មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា រដ្ឋាភិបាលនឹងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកតវ៉ារឿងបោះបង្គោលព្រំដែនដែលបង្កឱ្យមានចលាចលក្នុងសង្គម ក្រោយពីគណបក្សមួយបានចុះទៅពិនិត្យបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាមដែលបោះរួច។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃអង្គារនេះថា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានបញ្ជាក់រួចហើយថា ការបោះបង្គោលព្រំដែនគោករវាងកម្ពុជានិងវៀតណាម ជាការងារបច្ចេកទេសកម្រិតខ្ពស់តាមផែនទីផ្លូវការបោនខ្នាត«១លើ១០០ពាន់» ស្របតាមមាត្រា២នៃរដ្ឋធម្មនុញ្ញ ដែលធានាបាននូវបូរណភាពទឹកដីកម្ពុជា ដោយមិនឱ្យមានការបាត់បង់ទឹកដីទៅលើវៀតណាម ដូចការចោទប្រកាន់របស់មនុស្សមួយក្រុមតូចនោះឡើយ។
លោកបន្តថា ចំពោះការសន្និដ្ឋានរបស់មនុស្សមួយក្រុមតូចដោយគ្រាន់តែមើលនឹងភ្នែកថា ការបោះបង្គោលព្រំដែនបានធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីទៅលើវៀតណាមនោះ គឺមិនអាចយកជាការបានឡើយ ដែលករណីនេះ រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ នឹងមានវិធានការផ្លូវច្បាប់ ដើម្បីទប់ស្កាត់ចលាចលក្នុងសង្គម។
លោកថា៖ «សុំអធ្យាស្រ័យចំពោះពលរដ្ឋភាគតិចដែលកំពុងយកចិត្តទុកដាក់នៅក្នុងរឿងផែនទីដែលតែងជ្រួលច្របល់ជាមួយអ្នកដឹកមុខហ្នឹង គឺ[ទង្វើនេះ]មិនត្រឹមត្រូវទេ រាជរដ្ឋាភិបាលនិងអាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ មិនឱ្យមានភាពវឹកវរនាំឱ្យចលាចលប៉ះពាល់ដល់ការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋយើងឡើយ»។
ការព្រមាននេះបានធ្វើឡើងមួយថ្ងៃក្រោយពីគណបក្សខ្មែរឈ្នះ ដែលដឹកនាំដោយលោក សួង សុភ័ណ្ឌ បានចុះទៅពិនិត្យស្ថានភាពនៃការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាទីតាំងដែលលោក រ៉ុង ឈុន បានលើកឡើងពីរបាយការណ៍បានមកពីពលរដ្ឋ ដែលថា មានការបាត់បង់ទឹកដីកម្ពុជាទៅលើវៀតណាម រហូតដល់មានការចាប់ខ្លួន រូបលោកនិងការចោទប្រកាន់នៅតុលាការ។
ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ និយាយថា ការទៅដល់ព្រំដែនជាការស្វែងរកការពិត ដើម្បីរួមចំណែកការពារបូរណភាពទឹកដី គ្មានបំណងបង្កចលាចលសង្គមទេ។
លោកថា៖ «ក្នុងនាមខ្ញុំជាអ្នកនយោបាយ បើបាត់ទឹកដី វាជាកំហុសរបស់ខ្ញុំ។ […] គ្មានប្រទេសណាមួយនៅលើពិភពលោកហាមឃាត់ប្រជាពលរដ្ឋនិងអ្នកនយោបាយមិនឱ្យគិតគូររឿងព្រំដែន អាហ្នឹងទី១ មិនឱ្យទៅមើលព្រំដែន រឿងទី២ មិនឱ្យនិយាយរឿងព្រំដែនអធិបតេយ្យភាពរបស់ខ្លួន មិនដែលមានទេលើលោកនេះ»។
កាលពីថ្ងៃទី៥ ខែសីហា គណបក្សនេះក៏បានជូនដំណឹងទៅសាលារាជធានីភ្នំពេញ ពីគម្រោងធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដើម្បីជំរុញឱ្យមានការដោះលែងអ្នកឃ្លាំមើលព្រំដែន លោក រ៉ុង ឈុន។ ប៉ុន្តែបើតាមលោក សួង សុភ័ណ្ឌ គម្រោងធ្វើបាតុកម្មនោះត្រូវបានផ្អាកវិញ ដោយសាររដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាត។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ប្រាប់វីអូឌីកាលពីសប្តាហ៍មុនថា ខ្សែបន្ទាត់ព្រំដែនជាអាយុជីវិតជាតិ ដែលរដ្ឋាភិបាលត្រូវពន្យល់ពលរដ្ឋឱ្យយល់ដឹង ដើម្បីកុំឱ្យបញ្ហានេះក្លាយជាជម្លោះប្រវត្តិសាស្ត្រដល់ក្មេងជំនាន់ក្រោយ។
លោក ឯម សុវណ្ណរ៉ា ប្រាប់ថា៖ «រឿងកិច្ចការជាតិយើង [រដ្ឋាភិបាល] មិនអាចលាក់បាំងបានទេ។បើយើងលាក់បាំងថ្ងៃហ្នឹង ថ្ងៃខាងមុខយើងលាក់ម៉េចបាន វាចៀសមិនផុតពីការបើកកកាយឱ្យស្របច្បាប់ទេ ព្រោះជាកិច្ចព្រមព្រៀងនៃប្រទេសពីរ អ៊ីចឹងពលរដ្ឋគាត់ត្រូវតែចង់ដឹងហើយ ព្រោះគាត់ជាម្ចាស់អំណាច»។
គួរបញ្ជាក់ថា កម្ពុជា-វៀតណាម មានព្រំប្រទល់ដីគោកប្រវែង១២៧០គីឡូម៉ែត ដោយបច្ចុប្បន្នបោះបង្គោលបាន៨៤ភាគរយ នៅសស់១៦ភាគរយទៀតមិនទាន់ឯកភាពគ្នានៅឡើយ ដោយភាគីទាំងពីររង់ចាំការគូរចម្លងផែនទីពីភាគីបារាំងពីខ្នាត «១លើ១០០ពាន់» មកខ្នាត «១លើ៥០ពាន់» វិញ៕