ក្រសួង​​រ៉ែ​ កំណត់​​បទ​​ប្ប​ញ្ញ​ត្តិ​​បច្ចេក​ទេស​​សុវត្ថិ​ភាព​​សម្រាប់​​អាជីវ​​កម្ម​​លក់​​ហ្គា​ស​និង​​ប្រេង​រំអិល​​

ក្រុមជួយសង្គ្រោះនិងអាជ្ញាធរយកធុងហ្គាសដែលមិនទាន់ផ្ទុះចេញពីទីតាំងកើតហេតុអគ្គិភ័យឆាបឆេះ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ (ម៉ិច ដារ៉ា)

ក្រសួង​រ៉ែ និង​ថាមពល កំណត់​បទប្បញ្ញត្តិ​បច្ចេកទេស​សុវត្ថិភាព​សន្និធិ ​(ទុកដាក់​) ឧស្ម័ន​អិ​លភី​ជី​(LPG​)ឬហ្គាស និង​ប្រេងរំអិល​ក្នុង​កំប៉ុងឬធុង ដើម្បី​លក់និង​ប្តូរ​ដល់​យានយន្ត សម្រាប់​អាជីវ​កម្ម​លក់​ហ្គា​សនិង​ប្រេងរំអិល សំដៅលើ​កកម្ពស់​សុវត្ថិភាពនិង​សណ្តាប់​ធ្នាប់​សាធារណៈ។

ប្រកាស​របស់ក្រ​សួង​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃពុធ​នេះ បាន​តម្រូវឱ្យរូប​វន្ត​បុគ្គលឬនីតិបុគ្គល​ដែល​ធ្វើស​កម្ម​ភា​ពល​ក់ហ្គា​សក្នុង​កំប៉ុង​ឬធុង ត្រូវ​គោរព​តាម​បទប្បញ្ញត្តិ​បច្ចេកទេស​សុវត្ថិភាព ក្នុង​នោះ សំបក​កំ​ប៉ុង​ផ្ទុក​ហ្គាស​ដែល​យក​មក​លក់ ត្រូវ​ធ្វើ​ពី​លោហៈ​ធាតុ​ដែល​អាច​ធន់​នឹង​សម្ពាធ ហើយ​មាន​ចំណុះ​ចាប់ពី៣០០ក្រាម​ចុះក្រោម និង​សំបក​ធុង​ផ្ទុក​ហ្គា​សត្រូវ​មាន​ចំណុះ​ពី៤៨គីឡូក្រាម​ចុះក្រោម។

ប្រកាស​ដដែលក៏បាន​តម្រូវឱ្យទីតាំង​ឃ្លាំង​/ស្តង់​ស្តុក​ធុង​ហ្គាស ត្រូវ​ស្ថិតនៅ​ជាន់ផ្ទាល់ដី​រាបស្មើ ស្ងួត រឹង​មាំ ខ្ពស់​ជាង​ឬស្មើ​ទៅនឹង​តាំង​នៅ​ជុំ​វិញ និង​ត្រូវ​មាន​សសរ​ជញ្ជាំងនិង​ដំបូលធ្វើ​ពី​ធាតុ​មិន​ងាយ​ឆេះ និង​មាន​ប្រព័ន្ធ​រន្ធ​ខ្យល់​ចេញចូល​ផ្នែក​ខាងលើនិង​ខាងក្រោម។

ប្រកាស​របស់ក្រ​សួងក៏បាន​កំណត់​ចម្ងាយ​របស់​ទីតាំង​ឃ្លាំង​/ស្តង់​ពី​ជញ្ជាំង​លំនៅឋាន​អ្នកជិតខាងឬព្រំ​របង​នៃ​ការដ្ឋាន​ដែល​ស្ថិតនៅ​ក្បែរ និង​ត្រូវ​ស្ថិតនៅ​ចម្ងាយ៣ម៉ែត្រពី​សារធាតុ​គ្រោះថ្នាក់ ដូចជា ធុង​ខ្យល់​បំណែ​ន ធុង​អា​សេ​ទី​ឡែន ធុង​សារធាតុ​ដែល​អាច​ឆាបឆេះ សារធាតុ​ងាយ​ឆេះ ពុល និង​ច្រែះស៊ី និង​ចម្ងាយ៧ម៉ែត្រ​កន្លះ​ពី​អុក​ស៊ី​សែន​រាវ។

ប្រកាស​បាន​បញ្ជាក់​ថា៖ «ទីតាំង​ដែល​ជា​ផ្ទះល្វែង​មួយ​ល្វែង​នៅ​ជាប់​ៗគ្នា មិន​អនុញ្ញាត​ឱ្យមានការ​ស្តុក​ទុក​ឧស្ម័ន​អិ​លភី​ជី​ក្នុង​កំប៉ុងឬធុង ដើម្បី​លក់​លើស​ពី៥០០គីឡូក្រាម​ឡើយ»។

ក្រៅពីនោះ ប្រកាស​របស់ក្រ​សួងក៏បាន​ណែនាំ​ឱ្យ​បំពាក់​ឧបករណ៍និង​ស្លាក​សញ្ញា​ផ្សេង​ៗ ដើម្បី​សុវត្ថិភាព និង​វិធាន​រៀបចំ​ទុកដាក់​កំប៉ុងនិង​ធុង​ហ្គាស​ឱ្យបាន​ត្រឹមត្រូវ​ផង​ដែរ។

ដោយឡែក សម្រាប់​ឃ្លាំងទុក​ដាក់ប្រេង​រំអិល​វិញ ប្រកាស​របស់ក្រ​សួងក៏បាន​តម្រូវឱ្យមាន​ឧបករណ៍​សម្ភារលើកដាក់និង​ដឹកជញ្ជូន​ឱ្យបាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ប្រើ​កំប៉ុង​ឬធុង​ដែល​មាន​ចំណុះ​ចាប់ពី​ឬស្មើ២០០លីត្រ​ចុះក្រោម និង​ត្រូវ​ទុកដាក់​ប្រេងរំអិល​នៅក្នុង​ឃ្លាំង​ឬអគារ ជាពិសេស​ត្រូវ​ចៀសវាង​ការ​បង្ហូរ​កាកសំណល់​ប្រេងរំអិល​ចូលក្នុង​ប្រព័ន្ធ​លូ​សាធារណៈ។ 

ចំពោះ​ទីតាំង​លក់និង​ប្តូរ​ប្រេងរំអិល ប្រកាស​របស់ក្រ​សួងបាន​កំណត់ឱ្យមាន​ទីធ្លា​ទូលាយ​និង​មាន​ខ្យល់​ចេញចូល​បាន​ល្អ ដាក់​ឱ្យ​ស្ថិតនៅ​ចម្ងាយ​អប្បបរមា៣ម៉ែត្រ​ពី​ប្រភព​បញ្ឆេះ និង​ត្រូវ​រៀបចំ​ទុកដាក់​កំប៉ុង​ឬធុង​ប្រេងរំអិល​ឱ្យមាន​របៀបរៀបរយនិង​សុវត្ថិភាព។

កាលពី​ថ្ងៃទី១៨ ខែកក្កដា មាន​ករណី​ផ្ទុះ​ធុង​ហ្គា​សប​ង្ក​ជា​អគ្គិភ័យ​កើតឡើង នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឱ្យមនុស្ស៤នាក់​បាន​ស្លាប់និង៥នាក់​ទៀត​រង​របួសធ្ងន់​ស្រាល។

ក្រោយ​ហេតុការណ៍​នោះ អភិបាល​រាជធានី​ភ្នំពេញបាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធនិង​អាជ្ញាធរ​ខណ្ឌ ត្រូវ​ចុះ​ត្រួតពិនិត្យនិង​លុបបំបាត់​ទី​តាំង​លក់​ហ្គាស​អនាធិបតេយ្យ ដើម្បី​បញ្ចៀស​ការ​រំខាននិង​បង្ការ​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ