អាជ្ញាធរ​​ខេត្ត​​កណ្ដាល​​ទាមទារ​​ឱ្យ​​ខាង​​វៀតណាម​​រុះរើ​​សំណង់​​រឹង​​ពី​​តំបន់​​ព្រំដែន​​មិន​ទាន់​​ឯកភាព​គ្នា

កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីស្នងការនគរបាល​ខេត្ត​កណ្ដាល បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ស្ថិតនៅ​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល ដោយឃើញតង់​មួយចំនួនដែល​ទាហាន​វៀតណាមសាងសង់​នៅ​តំបន់​ភាគី​កម្ពុជា​-វៀតណាម​មិនទាន់​ឯកភាព​គ្នា។ (ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province)

អាជ្ញាធរ​ខេត្ត​កណ្ដាល ទាមទារ​ឱ្យ​យោធា​វៀតណាមរុះរើ​សំណង់​រឹង​ចេញពី​តំបន់​មិនទាន់​ឯកភាព​គ្នា ស្ថិតនៅ​ភូមិ​ភូ​វី ឃុំ​កូ​ឡូក ស្រុក​ទិន​ចូវ ខេត្ត​អាងយ៉ាង ទល់នឹង​ភូមិ​-ឃុំ​ក្អម​សំណ ស្រុកលើ​កដែក ខេត្ត​កណ្ដាល ក្រោយពី​ពួក​គេ​បាន​រុះរើ​តង់​ចាស់ ហើយ​ប្តូរ​មក​សាងសង់​តង់​ថ្មី​ដែល​ជា​ជម្រក​រឹង​មាំ​ជាង​មុន។ 

កាលពី​ថ្ងៃម្សិលមិញ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​លើកឡើង​ក្នុង​លិខិត​ដាក់​ជូន​អភិបាលខេត្ត​កណ្តាល​ថា នៅ​ថ្ងៃទី២៥ ខែសីហា កម្លាំង​ការពារ​ព្រំដែន​កម្ពុជា បាន​ចុះទៅ​ត្រួតពិនិត្យ​ទី​តាំង​តង់់​ចាស់​របស់​យោធា​ការពារ​ព្រំដែន​វៀតណាម នៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​នៃ​ប្រទេស​ទាំងពីរ ហើយក៏​បាន​ជួប​ភាគី​វៀតណាម​កំ​ពុង​សាងសង់​តង់​ថ្មី​(ជា​ជម្រក​រឹង​មាំ​)។

ស្នងការ​ដ្ឋានបន្ត​ថា តង់​ថ្មី​ដែល​យោធា​វៀតណាម​សាងសង់​នោះធ្វើពីឈើសសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រ​គុណ៤ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ដោយ​ឃ្លាតពី​ខ្សែបន្ទាត់​ព្រំដែន​ដែល​កម្ពុជា​គ្រប់គ្រង​បច្ចុប្បន្ន​ចម្ងាយ​ប្រមាណ១២០ម៉ែត្រ។

ស្នងការ​ដ្ឋានបាន​បន្ត​ទៀត​ថា បើ​ទោះជាកម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ក្អម​សំណនិង​កម្លាំងយោធា​ការពារ​ព្រំដែន​កង៦០១ បាន​ស្នើ​ឱ្យ​យោធា​វៀតណាម​បញ្ឈប់​សកម្មភាព​សាងសង់​នោះ​ជាច្រើន​សារ​ក៏ដោយ ប៉ុន្តែ​ភាគី​វៀតណាម​មិនព្រម​បញ្ឈប់​ឡើយ ដោយ​ថា ការសាងសង់​ប៉ុស្តិ៍​យាម​រឹងមាំ​ថ្មីឬជម្រក​រឹងមាំ​ថ្មីនេះ គឺ​ធ្វើតាមបញ្ជា​ថ្នាក់លើ​របស់​ខ្លួន។

បើ​តាម​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកណ្តាល ភាគី​វៀតណាម​មាន​គម្រោង​សាងសង់​សំណង់​រឹង​មាំ​នេះ​ចំនួន៤គោលដៅលើ១០គោលដៅ​ចាស់ដែល​មានស្រាប់។

អភិបាលខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ មានប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កម្ពុជា​នៅតែ​ស្នើសុំ​ឱ្យ​ភាគី​វៀតណាមឈប់​សាងសង់​សំណង់​រឹងមាំ​នៅកន្លែង​ផ្សេងទៀតនិង​ឱ្យ​រុះរើ​សំណង​សង់​ថ្មី​នោះ​ចេញ​វិញ បើ​ទោះបី​សំណង់​ដែល​សង់​នៅ​លើទឹក​ដី​វៀតណាម​ក៏ដោយ។

លោក​ថា៖ «វិធានការ​យើង​នៅតែ​ប្រកាន់​ជំហរ សុំ​កុំឱ្យ​សាងសង់និង​សុំ​ឱ្យ​រុះរើ។ ទី២ សុំ​ឱ្យ​គោរព​គ្នា​ទៅវិញទៅមក​ក្នុងនាម​ប្រទេស​ជាប់​និង​ជិតខាង ក្នុងនាម​មិត្តភាព រក្សា​សន្តិភាព​សហប្រតិបត្តិ​ការ​ល្អ និង​ធ្វើ​កិច្ចការ​ឱ្យ​បាន​ល្អ។ ទី៣ យើង​ប្រកាន់​គោលការណ៍​ច្បាប់ នយោបាយ​ការទូត​អ៊ីចឹង យើង​មិន​ឱ្យ​គេ​ធ្វើអ្វី​ស្រេចតែចិត្ត​ទេ ឃើញស្រាប់​ហើយ ទៅ​ពិនិត្យ​ឃើញ​ជាក់​ស្ដែង​ភ្លាម​ៗ»។

ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹ​មហុង មានប្រសាសន៍​ថា លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅឡើយ។

លោក​ថា៖ «ខ្ញុំ​មិនទាន់​បានឃើញ​ទេ! ឆ្លើយ​អត់​កើត! ទាក់ទង​ខាង​ស្នងការ​ខេត្ត​ទៅ»។

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ នៅ​ថ្ងៃនេះ បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​មួយ​ដោយ​ចាត់ទុក​សកម្មភាព​របស់​យោធា​វៀតណាម​ថាកំពុង​បំពាន​មក​លើ​ប្រទេស​កម្ពុជា និង​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជាប្តឹង​ករណីនេះ​ទៅ​ភាគី​ទីបីនិង​សហប្រធាន​កិច្ច​ព្រមព្រៀង​ទី​ក្រុង​បា៉​រីស ដើម្បី​ការពារ​បូរណភាពទឹកដី​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព។

សេចក្ដីថ្លែង​ការណ៍៖ «ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ នៅតែ​ជំរុញរ​ដ្ឋា​ភិបាល​ [កម្ពុជា​] ឱ្យ​ប្រឹងប្រែង​បង្ហាញ​ជំហរ​បម្រើ​ប្រយោជន៍​ខ្មែរ​ខ្លះ ដោយ​ហ៊ាន​ធ្វើ​លិខិត​ជូនដំណឹង​អំពី​ការឈ្លានពាន​របស់​វៀតណាម​នេះ ទៅកាន់​សហប្រធាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីសដែល​ធានា​នូវ​បូរណភាពទឹកដី​កម្ពុជា​ អង្គការសហប្រជាជាតិដែល​ធា​នាឱ្យ​រដ្ឋ​នី​មួយ​ៗគោរព​ដែន​អធិបតេយ្យ​គ្នា និង​សមាគម​អាស៊ាន ​[ASEAN​] ដែល​តម្រូវឱ្យរដ្ឋ​សមាជិកគោរព​ឯករាជ្យ​ភាព អធិបតេយ្យ​ភាព សមភាព បូរណភាពទឹកដី និង​អត្តសញ្ញាណ​ជាតិ​នៃ​រដ្ឋសមាជិក​អាស៊ាន​ទាំងអស់»។

ទោះជាយ៉ាងណា ភាគី​វៀតណាមនៅ​មិនទាន់​មានការ​បញ្ជាក់​ណាមួយ​ជុំវិញ​កា​រសាងសង់​សំណង់​រឹង​មាំនៅ​តំបន់​មិនទាន់​ឯកភាព​នេះ​នៅឡើយ។ 

កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរ​ខេត្តកណ្តាលធ្លាប់​បាន​គូសបញ្ជាក់​ថា ភាគី​វៀតណាម​បាន​បោះតង់​ចំនួន៣១ទីតាំងជាប់​ព្រំដែន​កម្ពុជា​-វៀតណាម ស្ថិតនៅ​ស្រុក​ចំនួន២ក្នុង​ខេត្តកណ្តាល ក្រោម​ហេតុផល​ដើម្បី​បង្ការ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩។

ចំណែកគណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា ក៏បាន​បញ្ជាក់​កាលពី​ថ្ងៃទី១១ ខែមិថុនា​ដែរ​ថា ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ១៩មក ភាគី​វៀតណាម​បាន​បោះតង់​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-វៀតណាម ទាំង​តំបន់​មិនទាន់​ឯកភាពនិង​តំបន់​ឯកភាព​គ្នា​រួច មាន​ចំនួន២៥៦ទីតាំង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ