សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​ប្រធាន​​គណ​បក្ស​​ខ្មែរ​​ឈ្នះ​​ពាក់​ព័ន្ធ​​នឹង​​បញ្ហា​​ព្រំ​ដែន​​

លោក សួង សុភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ថ្លែងអំឡុងពេលចូលរួមតវ៉ាដោយសន្តិវិធីទៅតុលាការឱ្យដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ចាប់​ឃាត់ខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័​ណ្ឌ នៅ​រសៀល​ថ្ងៃសុក្រ​នេះ តាម​ដីកា​របស់​តុលាការ ក្រោយពី​គណបក្ស​មួយនេះ​បាន​ចុះទៅ​ពិនិត្យ​បង្គោលព្រំ​ដែន​រវាង​កម្ពុជា​-វៀតណាមដែល​បោះ​រួច​នៅ​ខេត្ត​ត្បូងឃ្មុំ។ 

កាលពី​ថ្ងៃទី១០ ខែសីហា លោក ​សួង សុភ័​ណ្ឌ បាន​ដឹកនាំ​សមាជិក​ចុះទៅ​ពិនិត្យ​ស្ថានភាព​នៃ​ការ​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជាទី​តាំង​ដែល​លោក រ៉ុង ឈុន បាន​លើកឡើង​ពីរ​បាយ​ការណ៍​របស់​ពលរដ្ឋ ដែល​ថា បាត់បង់​ទឹកដី​កម្ពុជា​ទៅលើ​វៀតណាម។ 

នៅ​ថ្ងៃបន្ទាប់ មន្ត្រី​រដ្ឋាភិបាលបាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​តវ៉ា​រឿង​បោះបង្គោល​ព្រំដែន ដោយ​ថា ដើម្បី​ទប់ស្កាត់​ចលាចល​ក្នុង​សង្គម។ 

អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា ប្រាប់​វី​អូ​ឌីតា​មតេ​ឡេ​ក្រាម (Telegram​) ថា សមត្ថកិច្ចបាន​ចាប់ខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័​ណ្ឌ នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ១រសៀល​ថ្ងៃនេះ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​នាំ​ខ្លួន​មក​សាកសួរ​នៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ 

លោក​ថា៖ «ពិតជា​មានការ​ចាប់ខ្លួនលោក សួង សុភ័​ណ្ឌ នៅ​ខណ្ឌទួលគោក ពី​បទល្មើស​ជាក់ស្តែង​ពាក់ព័ន្ធ​នឹង​ការ​បំភ្លៃ​ការពិត​អំពី​បញ្ហា​ព្រំដែន»។

អ្នកនាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានប្រាប់ក្រុម​អ្នកសារព័ត៌មាន​តាមតេឡេក្រាម(Telegram)ថា ការ​ចាប់​ខ្លួន​ លោក សួង សុភ័ណ្ឌ ជា​បទល្មើស​ជាក់ស្តែង ទាក់​ទង​នឹង​ការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុសលើ​គណៈកម្មាធិការព្រំដែនកម្ពុជា​ថា ប្រព្រឹត្តបទល្មើសក្បត់ជាតិ។

ប្រធានក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​សមាជិកក្រុមប្រឹក្សាភិបាលនៃចលនានិស្សិត លោក ម៉ែន ណាត មានប្រសាសន៍ថា អ្នកដែលហ៊ាននិយាយ​កា​រពិត​ពាក់ព័ន្ធនឹង​រឿង​ព្រំដែន បានរង​នូវ​ការ​ចាប់ខ្លួន​ និង​ចោទប្រកាន់ពីសំណាក់អាជ្ញាធរ និង​រដ្ឋាភិបាល ជាបន្តបន្ទាប់។

លោកថា៖ «ក្រុម​សកម្មជនណា​ក៏ដោយ​ ដែលចុះ​មើលព្រំដែន ហើយ​និយាយការ​ពិត អំពីការបោះបង្គោល​ព្រំដែនមិន​ប្រក្រតីហ្នឹង ដែលធ្វើ​ឱ្យ​បាត់​ដីខ្មែរ​ហ្នឹង ត្រូវ​រង​នូវកា​រចោទប្រកាន់​ពីអាជ្ញាធរ​ និង​រដ្ឋាភីបាល។ អីចឹង​ហើយ​បានយើង​ធ្វើការ​ទាមទារឱ្យ​ដោះលែង​អ្នកទាំងនោះ ឱ្យមានសេរីភាពឡើងវិញ ដើម្បី​ឱ្យ​គាត់​អនុវត្ត​សិទ្ធិ​ឱ្យស្រប​ទៅតាម​រដ្ឋធម្មនុញ្ញ»។

កាលពី​ថ្ងៃទី៣១ ខែកក្កដា លោក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏​ត្រូវ​បាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញចាប់ខ្លួន និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញនៅ​ថ្ងៃបន្ទាប់ ក្នុង​នោះ ចៅក្រម​ស៊ើបសួរសម្រេច​ឃុំខ្លួន​រូបលោក​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​បទ​ចោទ​ថា «ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ