អាជ្ញាធរខេត្តកណ្តាល បានអះអាងថា វៀតណាមបានធ្វើប៉ុស្តិ៍យាមជាសំណង់រឹងតាមបណ្តោយព្រំដែនដែលមិនទាន់ឯកភាពគ្នាចំនួន២ទីតាំងបន្ថែមទៀត ដែលធ្វើឱ្យចំនួនសំណង់រឹងដែលវៀតណាមបានសាងសង់កើនដល់៦ទីតាំង។
កាលពីថ្ងៃទី២៦ ខែសីហា ស្នងការនគរបាលខេត្តកណ្ដាល បានរាយការណ៍ថា ភាគីវៀតណាមបានសាងសង់តង់ថ្មីជាជម្រករឹងមាំធ្វើពីឈើសសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រគុណនឹង៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-វៀតណាមដែលមិនទាន់ឯកភាពគ្នា ចម្ងាយប្រមាណ១២០ម៉ែត្រ ខណៈកន្លងមក មានកិច្ចព្រមព្រៀងគ្នាថា ការសាងសង់សំណង់រឹងណាមួយតាមបន្ទាត់ព្រំដែនគោកចាប់ពី១៥០ម៉ែត្រទៅ ត្រូវមានការឯកភាពគ្នា។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ឱ្យVODដឹងថា គិតមកដល់ថ្ងៃអង្គារនេះ ភាគីវៀតណាមនៅមិនទាន់រុះរើសំណង់រឹងដែលយោធារបស់ខ្លួនបានសាងសង់នៅតាមខ្សែបន្ទាត់ព្រំដែនជាប់កម្ពុជា ក្នុងស្រុកលើកដែក ចំនួន៤ទីតាំងនោះនៅឡើយទេ ប៉ុន្តែភាគីវៀតណាមបានសាងសង់សំណង់រឹងចំនួន២កន្លែងបន្ថែមទៀតនៅតំបន់ព្រែកស្បូវ។
លោកថា៖ «មានពីរនៅខាងព្រែកស្បូវ ហើយមកដល់ម៉ោងហ្នឹង គាត់[វៀតណាម]កំពុងតែសង់នៅលើតង់ចាស់គាត់ ហើយអ្វីជាក់ស្តែងទៀត យើងអត់ទាន់ទទួលបានរបាយការណ៍។ គាត់ប្រើ[ប្រក់]ជាស័ង្កសី មិនធំអីប៉ុន្មានទេ ល្មមម៉ាគាត់ជ្រក»។
លោក គង់ សោភ័ណ្ឌ បន្តថា មកដល់ពេលនេះ អាជ្ញាធរនិងនគរបាលព្រំដែនរបស់កម្ពុជា បានបង្កើនការចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនរួមគ្នានិងជំរុញឱ្យភាគីវៀតណាមរុះរើតង់ចេញពីតំបន់មិនទាន់ឯកភាពគ្នាវិញ ទោះភាគីវៀតណាមស្នើសុំទុកពេលមួយរយៈទៀតដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ក៏ដោយ។
ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បដិសេធឆ្លើយតបជុំវិញចំណាត់ការរបស់កម្ពុជាទៅលើករណីនេះ ដោយលោកជំរុញឱ្យសួរទៅក្រសួងការបរទេសកម្ពុជាវិញ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុង គួង មានប្រសាសន៍ថា កម្ពុជាមិនទាន់បានផ្ញើកំណត់ទូតទៅភាគីវៀតណាមពាក់ព័ន្ធករណីនេះនៅឡើយទេ ហើយថា លោកក៏មិនទាន់ឃើញ របាយការណ៍គណៈកម្មាធិការចម្រុះកិច្ចការព្រំដែននៅឡើយដែរ។
លោកថា៖ «ខ្ញុំអត់ទាន់ដឹងទេ! បញ្ហារបាយការណ៍គេធ្វើមកហើយឬនៅ។ ខ្ញុំផ្ទាល់ ខ្ញុំអត់ទាន់បានជ្រាបទេ។ ប៉ុន្តែក្រែងពេលខ្លះមកដល់ក្រសួងហើយ តែក្រែងខ្ញុំអត់ទាន់បានដឹង»។
វីអូឌី នៅពុំទាន់អាចសុំការបញ្ជាក់ជុំវិញករណីនេះពីភាគីវៀតណាមនៅឡើយទេ នៅថ្ងៃនេះ។
អតីតតំណាងរាស្ត្របក្សប្រឆាំងដែលសកម្មរឿងព្រំដែន លោក អ៊ុំ សំអាន និយាយថា ការដែលវៀតណាមមិនព្រមរុះរើតង់ចេញពីខ្សែបន្ទាត់ព្រំដែនក្នុងតំបន់មិនទាន់ឯកភាពគ្នា ជាហានិភ័យនៃបូរណភាពទឹកដីកម្ពុជា ប្រសិនបើរដ្ឋាភិបាលមិនបានទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ លោកផ្តល់ជាយោបល់ដែរថា ដើម្បីការពារបូរណភាពទឹកដីកម្ពុជា កុំឱ្យប្រទេសជិតខាងរំលោភបំពានបាន លុះណាតែរដ្ឋាភិបាលប្រើយន្តការអន្តរជាតិ។
លោកថា៖ «កម្ពុជាអាចប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូចកាលពីជម្លោះក្បែរតំបន់ប្រាសាទព្រំវិហារ[ជាមួយថៃ]ឆ្នាំ២០០៨អ៊ីចឹង ដើម្បីឱ្យគេបញ្ឈប់អំពើឈ្លានពានរបស់វៀតណាមហ្នឹង ឱ្យវៀតណាមរើតង់និងសំណង់រឹងហ្នឹងទៅវិញ»។
កន្លងទៅ កម្ពុជាធ្លាប់បានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ឱ្យបំភ្លឺក្រោយពីយោធាវៀតណាមបានចល័តទីតាំងឈរជើងបោះតង់តាមបណ្តោយព្រំដែនចំនួន២៥០កន្លែងក្នុងតំបន់មិនទាន់ឯកភាពគ្នា៕