កងទ័ពអ៊ីស្រាអែល កាលពីយប់ថ្ងៃចន្ទម្សិលមិញ បានបាញ់ម៉ីសីលជាច្រើនគ្រាប់តម្រង់ទីតាំងឈរជើងរបស់ទាហានស៊ីរីនៅភាគខាងត្បូងទីក្រុងដាម៉ាស ដោយបានសម្លាប់ទាហាន២នាក់និងបានធ្វើឱ្យ៧នាក់ទៀតរងរបួស។
ទីភ្នាក់ងារសារព័ត៌មានជាតិស៊ីរី SANA បានដកស្រង់ប្រភពពីទាហានស៊ីរីថា ការវាយប្រហារនោះកើតឡើងនៅម៉ោង១០និង៤០នាទីយប់ ដោយអ៊ីស្រាអែលបានបាញ់ចេញពីព្រំដែន Golan Heights តម្រង់មកភាគខាងត្បូងទីក្រុងដាម៉ាស។
បើតាមប្រភពដដែល មីស៊ីលអ៊ីស្រាអែលជាច្រើនគ្រាប់ ក៏ត្រូវបានកងការពារអាកាសរបស់ស៊ីរីបាញ់កម្ទេចចោលផងដែរ។ យោងតាមសារព័ត៌មាន Reuters អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបានបដិសេធធ្វើសេចក្តីអធិប្បាយចំពោះការចោទប្រកាន់នេះ។
យោងតាមសារព័ត៌មាន យ៉េរ៉ូសាឡឹមប៉ុស្តិ៍ ការវាយប្រហារនេះគឺជាការឆ្លើយតបនឹងការវាយប្រហាររបស់ស៊ីរីទៅលើអ៊ីស្រាអែលកាលពីយប់ថ្ងៃអាទិត្យ។ បើតាមកងការពារអ៊ីស្រាអែល ប្រាប់យ៉េរ៉ូសាឡឹមប៉ុស្តិ៍ថា ការវាយប្រហារនោះ រួមមាន យន្តហោះចម្បាំងនិងឧទ្ធម្ភចក្រ ហើយគោលបំណងនៃការវាយប្រហារនោះ គឺសំដៅទៅលើទីតាំងឈ្លបការណ៍ កាំភ្លើងប្រឆាំងយន្តហោះ និងមូលដ្ឋានបញ្ជាទ័ពស៊ីរី។
សារព័ត៌មាននេះបានដកស្រង់បន្តថា៖ «កងការពារអ៊ីស្រាអែលមើលឃើញថា របបស៊ីរីគឺត្រូវទទួលខុសត្រូវចំពោះប្រតិបត្តិការដែលបានអនុវត្តនៅក្នុងទឹកដីរបស់ខ្លួន ហើយអ៊ីស្រាអែលនឹងបន្តធ្វើសកម្មភាពដោយប្តេជ្ញាប្រឆាំងរាល់ការវាយប្រហារលើអធិបតេយ្យភាពរបស់អ៊ីស្រាអែល»។
ចាប់តាំងពីដើមខែនេះ ប្រទេសអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាសជាច្រើនលើកទៅលើប្រទេសស៊ីរី ក្នុងអ្វីដែលគេហៅថា ជាការសងសឹកចំពោះការទម្លាក់គ្រាប់បែកនៅតាមខ្សែបន្ទាត់ឈប់បាញ់ Golan រវាងប្រទេសទាំងពីរ ដោយអ៊ីស្រាអែលលើកឡើងថា ការធ្វើបែបនេះ គឺដើម្បីទប់ទល់នឹងក្រុមសត្រូវ។ នេះបើតាមការបញ្ជាក់នៅក្នុងសារព័ត៌មាន Reuters។
ការវាយប្រហារនេះក៏តម្រង់ទៅលើកងទ័ពអ៊ីរ៉ង់និងក្រុមជីវពលហេសបូឡាដែលមានទីតាំងនៅស៊ីរីផងដែរ ដោយបានចាត់ទុកថា វត្តមានរបស់អ៊ីរ៉ង់នៅក្បែរព្រំដែនខ្លួនបែបនេះ គឺជាការគំរាមកំហែងដល់សន្ដិសុខជាតិរបស់ខ្លួន៕