សហ​គមន៍​​មួយ​​នៅ​​ខេត្ត​​កំពង់​ឆ្នាំង​ ជំរុញ​​អាជ្ញាធរ​​ទប់​ស្កាត់​​បទ​ល្មើស​​នេសាទ​​នៅ​​បឹង​​ធម្មជាតិ​​

ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅ ៣មុខព្រួញ

ប្រជា​សហគមន៍​មួយ​នៅ​ខេត្ត​កំពង់ឆ្នាំង ជំរុញ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុង​រដូវ​ត្រី​ពង នៅ​បឹង​ធម្មជាតិ​មួយ​ឈ្មោះ​ «បឹង​ពោធិ៍» ស្ថិតនៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខណៈ​ពួក​គេ​មានការ​ព្រួយបារម្ភ​ពី​ការ​បាត់​ពូជ​ត្រី​នៅ​បឹង​ធម្មជាតិ​នោះ។

ប្រជា​សហគមន៍​ឡពាង ឃុំ​តាជេស លោក ស្ងួន ញឿន ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ថ្មី​ៗនេះមាន​ជន​ឆ្លៀតឱកាស​មួយចំនួន​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូចជា ឧបករណ៍​ឆក់​ត្រីនិង​ស្បៃ​មុង​ក្រឡា​ល្អិត​ជាដើម ដើម្បី​នេសាទ​ត្រី​នៅកន្លែង​ត្រី​ពង​ក្នុង​បឹង​ធម្មជាតិ​នោះ។ 

លោក​បន្ត​ថា ករណីនេះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែរ ប៉ុន្តែ​អាជ្ញាធរ​ហាក់​មិន​អើពើ​ក្នុង​ការទប់ស្កាត់​បទល្មើស​នេសាទ​នេះ​ទេ ហើយក៏​មិនបាន​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​កុំឱ្យ​នេសាទ​ក្នុង​រដូវ​ត្រី​ពង​នេះ​ដែរ។ 

លោក​ថា៖ «ស្បៃ​មុង​នៅ​ជុំវិញ​បឹង​ហ្នឹង១៥កន្លែង សុទ្ធតែ​របស់​ខុសច្បាប់ ក្រឡា​ញឹក​ទាំងអស់ ហើយ​យើង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ អាជ្ញាធរ និង​ជលផល​ទាំងអស់ ប៉ុន្តែ​មិនដែល​ឃើញ​ពួក​គាត់​ចេញ​មក​បង្រ្កាប​បទល្មើស​ទេ។ គេ​[អាជ្ញាធរ​]ថា​ មិន​មាន​ពេល​បង្រ្កាប​បទល្មើស​ទាំងអស់​ហ្នឹង​ទេ បើ​ឃុំ​វិញ​គេ​ថា​មិនមែន​ដែន​សមត្ថកិច្ច​របស់​គេ ព្រោះ​ខាង​ហ្នឹង​មិនមែន​ចាប់​បទល្មើស​ខាង​ជលផល»។

លោក ស្ងួន ញឿន បាន​អះអាង​ដែរ​ថា កន្លងមក ពួក​គាត់​ក៏​ធ្លាប់​រង​ការ​គំរាម​សម្លាប់​ពី​ជន​មិន​ស្គាល់​មុខ ក្រោយពី​ពួក​គាត់​ចុះ​រារាំងនិង​ទប់ស្កាត់​មិន​ឱ្យ​មានការ​នេសាទ​ខុសច្បាប់​ក្នុង​បឹង​ធម្មជាតិ​នោះ​ផង​ដែរ។

ពលរដ្ឋ​ម្នាក់ទៀត អ្នកស្រី ប៊ុត ជូច បាន​ស្នើ​ទៅ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅក្នុង​រដូវ​ត្រី​ពង ដើម្បី​ថែរក្សា​ពូជ​ត្រី​នៅក្នុង​បឹង​ធម្មជាតិ​មួយ​នេះកុំឱ្យ​បាត់បង់។

អ្នកស្រី​ថា៖ «ខ្ញុំ​ព្រួយបារម្ភ​ដែរ បើសិន​អាជ្ញាធរ​គេ​ជួយ​ទប់ស្កាត់​ទៅ យើង​មានទំនុក​ចិត្ត​បន្តិច ដល់ពេល​អាជ្ញាធរ​ធ្វើព្រងើយ​កន្តើយ​អ៊ីចឹង យើង​កាន់តែ​លំបាក។ ពិបាក​ក្នុង​ការ​ថែរក្សា ទាល់តែ​យើង​មូលមតិគ្នា បាន​យើង​ធ្វើ​ទៅរួច»។ 

មេភូមិ​ឡពាង លោក ឌុច ប៊ុ​នហេង ច្រានចោល​ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ​ទាំងនោះ ដោយ​ថា កន្លងមក ប្រជាពលរដ្ឋ​មិនដែល​រាយការណ៍​ពាក់ព័ន្ធ​នឹង​ការ​នេសាទនៅក្នុង​បឹង​ធម្មជាតិ​នោះ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឡើយ។

លោក​ថា៖ «ខ្ញុំ​ចង់ឱ្យ​សហគមន៍ អ្នក​ដែល​ថែរក្សា​ [បឹង​ធម្មជាតិ​នោះ​] គាត់​រាយការណ៍​មក បាន​ខ្ញុំ​ដឹង ស្រួល​ខ្ញុំ​មាន​វិធានការ​ទប់ស្កាត់»។ 

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុ​ក្ខាប្រ​មាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក លី ឡា ទទួលស្គាល់​ថា ពិតជា​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ទីនោះ​មែន ប៉ុន្តែ​តិចតួច​ប៉ុណ្ណោះ។ 

លោក​ថា៖ «មិន​មានអី​ធំដុំ​ទេ គាត់​ធ្លាប់​រាយការណ៍​មក ខ្ញុំ​ឱ្យ​មន្ត្រី​ខ្ញុំ​ចុះទៅ​ជាប់​រហូត​ហ្នឹង មាន​ស្បៃ​មង​ពេលខ្លះ៥ម៉ែត្រទៅ១០ម៉ែត្រដាក់​នៅ​បន្តិច​ហ្នឹង ខ្ញុំ​សហ​ការ​រហូតហ្នឹង ទោះបីជា​ពួក​គាត់​មិនមែន​ជា​សហគមន៍​បង្កើត​ឡើង​ដោយ​ច្បាប់​ក៏ដោយ ឱ្យ​តែ​ប្រជាពលរដ្ឋ​រាយការណ៍​មក ខ្ញុំ​អនុវត្ត​ហើយ អ៊ីចឹង​ខ្ញុំ​ធ្វើ​រហូត​ជាមួយ​គាត់​ហ្នឹង អ៊ីចឹង​យើង​មិន​ទុក​ឱ្យ​មាន​[បទល្មើស​]ទេ»។

បើ​តាម​ក្រុម​ប្រជាពលរដ្ឋ បឹង​ពោធិ៍មានផ្ទៃ​ក្រឡា​ជិត៤៨ហិ​កតា ត្រូវ​បាន​ប្រជាពលរដ្ឋ​ចំនួន៣ ភូមិ កំពុង​អាស្រ័យផល​ពី​បឹង​ធម្មជាតិ​នេះ ក្នុង​នោះ​មាន​ភូមិឡពាង ភូមិ​សំរោង និង​ភូមិ​សូ​វង្ស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ