុន ថា «មាន​ចេតនា​ទុ​ច្ច​រិត» ទម្លាក់កំហុស​ដាក់​រដ្ឋាភិបាល ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ