បទ​​យក​ការណ៍​៖ វិស័យ​​ភាព​យន្ត​​ខ្មែរ​​ខ្វះ​​ធន​ធាន​មនុស្ស​​ផ្នែក​​ផាត់​មុខ​​បែប​​ច្នៃ​ប្រឌិត​​

កញ្ញា ឌូ ពុធ​មូលី​តា ដែល​ជា​អ្នកជំនាញ​ផាត់មុខបែប​ច្នៃប្រឌិតនិង​ជា​ម្ចាស់​ហ្វេសប៊ុក​ផេក «Apple Love Makeup Gallery» ធ្វើការបង្ហាញពីការផាត់មុខបែបច្នៃប្រឌិតប្រែក្លាយទៅជាតួអង្គអមនុស្ស។ (ហ្វេសប៊ុក Apple love Makeup Gallery)

ក្នុង​ខ្សែភាពយន្ត​មួយចំនួន តួអង្គ​ខ្លះ​មានខ្លួន​ជា​មនុស្សក្បាល​ជា​សត្វ​នាគ គោ ឬដំរី​ជាដើម។ អ្នកដឹកនាំ​រឿង​អាចប​ង្កើត​តួអង្គ​ទាំងនោះ​បាន​ ដោយសារតែ​មាន​បច្ចេកវិទ្យា​ផ្សេងគឺ​អាច​ប្រើ​កុំព្យូទ័រ​ដើម្បី​កែ​ប្រែនិង​ម្យ៉ាងទៀត​នោះ​គឺ​ «ការ​ផាត់មុខ​បែប​ច្នៃប្រឌិត» ដែល​ភាសាអង់គ្លេស​ហៅថា Special Effects Makeup​។ ការ​ផាត់មុខ​បែប​ច្នៃប្រឌិត គឺជា​ការ​លាបមុខឬដងខ្លួន​ឱ្យ​ចេញ​ជា​រូប​រាង​ផ្សេង​ៗនិង​ប្លែកភ្នែក​តាម​ការស្រមើស្រមៃ​ ដែល​ធ្វើ​ឱ្យ​អ្នកមើល​គិតថា​ជា​រូប​ពិតនៅក្នុង​ខ្សែភាពយន្ត។ 

លោក ឆាយ បូរ៉ា អ្នកដឹកនាំ​រឿង «ឃ្លាន​ទៅ​សែន​ឆ្ងាយ» លើកឡើង​ថា ការ​ផាត់មុខ​បែប​ច្នៃប្រឌិត​នេះមាន​ច្រើន​ទម្រង់ ដែល​អ្នកជំនាញ​ផាត់មុខ​អាច​ធ្វើ​ឱ្យ​ស្អាត អាក្រក់ ប្តូរ​ពីក្មេង​ទៅ​ចាស់ឬពី​មនុស្សចាស់​មក​ក្មេង ពី​រាងកាយ​ធម្មតា​ក្លាយទៅជា​មានស្នាម​របួស​ដាច់ចេញឈាម​ជាដើម។

លោក​បាន​បន្ថែម​ថា​ អ្នកមាន​ជំនាញ​ខ្លាំង​អាច​ផាត់​ដល់​ប្រស្រីភ្នែក បាញ់ថ្នាំ​លើ​ដងខ្លួន​ដូចជា​ឡាន។ ជា​ការពិត​ ការ​ផាត់មុខ​គឺ​មិនមែន​សំដៅលើ​តែ​ផ្ទៃមុខ​ទេ គឺ​សំដៅទៅលើ​​ដងខ្លួន​ទាំងមូល ដើម្បី​តម្រូវ​សាច់​រឿង​ផ្សេង​ៗរបស់​អ្នកដឹកនាំ​រឿងឬអ្នកនិពន្ធ ឧទាហរណ៍​ដូច​គេ​សរសេរ​មក​ជា​មនុស្សតែ​មាន​ដុះ​ស្នែង មាន​ជំ​ពុះ​ឬស្លាប។ 

លោកបន្ត​ថា៖ «ហើយ​វា​ជា​មែកធាង​មួយ​ក្នុងចំណោម​មែកធាង​ដទៃទៀត​ក្នុង​ការផលិត​ភាពយន្ត​ដូចនេះ​ហើយ​វា​ជាមុ​ខជំនាញ​ដែល​ចាំបាច់​បម្រើ​ក្នុង​វិស័យ​ភាពយន្ត។ ការ​ផាត់មុខ​គឺ​ត្រូវការ​អ្នកជំនាញ​ច្បាស់​លាស់​ដែរ ព្រោះថា​ បើ​មិន​មាន​ជំនាញ​ពិតប្រាកដ​ទេ ពេល​ដែល​ថត​ចូល​កាំ​មេ​រ៉ា​ទៅ​វា​អត់​ស្អាត។ ការ​ផាត់មុខ​បែប​ច្នៃប្រឌិត​គឺជា​ការ​ជួយ​សម្រេច​បំណងប្រាថ្នារបស់​អ្នកនិពន្ធ ដោយ​ប្រែក្លាយ​តួអង្គ​តាម​ការ​ស្រមើ​ស្រមៃ​របស់​ពួក​គាត់»។

ទោះ​យ៉ាងណាក៏ដោយ​ ក្នុង​ភាពយន្ត​ដែល​ផលិត​ដោយ​ផលិតករ​ខ្មែរ តួអង្គ​បែបនេះ​មិនសូវ​ឃើញ​មាន​ប៉ុន្មាន ព្រោះតែ​ខ្វះ​ធនធានមនុស្ស​លើ​វិស័យ​នេះ។

ប្រធាន​នា​យក​ដ្ឋា​នភា​ពយ​ន្ត​នៅ​កម្ពុជា លោក ប៉ុក បូ​រក្ស មាន​ប្រសា​សន៍​ថា ក្នុង​វិស័យ​ភាពយន្ត​វា​មាន​ជំនាញ​ច្រើនណាស់ ហើយ​ជំនាញ​ទាំងអស់​ហ្នឹង​គឺ​វា​មាន​ទំនាក់ទំនង​ប្រទាក់ក្រឡា​គ្នា​ទាំងអស់​ក្នុង​ការផលិត​ភាពយន្ត​មួយ ដោយ​ចាប់ផ្តើម​ពី​ការ​តែង​និពន្ធ ដឹកនាំ​រឿង សំដែង ការ​ថត ហើយ​ពិសេស​នោះ​គឺ​ការរៀបចំ​ផាត់​មុ​ខផ្សេង​ៗ។ ដោយឡែក លោក​ថា ​ការ​ផាត់មុខ​បែប​ច្នៃប្រឌិត​នេះ​គឺជា​ធាតុ​ដ៏សំខាន់​នៅក្នុង​វិស័យ​ភាពយន្ត​មួយ ព្រោះថា​ វា​ជួយ​ធ្វើ​ឱ្យ​ដំណើររឿង ការសំដែង​របស់​តួអង្គ​នី​មួយ​ៗមាន​លក្ខណៈ​ដូច​ទៅ​នឹង​ការពិត​ដែល​អ្នកនិពន្ធ​ចង់បាន។

លោក ប៉ុក បូ​រក្ស បញ្ជាក់​ថា៖ «ជាក់ស្ដែង​ចំពោះ visual effect នេះ! make up ហ្នឹង! ខ្ញុំ​យល់ថា​ វា​មាន​លក្ខណៈ​ពិសេស​លើស​ពី​អ្នក make up ធម្មតា ដែលអ្នក make up ធម្មតា​យើង​ឃើញថា​ គាត់​ផាត់​សម្រាប់​ចូលក្នុង​ពិធី​អី​មួយ ដោយ​ផាត់​ឱ្យស្អាត ឱ្យស ឱ្យអី​អញ្ចឹង​ទៅ។ ក៏ប៉ុន្តែ​សម្រាប់ visual effect make up ជាពិសេស​សម្រាប់​ក្នុង​វិស័យ​ខ្សែភាពយន្ត​គឺជា​លក្ខណៈ​ពិសេសលើស​ពី​អ្វី​ដែល make up ធម្មតា​មាន គឺ​ត្រូវ​ធ្វើ​ទៅតាម​អ្វី​ដែល​សាច់រឿង​តម្រូវ ទាំង​អាក្រក់ ទាំង​ល្អ ដែល​វា​ដូច​ទៅ​នឹង​ការពិត​អញ្ចឹង»។ 

កញ្ញា ឌូ ពុធ​មូលី​តា ដែល​ជា​អ្នកជំនាញ​ផាត់មុខបែប​ច្នៃប្រឌិតនិង​ជា​ម្ចាស់​ហ្វេសប៊ុក​ផេក «Apple Love Makeup Gallery» បាន​លើកឡើង​ថា ការ​ផាត់មុខ​បែប​ច្នៃប្រឌិត​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​វិស័យ​ភាពយន្ត ប៉ុន្តែ​យើង​មិនសូវ​ឃើញ​មាន​យុវជន​ច្រើន​ឡើយ​ងាក​មក​ចាប់​អា​រម្ម​ណ៍​រៀន​ជំនាញ​នេះ​ឱ្យ​ពិតប្រាកដ។ 

កញ្ញា ឌូ ពុធ​មូលី​តា បាន​បញ្ចប់​ការសិក្សា​លើ​ជំនាញ​ផាត់មុខ​បែប​ច្នៃប្រឌិត​នេះ​នៅ​សាលា Cinema Makeup School នៃ​សហរដ្ឋអាមេរិក ហើយ​កញ្ញា​បាន​បន្ត​ធ្វើការ​នៅ​លើ​ជំនាញ​នេះ​នៅ​ទីក្រុង Los Angles សហរដ្ឋអាមេរិក។ កញ្ញា​ចាប់​យក​ជំនាញ​នេះ គឺ​កើត​ចេញពី​ការ​ធ្វើការងារ​ស្ម័គ្រចិត្តជា​មួយ​នឹង​មិត្តភក្តិរបស់​នាង​ក្នុង​ឆ្នាំ២០១១ នៅពេល​ដែល​នាង​រៀន​នៅ​សាកលវិទ្យាល័យ​នៅ​ប្រទេស​កម្ពុជា ដោយធ្វើ​រឿង​មួយ​ទាក់ទង​នឹងបិសាចដែលគេ​ស្គាល់​ថា​ជា Zombies។ 

កញ្ញា​បាន​ប្រាប់​ថា៖ «យើង​នៅ​ខ្វះ​ចំណេះដឹង​ច្រើន​អ៊ីចឹង ជាពិសេស​គឺ​កត្តា​សង្គម ដោយសារតែ​ការងារ ពេល​បង​ធ្វើ​ការពី​បួនឬដប់​ឆ្នាំមុន​ហ្នឹង គឺ​មិនទាន់​មាន​អ្នកណា​ធ្វើ​ទេ។ រហូតដល់​ឥលូវហ្នឹង​ក៏​មិនទាន់​មាន​អ្នកណា​ធ្វើ​ដែរ អ៊ីចឹង​ការងារហ្នឹង​គឺ​ប្លែក​ខុសពី​គេ អ៊ីចឹង​គឺ​មាន​សំណួរ​ច្រើន​ពី​ខាង​គ្រួសារនិង​មិត្ត​ភក្តិដែល​គាត់​ឆ្ងល់​ថា ​បង់​បោះបង់​សាលាហើយ​ទៅ​ធ្វើការងារ​ហ្នឹង​គឺ​ច្បាស់លាស់​អត់? អ៊ីចឹង​វា​ធ្វើ​ឱ្យ​យើង​បាក់ទឹកចិត្តនិង​មិន​មានទំនុក​ចិត្ត​លើ​ខ្លួនឯង»។ 

កញ្ញា ឌូ ពុធ​មូលី​តា ដែល​បាន​ទទួល​អាហា​រូប​ករណ៍​ទៅរៀន​បន្ត​លើ​ជំនាញ​ផាត់មុខ​បែប​ច្នៃប្រឌិត​នៅ​សហរដ្ឋអាមេរិក​ បាន​រៀបរាប់​បន្ត​ថា ការ​ផាត់មុខ​ឱ្យ​ចេញ​ជា​សត្វ​ចម្លែកឬអ្វី​ផ្សេង គឺ​អាស្រ័យលើ​ការ​និយម​ចូលចិត្ត​របស់​អ្នកទស្សនា​ផង​ដែរ។ កញ្ញា​បាន​បន្ថែម​ថា ​អ្នកជំនាញ​មានការ​លំបាក​ខ្លាំង ដោយ​ថា ​ពួក​គេ​ត្រូវមានការ​សិក្សា​ស្រាវជ្រាវ​ច្រើននិង​ផ្តោត​ទៅនឹងជំនាញ ​ត្រូវដកពិសោធន៍ ធ្វើ​យ៉ាងណា​ឱ្យ​ត្រូវ​នូវ​អ្វីដែល​អ្នកដឹកនាំ​រឿង​ចង់បាន។

កញ្ញា ឌូ ពុធ​មូលី​តា បាន​លើកឡើង៖ «បើសិនជា​ខ្ញុំ​ស្រាវជ្រាវ​តួ​លក្ខណៈបែប​បុរាណ​ខ្មែរ ធម្មតា​ខ្ញុំ​ប្រមូល​រូបថត​ដែល​ខ្ញុំ​ស្រឡាញ់ ក្បាច់​ក្បូរ ពណ៌ឬក៏​ចរិត​របស់​តួ​អី​ក៏ដោយ​មក​បូក​បញ្ចូល​វា ខ្ញុំ​ដាក់​វា​នៅ​លើ​ផ្ទាំង​ក្តារ​ធំ​មួយ ហើយ​ខ្ញុំ​ច្របាច់​បញ្ចូល​គ្នាឬអាច​គូររូប​រាង​សិន។ បន្ទាប់មក​ទើប​ខ្ញុំ​ផាត់​ទៅលើ​មុខ ខ្លួន ហើយ​ធ្វើការ​ទៅ​ព្រាង​លើ​សម្លៀកបំពាក់។ ខ្ញុំ​ត្រូវ​ធ្វើខ្លួន​ឯង​ទាំងអស់ ទាំង​សម្លៀកបំពាក់ ទាំង​មកុដ គ្រឿង​សម្រាប់​បិទមុខ ពីព្រោះ​ខ្ញុំ​ចូលចិត្ត​គ្រប់គ្រង​នូវ​ស្នាដៃ​របស់​ខ្លួនឯង​ បើសិនជា​ឱ្យ​គេ​ធ្វើ វា​អត់​ចេញ​ដូច​អ្វី​ដែល​យើង​ចង់បាន»។

កញ្ញា ឌូ ពុធ​មូលី​តា​ បាន​ចូលរួម​តុបតែង​មុខ​ដល់​តួអង្គ​ក្នុង​រឿង​អាមេរិក​ចំនួន១៥រឿង​មក​ហើយ ដែល​ក្នុង​នោះ​មានរឿង The Wall​, Lisa and Liza​, Judgement Call Airport Security Squad និង Harana ព្រមទាំង​រឿង​ជាច្រើន​ទៀត។

ទៅ​ថ្ងៃ​អនាគត កញ្ញា​មាន​គម្រោង​ចង់​បង្កើត​សាលាបង្រៀន​ផាត់មុខ​បែប​ច្នៃប្រឌិត​នេះ​ទៅដល់​យុវជន​ជំនាន់​ក្រោយ​នៅ​ប្រទេស​កម្ពុជា ដោយ​បច្ចុប្បន្ន​កញ្ញា​បាន​ចំណាយពេល​បង្រៀន​តាម​អន​ឡាន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។

លោក ជៀប សុវិជ្ជា នាយក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ និង​ទទួល​ថត​ភាពយន្ត​បរទេស​នៅកម្ពុជា ​(CFC​) បាន​ឱ្យដឹង​ថា តារាភាពយន្ត​បរ​ទេ​សល្បីៗភាគច្រើន ​មាន​អ្នកជំនាញផាត់​-តុបតែង​មុខ និងសក់ប្រចាំ​ខ្លួន​របស់​គេ​តែម្តង​ សម្រាប់​ធ្វើ​របួស ដំបៅ រលាក។ល។ 

លោក ជៀប សុវិជ្ជា លើកឡើង​ថា៖ «ការ​ផាត់​-តុបតែង​មុខបែប​សិល្បៈ​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​ការ​ផាត់​-តុបតែង​មុខសម្រាប់​អ្នក​សម្តែង​ភាពយន្ត ជាផ្នែក​មួយ​ដាច់ដោយឡែក ដែល​តម្រូវ​ឱ្យ អ្នក​ផាត់​-តុបតែង​មុខនោះ​បាន​យល់​ច្បាស់​ពី​សាច់រឿង ពី​លក្ខណៈ​នៃ​តួអង្គ​នី​មួយ​ៗ ហើយ​តម្រូវ​ទៅតាម​ឈុតឆាក​នី​មួយ​ៗនៃ​សាច់រឿង។ ការ​ផាត់មុខ​-តុបតែង​មុខ​តួ​សម្តែង ជាផ្នែក​មួយ​សំខាន់ សម្រាប់​ខ្សែភាពយន្ត​នៅ​កម្ពុជា ក៏ដូចជា​ទូទាំង​ពិភពលោក ព្រោះថា ការ​ផាត់​-តុបតែង​មុខឬរាងកាយ​នៃ​តួ​សម្តែង​នី​មួយ​ៗឱ្យ​សមស្រប​ទៅតាម​សាច់រឿងនិងឈុត​ឆាក​នី​មួយ​ៗ ទើប​ខ្សែភាពយន្ត​នោះ​មើលទៅដូចជា​ការពិត»។ 

តាម​លោក ជៀប សុវិជ្ជា នៅក្នុង​ប្រទេស​កម្ពុជា​មិនទាន់​មាន​សាលារៀន​ណា​ដែល​បើក​បង្រៀន​ជាមុ​ខជំនាញ​នេះ​នៅក្នុង​សាកលវិទ្យាល័យ​នៅឡើយ​ទេ ក្រៅពី​ការ​រៀន​ដោយខ្លួនឯង​តាម Youtube ឬវគ្គ​ខ្លី។ ក្រសួងវប្បធម៌ ​និង​វិចិត្រ​សិល្បៈ និង CFC ធ្លាប់​បាន​បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​នេះដោយ​ឥតគិតថ្លៃចំនួន២វគ្គ​មក​ហើយ ដោយវគ្គទី០១ មាន​រយៈពេល​ពីរ​សប្តាហ៍ ពី​ថ្ងៃទី០៦ដល់​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១០ មាន​សិក្ខាកាម​ចំនួន១២នាក់ បង្ហាត់​ដោយ​លោក Vitchu CHAVASIT ជនជាតិ​ថៃ និងវគ្គទី០២ មាន​រយៈពេល​ពីរ​សប្តាហ៍ ពី​ថ្ងៃទី១៥ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ មាន​សិក្ខាកាម​ចំនួន១៤នាក់ បង្ហាត់​ដោយ​លោក Jeff CABRAL ជនជាតិហ្វីលីពីន។ បច្ចុប្បន្ន CFC នៅតែ​បន្ត​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​យុវជន​ដែល​ស្រឡាញ់​ចូលចិត្ត​ជំនាញ​នេះនិង​ជំនាញ​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​វិស័យ​ខ្សែភាពយន្ត។

ប្រភព​ដដែល​ឱ្យ​ដឹង​ថា​ សិក្ខាកាម​ដែល​បាន​មក​រៀន​ជំនាញ​នេះ​ពី CFC ហើយ​ត្រូវ​បាន CFC បញ្ជូន​ឱ្យ​ចូលរួម​អនុវត្ត​ការងារ​ជាមួយ​ក្រុម​ថត​ភាពយន្ត​បរទេសដែល​បាន​មក​ថត​នៅ​កម្ពុជា។ សិក្ខាកាម​មួយចំនួន​ទៀតដែល​មានបទពិសោធន៍​ច្រើន​ក្នុង​ការអនុវត្ត​ការងារ​ផ្ទាល់​ជាមួយ​ផលិតកម្ម​បរទេស មាន​មួយចំនួន​កំពុងធ្វើការ​យ៉ាង​មមាញឹក​ជាមួយ​ផលិតកម្ម​ក្នុង​ស្រុក ខ្លះទៀត​គាត់​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​លើ​ផ្នែក​នេះ និង​មាន​មួយចំនួន​ទៀត​ឈាន​ដល់​ការ​បើក​បង្ហាត់បង្រៀន​សិស្ស​លើ​ផ្នែកផាត់​-តុបតែង​មុខ​នេះ​ទៀតផង​៕

ដោយ៖ ជី វ៉ា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ