សេចក្តី​​ព្រាង​ច្បាប់​​ពាក់​ព័ន្ធ​​នឹង​​ការ​​ប្រគល់​​អ្នក​ទោស​​រវាង​​កម្ពុជា​​-​បារាំង​ ត្រូវ​​បាន​​គណៈ​​រដ្ឋ​មន្ត្រី​​អនុម័ត​​

អគារពន្ធនាគារព្រៃស ឬម១ ក្រោយពីត្រូវបានសាងសង់រួចរាល់ អំឡុងតែវិច្ឆិកា ឆ្នា២០១៩។ (វណ្ណ វិចារ)

ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី បាន​អនុម័ត​យល់ព្រមលើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្ដីពី​បត្យាប័ន​រវាង​រដ្ឋាភិបាល​កម្ពុជានិង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង ខណៈ​អ្នក​តាមដាន​យល់ថា ​បត្យាប័ន​ធ្វើឡើង​សំដៅលើលោក សម រង្ស៊ី ដែល​កំពុង​រស់នៅប្រទេស​បារាំង។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន សរសេរ​ក្នុង​ទំព័រ​ហ្វេ​សបុ​ករបស់​លោក​នា​ថ្ងៃនេះ​ថា សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើអនុសញ្ញា​ស្តី​ពី​បត្យាប័ន​នេះ នឹង​ត្រូវលើ​កម​កពិ​ភា​ក្សា។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន មានប្រសាសន៍​ប្រាប់VODថា អនុសញ្ញា​នេះ គឺជា​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ក៏ដូចជា​ការទប់ស្កាត់​នូវ​ឧក្រិដ្ឋ​កម្មនិង​បទល្មើស​ឆ្លងដែន​រវាង​ប្រទេស​ទាំងពីរ។ លោក​បន្ថែម​ថា បត្យាប័ន​នេះនឹង​បើកផ្លូវ​ឱ្យ​មានការ​ផ្ទេរ​ទណ្ឌិត​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ។

លោក​មានប្រសាសន៍​ថា៖ «កិច្ច​ព្រមព្រៀង​នេះគឺ​អនុញ្ញាត​ឱ្យ​មានការ​ចាប់​បញ្ជូន​ជនល្មើស​ដែល​ប្រព្រឹត្តបទល្មើស​នៅក្នុង​ដែនដី​នៃ​ប្រទេស​មួយ ហើយ​រត់​ភៀសខ្លួន​ទៅ​ប្រទេស​មួយទៀតដែល​ជាស​មា​ជិ​កនៃ​កិច្ច​ព្រមព្រៀង»។ 

អនុសញ្ញា​ស្ដីពី​បត្យាប័ន​រវាង​កម្ពុជានិង​បារាំង ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​អតីត​ប្រធានាធិបតី​បារាំង លោក ហ្វ្រង់​ស្វ័​រ ហូ​ឡង់ ក្នុង​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ធ្វើទស្សនកិច្ច​នៅ​បារាំង​អំឡុង​ខែតុលា ឆ្នាំ២០១៥ ប៉ុន្តែ​អនុសញ្ញា​នេះនៅ​មិនទាន់​បាន​ចូល​ជា​ធរ​មានសម្រាប់​ប្រទេស​ទាំងពីរ​អនុវត្ត​នៅឡើយ។

សម្រាប់​អ្នក​តាមដាន​យល់ថា ការរៀបចំ​បត្យាប័ន​នៅពេល​នេះ ហាក់​មាន​ចេតនាសំដៅ​ទៅលើ​ប្រធាន​អតីត​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ប្រទេស​បារាំងនិង​កំពុង​ជាប់​បណ្ដឹង​រាប់មិនអស់​នៅ​កម្ពុជា។ 

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម លោក​បណ្ឌិត សេង សារី យល់ថា បើ​ទោះបី​បត្យាប័ន​ធ្វើឡើង​នេះហាក់​សំដៅលើ​លោក សម រង្ស៊ី អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ក៏ដោយ ក៏​លោក​យល់ថា អាច​នឹង​គ្មាន​ប្រសិទ្ធភាពជា​មួយ​នឹង​បារាំង​នោះ​ទេ។ 

លោក​មានប្រសាសន៍​ថា៖ «ព្រោះ​នេះ​វា​ទាក់ទង​នឹង​ច្បាប់អន្តរជាតិ ទាក់ទង​នឹង​ការផ្លាស់ប្ដូរ​អ្នកទោស​ជាមួយគ្នា។ ទោះជាយ៉ាងណា ខ្ញុំ​ជឿ​លើ​ប្រទេស​បារាំង បើ​ទោះ​ប្រទេស​នេះ​មាន​បត្យាប័ន​ជាមួយ​កម្ពុជា​ក៏ដោយ ក៏​ប្រទេស​នេះនឹង​មិន​ធ្វើ​បត្យាប័ន​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ដែរ ព្រោះ​បារាំង​ជា​ប្រទេស​គោរព​ប្រជាធិបតេយ្យនិង​នីតិរដ្ឋ»។ 

VOD មិន​អាច​ទាក់ទង​លោក សម រង្ស៊ី ដើម្បី​ឆ្លើយតប​នឹង​ករណីនេះ​បាន​នៅឡើយ​ទេ។ 

មេធាវី​ការពារ​លោក សម រង្ស៊ី គឺ​លោក សំ សុខ​គង់ យល់ថា បើ​ទោះបីជា​កម្ពុជានិង​បារាំងមាន​បត្យាប័ន​ជាមួយគ្នា​នឹងគ្នា​ក៏ដោយ ក៏​លោក​យល់ថា​ ប្រទេស​បារាំងនឹង​មិន​អនុវត្តតាម​សំណើ​របស់​កម្ពុជា​ទាំងស្រុង ទៅលើ​កូនក្ដី​លោក​ដែរ។ 

លោក ​សំ សុខ​គង់ មានប្រសាសន៍​ថា៖ «ព្រោះ​ប្រទេស​បារាំងគឺជា​ប្រទេស​មួយ​ដែល​មានការ​យល់ដឹង​អំពី​បញ្ហា​ផ្លូវច្បាប់​ជាតិនិង​អន្តរជាតិ ក៏ដូចជា​សិទ្ធិមនុស្ស»។ 

អតីតប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ប្រទេស​បារាំង​កំពុង​រង​បណ្ដឹង​ចំនួន១០នៅ​តុលាការ​កម្ពុជា ក្នុង​នោះ៨បណ្ដឹង​ត្រូវ​បាន​តុលាការ​ជំនុំជម្រះ​រួចហើយ ដែល​តុលាការ​កាត់ទោស​ឱ្យ​លោក​ជាប់ពន្ធ​នា​គារ១៣ឆ្នាំ​និង២ខែ និង​ត្រូវ​បង់ប្រាក់​សំណង១លាន៥៨ម៉ឺន២៥០ដុល្លារ​និង១០០រៀល​ដល់​តុលាការ​និង​ដើមបណ្ដឹង ទោះជាយ៉ាងណា លោក​មិនទាន់​ចូលខ្លួន​មក​អនុវត្ត​ទោស​នៅឡើយ។

ក្រៅពី​ជាប់​បណ្ដឹង​នៅ​កម្ពុជា លោក សម រង្ស៊ី ក៏​ជាប់​បណ្ដឹង​មួយទៀត​នៅ​ប្រទេស​បារាំង​ផង​ដែរ ទាក់ទង​នឹង​បណ្ដឹង​បរិហារ​កេរ្តិ៍​ដែល​ប្ដឹង​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​កូនប្រសា​រលោក គឺ​លោក ឌី វិជ្ជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ