រដ្ឋា​ភិបាល​​បង្កើត​​គណៈ​កម្មការ​​អន្តរ​ក្រសួង​​អនុវត្ត​​គម្រោង​​អភិវឌ្ឍន៍​​ផ្លូវ​​នៅ​​សៀមរាប​

នា​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០២ ក្រុមការងារ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​បន្តការងារ​ថែទាំ​ខួប​និង​ថែទាំ​ប្រចាំ​ផ្លូវ ក្នុង​ខេត្តសៀមរាប។ (រដ្ឋបាល​ខេត្តសៀមរាប​/Siem Reap Provincial Hall​)

រដ្ឋាភិបាលបង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សានិង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន៣៨ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប។

យោង​តាម​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល ចុះ​ថ្ងៃទី៨ ខែកញ្ញា គណៈកម្មការ​អន្តរក្រសួង​នេះ មាន​សមាសភាព​ជា​ប្រធាន អនុប្រធាន អនុប្រធាន​អចិន្ត្រៃយ៍ និង​សមាជិក​សរុប​ចំនួន១៨រូប ក្នុង​នោះ​មានលោក​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជា​ប្រធាន។

សេចក្តី​សម្រេចបាន​បន្ត​ថា គណៈកម្មការ​នេះមាន​តួនាទីដឹកនាំ គ្រប់គ្រង និង​សម្របសម្រួល​លើ​ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន៣៨ខ្សែ នៅ​ក្រុង​សៀមរាប បូករួម​ទាំង​ការសិក្សា ការរៀបចំ អនុវត្ត ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ​គម្រោង និង​ត្រូវ​រៀបចំ​របាយការណ៍​ស្តី​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​ជូន​រាជរដ្ឋាភិបាល​ផង​ដែរ។

ការបង្កើត​គណៈកម្មការ​អន្តរក្រសួង​នេះ បាន​ធ្វើឡើង​ក្រោយពីលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី៤ ខែកញ្ញា បាន​ប្រកាស​ទម្លាក់​ថវិកាជាតិ​ប្រមាណ១៥០លាន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​កែ​លម្អ​ផ្លូវ​ចំនួន៣៨ខ្សែ នៅ​ក្រុង​សៀមរាប ដើម្បី​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋនិង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​នៅ​ក្រោយ​ជំងឺ​កូ​វីដ១៩។

យោង​តាម​របាយការណ៍​ដែល​បង្ហាញ​ក្នុង​កិ​ច្ច​ប្រជុំ​រវាង​ក្រសួងសាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋបាល​ខេត្តសៀមរាប កាលពី​ថ្ងៃទី២៧ ខែមិថុនា គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​មេ​ចំនួន៣៨ខ្សែ​នេះមាន​ប្រវែង​សរុប​៩៨,៣៤គីឡូម៉ែត្រ។

របាយការណ៍​បន្ត​ថា គម្រោង​នេះត្រូវ​បាន​សិក្សា​ដោយ​រដ្ឋបាល​ខេត្តសៀមរាប ក្នុង​គោលបំណង​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​សេដ្ឋកិច្ច សោ​ភ័ណភាព​ទីក្រុងឱ្យ​សក្តិ​សមជា​ទីក្រុង​ទេសចរណ៍​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ព្រមទាំង​តភ្ជាប់​ផ្លូវ​ពីទី​ប្រជុំជន​ក្រុង​សៀមរាបទៅ​តំបន់​ដាច់ស្រយាល​នៅ​ជាយក្រុង និង​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋនិង​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ