ចិន​​និង​​ឥណ្ឌា​​យល់​ព្រម​​ដក​​កង​ទ័ព​​នៅ​តាម​​ព្រំដែន​​ដែល​​មាន​​ជម្លោះ​

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា អេស ជេហ្សា​នកា និងរដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង​យី ក្នុងជំនួបទ្វេភាគីនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ (Twitter of Vikram Misri ទូតឥណ្ឌាប្រចាំសាធារណរដ្ឋប្រជាមានិតចិន)

​ប្រទេសចិន​និង​ឥណ្ឌា បាន​និយាយថា ​ពួក​គេ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ដក​កង​ទ័ព​រៀង​ៗខ្លួន​ចេញពី​តំបន់​ព្រំដែន​ភ្នំ​ហិ​ម៉ាល័​យជា​កន្លែង​ដែល​ភាគី​ទាំងពីរ​មាន​ជម្លោះ ដែល​ការ​ដកថយ​រៀង​ខ្លួននេះ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង។

កិច្ច​ព្រមព្រៀង​នេះ​បាន​កើតឡើង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំងពីរ​នៅក្នុង​ទីក្រុង​មូស្គូ ​ប្រទេស​រុស្ស៊ី​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

ប្រទេស​ទាំងពីរ​បាន​ថ្លែង​ក្នុងសេចក្តី​ថ្លែងការណ៍​រួម​មួយ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង​យី និង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា អេស ជេហ្សា​នកា ដែល​បាន​ព្រមព្រៀង​លើ​ចំណុច​ចំនួន៥ ក្នុង​នោះ​មាន​ទាំង​ការ​ដកថយ​កងទ័ព​រៀងខ្លួន​ដើម្បី​បន្ថយ​ភាព​តានតឹង។

ក្រោយ​ការ​ផ្ទុះ​អា​វុធ​ភ្លាម​ៗ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ចិននិង​ឥណ្ឌា បាន​ប្រជុំ​រក​ដំណោះស្រាយ​ដែរ ក្រោម​ការសម្រប​សម្រួល​ពី​កិច្ច​សហប្រតិបត្តិ​ការ​សៀងហៃ ប៉ុន្តែ​កិច្ច​ប្រជុំនោះ​មិន​មានការ​ឯកភាព​គ្នា​ទេ។

ប្រទេស​ចិននិងឥណ្ឌា បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមកនូវ​ការ​បាញ់​ទៅលើអាកាស​ក្នុង​ពេល​ប្រឈមមុខ​ដាក់គ្នា ដែល​ជា​ការរំលោភ​លើពិធីសារដែល​ប្រកាន់​ខ្ជាប់​ជាយូរមកហើយមិន​ឱ្យ​ប្រើ​អាវុធ​នៅ​លើ​ព្រំដែន​ដ៏​រសើប។

លោក វ៉ាង ថ្លែងប្រាប់​ភាគី​ឥណ្ឌា​នៅក្នុង​កិច្ចប្រជុំ​ក្នុង​ទី​ក្រុង​ម៉ូស្គូ ឱ្យ​បញ្ឈប់និង​ដកទ័ព​ចេញ​ជាបន្ទាន់​ពី​តំបន់​ដែល​ឯកភាព​គ្នា​មិន​ឱ្យ​មានការ​ផ្ទុះអាវុធ​នៅ​ព្រំដែន​នោះ។ ការ​អត្ថា​ធិប្បាយ​នេះ​ហាក់ផ្ទុយពីការ​បង្ហាញកម្លាំង​របស់​យោធា​ចិន​កាល​ពី​ពេលថ្មី​ៗនេះ។

កាសែត Global Times របស់​ចិន ដែល​ជា​កាសែត​មាន​ឥទ្ធិពល ចេញផ្សាយ​ដោយ​កាសែត​ផ្លូវការ​របស់​បក្ស​កុម្មុយនីស្ត​ចិន បាន​រាយការណ៍​កាលពី​ថ្ងៃពុធថា កងទ័ព​រំដោះប្រជាជន​ចិន (PLA​) កំពុង​រំកិលទាហាន សព្វាវុធ និងរថពាសដែក​ចូល​ព្រំដែន។

នៅដើម​សប្តាហ៍​នេះ ប្រទេស​ចិន​ក៏បាន​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ដែល​មានលទ្ធភាព​បាញ់​មី​ស៊ី​លបាន​ចម្ងាយ២៥០០គីឡូម៉ែត្រ ដាក់​នៅ​ជិត​ព្រំដែន​របស់​ខ្លួន​ជាប់​ជាមួយ​ប្រទេស​ឥណ្ឌា ចំ​ពេល​ដែល​កម្លាំងប្រដាប់អាវុធ​នៃ​ប្រទេស​ទាំងពីរ​មានការ​ប៉ះទង្គិច​គ្នា​ទ្រង់ទ្រាយ​ធំ​ជាថ្មី​ទៀត។

នៅក្នុង​រូបថត​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃអង្គារ នៅ​លើ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្លូវការ​នៃ​បញ្ជាការ​ដ្ឋាន​ភាគ​កណ្ដាល​របស់​កងទ័ព​រំដោះប្រជាជន​ចិន បានឱ្យ​ដឹង​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ Xian H-6 ចំនួន៣គ្រឿង និង​យន្តហោះ​ដឹក​កងទ័ព​ប្រភេទ Xian Y-20 ចំនួន១គ្រឿង​ទៀត ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​អាកាសយាន​ដ្ឋាន​មួយ ដែល​ត្រូវ​បាន​គេ​គិតថា ស្ថិតនៅ​ក្នុង​តំបន់​ស្វយ័ត​ទីបេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ