ទូត​​អាមេរិក​​ចោទ​សួរ​​ជា​ថ្មី​​ជុំវិញ​​ការ​​ចោទ​​ថា ​កម្ពុជា​​អនុញ្ញាត​​ឱ្យ​ចិន​​ប្រើ​​មូល​ដ្ឋាន​​កង​ទ័ព​ជើង​ទឹក​​រាម​​

លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ទទួល​ជួប​សវនាការ​ជាមួយនឹង​លោក ប៉ា​ទ្រីក មូ​ហ្វ៊ី (W.patrick Murphy​) ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅ​វិមាន​មិត្តភាព​នាទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី។ (U.S​. Embassy Phnom Penh​, Cambodia​)

មន្ត្រី​ការទូត​អាមេរិក បាន​ចោទសួរ​ជាថ្មី​ទៀត​ជុំវិញ​ព័ត៌មាន​ដ៏​ចម្រូង​ចម្រាស​ដែល​ចោទ​ថា កម្ពុជា​បាន​យល់ព្រម​អនុញ្ញាត​ឱ្យយោធា​ចិន​នូវ​សិទ្ធិ​ផ្ដាច់មុខ​ចូល​ទៅ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ពជើងទឹក​ស្ថិតនៅ​ខេត្ត​ព្រះសីហនុ ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ។

ក្នុង​សេចក្ដីរាយការណ៍​របស់​ខ្លួន​កាលពី​ឆ្នាំមុន កាសែត​អាមេរិក The Wall Street Journal បាន​ចុះផ្សាយ​ថា កម្ពុជានិង​ចិនបាន​ចុះហត្ថលេខា​ជា​សម្ងាត់​លើ​កិច្ច​ព្រមព្រៀង​មួយ​កាលពី​ឆ្នាំមុន ដែល​អនុញ្ញាត​ឱ្យចិន​មាន​សិទ្ធិ​ផ្ដាច់មុខ​ចូល​ទៅ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ក្នុងរយៈពេល៣០ឆ្នាំ ដោយ​អាច​បន្ត​ឡើងវិញ​នៅ​រៀងរាល់១០ឆ្នាំ​ម្ដង ហើយ​អនុញ្ញាត​ឱ្យចិន​ដាក់«ពង្រាយ​បុគ្គលិក​យោធា រក្សាទុក​សព្វាវុធ និង​អនុញ្ញាត​ឱ្យនាវាចម្បាំង​ចិន​ចូល​ចត»

ប៉ុន្តែកម្ពុជា​បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​នេះ ដោយ​ចាត់ទុកថាជា​«ព័ត៌មាន​ក្លែងក្លាយ» ហើយក៏​បាន​រៀបចំ​ឱ្យអ្នកសារព័ត៌មាន​មួយ​ក្រុម​ចូល​ទៅ​ទស្សនា​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ផង​ដែរ​កាលពី​ខែកក្កដា​ឆ្នាំមុន។

ក្រោយពី​ការ​បកស្រាយ​របស់​កម្ពុជា​អស់​រយៈពេល​ជាង១ឆ្នាំ​មក មន្ទិលសង្ស័យ​ជុំវិញ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ ត្រូវ​បាន​នាំ​យក​មក​ជជែក​ឡើងវិញ​នៅក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ និង​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ លោក Patrick Murphy កាលពី​ថ្ងៃ​ចន្ទ​កន្លងមក​នេះ ដែល​ពិភាក្សា​អំពី​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំងពីរ។

ក្នុង​អត្ថបទ​ចេញផ្សាយ​លើ​វេ​បសាយ​របស់​ខ្លួន នាយកដ្ឋាន​ព័ត៌មាន​របស់ក្រ​សួង​ការពារ​ជាតិ​កម្ពុជា បាន​ផ្សាយ​ថា លោក Patrick Murphy បាន​ចោទសួរ​បញ្ហា​នេះ​ជាថ្មី ហើយ​ប្រមុខ​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បកស្រាយ​ថា ការ​អភិវឌ្ឍ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​«សម្រាប់​កងទ័ពជើងទឹក​កម្ពុជា​ប្រើប្រាស់​តែប៉ុណ្ណោះ»

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Arend Swartjez បាន​ប្រាប់​តាម​អ៊ី​ម៉ែ​លកា​លពី​ថ្ងៃម្សិលមិញ​ថា លោក Patrick Murphy បាន​ជជែក​ពី​កិច្ច​សហប្រតិបត្តិ​ការ​ខាង​យោធា​រវាង​ប្រទេស​ទាំងពីរ​ជាមួយ​លោក ទៀ បាញ់ ប៉ុន្តមន្ត្រី​នាំពាក្យ​រូប​នេះមិនបាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ថា ហេតុអ្វីបានជា​បញ្ហា​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ត្រូវ​បាន​មន្ត្រី​ការទូត​អាមេរិក​លើកឡើង​ជាថ្មី​នោះ​ឡើយ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុ​ជាតិ ប្រាប់​ថា លោក​ក៏​មិនបាន​ដឹងពី​មូលហេតុ​ជុំវិញ​ការ​លើកឡើង​នូវ​បញ្ហា​នេះ​នៅក្នុង​ជំនួប​នោះ​ដែរ ប៉ុន្តែលោក​មានប្រសាសន៍​ថា៖

«សម្រាប់​អ្នក​ដែលគេ​ឆ្ងល់ គេ​ចេះតែ​សួរ​ទៅ ហើយ​យើង​ក៏​ចេះតែ​ឆ្លើយ​ពន្យល់​គេ​ទៅ»។

លោក ទៀ បាញ់ ត្រូវ​បាន​ដកស្រង់​សម្ដី​ដែល​អះអាង​ថា កំពង់ផែ​កងទ័ពជើងទឹក​រាម នឹង​ទទួលស្វាគមន៍​គ្រប់​នាវា​មក​ពី​បណ្ដា​ប្រទេស​នានា និង​មិន​ត្រូវ​បាន​យក​ធ្វើជា​មូលដ្ឋាន​កងទ័ព​បរទេស​នោះ​ឡើយ ក្រោយពី​ត្រូវ​បាន​អភិវឌ្ឍ​​រួចរាល់​នា​ពេល​អនាគត។

ជំនួប​រវាង​មន្ត្រី​ការទូត​អាមេរិកនិង​ប្រមុខ​ការពារ​ជាតិ​កម្ពុជា បាន​កើតឡើង​មួយ​សប្ដាហ៍​ក្រោយពី​រដ្ឋាភិបាល​អាមេរិក​សម្រេច​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន Union Development Group (UDG​) ដែល​កំពុង​ដំណើរការ​សាងសង់​គម្រោង​អភិវឌ្ឍន៍​មានតម្លៃ​ជិត៤ពាន់​លាន​ដុល្លារ​នៅក្នុង​ស្រុក​បទុមសាគរ និង​គីរីសាគរ ក្នុង​ខេត្តកោះកុង ជា​ខេត្ត​ជាប់​មួយ​ខេត្ត​ព្រះសីហនុ​ផង​ដែរ។

ក្រុមហ៊ុន UDG ដែល​ត្រូវ​បាន​រាយការណ៍​ថា ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ក្រុមហ៊ុន​រដ្ឋ​ចិន Tianjin Union Development Group Co​.,Ltd ត្រូវ​បាន​ចោទ​ថា បាន​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ ប៉ះពាល់​បរិស្ថាន និង​គ្រោង​យក​ធ្វើជា​មូលដ្ឋាន​យោធា​នា​ពេល​អនាគត ប៉ុន្តែកម្ពុជា​ក៏បានច្រានចោល​ទៅវិញ​។

នៅពេល​ត្រូវ​បាន​សួរ​ថា តើ​ទណ្ឌ​កម្ម​ថ្មី​ៗនេះ​ត្រូវ​បាន​នាំ​យក​ទៅ​ជជែក​ឬយ៉ាងណា​នោះ លោក ឈុំ សុ​ជាតិ ប្រាប់​ថា គ្មាន​ការ​លើកឡើង​អំពី​បញ្ហា​នេះ​ទេ ហើយ​លោក​ក៏​មិនបាន​ដឹង​ទេ​ថា តើ​ជំនួប​នេះ​ត្រូវ​បាន​គ្រោងទុក​មុន​មានទណ្ឌ​កម្ម​កើតឡើងឬយ៉ាងណា​នោះ។

កម្ពុជានិង​សហរដ្ឋអាមេរិក បាន​ផ្ដួចផ្ដើម​ឱ្យមាន​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​យោធា​តាមរយៈ​ការ​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ហៅថា «ឆ្មាំ​អង្គរ» ប៉ុន្តែសមយុទ្ធ​នេះត្រូវ​បាន​ផ្អាក​ទៅវិញ​ចាប់តាំងពី​ដើមឆ្នាំ២០១៧ នៅពេល​កម្ពុជា​បាន​ជូនដំណឹង​ពី​ការលុបចោល​សមយុទ្ធ​យោធា​រួម​មួយ​នេះ។ ផ្ទុយទៅវិញ កម្ពុជានិង​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​​ដែល​ហៅថា «នាគ​មាស» ចាប់តាំងពី​ឆ្នាំ២០១៦មក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ