លោកហ៊ុន សែនពិចារណា៣ជម្រើសដោះស្រាយដីភូមិលោកហេង សំរិន

លោក ហេង សំរិន ប្រធានរដ្ឋសភា(ឆ្វេង) និង លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី(ស្តាំ) នៅក្នុងពិធីសម្ពោធអគារស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០ (រូបពីហ្វេសប៊ុកលោក ហេង សំរិន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងថា លោកកំពុងពិចារណាជម្រើសចំនួន៣ក្នុងការដោះស្រាយដីភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា នៅស្រុកពញាក្រែកខេត្តកំពង់ចាម ដែលផែនទីបង្ហាញថា ទីតាំងដីភូមិនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម។​

ក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនាព្រឹកនេះថា ​ផែនទីដែលសម្តេចព្រះសីហនុ យកទៅតម្កល់នៅអង្គការសហប្រជាជាតិកន្លងមក ជាផែនទីរបស់បារាំងគូនោះ បែរជាដាក់ភូមិកំណើតរបស់ប្រធានរដ្ឋសភាលោក ហេង សំរិន នៅក្នុងទឹកដីវៀតណាមទៅវិញ។

ករណីនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលពិចារណាលើជម្រើសចំនួន៣ រួមមានទាំងការដូរភូមិ និង ដូរដីជាមួយវៀតណាម។​

លោកថ្លែងដូចនេះថា៖ «ជម្រើសទី១ កាត់ភូមិបង ហេង សំរិន ឲ្យវៀតណាមគ្រប់គ្រង ដោយរក្សាបន្ទាប់ព្រំដែនចាស់ដដែល ទី២រក្សាខ្សែព្រំដែនដដែល ប៉ុន្តែរើភូមិបង ហេង សំរិន ចេញរកដីឲ្យគាត់ ធ្វើភូមិថ្មី នៅក្នុងដីខ្មែរ។ រីឯជម្រើសទី៣ ដោះដូរដីគ្នា[រវាងភាគីកម្ពុជា និងវៀតណាម] ដោយរៀបចំខ្សែព្រំដែនជាថ្មី គូសភូមិបងហេង សំរិន កន្លែងហ្នឹងត្រូវដូរខ្សែព្រំដែន ដោយគូសខ្សែព្រំដែនថ្មីយកភូមិហេង សំរិន ឲ្យមកនៅក្នុងដីខ្មែរ ថាកន្លែងហ្នឹង ៥០០ហិកតា ត្រូវយកកន្លែងផ្សេងសងទៅវៀតណាម៥០០ហិកតា»

នៅក្នុងពិធីនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីមិនទាន់កំណត់ជាក់លាក់ថា នឹងត្រូវជ្រើសរើសយកជម្រើសណាមួយដើម្បីដោះស្រាយបញ្ហានេះនៅឡើយទេ។

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋសភាបានអនុ​ម័តយល់ព្រមលើការបោះបង្គោលព្រំដែនជាមួយវៀតណាម ដែលរដ្ឋាភិបាលបោះបាន៨៤ភាគរយ​ ក្រោមសំឡេងគាំទ្រ១១០ លើ១១០ នៃសមាជិកសភារបស់គណបក្សកាន់អំណាចទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំ។

សភាអះអាងថា ការអនុម័តយល់ព្រមនេះ យោងទៅលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម  និងត្រូវបានប្រកាសជាការប្រញាប់។

កម្ពុជា-វៀតណាម មានព្រំប្រទល់ដីគោលជាប់គ្នាប្រវែង ១២៧០គីឡូម៉ែត្រ ហើយមកដល់ពេលនេះ នៅសល់១៦ភាគរយទៀត ដែលកម្ពុជាមិនទាន់ឯកភាពជាមួយវៀតណាមឲ្យបោះបញ្ចប់ ដោយរង់ចាំភាគីបារាំងគូសចម្លងផែនមាត្រដ្ឋានផែនទីពីខ្នាត១ លើ១០០ពាន់ ទៅជាខ្នាត១ លើ៥០ពាន់វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ