គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជំរុញរដ្ឋាភិបាលឱ្យស្តារស្ថានភាពសិទ្ធិមនុស្សឡើងវិញស្របតាមរដ្ឋធម្មនុញ្ញ ខណៈដែលគណបក្សនេះមើលឃើញថា ស្ថានភាពនយោបាយបច្ចុប្បន្នកំពុងវិវត្តទៅរកការបែកបាក់ជាតិនិងវិបត្តិសេដ្ឋកិច្ចសង្គម។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅស្នាក់ការរបស់ខ្លួនក្នុងរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍នេះថា តាមរយៈការតាមដានស្ថានការណ៍នយោបាយបច្ចុប្បន្ន លោកមើលឃើញក្តីកង្វល់ធំៗចំនួនបីដែលរដ្ឋាភិបាលគួរពិចារណាក្នុងការស្តារស្ថានភាពនយោបាយនិងសិទ្ធិមនុស្សឡើងវិញ។
លោកបន្តថា កង្វល់ទាំងនោះរួមមាន បញ្ហាវិបត្តិនយោបាយ កំពុងជំរុញឱ្យពលរដ្ឋខ្មែរយកគ្នាជាសត្រូវ ខណៈវិធានការរបស់សហភាពអឺរ៉ុបដែលសម្រេចកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយកាលពីពេលថ្មីៗនេះ ក៏បានធ្វើឱ្យកម្ពុជាប្រឈមនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចផងដែរ។
ចំពោះចំណាត់ការរបស់អាជ្ញាធរដែលចាប់ខ្លួនលោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលនិយាយរឿងព្រំដែន និងការចាប់ខ្លួនយុវជនមួយចំនួនដែលសកម្មក្នុងការតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន នោះ លោកយល់ថា ក៏ជាសញ្ញានៃការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្សមួយកម្រិតទៀតដែរ។
លោក យ៉េង វីរៈ ផ្តល់ជាយោបល់ថា គន្លឹះសំខាន់ដែលរដ្ឋាភិបាលអាចស្តារមុខមាត់កម្ពុជាឡើងវិញបាននោះ គឺការបើកលំហសេរីភាពបញ្ចេញមតិ សេរីភាពសម្រាប់សង្គមស៊ីវិល និងសិទ្ធិធ្វើនយោបាយស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោកថា៖ «កិត្តិយសកេរ្តិ៍ឈ្មោះប្រទេសខ្មែរយើងហ្នឹងអាចស្តារបាន អាចដោះស្រាយបាន អាចធ្វើឱ្យប្រសើរបាន តាមរយៈដំណោះស្រាយរួមធំមួយ គឺធ្វើយ៉ាងណាដោះស្រាយការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលរំលោភជាប្រព័ន្ធ បញ្ហារបស់យើងវានៅត្រង់ហ្នឹង»។
ទោះយ៉ាងណា លោក យ៉េង វីរៈ ក៏បានសាទរចំពោះចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបញ្ជាឱ្យគណៈកម្មការទទួលបន្ទុកព្រំដែនកម្ពុជា ចុះទៅជួបពលរដ្ឋមួយចំនួននៅខេត្តត្បូងឃ្មុំ ដែលអះអាងថាបាត់ដីក្រោយបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម។ លោកក៏សង្ឃឹមដែរថា ប្រជាពលរដ្ឋដែលអះអាងថាបាត់ដីនោះ នឹងមិនរងនូវការចោទប្រកាន់ថាជាអ្នកបង្កភាពវឹកវរដល់សង្គម ដូចករណីលោក រ៉ុង ឈុន។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានច្រានចោលការលើកឡើងនេះ ដោយអះអាងថា វិធានការរបស់អាជ្ញាធរជាការអនុវត្តច្បាប់ដើម្បីស្ថិរភាពសង្គម ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោកថា៖ «ការធ្វើការងាររបស់រាជរដ្ឋាភិបាល គឺជាការឆ្លើយតបពិតប្រាកដជាក់ស្តែងនៃស្ថានការណ៍របស់កម្ពុជា មិនមែនធ្វើតម្រូវបរទេសណាមួយនោះទេ»។
អ្នកវិភាគនយោបាយដែលមានមូលដ្ឋាននៅក្រៅប្រទេស លោក គឹម សុខ និយាយថា ការចង់ឃើញរដ្ឋាភិបាលស្តារប្រជាធិបតេយ្យឡើងវិញតាមរយៈសារអំពាវនាវ នឹងគ្មានប្រសិទ្ធភាពទេ ព្រោះបញ្ហាដែលកំពុងកើតឡើងឆ្ពោះទៅរកយន្តការការពារអំណាច។
លោកថា៖ «ទាល់តែអ្នកដែលប្រាថ្នាប្រជាធិបតេយ្យចេះធ្វើការរួមគ្នា ក្នុងគោលដៅរួម ដោយទាក់ទាញការចូលរួមរបស់មហាជនទូទៅនិងសហគមន៍អន្តរជាតិ ដាក់សម្ពាធកាន់តែខ្លាំងលើ លោក ហ៊ុន សែន ទើបយើងអាចរកពន្លឺប្រជាធិបតេយ្យនិងយុត្តិធម៌សង្គមបាន»។
សហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែសីហា បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជាជាបណ្តោះអាសន្ន ដោយអះអាងថា ខ្លួនមានកង្វល់ច្រើនពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សដែលកើតមាននៅក្នុងប្រទេសកម្ពុជា។
សហភាពអឺរ៉ុបនិយាយថា៖ «អាជ្ញាធរកម្ពុជា គួរចាត់វិធានការដើម្បីស្តារសេរីភាពនយោបាយនៅក្នុងប្រទេសនេះ បង្កើតឡើងវិញនូវលក្ខខណ្ឌចាំបាច់សម្រាប់បក្សប្រឆាំងដែលអាចជឿទុកចិត្តបាននិងតាមបែបប្រជាធិបតេយ្យ និងដើម្បីចាប់ផ្តើមដំណើរការផ្សះផ្សារជាតិតាមរយៈការសន្ទនារួមនិងពិតប្រាកដ»។
ទោះជាយ៉ាងណា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានបញ្ជាក់ជំហរប្រាប់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត ថា កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង៕