នគរបាល​​ខេត្ត​​កណ្ដាល​​ថា​ ភាគី​​វៀត​ណាម​​សង់​​សំណង់​​រឹង​មាំ​​នៅ​​តំបន់​​ព្រំដែន​​មិន​ទាន់​​ឯកភាព​​គ្នា​

កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីស្នងការនគរបាល​ខេត្ត​កណ្ដាល បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ស្ថិតនៅ​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល ដោយឃើញតង់​មួយចំនួនដែល​ទាហាន​វៀតណាមសាងសង់​នៅ​តំបន់​ភាគី​កម្ពុជា​-វៀតណាម​មិនទាន់​ឯកភាព​គ្នា។ (ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province)

​ស្នងការ​ដ្ឋាន​នគរបាលខេត្ត​កណ្ដាល អះអាង​ថា យោធា​វៀតណាមបាន​រុះរើ​តង់​ចាស់ហើយ​ប្ដូរ​មក​សង់​តង់​ថ្មី ដែល​ជា​ជម្រក​រឹង​មាំនៅ​តំបន់​មិនទាន់​ឯកភាព​គ្នា ស្ថិតនៅ​ភូមិ​ភូ​វី ឃុំ​កូ​ឡូក ស្រុក​ទិន​ចូវ ខេត្ត​អាងយ៉ាង ទល់នឹង​ឃុំ​ក្អម​សំណ ស្រុកលើ​កដែក ខេត្ត​កណ្ដាល។ 

ក្នុង​លិខិត​ជូន​អភិបាលខេត្ត​កណ្តាល ចុះ​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ឱ្យ​ដឹង​ថា កាលពី​ថ្ងៃទី២៥ ខែសីហា កម្លាំង​ការពារ​ព្រំដែន​កម្ពុជាបាន​ចុះទៅ​ត្រួតពិនិត្យ​ទី​តាំង​តង់់​ចាស់​របស់​យោធា​ការពារ​ព្រំដែន​វៀតណាម នៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​នៃ​ប្រទេស​ទាំងពីរ ក៏បាន​ជួប​ភាគី​វៀតណាម​កំ​ពុង​សាង​សង់​តង់​ថ្មី​ (ជា​ជម្រក​រឹង​មាំ​)។

ស្នងការ​ដ្ឋានបន្ត​ថា តង់​ថ្មី​ដែល​យោធា​វៀតណាម​សាងសង់​នោះធ្វើពីឈើសសរថ្ម កម្ពស់៣ម៉ែត្រ​ទំហំ៥ម៉ែត្រគុណនឹង៤ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ដោយ​ឃ្លាតពី​ខ្សែបន្ទាត់​ព្រំដែន​ដែល​កម្ពុជា​គ្រប់គ្រង​បច្ចុប្បន្ន​ចម្ងាយ​ប្រមាណ១២០ម៉ែត្រ។

ស្នងការ​ដ្ឋានបាន​បន្ត​ទៀត​ថា បើ​ទោះជាកម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ក្អម​សំណនិង​កម្លាំងយោធា​ការពារ​ព្រំដែន​កង៦០១ បាន​ស្នើ​ឱ្យ​យោធា​វៀតណាម​បញ្ឈប់​សកម្មភាព​សាងសង់​នោះ​ជាច្រើន​សារ​ក៏ដោយ ប៉ុន្តែ​ភាគី​វៀតណាម​មិនព្រម​បញ្ឈប់​ឡើយ ដោយ​ថា ការសាងសង់​ប៉ុស្តិ៍​យាម​រឹងមាំ​ថ្មីឬជម្រក​រឹងមាំ​ថ្មីនេះ គឺ​ធ្វើតាមបញ្ជា​ថ្នាក់លើ​របស់​ខ្លួន។

បើ​តាម​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកណ្តាល ភាគី​វៀតណាម​មាន​គម្រោង​សាងសង់​សំណង់​រឹង​មាំ​នេះ​ចំនួន៤គោលដៅលើ១០គោលដៅ​ចាស់​ដែល​មានស្រាប់។

វី​អូ​ឌី នៅ​ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពីអ​ភិបាល​ខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានទេ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ទោះជាយ៉ាងណា ភាគី​វៀតណាមនៅ​មិនទាន់​មានការ​បញ្ជាក់​ណាមួយ​ជុំវិញ​កា​រសាង​សង់​សំណង់​រឹង​មាំ នៅ​តំបន់​មិនទាន់​ឯកភាព​នេះ​នៅឡើយ។ ប៉ុន្តែលោក​ធ្លាប់​បាន​ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ថាភាគី​វៀតណាម​បាន​បោះតង់​ចំនួន៣១ទីតាំងជាប់​ព្រំដែន​កម្ពុជា​-វៀតណាម ស្ថិត​នៅស្រុក​ចំនួន២ក្នុង​ខេត្តកណ្តាល ក្រោម​ហេតុផល​ដើម្បី​បង្ការ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩។

ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹ​មហុង បាន​បញ្ជាក់​កាលពី​ថ្ងៃទី១១ ខែមិថុនា​ដែរ​ថា ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ១៩មក ភាគី​វៀតណាម​បាន​បោះតង់​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-វៀតណាម ទាំង​តំបន់​មិនទាន់​ឯកភាពនិង​តំបន់​ឯកភាព​គ្នា​រួច មាន​ចំនួន២៥៦ទីតាំង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ