សហព័ន្ធកីឡាបាល់ទាត់សម្ពោធសម្ព័ន្ធបាល់ទាត់នារីថ្មី មុនព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣

ទិដ្ឋភាពនៅពីមុខច្រកចូលពហុកីឡដ្ឋានអូឡាំពិក កាលពីឆ្នាំ២០១៧។ (ហ៊ុន សិរីវឌ្ឍន៍)

ការប្រកួតបាល់ទាត់នារីថ្មីមកពីក្រុមផ្សេងគ្នា បាននិងកំពុងចាប់ផ្តើមនៅអំឡុងចុងសប្តាហ៍នេះ ដោយក្នុងនោះមានចំនួន១០ក្រុមដែលបានរៀបចំឡើង ដែលជាការខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាបាល់ទាត់ជាតិ ក្នុងការជ្រើសរើសនូវកីឡាករនិងកីឡាការិនីឆ្នើម ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលមានកម្ពុជាជាម្ចាស់ផ្ទះ។

អនុប្រធានគណៈកម្មាធិការនារី នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អ្នកស្រី ពុធ ធីតា ប្រាប់វីអូឌីកាល​ពី​ថ្ងៃ​ម្សិល​មិញថា សហព័ន្ធកីឡាបាល់ទាត់នារីកម្ពុជាដែលរួមមានក្រុមនារីចំនួន៤ក្រុម មកពីក្លឹបបាល់ទាត់អាជីព នឹងរៀបចំការប្រកួតលើកដំបូងនៅថ្ងៃអាទិត្យជាមួយនឹងរដូវកាលដំបូងដែលនឹងចាប់ផ្តើមនៅខែធ្នូនេះ។

អ្នកស្រី ពុធ ធីតា ប្រាប់​ថា៖ «ការបង្កើតក្រុមបាល់ទាត់របស់ស្ត្រី គឺដើម្បីអភិវឌ្ឍស្ត្រី ក៏ដូចជាដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣»

អ្នកស្រីបានបន្ថែមថា កីឡាការិនីឆ្នើមប្រមាណ២៥​នាក់ នឹងត្រូវបានជ្រើសរើសដើម្បីទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេល៣ឆ្នាំ ក្នុងដំណើរឆ្ពោះទៅកាន់កីឡាស៊ីហ្គេម។

អ្នកស្រី ធីតា បន្តថា នៅឆ្នាំក្រោយ ក្រុមនារីជាតិកម្ពុជា​នឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសវៀតណាមផងដែរ។

គ្រូបង្វឹកក្រុមបាល់ទាត់ក្លឹបបាល់ទាត់ភ្នំពេញក្រោន កញ្ញា ម៉ៅ សាវិន​ អាយុ២៧ឆ្នាំ ក៏បានស្វាគមន៍នូវការបង្កើតក្របខណ្ឌលីគថ្មីដើម្បីគាំទ្រដល់កីឡាការិនី ជាអ្វីដែលកញ្ញាបាននិយាយថា កញ្ញាកំពុងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

កញ្ញា សាវិន និយាយថា៖ «ខ្ញុំបានរង់ចាំការប្រកួតលីគបាល់ទាត់របស់ស្ត្រីដែលត្រូវបានបង្កើតឡើងដោយសហព័ន្ធកីឡាបាល់ទាត់អស់រយៈពេលជាយូរមកហើយ ប៉ុន្តែខ្ញុំមិនទទួលបានឱកាសលេងនៅក្នុងលីគនោះទេ»

កញ្ញា សាវិន ប្រាប់​ថា នាង​ចាប់ផ្តើមលេងបាល់ទាត់តាំងពីអាយុ១៥ឆ្នាំ ហើយកញ្ញាក៏បានចាប់ផ្តើមបង្វឹកក្រុមនារីភ្នំពេញក្រោន តាំងពីចុងឆ្នាំ២០១៨មកម៉្លេះ។

កញ្ញា សាវិន បានថ្លែងថា៖ «ប៉ុន្តែខ្ញុំក៏សប្បាយចិត្តដែលសហព័ន្ធបាល់ទាត់បានបង្កើតលីគនេះឡើង ដើម្បីផ្តល់ឱកាសដល់ស្ត្រីដើម្បីអភិវឌ្ឍខ្លួនពួកគេ»

យោងតាមកញ្ញា សាវិន បានឱ្យដឹងថា កីឡាបាល់ទាត់នារីនៅកម្ពុជានៅខ្វះខាតមួយផ្នែកដោយសារតែការជ្រៀតជ្រែកពីសមាជិកគ្រួសារដែលតែងតែគិតថា បាល់ទាត់គ្រាន់តែជាល្បែងសម្រាប់បុរសតែប៉ុណ្ណោះ។

ប៉ុន្តែសម្រាប់លីគថ្មីនេះ វានឹងអាចទាក់ទាញស្ត្រីឱ្យលេងបាល់ទាត់បានកាន់តែច្រើនឡើង ហើយប្រសិនបើកម្ពុជាមានលីគដ៏រឹងមាំ នោះក្រុមជម្រើសជាតិនឹងមានឱកាសល្អក្នុងការប្រកួតជាមួយប្រទេសជិតខាង ដូចជា ថៃនិងវៀតណាមជាដើម។

គ្រូបង្វឹករូបនេះក៏បានស្នើសុំទៅដល់ឪពុកម្តាយរបស់កូនស្រីដែលចូលចិត្តលេងបាល់ទាត់​ ក្នុងការអនុញ្ញាតឱ្យពួកគេលេង ដែលវានឹងអាចជាចំនួនកំណើនរបស់កីឡាករបាល់ទាត់នៅក្នុងប្រទេស និងបង្កើនលទ្ធភាពស្ត្រីកម្ពុជាដែលត្រូវបានជ្រើសរើសដោយក្រុមបាល់ទាត់បរទេស។

កញ្ញា សាវិន ប្រាប់ថា៖ «ប្រសិនបើយើងមានធនធានដ៏ល្អប្រសើរ ហើយខ្ញុំគិតថា នៅពេលយើងមានក្រុមជម្រើសជាតិខ្លាំង នោះប្រទេសជិតខាងអាចនឹងចាប់អារម្មណ៍លើសមត្ថភាពរបស់កីឡាកររបស់ពួកយើង»

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក លោក វ៉ាត់ ចំរើន ប្រាប់ថា លីគស្ត្រីដំបូងក៏មានគោលបំណងដើម្បីជំរុញក្លឹបឱ្យអភិវឌ្ឍក្រុមនារី និងវាស់សមត្ថភាពរបស់កីឡាការិនីឱ្យនៅកម្រិតខ្ពស់បំផុត ដោយជំរុញឱ្យពួកគេចូលរួមក្នុងការប្រកួតកាន់តែច្រើន។

លោក វ៉ាត់ ចំរើន មាន​ប្រសាសន៍ថា៖ «នេះគឺជារបត់ថ្មី ហើយវាបាននិង​កំពុងផ្លាស់ប្តូរទិសដៅនិងយុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣»

លោកបានបន្ថែមថា កីឡាការិនីដែលត្រូវបានជ្រើសរើសសម្រាប់ការបណ្តុះបណ្តាលរយៈពេលវែងនៅក្នុងប្រទេសចិន នឹងស្ថិតក្នុងចំណោមអត្តពលិកកម្ពុជាចំនួន១១០នាក់មកពី១២​ប្រភេទកីឡាខុសៗគ្នា ដែលនឹងចាប់ផ្តើមហ្វឹកហាត់នៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ។

លោក ចំរើន បានឱ្យដឹងថា ក្រុមកីឡាបាល់ទាត់នារី នឹងមានភាពរីកចម្រើននៅកីឡាស៊ីហ្គេម ដោយហេតុថា មានត្រឹមតែ៥ទៅ៦​ប្រទេសចូលរួមប្រកួតក្នុងផ្នែកកីឡាបាល់ទាត់នារី ខណៈកីឡាផ្សេងទៀតមានចំនួនក្រុមច្រើនជាងនេះ។

លោក ចំរើន បានប្រាប់ថា៖ «វាជាគុណប្រយោជន៍មួយ ហើយក្រុមនារីអាចមានឱកាសទទួលបានជោគជ័យច្រើនជាងក្រុមបុរស»

លីគរដូវកាលទី១​របស់ក្រុមនារីកម្ពុជា នឹងរួមបញ្ចូលការប្រកួតចំនួន៤៥ប្រកួតនៅរៀល​រាល់​រសៀល​ថ្ងៃអាទិត្យ ដោយការប្រកួតដំបូងនឹងត្រូវប្រកួតនៅថ្ងៃអាទិត្យនេះ ហើយការប្រកួតជម្រុះនឹងត្រូវធ្វើឡើងនៅខែធ្នូ។

កញ្ញា សាវិន មកពីក្លឹបភ្នំពេញក្រោន បាននិយាយថា ក្រុមរបស់នាងបានហ្វឹកហាត់អស់រយៈពេល២ខែ​ សម្រាប់ការប្រកួតដំបូងរបស់ពួកគេ​នៅ​ចុង​សប្ដាហ៍​នេះ ហើយបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីលេងទល់នឹងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង។

គ្រូបង្វឹករូបនេះបាននិយាយថា៖ «យើងនឹងធ្វើអ្វីៗដើម្បីធ្វើឱ្យប្រាកដថា កីឡាកររបស់យើងលេងបានល្អ។ យើងមិនអាចប៉ាន់ស្មានពីការឈ្នះរបស់យើងទេ ប៉ុន្តែអ្វីដែលសំខាន់គឺការខិតខំរបស់ពួកគេ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ