សហ​រដ្ឋ​អាមេរិក​​ហាម​​នាំ​ចូល​​ផលិត​ផល​​ចិន​​ពី​​តំបន់​​ហ្សិន​​ជាំ​ង​ ដោយ​សារ​​ពាក់ព័ន្ធ​​នឹង​​ការ​រំលោភ​សិទ្ធិ​មនុស្ស​​

មន្ត្រីគយនិងការពារព្រំដែនអាមេរិក ត្រួតពិនិត្យលើផលិផលទំនិញសក់សិប្បនិម្មិត។ (U.S. Customs and Border Protection/AP)

សហរដ្ឋអាមេរិក សម្រេច​ហាមឃាត់​ការនាំចូល​ផលិតផល​មួយចំនួន​ពី​តំបន់​ហ្សិន​ជាំ​ងប្រទេស​ចិន ដោយ​ថា ​ផលិតផល​ទាំងនោះបាន​មក​ពី​ការ​បង្ខិតបង្ខំ​ជន​មូស្លីម Uighur ជាង១លាន​នាក់​ក្នុង​ជំរំ​ប្រមូលផ្ដុំ ឱ្យ​ផលិត។

សារព័ត៌មាន Washingtonexaminer បាន​ដកស្រង់​ប្រសាសន៍​របស់​អនុរដ្ឋ​លេខាធិការ​នៃ​ក្រសួងមហាផ្ទៃ​អាមេរិក លោក Ken Cuccinelli ដែល​បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា មន្ត្រី​គយនិង​ប៉ូល​ិ​សព្រំ​ដែន​ដែល​មាន​តួនាទី​ក្នុង​ការ​ត្រួតពិនិត្យ​ការនាំចូល​នៅ​តាម​កំពង់ផែ​និង​ព្រំដែន​ទាំងអស់ នឹង​ចាប់ផ្ដើម​ហាមឃាត់​ផលិតផល​ដែល​ផលិត​នៅ​តំបន់​ហ្សិន​ជាំ​ងនៃ​ប្រទេស​ចិន មិន​ឱ្យ​ចូល​សហរដ្ឋអាមេរិក​នោះ​ទេ ដោយសារ​ផលិតផល​ចេញពី​តំបន់​នោះ​ពាក់ព័ន្ធ​នឹង​ការប្រើ​ប្រាស់​មនុស្ស​ដោយ​បង្ខិតបង្ខំ។

លោក​និយាយ​ថា៖ «វា​មិនមែន​ជា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ទេ​! វា​ជា​ជំរំ​ប្រមូលផ្ដុំ​មនុស្ស ជា​កន្លែង​ដែល​សាសនានិង​ជនជាតិភាគតិច​ជាគោល​ដៅ​នៃ​ការបៀតបៀន និង​ប្រើ​ឱ្យធ្វើ​ការ​ក្នុង​លក្ខខណ្ឌ​ដ៏​សាហាវ ដោយ​គ្មាន​ទទួល​ជំនួយនិង​គ្មាន​សេរីភាព។ វា​ជា​ទាសភាព​សម័យ​ទំនើប។ លោក​ប្រធានាធិបតី ដូ​ណាល់ ត្រាំ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា រដ្ឋបាល​របស់​លោក​នឹង​មិន​អត់ធ្មត់ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ដ៏​អាក្រក់​របស់​ចិន​នោះ​ទេ»។

ការ​ហាមឃាត់​នោះ ត្រូវ​បាន​ដកហូត​ការ​បញ្ជាទិញ​ទាំងអស់​នូវ​ផលិតផល​ដែល​មាន​ដូចជា ក្រណាត់​កាតុង គ្រឿង​ផ្គុំ​កុំព្យូទ័រ ផលិតផល​ធ្វើសក់ និងសម្លៀកបំពាក់។

ស្ថានទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក​បាន​ប្រាប់​សារព័ត៌មាន NBC ដោយ​ដកស្រង់​ប្រសាសន៍​អ្នកនាំពាក្យ​ការបរទេស​ចិន​ លោក Zhao Lijian កាលពី​សប្ដាហ៍​មុន​ថា ប្រទេស​ចិនបាន​បង្ហាញ​តម្លាភាព​ចំពោះ​អាមេរិក​ហើយ​ទាំង​ចំនួន​មនុស្សនិង​បញ្ហា​ដែល​ប្រទេស​ចិន​ប្រឈម។ លោក​បន្ថែម​ថា ការ​ចាប់​បញ្ជូន​ចិន​មូស្លីម Uighur ទៅ​មណ្ឌល​អប់រំ​ឡើងវិញ​នៅ​តំបន់​ហ្សិន​ជាំ​ង គឺ​មិនមែន​ធ្វើឡើង​ដើម្បី​បំពារបំពាន​សិទ្ធិមនុស្ស សិទ្ធិ​ជនជាតិ ឬសាស​នា​នោះ​ទេ តែ​វា​ទាក់ទង​​នឹង​ការ​ប្រឆាំង​អំពើ​ភេរ​វក​ម្មនិង​ការ​បំបែក​ខ្លួន​របស់​ក្រុម​ទាំងនេះ។

លោក​បាន​ថ្លែង​ថា៖ «អ្វី​ដែល​សហរដ្ឋអាមេរិក​បារម្ភ​នោះ គឺ​មិនមែន​សិទ្ធិមនុស្ស​ទេ គឺ​ប្រទេស​នេះ គ្រាន់តែ​ប្រើពាក្យ​សិទ្ធិមនុស្ស មក​បិទបាំង​ការបំផ្លាញ​ភាព​នឹងនរ​នៃ​ក្រុមហ៊ុន​ចិ​ននៅហ្សិន​ជាំ​ង និង​ព្យាយាម​ធ្វើ​ឱ្យ​នយោបាយ​ចិ​ននៅហ្សិន​ជាំ​ងកាន់តែ​អាប់អួ​ប៉ុណ្ណោះ»។

ជនជាតិ​មូស្លីម Uighur គឺ​ជនជាតិ​ចិន​ដែល​កាន់សាសនា​ឥស្លាម​នៅ​តំបន់​ហ្សិន​ជាំ​ង ជា​តំបន់​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន មាន​ព្រំដែន​ជាប់​ប្រទេស​ប៉ាគីស្ថាន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និង​ម៉ុង​ហ្គោលី តំបន់​នេះ​ជា​តំបន់​ដែល​សម្បូរធនធាន​ធម្មជាតិ​ជាងគេ​នៅ​ប្រទេស​ចិន​ដែល​រួមមាន ប្រេងកាត ឧស្ម័ន​ធម្មជាតិ និង​ស្ពាន់​ជាដើម។

ជនជាតិ Uighur នៅ​តំបន់​ហ្សិន​ជាំ​ងធ្លាប់​បាន​ទទួល​ឯករាជ្យ​ម្ដង​កាលពី​ឆ្នាំ១៩៤០ តែ​នៅ​ឆ្នាំ១៩៤៩ ត្រូវ​បាន​ចិន​យក​មក​គ្រប់គ្រង​វិញ។ រដ្ឋាភិបាល​ចិន​បាន​លើកឡើង​ថា ការ​បញ្ជូន​ជន​ឥស្លាម Uighur ជាង១លាន​នាក់​ទៅ​មណ្ឌល​អប់រំ​កែប្រែ ​គឺ​ដើម្បី​បណ្ដុះបណ្ដាលអប់រំ​ជនជាតិ​ទាំងនោះ ក្នុង​ន័យ​ការ​ពារ​សន្ដិ​សុខ​ប្រទេស​ខ្លួន ខណៈ​មាន​សេចក្តី​រាយការណ៍​ថា ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទាំងនោះមាន​បង្កប់​នូវ​ការ​ធ្វើទារុណកម្ម។

កាលពី​ខែតុលា ឆ្នាំ២០១៩ សហរដ្ឋអាមេរិក បាន​ដាក់​បម្រាម​រាប់​សិប​មុខទំនិញ​នាំចូល មិន​ឱ្យ​ចូល​ប្រទេស​ខ្លួន​ ដោយ​ថា ​ប្រទេស​នេះមិន​អាច​ទទួលយក​បានទេនូវ​ទំនិញ​ដែល​បាន​មក​ពី​ការ​រួមចំណែក​នៃ​ការ​ធ្វើពលកម្ម​អ្នកទោស ពលកម្ម​កុមារ និង​ការ​ធ្វើការ​បែប​ទាសករ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ