ក្រសួង​​អប់រំ​​ថា​ ការ​​បើក​​ដំណើរ​ការ​​សាលា​រៀន​​ឡើង​វិញ​​ក្នុង​​ដំណាក់​កាល​​ទី​២​ប្រព្រឹត្ត​ទៅ​​ដោយ​​រលូន​

សកម្មភាពក្នុងថ្នាក់រៀនមួយនៅវិទ្យាល័យជាស៊ីមបឹងកេងកង ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ (សំ ដារ៉ា)

​ក្រសួង​អប់រំ យុវជន និងកីឡា បាន​លើកឡើង​ថា ការ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី២នេះ បាន​ប្រព្រឹត្តទៅ​ដោយ​រលូននិង​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការអនុវត្ត​នូវ​វិធានការ​សុវត្ថិភាព​សុខភាព។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា លោក រស់ សុ​វាចា បាន​មានប្រសាសន៍​ថា សិស្ស​ថ្នាក់​ទី៩និង​ទី១២នៅ​ទូទាំង​ប្រទេស បាន​ចាប់ផ្តើម​ចូលរៀន​ឡើងវិញនៅ​ថ្ងៃ​ចន្ទ​នេះសម្រាប់​ដំណាក់កាល​ទី២ ខណៈ​ការអនុញ្ញាត​ឱ្យ​សិស្ស​គ្រប់​កម្រិត​ចូលរៀន​ឡើងវិញ មាន​សម្រាប់​តែ​ទីរួមខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី។ 

លោក​បាន​បន្ត​ថា ក្រៅពី​នេះ គ្រឹះស្ថានសិក្សា​ឯកជន​ប្រមាណ៣០០កន្លែងពី​កម្រិត​មត្តេយ្យដល់​ឧត្តម​សិក្សា ក៏បាន​និង​កំពុង​ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ សម្រាប់​ដំណាក់កាល​ទី២ ចាប់ពី​ថ្ងៃ​ចន្ទ​នេះ ក្រោយពី​ក្រសួងបាន​ចុះ​ពិនិត្យនិង​វាយតម្លៃ​ដោយ​ផ្ទាល់​ដល់ទី​តាំង​សាលា អំពីការអនុវត្ត​វិធានការណ៍​សុវត្ថិភាព​សុខភាព។

លោក​បាន​គូសបញ្ជាក់​ថា៖ «ដំណើរការ​បើក​សាលារៀន​ឡើងវិញនៅ​ដំណាក់កាល​ទី២ កំពុង​ប្រព្រឹត្តទៅ​ដោយ​រលូន ដោយមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។ ជាក់ស្តែង មាតាបិតា​បាន​រៀបចំនំចំណី ទឹក​ស្អាត​ឱ្យ​កូន​ៗយក​មក​តាម​ខ្លួន។ ចំណែក​ឯគណ:គ្រប់គ្រង​សាលារៀន​បាន​អនុវត្ត​ការរៀបចំ​តាម​ការណែនាំ​របស់ក្រ​សួង»។

អ្នកនាំពាក្យ​រូប​នេះបាន​បន្ថែម​ថា ក្រសួង​ក៏​នឹង​ពិនិត្យ​លទ្ធភាព​ជាក់ស្តែងក្នុង​ការ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ​នៅ​តាម​រាជធានី​-ខេត្ត​ផ្សេងទៀត តាម​ទ្រង់ទ្រាយ​តូចនិង​ឆ្លាស់​វេន​គ្នា ក្នុង​ពេល​ឆាប់​ៗនេះ។

នាយក​វិទ្យាល័យ​ជា​ស៊ី​ម បឹងកេងកង លោក នុត ងួន​លី បាន​ប្រាប់​វី​អូ​ឌី​ឱ្យ​ដឹង​ថា សាលា​នេះ​បាន​អនុវត្តយ៉ាង​ម៉ឺង​ម៉ាត់តាម​ការ​ណែ​នាំាំ​របស់ក្រ​សួង​អប់រំនិង​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩។

លោក​និយាយ​ថា៖ «ជាគោល​ការណ៍​ក្នុង​ការ​បើក​ចូលរៀន​នៅ​ថ្ងៃទី០៧កញ្ញា​ហ្នឹង យើង​មានការ​ត្រៀម​មុន យើង​ត្រៀម​ទីមួយគឺ​យើង​សម្អាត​បរិស្ថាន​សាលារៀន យើង​សម្អាត​បន្ទប់​រៀន​ដោយមាន​ការ​លាង​ទឹក បាញ់ទឹក​សម្អាត​បន្ទប់​រៀន ជូត​បន្ទប់​រៀន​នី​មួយ​ៗឱ្យ​ស្អាត ហើយ​បន្ទាប់មក​ទៀត យើង​ក៏​មានការ​បាញ់ថ្នាំ​សម្លាប់​មេរោគដែល​ថ្នាំ​ហ្នឹង​ឧប​ត្ថ​ម្ភដោយសា​លា​រាជធានី​ភ្នំពេញ»។ 

លោក​បាន​បន្ត​ថា សម្រាប់​ការ​បើក​ដំណើរការ​សិក្សា​ឡើងវិញនៅ​ថ្ងៃនេះ ខាង​សាលា​បាន​ចាត់តាំង​គ្រូនិង​សិស្ស​មួយចំនួនពិនិត្យនិង​អប់រំ​ណែនាំ​ដល់​សិស្ស​ក្នុង​សាលាពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ១៩ ដោយ​ការ​ពាក់​ម៉ាស់ វាស់​កម្ដៅ និង​សម្អាត​ដៃ​ជាប្រចាំ​ដោយ​ប្រើ​សាប៊ូ​ឬអាល់កុល។

ចំពោះ​សិស្សានុសិស្ស​ណា​ដែល​មាន​កម្តៅ​លើស​ពី៣៨អង្សា លោក​ថា គ្រូ​ដែល​ទទួលបន្ទុក​នឹង​ទំនាក់​ទំនង​ទៅ​អាណាព្យាបាល ដើម្បី​មក​ទទួល​សិស្ស​នោះ​យក​ទៅ​ព្យាបាល។ 

អ្នកស្រី គុយ មុំ គ្រូបង្រៀន​ថ្នាក់​ទី៩ នៃ​វិទ្យាល័យ​ជា​ស៊ី​ម បឹងកេងកង បាន​ប្រាប់​វី​អូ​ឌី​ថា ក្រៅពី​ការរៀបចំ​បរិស្ថាន​ក្នុង​ថ្នាក់រៀន​ឱ្យ​មាន​អនាម័យ​ល្អនិង​ផាសុ​កភាព អ្នកស្រី​ក៏​សង្កេតឃើញ​សិស្សានុសិស្សមានការ​ទទួលខុសត្រូវ​ចំពោះខ្លួន​ពួក​គេ​ផ្ទាល់​ដែរ ដោយ​ពួក​គេ​បាន​ពាក់​ម៉ាសនិង​លាងដៃ​ជាមួយ​អាល់កុល​ជា​ញឹកញាប់។ 

សិស្ស​ឈ្មោះ អេង ស្រី​និច ជា​សិស្ស​រៀន​ថ្នាក់​ទី១២នៅ​វិទ្យាល័យ​នេះ បាន​និយាយ​ថា សាលា​បាន​រៀបចំ​សិស្ស​ក្នុង​មួយ​ថ្នាក់​ចន្លោះ​ពី១៥ទៅ២០នាក់ រក្សា​នូវ​គម្លាត​សុវត្ថិភាពនិង​មានការ​វាស់​កម្តៅ​ឱ្យ​សិស្ស​ជាដើម។

កញ្ញា​ថា៖ «ខ្ញុំ​គិតថា​ប៉ុណ្ណឹងគឺ​ទទួលយក​បាន នៅក្នុង​ការ​របៀប​ថា​រក្សា​សុវត្ថិភាព​នៅក្នុង​ពេល​ជំងឺកូ​វីដ១៩ហ្នឹង គឺ​សាលា​ខ្ញុំ​របៀប​ថា ​គេ​គ្រប់គ្រង​បាន​អីចឹង​ហ្អាស៎»។ 

គួរ​បញ្ជាក់​ថា រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​អប់រំ យុវជន និងកីឡា បានសម្រេច​ផ្អាក​ដំណើរការ​សាលារៀន​ទាំងអស់​នៅ​កម្ពុជា កាលពី​ថ្ងៃទី១៦ ខែមីនា ដែល​មាន​រយៈពេល​ប្រមាណ៦ខែ​មក​ហើយ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។ 

តែ​យ៉ាងណា ក្រសួង​បាន​ដាក់ចេញ​នូវ​យន្តការ​សិក្សា​ពី​ចម្ងាយនិង​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ សម្រាប់​សិស្សានុសិស្សនិង​និស្សិត​ទាំងអស់ ក្នុង​អំឡុង​ពេល​ផ្អាក​ដំណើ​រការ​សាលារៀន​នេះ​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ