អ្នក​ស្នង​​មរតក​​ក្រុមហ៊ុន SamSung​ រង​​ការ​ចោទ​ប្រកាន់​​ថ្មី​​មួយ​ទៀត​​

​អ្នកស្នង​មរតក​ក្រុមហ៊ុនសាំសុង ​លោក លី ជេ​យ៉ុង (Lee Jae​-yong)។ (Yonhab)

ក្រុមហ៊ុន​សាំ​សុង (SamSung​) ត្រូវ​ប្រឈមមុខនឹង​ផ្លូវច្បាប់​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ម្ដងទៀត បន្ទាប់ពី​អ្នកស្នង​មរតក​ក្រុមហ៊ុន ​លោក លី ជេ​យ៉ុង (Lee Jae​-yong) ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​ចម្រូង​ចម្រាស​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន SamSung C&T និង ឧស្សាហកម្ម Cheil នៅ​ឆ្នាំ២០១៥។ 

យោង​តាម​សារព័ត៌មាន Yonhap របស់​ប្រទេស​កូរ៉េ​ខាងត្បូង ឱ្យ​ដឹង​ថា រដ្ឋអាជ្ញា​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​ចោទប្រកាន់លោក លី ពី​បទ​រំលោភ​ទីផ្សារ​មូលធននិង​រំលោភ​លើ​ទំនុកចិត្ត​លើ​ការងារ​ បន្ទាប់ពី​បាន​ស៊ើបអង្កេត​លើ​ការ​រួមបញ្ចូល​គ្នារវាង​ក្រុមហ៊ុន SamSung C&T និង ឧស្សាហកម្ម Cheil កាលពី​ឆ្នាំ២០១៥។ ទោះជាយ៉ាងណា​ លោក លី មិន​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំឃាំង​នោះ​ទេ។ 

រដ្ឋអាជ្ញា​កូរ៉េ​សង្ស័យ​ថា លោក លី និង​ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន​សាំ​សុង បាន​ចូលរួម​ក្នុង​គម្រោង​ទម្លាក់​តម្លៃ​ក្រុមហ៊ុន Samsung C&T មុន​ការ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ឧស្សាហកម្ម Cheil ដើម្បី​សម្រួល​ដល់​ការគ្រប់គ្រង​របស់​លោក លី បន្ទាប់ពី​ឪពុក​លោក។

​ទោះជាយ៉ាងណា ក្រុមហ៊ុន​សាំ​សុងបាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ ដោយ​ថា​ លោក​ លី មិនបាន​ចូលរួម​នៅក្នុង​ដំណើរការ​នៃ​ការសម្រេច​ចិត្ត​ណាមួយ​ទាក់ទង​នឹង​ការ​រួមបញ្ចូល​គ្នា​ឆ្នាំ ២០១៥ និង​ថា ​គ្មាន​ការ​កេង​ចំណេញ​តម្លៃ​ភាគហ៊ុនឬការ​ធ្វើ​ពាណិជ្ជកម្ម​អយុត្តិធម៌​ឡើយ។

ការចោទប្រកាន់​ចុងក្រោយ​នេះ គឺ​បាន​បន្ថែម​បន្ទុក​មួយទៀត​ដល់​ក្រុមហ៊ុន​សាំ​សុង ខណៈ​ពេល​ដែល​លោក លី កំពុង​ដោះស្រាយ​រឿង​ក្តី​សូកប៉ាន់​ដែល​ធ្វើ​ឱ្យ​គាត់​ជាប់ពន្ធ​នាគា​រកា​លពី​ឆ្នាំ២០១៧ ពាក់ព័ន្ធ​នឹង​បទ​សូកប៉ាន់​ការ​ទុកចិត្ត​ពីអ​តី​តប្រធានាធិបតី ផាក គឿន​ហេ ជា​ថ្នូរ​នឹង​ការ​គាំទ្រ​រដ្ឋបាល​របស់​លោកស្រី​ ដើម្បី​ឱ្យ​ការ​រួមបញ្ចូល​គ្នា​រវាង SamSung C&T និង ឧស្សាហកម្ម Cheil ឆ្នាំ២០១៥ បានសម្រេច។

គាត់​ត្រូវ​បាន​ដោះលែង​នៅ​ខែកុម្ភៈ​ ឆ្នាំ២០១៨ បន្ទាប់ពី​ការ​កាត់ទោស​របស់​គាត់​ត្រូវ​បាន​ព្យួរ​ដោយសា​លា​ឧទ្ធរណ៍ ប៉ុន្តែ​តុលាការ​ជាន់ខ្ពស់​កាលពី​ឆ្នាំមុន បាន​បញ្ជា​ឱ្យ​មានការ​ជំនុំជម្រះ​ឡើងវិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ