កោះរ៉ុង ខេត្តព្រះសីហនុ៖ នៅតាមបណ្តោយឆ្នេរខ្សាច់ស ភាគខាងលិចនៃក្រុងកោះរ៉ុង គឺជា «ឆ្នេរសុខសាន្ត» ដែលបានជាប់ជ័យលាភីជាឆ្នេរស្រស់ស្អាតដាច់គេនៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៩។ នាពេលម៉ោងប្រមាណ៤ល្ងាច មេឃមានពណ៌ខៀវស្រងាត់ ខ្យល់សមុទ្រដ៏ត្រជាក់បានបក់បោក នាំឱ្យសំឡេងទឹករលកបន្លឺមិនដាច់។
ប៉ុន្តែដបប្លាស្ទិក ថង់ប្លាស្ទិក កែវភេសជ្ជៈផ្សេងៗចម្រុះពណ៌និងសំរាមជាច្រើនប្រភេទទៀត អាចមើលឃើញនឹងភ្នែកពីចម្ងាយយ៉ាងច្បាស់នៅលើឆ្នេរខ្សាច់ដ៏សក្បុសនេះ។ រលកសមុទ្របន្តបក់បោកឥតឈប់ឈរ ដោយពេលខ្លះបានបក់នាំយកទៅទាំងសំរាមប្លាស្ទិកនោះចូលទៅក្នុងទឹកសមុទ្រដ៏ខៀវថ្លានោះវិញ។

អ្នកស្រី ប៉ោ សម្បត្តិ អាយុ៤៨ឆ្នាំ បានមករស់នៅលើឆ្នេរសុខសាន្ត ក្រុងកោះរ៉ុង ជាង៣០ឆ្នាំមកហើយ។ នៅក្នុងផ្ទះពីរជាន់នៅខាងមុខឆ្នេរសុខសាន្ត អ្នកស្រីមានអាជីវកម្មតូចមួយដែលមានលក់ភេសជ្ជៈ បន្លែ និងផ្លែឈើ។ អ្នកស្រីនិយាយថា អ្នកស្រីប្រមូលសំរាមដោយខ្លួនឯងហើយដុតវានៅពេលយប់ ដែលភាគច្រើនជាសំរាមសើមនិងថង់ប្លាស្ទិក។
អ្នកស្រី ប៉ោ សម្បត្តិ មានប្រសាសន៍ថា៖ «ហើយឥលូវបើអត់មានកន្លែងដាក់សំរាមផងហ្នឹង មានកន្លែងណាដាក់? ប្រធានភូមិគេមានដាក់ផ្ទះរបស់គេទៅ។ យើងអត់មាន យើងដុតតាមឆ្នេរសមុទ្រទៅ»។
ខណៈដែលឆ្នេរនេះស្ទើរតែមិនមានភ្ញៀវទេសចរសោះកាលពីចុងខែកក្កដា ដបប្លាស្ទិកនិងភេសជ្ជៈរាប់រយដបនៅតែមានលើឆ្នេរ ហើយការគ្រប់គ្រងសំរាមនៅតែជាបញ្ហាចោទ។ ប្រជាជនដែលរស់នៅឆ្នេរសុខសាន្ត បាននិយាយថា មិនមានអ្នកមកប្រមូលសំរាមពីឆ្នេរនៅលើកោះ ដែលជាចំណុចទាក់ទាញទេសចរចម្បងនោះទេ។
អ្នកស្រី ប៉ោ សម្បត្តិ កំពុងឈរលក់គ្រឿងទេស បានបន្តថា កាលពីប៉ុន្មានឆ្នាំមុន សំរាមនៅក្នុងភូមិត្រូវបានប្រមូលទៅទីក្រុងព្រះសីហនុ ហើយប្រជាជនត្រូវបង់ប្រាក់សម្រាប់ការប្រមូលសំរាមប្រចាំខែ។ ប៉ុន្តែសេវាកម្មប្រមូលសំរាមត្រូវបានផ្អាកទៅវិញ ទើបប្រជាពលរដ្ឋនាំគ្នាដុតសំណល់ទាំងនោះ។
អ្នកស្រី ប៉ោ សម្បត្តិ បានបន្ថែមថា៖ «គេថាប្លាស្ទិកហ្នឹងដុតទៅ វាជាតិពុល ជាតិអី។ យើងកូនខ្ចីក៏ធំក្លិនក៏វាមិនបានដែរ។ ប៉ុន្តែធ្វើម៉េចបើយើងមិនដុតទៅ ទៅគរចោលត្រង់ណា? ហ្នឹងហើយវាអត់មានកន្លែងដាក់ ហើយបើមានដឹករ៉ឺម៉កបង់ខែក៏ប្រជាជនបង់ដែរ តែគេអត់យក»។
នៅខាងក្រោយផ្ទះប្រជាជននៅលើឆ្នេរសុខសាន្តនេះមានព្រែកទឹកប្រៃមួយដែលហូរចូលសមុទ្រ ប៉ុន្តែព្រែកនេះពោរពេញដោយសំរាមដែលប្រជាជនក្នុងភូមិនេះបានចោល។

ប្រជាជន ជាង២០នាក់នៅឆ្នេរសុខសាន្ត កំពុងជួបជុំគ្នាសប្បាយរីករាយនៅរសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ដោយមានការចាក់ភ្លេងលឺៗនិងការបរិភោគសុរាជាដើម។
លោក បុណ្យ ពៅ អាយុ៣១ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់រស់នៅលើឆ្នេរសុខសាន្តដែរ។ កំពុងសម្រាកនៅលើអង្រឹងក្រោមផ្ទះ លោក បុណ្យ ពៅ និងអ្នកស្រី មុំ សុភ័ស្ត អាយុ២៩ឆ្នាំ ជាភរិយា ជាបុគ្គលិកសណ្ឋាគារធំមួយលើឆ្នេរសុខសាន្ត។ លោកនិងភរិយាមានកូនតូចៗប្រាំនាក់ ហើយកំពុងរស់នៅជាមួយឪពុកម្តាយ។
លោក បុណ្យ ពៅ បាននិយាយថា ក្រុមគ្រួសាររបស់លោកមានឡផ្ទាល់ខ្លួនសម្រាប់ដុតសំរាមនៅខាងក្រោយផ្ទះ ដូចជា សំណល់អាហារនិងថង់ប្លាស្ទិក។ ចំណែកដបប្លាស្ទិកត្រូវប្រមូលសម្រាប់ទុកលក់ ហើយដបជាប្រភេទកែវត្រូវកប់ចោល។
លោក បុណ្យ ពៅ ប្រាប់ថា៖ «យើងមានធុងរបស់យើងហើយ យើងដាក់ជាថង់ទុកមួយកន្លែងហើយនៅពេលយើងបានគរច្រើនមក យើងរំលាយវាដុត។ អ្វីដែលយើងរំលាយអត់កើត ជួនកាលយើងអាចកប់ ជួនកាលអីៗចឹង ណាបង! ដូចជាដប យើងរំលាយអត់បានទេ ដុតចោលអត់បាន អាដបអំបែងណា!»
លោកបន្ថែមថា៖ «បើយើងដឹកជញ្ជូនទៅកំពង់សោមគឺចំណាយលុយ ហើយយើងអត់ទាន់មានបណ្តាទូកណាដែលរដ្ឋចាត់ចែងឱ្យមកដឹកសំរាមតាមភូមិ យើងអត់ទាន់មានទេ»។
ប្រជាជនដែលរស់នៅលើភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង មាន១៣៥គ្រួសារសរុប៥៤៧នាក់។ នេះបើយោងតាមលោក អៀ សុងឃៀង មេភូមិឆ្នេរសុខសាន្ត អាយុ៥៤ឆ្នាំ។
លោក អៀ សុងឃៀង មេភូមិសុខសាន្តតាំងពីឆ្នាំ២០០៩ បានទទួលស្គាល់ថា ការរៀបចំទុកដាក់សំរាមនៅលើឆ្នេរសុខសាន្តនៅមានចំណុចខ្វះខាត ហើយលោកបារម្ភថា នឹងមានផលប៉ះពាល់ជាពិសេសជីវៈចម្រុះក្រោមសមុទ្រនាពេលខាងមុខ។
លោក អៀ សុងឃៀង មានប្រសាសន៍ថា៖ «ព្រោះអីយើងអត់មានក្រុមហ៊ុនប្រមូល។ កាលណាយើងអត់មានក្រុមហ៊ុនប្រមូល ហើយការសម្អាតតាមការនឹកឃើញរបស់ពលរដ្ឋ វាមិនទាន់មានស្តង់ដារឯណា។ គ្រាន់តែគាត់ឃើញ គាត់សម្អាតទៅ ប៉ុន្តែអាការរៀបចំវេចខ្ចប់ហ្នឹងមិនបានស្តង់ដារទេ គ្រាន់តែធ្វើម៉េចឱ្យបានស្អាតសិន»។
លោកបន្តថា៖ «កោះហ្នឹងវាមិនមែនធំអី! យើងដឹងហើយផ្ទះវាតូច ហើយម្នាក់នេះតិចៗ រាប់សិបឆ្នាំ វាប្រឈមហើយ តែបើយើងមានឡទៅ អាឡគេបំបាត់ជាតិពុល អាហ្នឹងវាល្អ»។
អង្គការអន្តរជាតិបារម្ភពីផលប៉ះពាល់នៃការកើនឡើងសំរាមប្លាស្ទិកនៅតាមតំបន់ឆ្នេរនិងការមិនមានវិធានការគ្រប់គ្រងត្រឹមត្រូវ ខណៈដែលសំណល់ប្លាស្ទិក៨លានតោនត្រូវបានចោលក្នុងមហាសមុទ្រជារៀងរាល់ឆ្នាំ។
យោងតាមរបាយការណ៍របស់អង្គការ Fauna & Flora International ចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០១៩ ៨០ភាគរយនៃសំរាមនៅតាមឆ្នេរក្នុងប្រជុំកោះរ៉ុង ក្រុងព្រះសីហនុ និងកោះស្តេចនៅខេត្តកោះកុង ជាសំរាមប្លាស្ទិក ដែលភាគច្រើនជាថង់ប្លាស្ទិកនិងដប ហើយមួយភាគធំនៃសំរាមប្លាស្ទិកទាំងនោះត្រូវបានចោលទៅក្នុងសមុទ្រ ហើយសល់ប៉ុន្មានទៀតគឺដុតនៅទីវាល ដែលអាចបង្កើតជាផ្សែងពុលក្នុងបរិយាកាស។
អ្នកស្រី Bianca Roberts មន្ត្រីអភិវឌ្ឍន៍គម្រោងប្លាស្ទិកផ្លូវទឹកនៃអង្គការ Fauna & Flora International បាននិយាយតាមសារអេឡិចត្រូនិចថា៖ «ភ្ញៀវទេសចរមិនមែនជាកត្តាតែមួយដែលធ្វើឱ្យមានការកើនឡើងនៃការប្រើប្រាស់ប្លាស្ទិកនោះទេ។ កង្វះប្រព័ន្ធគ្រប់គ្រងសំរាមដែលមានប្រសិទ្ធភាព ក៏រួមចំណែកក្នុងការបំពុលដោយសំរាមប្លាស្ទិកដែលមានទ្រង់ទ្រាយធំក្នុងប្រទេសកម្ពុជា»។
អ្នកស្រី Bianca Roberts មន្ត្រីអភិវឌ្ឍន៍គម្រោងប្លាស្ទិកផ្លូវទឹកនៃអង្គការ Fauna & Flora International ដដែល បន្ថែមថា សំរាមប្លាស្ទិកបានបង្កជាហានិភ័យដល់ពូជសត្វនិងជម្រកក្នុង សមុទ្រ គំរាមកំហែងដល់សុខភាពមនុស្ស និងផ្លាស់ប្តូរតួនាទីនិងផលិតភាពរបស់ប្រព័ន្ធអេកូឡូស៊ីផងដែរ។ កង្វះប្រព័ន្ធគ្រប់គ្រងសំរាមនៅតាមកោះដាច់ស្រយាល ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមានការលំបាកក្នុងការវេចខ្ចប់និងរៀបចំសំណល់សំរាមពួកគេ។
អ្នកស្រីនិយាយថា៖ «បើសិនជាពលរដ្ឋនៅកោះរ៉ុងនិងកោះស្តេច មិនទទួលបានប្រព័ន្ធគ្រប់គ្រងសំរាមដែលមានប្រសិទ្ធភាព ពួកគេនឹងមិនមានជម្រើសណាក្រៅពីចោលសំរាមនៅលើឆ្នេរ ឬចោលទៅក្នុងសមុទ្រ ឬដុតវាតែម្តង»។
យោងតាមអភិបាលក្រុងកោះរ៉ុង លោក នួន ប៊ុនថុល សំរាមនៅក្រុងកោះរ៉ុងដែលមានសង្កាត់កោះរ៉ុងនិងសង្កាត់កោះរ៉ុងសន្លឹម ត្រូវបានដឹកទៅកាន់ទីក្រុងព្រះសីហនុជារៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃប្រមាណជាពីរតោនដែលភាគច្រើនជាសំរាមប្លាស្ទិក ហើយសំរាមមួយចំនួនទៀតត្រូវបានដុតក្នុងឡដែលមានតាមភូមិនីមួយៗ។ ទោះយ៉ាងណា លោកទទួលស្គាល់ថា ការគ្រប់គ្រងសំរាមនៅក្រុងកោះរ៉ុងដែលមានប្រជាជនរស់នៅជាង៣៥០០នាក់ នៅមានកង្វះខាត។
លោក នួន ប៊ុនថុល បានលើកឡើងថា៖ «យើងនៅមានការខ្វះខាត ដោយសារពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធយើងអត់ទាន់មានប្រព័ន្ធគមនាគមន៍ត្រឹមត្រូវស្រួលបួលហ្នឹងណា។ ផ្លូវវាមាន តែគ្រាន់តែវាលំបាកបន្តិច វាពិបាកក្នុងការដឹកជញ្ជូន»។
លោកបានបន្ថែមថា៖ «ទីមួយ ដូចខ្ញុំបានជម្រាបអ៊ីចឹង យើងត្រូវរៀបចំទីលានមួយឱ្យច្បាស់លាស់នៅលើកោះនេះតែម្តង។ ហើយឥលូវយើងកំពុងតែគិតគូរដែររឿងហ្នឹង ប៉ុន្តែសំខាន់យើងត្រូវមានប្រព័ន្ធគមនាគមន៍ឱ្យស្រួលបួល ស្រណុកយើងដឹកជញ្ជូនមកដាក់ប្រមូលផ្តុំមួយកន្លែងហ្នឹងណា»។
សណ្ឋាគារនិងភោជនីយដ្ឋាននៅក្រុងកោះរ៉ុង សម្អាតនិងប្រមូលសំរាមតាមទីតាំងរបស់ខ្លួន។
លោក សាន បូសេង អាយុ២៤ឆ្នាំ បុគ្គលិកនៅអាហារដ្ឋានមួយនៅភូមិកោះតូច ក្រុងកោះរ៉ុង អស់រយៈពេល៨ឆ្នាំមកហើយ។ លោកនិយាយថា ហាងរបស់លោកប្រមូលសំរាមបញ្ជូនតាមទូកទៅក្រុងព្រះសីហនុជារៀងរាល់ថ្ងៃ។
លោក សាន បូសេង បានប្រាប់ថា៖ «សំរាម! បើខាងកន្លែងខ្ញុំធ្វើនេះ គឺដាក់ធុងសំរាមមួយ ថង់មួយៗ ពេលល្ងាចដាក់ថង់ម្តុំៗអ៊ីចឹង ហើយបញ្ជូនទៅទូក ហើយទូកបញ្ជូនទៅកំពង់សោមបន្ត»។
ចំណែកលោក លី ណា អាយុ៣០ឆ្នាំ បុគ្គលិកសម្អាតឆ្នេរនៃសណ្ឋាគារមួយលើឆ្នេរ Long Set នៃក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កំពុងបោសសម្អាតឆ្នេរជាមួយនឹងក្រុមការងាររបស់លោកនៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា។
លោក លី ណា និយាយថា លោកធ្វើការបោសសម្អាតនិងប្រមូលសំរាមនៅតាមឆ្នេរខាងមុខសណ្ឋាគារជារឿយៗ ប៉ុន្តែសំរាមប្លាស្ទិកនៅតែមាន។ តែលោកមិនដឹងថា សំរាមទាំងនោះត្រូវបានរលកបក់មកពីទីណានោះទេ។
លោកបាននិយាយថា៖ «ប៉ើងតាមទឹកច្រើនជាងនៅលើឆ្នេរ ព្រោះនៅឆ្នេរគេមានថង់ គេមានធុងសំរាមគេដាក់។ អាមកតាមទឹក វាមកច្រើនជាង»។
យោងតាមលោក ហេង ប៉េងហាក់ ប្រធានសាខាក្រុមហ៊ុនដឹកជញ្ជូនសំរាមខេត្តព្រះសីហនុ KSWM សំរាមនៅក្រុងព្រះសីហនុក្នុងពេលប៉ុន្មានខែចុងក្រោយនេះ មានការធ្លាក់ចុះជាងពាក់ កណ្តាល ពីជាង១០០០តោនមកត្រឹមជាង៣០០តោន បច្ចុប្បន្ន សរុបទាំងសំរាមដែលប្រជាជនដឹកមកពីបណ្តាកោះតាមទូកមកចោលនៅក្រុងព្រះសីហនុ។

កាលពីឆ្នាំ២០១៩ ពេលដែលមានប្រជាជនចិនរស់នៅច្រើន ហើយផ្លូវមានការខូចខាត សំរាមនៅខេត្តព្រះសីហនុ ជាខេត្តដែលមានឆ្នេរជាប់ចំណាត់ថ្នាក់ថាស្រស់ស្អាតជាងគេលើពិភពលោក មានសភាពកខ្វក់យ៉ាងខ្លាំង។ ប៉ុន្តែលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បាននិយាយថា ការគ្រប់គ្រងសំរាមនៅខេត្តព្រះសីហនុ ជាពិសេសក្រុងព្រះសីហនុ មានភាពប្រសើរជាងមុន។
លោកបានមានប្រសាសន៍ថា៖ «វាទាមទារឱ្យមានការចូលរួមទាំងអស់គ្នា។ អ្នកសម្អាតគាត់ព្យាយាមប្រមូល ព្យាយាមសម្អាត។ អ្នកដែលជាម្ចាស់សំរាមត្រូវគ្រប់គ្រងសំរាមខ្លួនឯងឱ្យបានត្រឹមត្រូវ ត្រូវដាក់សំរាមក្នុងធុងសំរាមឬក៏វេចខ្ចប់ឱ្យបានត្រឹមត្រូវ»។
ទោះយ៉ាងណា អ្នកស្រី Bianca Roberts មន្ត្រីអភិវឌ្ឍន៍គម្រោងប្លាស្ទិកផ្លូវទឹកនៃអង្គការ Fauna & Flora International ដដែល និយាយថា៖ «ការស៊ើបអង្កេតនិងដោះស្រាយលើការបំពុលដោយប្លាស្ទិក គឺមានសារៈសំខាន់ក្នុងការការពារផលិតផលបរិស្ថាន សង្គម និងសេដ្ឋកិច្ចរបស់ប្រព័ន្ធអេកូឡូស៊ីក្នុងទឹកនិងតំបន់ឆ្នេរនៅកម្ពុជា»៕
រាយការណ៍ដោយ៖ ទុំ ម្លិះ