រដ្ឋា​ភិបាល​​អនុម័ត​​គោល​នយោ​បាយ​​ជាតិ​​ដំឡូង​មី​​ឆ្នាំ​២០២០​​-​២០២៥​

រោងចក្រដំឡូងមីមួយកន្លែង។ រូបភាព៖ ផ្ដល់ឱ្យ

​រដ្ឋាភិបាល​កម្ពុជា បាន​អនុម័ត​គោលនយោបាយ​ជាតិ​ដំឡូងមី​ឆ្នាំ២០២០​-២០២៥ ដោយ​ថា ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ចនិង​កាត់បន្ថយ​ភាព​ក្រីក្រ។ 

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ី​ផាន បាន​សរសេរ​នៅ​លើ​ហ្វេ​សប៊ុកផ្លូវការ​លោក នៅ​ថ្ងៃសុក្រ ទី១៤ ខែសីហា​នេះ​ថា គោលនយោបាយ​ជាតិ​ដំឡូងមី​នេះ មាន​គោលបំណង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ទីតាំង​ផលិត កែច្នៃ និង​ជា​អ្នកផ្គត់ផ្គង់​ដំឡូងមី ប្រកបដោយ​និរន្ត​រភាព សម្រាប់​ទីផ្សារ​ក្នុង​តំបន់និង​ពិភពលោក។ 

លោក​បញ្ជាក់​ថា៖ «គោលនយោបាយ​ជាតិ​ដំឡូងមី ២០២០​-២០២៥នេះ ធ្វើ​ឱ្យ​ផលិតផល​ដំឡូងមី​កម្ពុជា នឹង​ក្លាយជា​ដំណាំ​យុទ្ធសាស្ត្រ​មួយដែល​ផ្ដល់​ប្រាក់ចំណូល​ច្រើន​ដល់​កសិករនិង​ជា​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​កែច្នៃ​នៅ​កម្ពុជា។ កម្ពុជា​ពិតជា​អាច​បោះជំហាន​ទៅ​រក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ដោយ​យក​ផលិតផល​ដំឡូងមី ជួយ​ជំរុញ​កំណើននិង​ចែករំលែក​ផលប្រយោជន៍​នៃ​កំណើន​នេះ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់»។

កាលពី​ខែតុលា ឆ្នាំ២០១៩ ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី បានសម្រេច​ឱ្យ​ក្រសួង​ពាណិជ្ជកម្មសិក្សា​លើ​ការរៀបចំ​គោលនយោបាយ​ជាតិ​ដំឡូងមី បន្ទាប់ពី​ខ្លឹមសារ​នៃ​គោលនយោបាយ​នេះ​ត្រូវ​បាន​ឯកភាព។

ក្នុង​របាយការណ៍​រៀបចំ​ការ​វិនិយោគ​សម្រាប់​ដំឡូងមី ចេញផ្សាយ​កាល​ដើមខែ​វិច្ឆិកា ឆ្នាំ២០១៩ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP បាន​លើកឡើង​ថា ការ​វិនិយោគ​លើ​ដំឡូងមី​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បានផល​ចំណេញ​ច្រើនជាង​ការ​វិនិយោគ​លើ​ជម្រើស​ផ្សេងទៀត ដូចជា វិស័យ​ស្រូវ ចិញ្ចឹមសត្វ ស្បៀងអាហារ និង​វិស័យ​ទេសចរណ៍។ 

ក្នុង​របាយការណ៍​នោះ លើកឡើង​ថា៖ «ការ​ដាក់​ទុន​វិនិយោគ​លើ​វិស័យ​ដំឡូងមី​ចំនួន២៩៤លាន​ដុល្លារ វិស័យ​ដំឡូងមី​នឹង​រីក​ចម្រើនជាង​វិស័យ​ចិញ្ចឹមសត្វ ស្បៀងអាហារ និង​ទេសចរណ៍។ វា​នឹង​មាន​លទ្ធផល​ដូច​ការ​វិនិយោគ​លើ​ស្រូវ​អង្ករ​ដែរ ហើយ​ផល​ត្រឡប់​វិញ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ដល់ទៅ​បីដង ហើយ​បើ​គិត​ពី​ផល​ចំណេញ​សេដ្ឋកិច្ច​វិញ គឺ​មិន​តិច​ជាង៩៤០លាន​ដុល្លារ​ទេ​ក្នុងរយៈពេល១០ឆ្នាំ»។ 

UNDP ឱ្យ​ជា​យោបល់​ថា រដ្ឋាភិបាល​កម្ពុជាគួរ​ទម្លាក់​កញ្ចប់​ថវិកា​ចំនួន២៩៦លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​វិស័យ​នេះ ដោយ​គាំទ្រ​ឱ្យ​មាន​រោងចក្រ​ឧស្សាហកម្ម​កែច្នៃនិង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ជាអាទិភាព គួរ​បង្កើត​សំណុំ​ទិន្នន័យ ​ធ្វើ​បច្ចុប្បន្នភាព​វិភាគ​សេដ្ឋកិច្ច និង​វាយតម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ដើម្បី​តាមដាន​ផង​ដែរ។

របាយការណ៍​ក្រសួង​កសិកម្ម បង្ហាញថា ក្នុង​ឆ្នាំ២០១៩ កម្ពុជា​បាន​នាំចេញ​ដំឡូងមី​ទៅក្រៅ​ប្រទេសបាន​ជាង៣,២៩លាន​តោន កើន២៧ភាគរយ បើ​ធៀប​នឹង​ឆ្នាំ២០១៨ ដែល​មាន២,៥៩លាន​តោន ហើយ​ប្រទេស​ដែល​នាំចេញ​ភាគច្រើន​គឺវៀតណាម ថៃ និង​ប្រទេស​ចិន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ