លោក​ ទៀ ​បាញ់​ ថា​មិន​អត់​ឱន​ឱ្យ​​អ្នក​ដែល​ចោទ​​​រដ្ឋា​ភិបាល​ថា​​​ធ្វើ​ឱ្យ​​បាត់​ដី​ទៅ​វៀត​ណាម​

ព្រឹក​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ២០២០​ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបសំណេះសំណាលមន្ត្រីត្រៀមទៅបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូងក្រោមស្លាកអង្គការសហប្រជាជាតិ។ (ហ្វេសប៊ុកលោក ទៀ បាញ់)

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា​​ លោក ទៀ បាញ់ ​ប្រកាសមិនអត់ឱនឱ្យ​អ្នក​ដែល​ញុះញង់និង​​ចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា ធ្វើ​ឱ្យ​បាត់​បង់ទឹកដីទៅប្រទេស​វៀតណាមនោះទេ ខណៈដែលរដ្ឋាភិបាលបានខិត​ខំដោះស្រាយ​បញ្ហា​ព្រំដែនជាមួយ​ប្រទេស​ជិត​ខាង​យ៉ាង​មានប្រសិទ្ធភាព។

លោក ទៀ បាញ់ បាន​ថ្លែង​ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ពិធីប្រគល់ផែនទីឋានលេខាព្រំដែនគោកខ្នាត១/២៥០០០ ទៅក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ នៅថ្ងៃទី២៧ ខែសីហានេះ​​ថា រដ្ឋាភិបាលនឹង​ចាត់វិធានការ​ផ្លូវច្បាប់​​ចំពោះអ្នកដែលចោទប្រកាន់រដ្ឋាភិបាល​​ថា ផលិតនិងបោះពុម្ពផែនទីខ្នាត១/២៥០០០ ធ្វើឱ្យបាត់ទឹកដីរបស់​ប្រទស​កម្ពុជាទៅប្រទេសជិតខាងនោះទេ។

លោកថា៖ «​មិនអាចអត់ឱនឱ្យបានជាដាច់ខាត ព្រោះនេះជារឿងដ៏សំខាន់បំផុតរបស់ប្រទេស​ជាតិ​យើងដែលទទួលបានជោគជ័យដ៏ធំធេងនេះ ទម្រាំបានផែនទីនេះទុកជាឯកសារសម្រាប់​ប្រើប្រាស់នេះ វាមានការលំបាកណាស់ ហើយក៏មិនមែនជាភាពងាយស្រួលនោះទេ»។

លោកបាន​បន្តថា ចំពោះបញ្ហាព្រំដែន​កម្ពុជា​-ថៃដែល​លោកធ្លាប់​​​ចុះទៅពិនិត្យ ក៏មានភាពមិនប្រក្រតីនៅកន្លែង​មួយចំនួន​ដែរ ប៉ុន្តែ​មិនដែលឃើញអ្នកទាំងនោះ​​លើកយកភាពមិនប្រក្រតី ជាមួយ​ថៃ មកជជែក​ដេញដោលនិងចោទប្រកាន់ទៅលើរដ្ឋាភិបាលដូច​ករណីព្រំដែន​រវាង​កម្ពុជានិង​វៀតណាម​ឡើយ។

លោកថា៖ «ខ្ញុំលើកឡើងចំពោះ​ប្រទេសថៃ ​ខ្ញុំបានធ្វើដំណើរទៅ ឃើញមានកន្លែងមួយចំនួនស្លាកស្នាម ដែលយើងផ្ទៀងទៅក៏មានភាពមិនប្រក្រតីមួយចំនួនដែរ តាមពិតហេតុអីមិនជួយលើក​ឡើងផង បើអ្នកនោះគិតគូរស្នេហាជាតិពិតប្រាកដ ការពារអធិបតេយ្យខ្លួនពិតប្រាកដ»។

លោក ទៀ បាញ់ បានបន្ថែមថា៖ «នៅពេលដែលរាជរដ្ឋាភិបាលធ្វើការលើបញ្ហាព្រំដែនតាមផ្លូវច្បាប់យ៉ាងម៉តចត់ជាមួយប្រទេសវៀតណាម បែរជាក្រុមប្រឆាំងទាំងអស់នោះលើកយកមកចោទប្រកាន់ថា “ជាជនក្បត់ជាតិ កាត់ដីឱ្យទៅប្រទេសវៀតណាម” អ្វីដែលកាន់តែធ្ងន់ធ្ងរមិនអាចអត់ឱនឱ្យបាននោះ គឺចោទថា រាជរដ្ឋាភិបាលបានលក់ដីឱ្យទៅវៀតណាមទៅវិញ»។

កម្ពុជា-វៀតណាម មានព្រំប្រទល់ដីគោកប្រវែង១២៧០គីឡូម៉ែត ហើយ​​បច្ចុប្បន្នបោះបាន៨៤ភាគរយ នៅសស់១៤ភាគរយទៀតមិនទាន់ឯកភាពគ្នា។

ពាក់ព័ន្ធនឹង​បញ្ហាព្រំដែន​នេះ កាលពីថ្ងៃទី១ ខែសីហា លោក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​​ត្រូវ​បាន​​​​ចៅ​ក្រម​ស៊ើបសួរសាលាដំបូង​រាជធានីភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​​ជា​​​បណ្តោះអាសន្ន​​​នៅពន្ធនាគារ​ព្រៃស ក្រោម​បទ​ចោទ​ថា «ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»។

ក្រោយមក លោក សួង សុភ័ណ្ឌ ប្រធានគណបក្ស​ខ្មែរ​ឈ្នះ ក៏ត្រូវបានសាលាដំបូង​រាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុសមកលើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាថាប្រព្រឹត្តបទល្មើសក្បត់ជាតិលើរឿងព្រំដែនកម្ពុជា-វៀតណាម» ក្រោយពីលោក​​​បាន​ចុះទៅ​ពិនិត្យ​បង្គោលព្រំ​ដែន​រវាង​កម្ពុជា​-វៀតណាម ដែល​បោះ​រួចនៅស្រុកពញា​ក្រែក ខេត្ត​ត្បូង​ឃ្មុំ។

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅលោក វ៉ា គឹមហុង ឱ្យចុះទៅជួបប្រជាពលរដ្ឋមួយចំនួននៅខេត្ត​ត្បូង​ឃ្មុំ​ ដែលអះអាងថា បាត់ដីក្រោយ​ពីការបោះបង្គោល​ព្រំដែនរវាង​កម្ពុជា​និង​វៀតណាម។

ពាក់ព័ន្ធនឹងករណីនេះ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន​នៅព្រឹកនេះថា លោកនឹងដឹកនាំក្រុមការងារចុះទៅដោយផ្ទាល់ ដើម្បីជួបជាមួយប្រជាពលរដ្ឋទាំងនោះក្នុងពេលឆាប់ៗខាង​មុខ។

លោក​បន្ត​​ថា៖ «ប៉ុន្តែមុននឹងចុះ រង់ចាំឱ្យអាជ្ញាធរខេត្តស្រង់ស្ថិតិប្រជាពលរដ្ឋឱ្យបានជាក់លាក់​ជាមុនសិនថា ប្រជាពលរដ្ឋណាគាត់មានដីនៅទីនោះ ហើយប្រជាពលរដ្ឋណាបាត់ដី។ យើងដឹងហើយកន្លែងនោះ មានគេសម្តែងឆាកល្ខោន ដឹកនាំពីមួយទៅមួយ ទៅស្រែកនៅមុខអេក្រង់ទូរទស្សន៍ ដើម្បីធ្វើឆាកល្ខោន យើងដឹងទាំងអស់»

ជាមួយគ្នានេះដែរ ​លោកបញ្ជាក់ថា តាមទិន្នន័យដែលលោកទទួលបាន គឺមានប្រជាពល​រដ្ឋ​តែ១៨នាក់ប៉ុណ្ណោះដែល​បានបាត់ដី ពុំមែន​រាប់សិបគ្រួសារ​ដូចការ​លើកឡើង​របស់​មនុស្ស​​មួយចំនួនតូច​នោះទេ។

លោក វ៉ា គឹមហ៊ុង ក៏បានជំរុញប្រជាពលរដ្ឋដែលបានអះអាងថា​បាត់ដីទាំង​នោះ ដាក់​ឯកសារមក​ក្រុមការ​ងា​រជំនាញបើសិនជា​មាន ដើម្បីឱ្យ​មន្ត្រីជំនាញ​ស្វែងរកដំណោះស្រាយជូន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ