នាយករដ្ឋមន្ត្រីបញ្ជាឱ្យ​មន្ត្រីចុះជួប​ពលរដ្ឋ​ដែល​​អះអាងថាបាត់ដី​ដោយសារការបោះ​​​​បង្គោល​ព្រំដែន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​​កិច្ចប្រជុំ​ប្រចាំ​ឆមាសទី៤​របស់​ឧត្តមក្រុមប្រឹក្សា​​ពិគ្រោះ និងផ្តល់​យោ​បល់ នៅវិមានសន្តិភាព នៅថ្ងៃ​​ទី២៥ ខែសីហា ឆ្នាំ២០២០។ (រូបថតពីហ្វេស​ប៊ុក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន)

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បាន​ឱ្យដឹងថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ​គណៈ​​កម្មាធិការ​ចម្រុះកិច្ចការ​ព្រំដែន ចុះទៅជួបប្រជា​​ពលរដ្ឋនៅខេត្ត​ត្បូង​ឃ្មុំ ដែលអះ​អាង​​​ថា បាត់​ដីក្រោយ​ការបោះបង្គោល​ព្រំដែនរវាង​កម្ពុជា​និង​វៀតណាម និងឱ្យ​​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បើក​សិក្ខា​សាលា ដើម្បី​ពន្យល់រឿង​ព្រំដែន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ចម្ងល់។

ការថ្លែងរបស់​លោក​នាយករដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​កិច្ច​ប្រជុំបូកសរុប​ការ​ងារ​ប្រចាំ​ឆមាស​ទី៤របស់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោ​បល់ នៅវិមានសន្តិ​ភាព នៅព្រឹក​ថ្ងៃ​ទី​២៥ ខែសីហានេះ។

លោក ឈឹម ផលវិរុណ ប្រធានលេខាធិការ​ដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោ​បល់ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារ​ព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​នោះថា ទាក់ទងទៅនឹងបញ្ហាព្រំ​ដែន នៅក្នុង​កិច្ចប្រជុំនោះ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជាទៅ លោក ​វ៉ា គឹម​ហុង ប្រធាន​គណៈកម្មាធិការចម្រុះ​កិច្ចការព្រំដែន​កម្ពុជា ចុះទៅជួបប្រជាពលរដ្ឋ ដែលអះ​អាង​ថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការបោះបង្គោលព្រំដែន ។

លោកបានគូសបញ្ជាក់ថា៖ «សម្តេច​[ហ៊ុន សែន]បាន​ចេញបទ​បញ្ជាតាមការ​លើកឡើងរបស់​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះនិងផ្តល់​យោ​បល់ គឺបញ្ជាទៅ​ឯកឧត្តម វ៉ា គឹមហុង ត្រូវ​ចុះទៅជួប​ប្រជាពលរដ្ឋ ដែលគាត់អះអាង​ថា​បាត់ដី អីចឹង​​ទៅមើល​ថាបាត់​ត្រង់ណា បាត់​មែន ឬ​បាត់​អី ឬក៏បញ្ហា​អី អាហ្នឹង​ចុះទៅផ្ទាល់តែម្តង»។ ​

លោក​ ឈឹម ផល​វិរុណ បន្តថា ជាមួយ​គ្នានោះ លោក​នាយករដ្ឋមន្ត្រី ក៏​បានណែនាំទៅកាន់ លោក​​ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី ឱ្យ​​បើកសិក្ខាសាលាមួយ​ ដើម្បី​​ប្រជា​​​ពលរដ្ឋ សិស្ស និស្សិត​​ចូល​ស្តាប់ និងអាចសួរនាំ​អំពីផែនទី និងកា​របោះបង្គោល​ព្រំដែនផងដែរ។

វីអូឌី ​មិនអាចសុំបញ្ជាក់ពី លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះ​កិច្ចការព្រំ​​ដែន​​កម្ពុជា បាន​​ទេ​​នៅរសៀល​ថ្ងៃអង្គារនេះ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅក្រៅប្រទេស លោក មែន ណាត និយាយ​ថា ដីដែលពលរដ្ឋបាត់បង់ដោយសារបោះបង្គោលព្រំដែន នឹងអាចរកឃើញ បើ​សិន​​ការចុះពិនិត្យនោះ ផ្អែក​លើ​ដីដែលពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​តាំង​ពីដូន​តា​មក។

លោកថា៖ «ផែនទីដែលពួកគាត់[រដ្ឋាភិបាល]យកមកពន្យល់ឆ្នាំ២០១៥អីនឹង អាហ្នឹងគ្រាន់​តែឱ្យ​ល្អមើលទេ តែ​ការបោះបង្គោលព្រំដែន​ជាក់ស្តែ គាត់បោះតាមសន្ធិ​សញ្ញាព្រំ​ដែន​​ឆ្នាំ១៩៨៥ អាហ្នឹងដែលធ្វើឱ្យបាត់ដីនៅតាមបណ្តោយព្រំដែន»។

ពលរដ្ឋម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ រស់​នៅស្រុកពញ្ញាក្រែក ខេត្តត្បូង​ឃ្មុំ ដែលអះអាងថាមាន​ពលរដ្ឋ​ចំនួន ១០៦គ្រួសារ បានបាត់បង់ដី៦០ហិកតា ដោយការបោះបង្គោលព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម បាន​សាទរការដែល​​នាយករដ្ឋមន្ត្រី បញ្ជាឱ្យ​​មន្ត្រីកិច្ច​ការ​ព្រំដែន​ចុះទៅពិនិត្យ​ដោយ​​ផ្ទាល់​នៅទីតាំងនោះ។ ប៉ុន្តែអ្នកស្រីហាក់មានសង្ឃឹមតិចតួចថាអ្នកភូមិ​បាន​ដីនោះមកវិញ។

អ្នកស្រីនិយាយថា៖ «បង្ហាញទៅក៏មិនបានមកវិញ ព្រោះចូលម្នាក់បន្តិចៗ មិនមែនតែដីខ្ញុំតែម្នាក់ឯងឯណា?»។

ពាក់ព័ន្ធនឹង​បញ្ហាព្រំដែន​នេះ លោក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ត្រូវ​បានសមត្ថ​​កិច្ចរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូន​កាលពីថ្ងៃទី៣១ ខែកក្កដា ហើយ​នៅថ្ងៃ​បន្ទាប់ លោក​​ត្រូវ​បាន​​​​ចៅក្រម​ស៊ើបសួរសាលាដំបូង​រាជធានីភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​​ជា​​​បណ្តោះ​អាសន្ន​​​នៅពន្ធនាគារ​ព្រៃស ក្រោម​បទ​ចោទ​ថា ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​ជាអាទិ៍។

ក្រោយមក នៅថ្ងៃទី១៤ ខែសីហា សមត្ថកិច្ចរាជធានីភ្នំពេញ ក៏​បាន​ចាប់​​ខ្លួនប្រធានគណបក្ស​ខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ តាមដីកា​របស់តុលាការ ក្រោយពីប្រធាន​​គណបក្ស​រូបនេះ ​បាន​ចុះទៅ​ពិនិត្យ​បង្គោលព្រំ​ដែន​រវាង​កម្ពុជា​-វៀតណាម ​ដែល​បោះ​រួចនៅស្រុកពញ្ញា​ក្រែក ខេត្ត​ត្បូង​ឃ្មុំ។  លោកសួង សុភ័ណ្ឌ ត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុស មកលើគណៈ​កម្មា​ធិ​ការ​ចម្រុះកិច្ចការព្រំដែនកម្ពុជា ថាប្រព្រឹត្តបទល្មើសក្បត់ជាតិលើរឿងព្រំដែនកម្ពុជា-វៀត​ណាម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ