មតិ​ចម្រុះ​ពី​ការ​ស្លាប់​របស់​អតីត​មេគុក​ទួល​ស្លែង

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ពេលផ្តល់សក្ខីកម្មកាលពីថ្ងៃ​អង្គារ(រូបថតពីសាលាក្តីខ្មែរក្រហម)

អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម លោក កាំង ហ្កេកអ៊ាវ ហៅឌុច ទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅម៉ោង០០:៥១នាទី រំលងអធ្រាត្រយប់ថ្ងៃទី១ ឈានចូលថ្ងៃទី២ ខែកញ្ញា។​​ ការ​ស្លាប់នេះ​ គឺ​បន្ទាប់​ពី​លោក​អនុវត្តន៍​ទោស​​បាន​​ជាង​១០​ឆ្នាំ​។

ការ​ស្លាប់​របស់​លោក ត្រូវ​បាន​សាធារណជន​ ​បង្ហាញ​ជា​មតិ​ចម្រុះ​មួយ​ចំនួន ក្នុង​នោះ៖

លោក ហោ សុខុន អាយុ៥៤ឆ្នាំ ដែលម្តាយ​ និង​បងប្អូន​​​របស់​លោក ​​ត្រូវ​ខ្មែរ​ក្រហម​សម្លាប់ទាំង​អស់ ​មាន​ប្រសាសន៍​ថា​​ ៖« បើ​និយាយ​ពី​កំហឹង​របស់​ខ្ញុំ​ កាល​ពី​៣ឆ្នាំ​ ៨ខែ ២០​ថ្ងៃ​ហ្នឹង ​គឺ​វា​មាន​កំហឹង​ទៅ​ហើយ តែ​ឥឡូវ​បើ​គាត់​ស្លាប់​យើង​មិន​ដឹង​​ធ្វើ​យ៉ាង​មិច? ខ្ញុំ​ជា​កូន​កំព្រា​ទេ​ណា! អ៊ីចឹង​បាន​ការ​ឈឺ​ចាប់​ហ្នឹង​វាឆ្អែត​ឆ្អន់​ដែរ តែមិន​ដឹង​ថា​មិន​ដឹង​ធ្វើ​មិច​បើ​គាត់​ស្លាប់​ហើយ​ក៏​មិន​ដឹង​ថា​មិចដែរ។ គ្រាន់​តែ​ចង់​ស្នើ​ដល់​តុលាការ​អន្តរជាតិ​ជួយរក​យុត្តិ​ធម៌​ឱ្យ​អ្នក​ស្លាប់ តែចំពោះ​យុត្តិ​ធម៌​ដល់​តាឌុច ខ្ញុំ​យល់​ថា​មិន​បាច់​រក​ទេ ព្រោះ​ដឹង​ថា​គាត់​ជា​ជន​ឧក្រិដ្ឋ​ទៅ​ហើយ » ។  

លោក​ លន់ អាយ អាយុ​ ៥២ឆ្នាំ ដែល​គ្រួសារ​ទាំង​អស់​ត្រូវ​ខ្មែរ​ក្រហម​សម្លាប់​ មាន​ប្រសាសន៍​ថា៖ «ការ​ស្លាប់​របស់​គាត់​នេះ​ បើសិន​ជា​គាត់ស្លាប់​ក៏​វា​ល្អ​ដែរ ព្រោះ​អី​គាត់​បាន​ធ្វើ​ទារុណ​កម្ម​ប្រជាជន​ខ្មែរ ​៣ឆ្នាំ ៨ខែ ២០​ថ្ងៃ​នេះ ​វាធ្វើ​ឱ្យ​ខ្មែរ​ពិបាក​ ​អាហ្នឹង​ខ្ញុំ​យល់​តែ​ប៉ុណ្ណឹង​ទេ។ […] ខ្ញុំ​អហោ​សកម្ម​ឱ្យ​ ជាតិ​នេះ​គាត់​បាន​ធ្វើ​អាក្រក់​ តែ​បើ​ស្លាប់​ទៅ​ហើយ​ជាតិ​ក្រោយ​ សុំ​ឱ្យ​បាន​ធ្វើ​បុណ្យ​ធ្វើ​ទាន​ កុំ​ឱ្យ​សាង​នូវ​អំពើ​អាក្រក់​ដូច​ជាតិ​នេះ​ទៀត​ ឱ្យ​ចេះ​សាង​នូវអំពើ​ល្អ » ។

អតី​ត​ជន​រងគ្រោះ​នៃ​មន្ទីរ​សន្ដិសុខ​ស ២១ ហើយ​​មាន​ម្ដាយ​ និង​ឪពុក​បាន​ស្លាប់​​ក្នុង​មន្ទីរ​ស២១ លោក នង ចាន់​ផល មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​អតីត​ជា​កុមារ​ហើយ មាន​អាយុ៩ឆ្នាំ​មាន​ភាព​តក់​ស្លុត មាន​ការ​ភ័យ​ខ្លាច​ពេល​មាន​គេ​ធ្វើ​ទារុណកម្ម​ម្ដាយ​ចំពោះ​មុខ ពួក​យើង​ស្លុត​នឹង​ឈឺ​ចាប់​មែន​ទែន​ តែ​ឥឡូវ​បាន​ដំណឹង​ថា​ ឌុច​បាន​ទទួល​មរណភាព ​នេះ​ជា​ចំណុច​មួយ​ដែល​ជួយ​ឱ្យ​ការ​ឈឺ​ចាប់​ផ្លូវ​ចិត្ត​របស់​យើង​បាន​ជា​របួស​បាន​ខ្លះ តែ​យុត្តិ​ធម៌​ដែល​យើង​ចង់​បាន​នោះ​គឺ​វា​មិន​បាន​១០០ភាគរយ​ទេ » ។

ឌុច កើត​នៅ​ថ្ងៃ​ទីនៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៤២ នៅភូមិ​ពៅវើយ​ ឃុំ​ពាម​បាង ស្រុង​ស្ទោង​ ខេត្ត​កំពង់​ធំ។ លោក​មាន​បងប្អូន​បង្កើត​ចំនួន​៥​នាក់ ក្នុង​ត្រកូល​កសិករ។

នៅ​ឆ្នាំ​១៩៦៥ ឌុច ​បាន​ក្លាយ​ជា​គ្រូ​បង្រៀន​គណិត​វិទ្យា និង​ចាប់​ផ្ដើម​​ស្រលាញ់​លទ្ធិ​កុម្មនីស្ត ហើយ​​ ៣​ឆ្នាំ​ក្រោយ​មក​ពោល​​គឺ​នៅ​ឆ្នាំ​១៩៦៨​ លោក​ត្រូវ​​បាន​នគរបាល​ចាប់​ខ្លួន​។ លោក​ត្រូវ​បាន​ដោះលែង​វិញ​ ក្រោយ​រដ្ឋប្រហារ​​នៅ​ឆ្នាំ​១៩៧០ នឹង​បាន​រត់​ទៅ​ចូល​រួម​ជា​មួយ​ខ្មែរ​ក្រហម​នៅ​តាម​បណ្ដោយ​ជួរ​ភ្នំក្រវ៉ាញ នឹង​ត្រូវ​បាន​ក្លាយ​ជា​មេគុក​ជា​បន្ត​បន្ទាប់តាំង​​ពី​ពេល​នោះ​មក​។

ក្រៅ​ពី​មន្ទីរ​សន្ដិសុខ​ស ២១ដែល​លោក​គ្រប់​គ្រង​​ពី​ឆ្នាំ​១៩៧៥ ដល់​ខែ​មករា​ ឆ្នាំ​១៩៧៩​ លោក​ក៏​ធ្លាប់​ជា​មេគុក​ម១៣ នៅ​អម​លាំង ខេត្ត​កំពង់​ស្ពឺ និង​ម៩៩ នៅ​ជើង​ភ្នំ​ឱរ៉ាល់​ផង​ដែរ។

លោក​កាំង ហ្គេអៀវ​ ហៅឌុច ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលសម្រេចសេចក្តី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយ​ផ្តន្ទាទោស​ដាក់ពន្ធនាគារអស់មួយជីវិត បន្ទាប់​ពី​ប្រើពេល​ជំនុំ​ជម្រះ​ទោស​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​អនុវត្តទោស​នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣ នៅ​​ពន្ធនាគារខេត្តកណ្តាល។

ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្ដាល​លោក ចាត ស៊ីនាង បាន​ឱ្យ​VOD ដឹង​ថា៖ « គាត់​អាយុ​៧៨ឆ្នាំ​​ហើយ ​គាត់​មាន​ទៅ​ណា​ទៀត! មាន​តែ​ទៅ​មុខ​ មិន​អាច​ទៅ​ក្រោយ​បាន​ទេ។ រាល់​ថ្ងៃគាត់​អត់​មាន​ធ្វើ​អី​ក្រៅ​ពី​អាន​សៀវ​ភៅ​ទេ កន្លែង​គាត់​នៅ​ហ្នឹង​​ មាន​កន្លែង​សម្រាប់​ហាត់​ប្រាណ មាន​បន្ទប់​ទឹក​ បន្ទប់​អី​ស្រេច​ក្នុងហ្នឹង ​ហើយ​អត់​មាន​ឱ្យ​អ្នក​ទោស​ណា​ម្នាក់​នៅ​ច្រលូក​​ច្រលំ​ហ្នឹង​គាត់​ទេ អាច​ណាស់​ហើយ​យក​អ្នក​ទោស​ម្នាក់​ទៅ​ជួយ​មើល​ថែ​គ្នា​ហ្នឹង ក្រៅ​ពី​ហ្នឹង​គឺ​អត់​មាន​អ្នក​ណា​ទៅ​បូក​លូក​ទេ» ។

បើ​តាម​លោក ចាត ស៊ីនាង លោក​កាំង​ ហ្គិច​អៀវ ហាក់​បាន​ផ្លាស់​ជំនឿ​ពី​គ្រឹស្ត​សាសនា​មក​គោរព​ព្រះពុទ្ធ​សាសនា​វិញ​នា​រយៈពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក​បន្ថែម​ថា៖« ពី​មុន​គាត់​ជឿ[គ្រឹស្តសាសនា]ឃើញ​ម្នាក់​មួយ​នៅ​អាមេរិក​យូរៗ​មក​ម្ដង ដល់​ក្រោយ​មក​គាត់​ដេញ​ម្នាក់​ហ្នឹង​លែង​ឱ្យ​មក។ ហើយ​ដល់​ពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ហ្នឹង ​ឱ្យ​តែ​យើង​ធ្វើ​បុណ្យ​ភ្ជុំ​ដាក់​បាត្រ​អី ​លោក កាំង ហ្គេចអៀវ បាន​​មក​ចូល​រួម​ជា​មួយ​ពួកយើង​ ធ្វើ​បុណ្យ​ សំពះលោក​អី​ដែរ។ យូរ​ហើយ​ប្រហែល​ជា​ពីរឆ្នាំ​ហើយ » ។

សព​លោក​កាំង ហ្គិច​អៀវ ត្រូវ​បាន​ដឹក​មក​បូ​ជា​នៅ​វត្ត​ចាក់​អង្រែ​ក្រោម​ទាំង​ថ្ងៃ ដោយ​គ្មានរៀប​ចំ​ពិធី​បុណ្យ​សពអ្វី​ទាំង​អស់​ ខណៈក្រុម​គ្រួសារ​បានមក​ទទួល​ធាតុ​នឹង​ចេញ​ទៅ​វិញ​ដោយ​គ្មាន​និយាយ​អ្វី​​ផង​ដែរ។

អ្វី​ដែលជា​ការ​កត់​សម្គាល់​នៅ​​ក្នុង​ពេល​សវនាការ​ក្ដី​សំណុំ​រឿង​របស់​លោក​នោះ គឺ​លោក កាំង​ ហ្គេច​អៀវ បាន​ទទួល​ស្គាល់​នូវ​កំហុស​ទាំង​អស់​ និង​បាន​ថ្លែង​សុំ​ទោស​ដល់​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​នៅ​មន្ទីរសន្ដិសុខ​ដែល​លោក​បាន​គ្រប់គ្រង ក៏​ដូច​ជា​មន្ទីរសន្ដិសុខ​ផ្សេង​ទៀត​ផង​ដែរ។

លោក ឌុច ​ថ្លែង​ថា៖ «ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​មន្ទីរ​ស ២១ ក្នុង​ឋានៈ​ជា​ប្រធាន​នៃ​យន្ត​ការ​ឧក្រិដ្ឋនេះ ខ្ញុំ​បាន​តាំង​ចិត្ត​រួច​ហើយ​ថា​នៅ​តែ​ទទួល​ខុសត្រូវ​នូវ​រាល់​ឧក្រិដ្ឋកម្ម​ទាំង​អស់​ដែល​កើត​មាន​នៅ​ស ២១ ទាំង​ខាង​ផ្លូវ​ច្បាប់​ទាំង​ខាង​ផ្លូវ​ចិត្ត​។ ទីពីរ​ ខ្ញុំ កាំង​ ហ្គេចអៀវ ហៅ​ឌុច មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​មន្ទីរ​សន្ដិបាល​នៅ​ទូទាំង​ប្រទេស​ទេ ក៏​ប៉ុន្ដែ​ខ្ញុំ​បាទ​ជា​បក្សជន​ម្នាក់​នៃ​បក្ស​កុំ​មុយនីស្ត​កម្ពុជា​ខ្ញុំ​នៅ​តែ​ទទួល​ខុសត្រូវ​ខាង​ផ្លូវ​ចិត្ត​នូវ​រាល់​ឧក្រិដ្ឋកម្ម​ទាំង​អស់​ទៅ​លើ​ជាតិ​ប្រជាជន​កម្ពុជា​គ្រប់រូប​ក្នុង​របប​នោះ។ ជា​តិ​ប្រជា​ជន​កម្ពុជា​ចង់​ធ្វើ​ខ្ញុំ​យ៉ាង​មិច​ធ្វើ​ចុះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ