កម្ដៅក្ដៅហែងនៃព្រះទិនករកំពុងជះលើផ្នែកខ្លះនៃរាជធានីភ្នំពេញដែលជាទីនៃក្ដីសង្ឃឹមរបស់មនុស្សជាច្រើនដែលរំពឹងថា ជីវិតរបស់ពួកគេនឹងប្រសើរនៅពេលដែលមកធ្វើការរកស៊ីនៅទីនេះ។ ទោះជាយ៉ាងណា វិបត្តិកូវីដ១៩កំពុងធ្វើឱ្យក្ដីសង្ឃឹមមនុស្សមួយចំនួនរសាត់ចេញពីពួកគេបន្ដិចម្ដងៗ។
ជាអ្នកលក់ភេសជ្ជៈនៅមុខរោងចក្រមួយតាមបណ្ដោយផ្លូវ១០១៩ មុខសាកលវិទ្យាល័យកម្ពុជា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ស៊ង សឿន អាយុ៣៨ឆ្នាំ បាននិយាយអំពីចំណូលរបស់លោកកាលពីមុនមានជំងឺកូវីដ១៩កើតឡើងថា លោកធ្លាប់លក់បានច្រើននិងអាចសល់លុយផ្ញើទៅពុកម៉ែនៅខេត្តផង តែនៅពេលនេះចំណូលរបស់លោកបានត្រឹមទិញម្ហូបហូបប្រចាំថ្ងៃប៉ុណ្ណោះ។

លោក សឿន ដែលមានកូន២នាក់ក្នុងបន្ទុក មានប្រសាសន៍ថា៖ «ពីមុនយើងកាត់ចំណាយថ្លៃចាយវាយហូបចុកអី សល់បាន៤ទៅ៥ម៉ឺន។ […] ក្រោយមានជំងឺកូវីដ១៩ ខ្ញុំអាចរកបានតែ៣ទៅ៤ម៉ឺនសម្រាប់តែថ្លៃម្ហូបទេ។ បើនិយាយពីផលប៉ះពាល់ ច្រើនណាស់! ព្រោះទីមួយ យើងត្រូវចំណាយលើការចាយវាយប្រចាំថ្ងៃ ទីពីរ យើងត្រូវផ្ដល់ទៅស្រុកទៅអី ឱ្យពុកម៉ែអ៊ីចឹង ហើយយើងជំពាក់លុយអង្គការអីទៀត»។
ក្នុងរយៈពេលចុងក្រោយនេះ រោងចក្រមួយចំនួនបានព្យួរការងារកម្មករឬបិទ ក្រោមហេតុផលថាគ្មានអ្នកបញ្ជាទិញ ព្រោះតែពិភពលោកកំពុងជួបវិបត្តិកូវីដ៩។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់កម្មករដែលធ្វើការក្នុងវិស័យនេះទេ តែអ្នកដែលរកស៊ីលក់ដូរមានម្ហូបអាហារ ផ្លែឈើ និងរបស់របរប្រើប្រាស់ឱ្យពួកគេ ក៏ទទួលរងនូវផលប៉ះពាល់ដែរ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ទទួលស្គាល់ថាជីវភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលលក់ដូរនៅមុខរោងចក្រ ត្រូវរងផលប៉ះពាល់ដោយប្រយោលជាខ្លាំង ដោយសារតែរោងចក្រមួយចំនួនបានបិទទ្វារ មួយចំនួនបានព្យួរកម្មករ ហើយកម្មករនៅរោងចក្រជាច្រើនទៀតបានកាត់បន្ថយការចំណាយរបស់ពួកគេដោយសារចំណូលថយចុះ។
លោកមានប្រសាសន៍ថា៖ «និយាយដោយខ្លី បញ្ហាប្រឈមរបស់គាត់គឺបាត់អតិថិជន។ កាលណាបាត់អតិថិជន ប្រាក់ចំណូលក៏អត់ អ៊ីចឹងគាត់ក៏បង្ខំចិត្តទៅស្រុកកំណើតអីអ៊ីចឹងទៅ។ អ្នកខ្លះដូរទីតាំងទៅលក់កន្លែងផ្សេងទៅ ហើយឥលូវកន្លែងណាក៏ដូចកន្លែងណាដែរ គឺគាត់លក់មិនសូវដាច់ទេ។ […] ការចាយវាយរបស់កម្មករដែលនៅមានការងារធ្វើ ក៏បានត្បិតត្បៀតដែរព្រោះពីមុន គាត់មានប្រាក់ខែគួរសមដែរ គាត់អាចទិញរបស់របរហូបចុកមិនសូវត្បិតត្បៀត តែឥលូវគាត់មិនមានការថែមម៉ោងថែមអី អ៊ីចឹងក៏មានប្រាក់ខែតិច ចាយត្បិតត្បៀត អ៊ីចឹងក៏សម្រាប់អ្នកលក់ដូចថា គាត់ពីមុនធ្លាប់លក់ដាច់មួយថ្ងៃ១រយភាគរយ តែឥលូវនៅសល់តែ៣០ភាគរយអីទេ»។
លោក ស៊ង សឿន បានលើកឡើងថា ដើម្បីទប់ការចំណាយ មានថ្ងៃខ្លះលោកឱ្យប្រពន្ធលោកមកលក់ជំនួស ខណៈលោកត្រូវដើរធ្វើសំណង់ដើម្បីរកចំណូលបន្ថែម ដើម្បីទប់ថ្លៃចំណាយប្រចាំថ្ងៃនិងបង់ធនាគារ។
លោកប្រាប់ថា៖ «ធ្វើសំណង់មួយថ្ងៃបានបីម៉ឺន បាយទឹកអីលើយើង តែបើទូទាត់ វាចង់អស់បាត់ហើយ នៅថ្លៃសាំងថ្លៃអីទៀត»។
នៅម្ខាងផ្លូវ ជាអ្នកលក់នំប៉័ងប្រហិតមុខរោងចក្រនេះ អ្នកស្រី យ៉ុន អឿន អាយុ៤៣ឆ្នាំ មានប្រសាសន៍ថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩មក ការលក់របស់អ្នកស្រីបានបាត់បង់ជាងពាក់កណ្ដាលដែលធ្វើឱ្យពិបាករកចំណូលជាខ្លាំង ខណៈប្ដីអ្នកស្រីត្រូវត្រលប់ទៅស្រុកវិញក្នុងខេត្តកំពង់ចាមដើម្បីធ្វើស្រែចម្ការយកអង្ករមកហូប និងចិញ្ចឹមកូន៣នាក់ដែលសុទ្ធតែក្នុងវ័យសិក្សា។

អ្នកស្រីមានប្រសាសន៍ថា៖ «ឥលូវវាខ្វះដែរហ្នឹងតាំងពីកូវីដមានមក ដោយសារយើងលក់មិនសូវដាច់ ដោយសារកម្មករគេមិនសូវថែមម៉ោង គេចេញត្រឹមម៉ោង៤ម៉ោងអីអ៊ីចឹង ហើយអ្នកដំណើរក៏មិនសូវមានមនុស្ស អត់ដូចមុន។ ពីមុនលក់បាន៨០ឬ១០០ដើម បានប្រហែល៣០ទៅ៤០ម៉ឺន ដល់ឥលូវរកតែ១០ម៉ឺនមិនបានផង បានតែ៧ទៅ៨ម៉ឺន ហើយ៧ទៅ៨ម៉ឺនហ្នឹង គឺគិតទាំងដើមទាំងអីទាំងអស់ ដកវាទៅ សល់២ទៅ៣ម៉ឺនទេ»។
អ្នកស្រីបានកត់សម្គាល់ថា ការថយចុះចំណូលរបស់អ្នកស្រីបណ្ដាលមកពីកម្មករលែងមានម៉ោងថែមធ្វើពេលល្ងាច ដែលធ្វើឱ្យអ្នកស្រីបាត់អតិថិជនជាច្រើននាពេលរសៀល។
ផ្លូវឧស្សាហកម្មមួយនៃរាជធានីភ្នំពេញ គឺផ្លូវវេងស្រេង នៅម៉ោងប្រមាណ៥និង៣០នាទីរសៀល ដែលពីមុនធ្លាប់មានកម្មករជាច្រើនដើរចេញចូលរោងចក្រធ្វើការ តែឥលូវហាក់មិនសូវមានភាពអ៊ូអរនៃកម្មករចេញចូលឆ្លងកាត់ផ្លូវដូចមុនទេ។
កំពុងអង្គុយឈ្ងោកមុខចុះចុចទូរសព្ទ ដៃច្រត់ទល់នឹងក្បាលម៉ូតូដែលសណ្ដោងរ៉ឺម៉កពោរពេញដោយឪឡឹក នៅមុខរោងចក្រ៦ជាន់ ផ្លូវវេងស្រេង លោក លន ផល្លី អាយុ៣៧ឆ្នាំ មានប្រសាសន៍ថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់ការងាររបស់កម្មកររោងចក្រមក ចំណូលរបស់លោកក៏ថយចុះតាមនោះដែរ។
លោកមានប្រសាសន៍ថា៖ «ថ្ងៃណាដាច់ៗ ថ្ងៃណាអត់ វាអត់ទៅ ជួនកាលលក់មួយព្រឹកបានតែពីរម៉ឺនទេ។ ពីមុនមួយរសៀល យើងអាចលក់បាន២០ទៅ៣០ម៉ឺន តែឥលូវអត់បានទេបង! ពិបាកមែនទែន! កម្មករឃើញគាត់ចេញមកច្រើន តែអត់សូវទិញ ដូចថាឥលូវលុយពិបាករក គាត់មិនសូវទិញទេ។ […] ដល់រកមិនសូវបានអ៊ីចឹង វាពិបាកជីវភាពយើងដែរ ខ្វះខាត ថ្ងៃខ្លះយើងបានត្រឹមតែម៉ាទប់ៗថ្លៃម្ហូបទេ និយាយទៅបានតែមួយរស់ៗ គ្មានបានសល់ទេ»។
លោកពុំដឹងថា នឹងត្រូវដោះស្រាយបញ្ហាប្រឈមនេះដោយរបៀបណានោះទេ ខណៈចំណូលរបស់លោកពីមួយថ្ងៃទៅមួយថ្ងៃបានត្រឹមតែផ្គត់ផ្គង់អាហារប្រចាំថ្ងៃប៉ុណ្ណោះនោះ។
កម្មករកាត់បន្ថយចំណាយ
ក្នុងជំនួបអន្តរភាគីចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២១ កាលពីថ្ងៃទី៣ ខែកញ្ញា ក្រសួងការងារបានបញ្ជាក់ថា គិតរហូតមកត្រឹមដើមខែកញ្ញានេះមានរោងចក្រ៨១បានបិទទ្វារនិង៤៩១រោងចក្របានព្យួរការងារ ដែលប៉ះពាល់កម្មករប្រមាណ៦ម៉ឺននាក់។ ទោះជាយ៉ាងណាសម្រាប់កម្មករដែលកំពុងបម្រើការងារនៅក្នុងរោងចក្រមួយចំនួន បានលើកឡើងថា ក្នុងរយៈពេលដែលពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ១៩ ការងាររបស់ពួកគេក៏បានកាត់បន្ថយផងដែរ ដែលធ្វើឱ្យចំណូលប្រចាំខែថយចុះ។
កម្មករផ្នែកជាងម៉ាស៊ីន នៅរោងចក្រកាត់ដេរ W&D លោក ភោគ ឡាយ អាយុជាង៣០ឆ្នាំ មានប្រសាសន៍ថា ក្នុងរយៈពេលជាង៥ខែមកនេះ គឺលោកទទួលបានតែប្រាក់ខែសុទ្ធប្រមាណតែ២៧០ដុល្លារប៉ុណ្ណោះ ខណៈរោងចក្រកាត់បន្ថយផលិតកម្មនិងគ្មានការងារថែមម៉ោងនោះ។
លោកបន្ថែមថា ដោយសារការថយចុះចំណូលបែបនេះ លោកនិងគ្រួសារក៏សម្រេចចិត្តកាត់បន្ថយការចំណាយមិនចាំបាច់មួយចំនួន ដើម្បីរក្សាទុកសម្រាប់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាបង់លុយជំពាក់ធនាគារ។
លោកថា៖ «ចំណាយ! ឥលូវចំណាយច្រើន ព្រោះអីប្រាក់ខែបានតិច ហើយមិនសូវបានថែមម៉ោង។ ឥលូវព្យួរការងារទៀត អ៊ីចឹងវាខ្វះថិវកាដូចជាជំពាក់លុយអង្គការអ៊ីចឹងណា ហើយសូម្បីតែហូបចុក មិនសូវហ៊ានហូបច្រើនផង សន្សំសំចៃដើម្បីយកលុយបង់ថ្លៃផ្ទះជួល កូនរៀនអីអ៊ីចឹង វាច្រើន។ […] ២នាក់គ្រួសារយើងចំណាយ១ថ្ងៃថា១ម៉ឺន៥ពាន់ចុះ ហ្នឹងអត់ចាក់សាំងចាក់អី គ្រាន់តែហូប បើអត់ត្បិតត្បៀត យើងអត់មានលុយបង់អង្គការឬបង់ផ្ទះេទ»។
ប្រធានសហព័ន្ធសហជីពកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការបាត់ចំណូលរបស់កម្មករ នឹងធ្វើឱ្យកម្មករកាត់បន្ថយចំណូលរបស់ខ្លួន ហើយវិស័យផ្សេងៗដែលរំពឹងលើកម្មករ វានឹងរងផលប៉ះពាល់ជាបន្តបន្ទាប់។
លោកថា៖ «នៅពេលដែលកម្មករអត់ការងារធ្វើ វាធ្វើឱ្យគាត់អត់ចំណូល អត់ប្រាក់ ធ្វើឱ្យអ្នកលក់ដូរឥវ៉ាន់ឬក៏មីក្រូហិរញ្ញវត្ថុ អ្នកលក់សម្ភារ សេវាកម្មផ្សេងៗហ្នឹងក៏មានបញ្ហាដែរ! អ៊ីចឹងគាត់ពឹងអាស្រ័យលើការចាយវាយរបស់កម្មករហ្នឹង ដូចដែលគេបានលើកឡើងថា ក្នុងចំណោមកម្មករជិត៨០ម៉ឺនទូទាំងប្រទេសហ្នឹង គឺបានជួយដល់សេដ្ឋកិច្ចរបស់មនុស្សដល់ទៅជាង៣លាននាក់ឯណោះ»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា ប្រសិនជាបញ្ហានេះនៅតែបន្តទៀត វានឹងធ្វើឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលរកស៊ីជាមួយកម្មករនឹងបាត់បង់មុខរបររបស់ពួកគេ ហើយវិបត្តិនៃសេដ្ឋកិច្ចសម្រាប់ក្រុមគ្រួសារកាន់តែធ្ងន់ទៅ។
លោកថា៖ «បន្ទុកក្នុងគ្រួសារគាត់កាន់តែធ្ងន់! គាត់អត់អាចមានលទ្ធភាពសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាន មានន័យថា អាហារហូបចុកប្រចាំថ្ងៃត្រូវបានកាត់បន្ថយឬក៏ខ្វះខាត ម្យ៉ាងទៀតបញ្ហាសង្គមវាអាចកើតមាន វិបត្តិសង្គមអាចកើតមានចោរលួចចោរប្លន់ចឹងទៅ ហើយមួយទៀតអំពើហិង្សាក្នុងគ្រួសារគឺអាចកើតមានផងដែរ ព្រោះមនុស្សកាលណាក្រីក្រ មានភាពមួម៉ៅ ធ្វើឱ្យគ្រួសារមានបញ្ហាជាមួយគ្នា វាអាចកើតមានហិង្សាផងដែរ»។
គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ចងើបឡើងវិញ
កាលពីដើមខែមីនា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ីបានចេញរបាយការណ៍ព្យាករមួយដោយលើកឡើងថា សេដ្ឋកិច្ចកម្ពុជានឹងខាតបង់កំណើនប្រមាណជិត២ភាគរយឬស្មើនឹងជាង៤៧៣លានដុល្លារ ក្នុងករណីមានផលប៉ះពាល់កម្រិតមធ្យម ហើយកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងបាត់បង់ក្នុងរង្វង់ជិត៣,៥ភាគរយ ក្នុងករណីមានផលប៉ះពាល់កម្រិតខ្ពស់។
ក្នុងសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ចបានចាត់ទុកផលប៉ះពាល់នៃជំងឺកូវីដ១៩បានជះផលអវិជ្ជមានធ្ងន់ធ្ងរដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន និងបានវាយតម្លៃដោយខ្លួនឯងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនដក១,៩ភាគរយដែលជាអត្រាមិនធ្លាប់មានពីមុនមក។ ទោះជាយ៉ាងណា តាមរយៈគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន សេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញ៣,៥ភាគរយនៅឆ្នាំ២០២១។
ក្រសួងសេដ្ឋកិច្ចបានវាយតម្លៃថា វិស័យកាត់ដេរនៅឆ្នាំ២០២០នេះនឹងថយចុះ៦,៧ភាគរយ តែអាចងើបមកវិញក្នុងអត្រា១,៦ភាគរយក្នុងឆ្នាំ២០២១។ ទោះជាយ៉ាងណា រដ្ឋាភិបាលបញ្ជាក់ថាខ្លួននឹងបន្តបង្កើនផលិតភាព បញ្ចុះថ្លៃអគ្គិសនី ដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងសម្រួលដល់ការធ្វើពាណិជ្ជកម្មបន្ថែមទៀត ដើម្បីពង្រឹងការប្រកួតប្រជែងរបស់កម្ពុជា។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខសេនសាន បានឆ្លើយតបប្រាប់VODតាមសារអេឡិចត្រូនិចតេឡេក្រាម (Telegram) ដោយទទួលស្គាល់ពីផលប៉ះពាល់នៃជំងឺកូវីដ១៩មកលើសេដ្ឋកិច្ចជាតិនិងប្រជាជន តែលោកបានស្នើដល់ពលរដ្ឋឱ្យទុកចិត្តមកលើរដ្ឋាភិបាល ដោយថា កម្ពុជានឹងជម្នះបញ្ហានានាដែលកើតឡើងទាំងនេះបាន។
លោកសរសេរថា៖ «សូមទុកចិត្តលើវិធានការរបស់រដ្ឋាភិបាលនិងការយកចិត្តទុកដាក់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី»។
សម្រាប់ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ យល់ថា រដ្ឋាភិបាលគួរមានវិធានការបណ្ដោះអាសន្នជាមុនសិនលើបញ្ហានេះ ដោយអាចផ្ដោតលើបញ្ហាកសិកម្មជាចម្បង។
លោកថា៖ «ខ្ញុំគិតថា ប្រសិនជាគាត់អាចត្រលប់ទៅវិស័យកសិកម្មវិញ គាត់អាចចិញ្ចឹមមាន់ចិញ្ចឹមទាអី គាត់អាចលក់ចាយឬក៏យករបស់ទាំងអស់ហ្នឹងធ្វើជាអាហារហូបចុកអ៊ីចឹងទៅ ហើយម្យ៉ាងទៀត អាចពិនិត្យលើដំណាំកសិកម្មឡើងវិញ។ ប៉ុន្ដែសំខាន់ទាល់តែមានការជ្រោមជ្រែងពីអាជ្ញាធររដ្ឋដែរ ប្រសិនជាធ្វើស្រែប្រវាស់មេឃ ដាំដំណាំកសិកម្មគ្មានទីផ្សារ ហើយបើគ្មានទឹកគ្រប់គ្រាន់ ក៏គ្មានដំណោះស្រាយដែរ។ អ៊ីចឹងសំខាន់ណាស់ គឺអាជ្ញាធររដ្ឋធ្វើយ៉ាងម៉េចឱ្យមានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ អាហ្នឹងទើបអាចដោះស្រាយបានមួយចំនួនធំសម្រាប់អ្នកដែលមានវិបត្តិអត់ការងារធ្វើនិងអ្នកមានវិបត្តិអត់ប្រាក់ចំណូល»៕