មន្ត្រី​​នគរបាល​​រង​​បណ្ដឹង​​ពី​​ថៅកែ​​ភោជនីយ​ដ្ឋាន​​មួយ​​ត្រូវ​​បាន​​ព្យួរ​​តួនាទី​​ដើម្បី​​បើក​ផ្លូវ​ឱ្យ​​តុលាការ​​ចាត់​​នីតិ​វិធី​

រូបភាពដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាពកាន់កាំភ្លើងនៅហាងគុយទាវ។ (បណ្ដាញសង្គម)

​មន្ត្រី​ជាន់ខ្ពស់​នគរបាល​ជាតិ បាន​ឱ្យដឹង​ថា មន្ត្រី​នគរបាល​សក្តិ៥មួយ​រូបដែល​ត្រូវ​បាន​ប្ដឹង​ពី​បទ​គំរាមកំហែង​ដោយ​កាំភ្លើងខ្លី​នោះ ត្រូវ​បាន​ថ្នាក់ដឹកនាំ​នគរបាល​ជាតិ​សម្រេច​ដក​ព្យួរ​ឋានន្តរសក្តិនិង​តួនាទី ដើម្បី​បើកផ្លូវ​ឱ្យ​តុលាការ​បន្ត​នីតិវិធី។

ប្រធាន​ការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៃ​នគរបាល​ជាតិ លោក ថ្លាង ភិន​រ៉ា ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ​ លោក នេត សាវឿ​ន បញ្ជា​ឱ្យហៅ​សាកសួរ ក្រោយពី​រង​បណ្ដឹង​ដែល​ចោទ​ថា បាន​យក​កាំភ្លើងខ្លី​ភ្ជង់និង​គំរាមកំហែង​លើ​ថៅកែ​ភោជនីយដ្ឋាន​អង្គរជុំ​ នៅ​ខណ្ឌទួលគោក​ អំឡុង​ពេល​ផឹកស៊ី​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងមក​នេះ។

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក អ៊ី សុខ​ឃី បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ថ្នាក់ដឹកនាំ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បានសម្រេច​ដកហូត​កាំភ្លើងខ្លី​ពី​លោក ថ្លាង ភិន​រ៉ា ហើយក៏​បាន​ព្យួរ​តួនាទី​របស់​លោក​ផង​ដែរ ដើម្បី​បើកផ្លូវ​ឱ្យតុលាការ​អនុវត្ត​នីតិវិធី​បន្ត។

លោក អ៊ី សុខ​ឃី ប្រាប់​ថា៖ «យើង​បាន​អនុវត្ត​វិន័យ​ទៅលើ​គាត់​ហើយ ដោយ​ដកហូតអាវុធនិង​ព្យួរការងារ។ […] ព្យួរការងារ បានន័យ​ថា គាត់​រក្សា​ភាព​នៅទំនេរ ដើម្បី​ទុក​លទ្ធភាព​ខាង​តុលាការ ​លោក​ចាត់ការ»។

នគរបាល​ជាន់ខ្ពស់​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ នឹង​ធ្វើ​សេចក្ដីសម្រេច​ថា នឹង​ត្រូវ​ដកហូត​លោក ថ្លាង ភិន​រ៉ា ពី​ក្របខណ្ឌ​នគរបាល​ជាតិឬយ៉ាងណា បន្ទាប់ពី​ការអនុវត្ត​នីតិ​វិធី​ដោយ​តុលាការ។

លោក អ៊ី សុខ​ឃី ប្រាប់​បន្ថែម​ថា៖ «អគ្គស្នងការ​នគរបាល​ជាតិ​ នឹង​រង់ចាំ​លទ្ធផល​នៃ​ការអនុវត្ត​នីតិវិធី​ច្បាប់​របស់​តុលាការ យើង​នឹង​បន្ត​សម្រេចចិត្ត​បន្ថែម​ទៀត។ […] ពេល​តុលាការ​លោក​សម្រេច​ហើយ យើង​នឹង​បន្ត​អនុវត្ត​វិន័យ​បន្ថែម​ទៀត»។

អគ្គស្នងការ​រង​នគរបាល​ជាតិ​រូប​នេះ បាន​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​នគរបាល​ជាតិ​បានសម្រេច​បែបនេះ បន្ទាប់ពី​ថ្នាក់ដឹកនាំ​អង្គភាព​ចុះទៅ​សួរសុខទុក្ខ​ជនរងគ្រោះនិង​បាន​សុំទោស​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ផង​ដែរ។

ម្ចាស់​ភោជនីយដ្ឋាន​អង្គរជុំ លោក ជុយ សុខ​ហេង បាន​ប្ដឹង​លោក ថ្លាង ភិន​រ៉ា ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង សាលាដំបូង​រាជធានី​ភ្នំពេញ និង​គណៈមេធាវី​កម្ពុជា ជា​ស្ថាប័ន​ដែល​លោក ភិន​រ៉ា មាន​តួនាទី​ជាស​មា​ជិ​កផង​ដែរ។

ថៅកែ​ហាង​គុយទាវ​រូប​នេះ បាន​លើកឡើង​ក្នុង​ពាក្យបណ្ដឹង​ថា លោក ថ្លាង ភិន​រ៉ា បាន​ចូលរួម​ផឹកស៊ី​ដោយ​គ្មាន​ការ​អញ្ជើញ​ជាមួយ​មិត្តភក្តិ​មួយចំនួនកាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងមក​នេះ​ នៅ​ភោជនីយដ្ឋាន​របស់​លោកដែល​បាន​ផ្អាក​អាជីវកម្ម​អំឡុង​ពេលឈប់សម្រាក​ភ្ជុំបិណ្ឌ។

លោក សុខ​ហេង រៀបរាប់​បន្ត​ថា មន្ត្រី​នគរបាល​ប្រឆាំង​ភេរវកម្ម​រូប​នេះ បាន​ផឹកស៊ី​ស្រវឹង បញ្ចេញ​អាកា​រ​ច្រងេង​ច្រងាងនិង​ប្រើ​ភាសា​គំរាមកំហែង មុននឹង​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ភ្ជង់​ទៅលើ​រូបលោកនិង​ភរិយា។

លោក សុខ​ហេង បាន​ទាមទារ​រក​យុត្តិធម៌​សម្រាប់​គ្រួសារ​លោក ហើយ​បាន​ទាមទារ​សំណង​ជំងឺចិត្ត​ជា​ទឹកប្រាក់​ចំនួន១០ម៉ឺន​ដុល្លារ​ផង​ដែរ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង បាន​ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃពុធ​ថា តុលាការ​បាន​ទទួល​បណ្ដឹង​របស់​ថៅកែ​ភោជនីយដ្ឋាន​អង្គរជុំ​រួចហើយ ហើយ​បាន​រៀបចំ​បញ្ជូន​បន្ត​ផង​ដែរ។

ប្រសិនបើ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស មន្ត្រី​នគរបាល​រូប​នេះ​ត្រូវ​ប្រឈមមុខ​ទោស​ជាប់ពន្ធ​នា​គារ​ពី៦ខែ​ទៅ២ឆ្នាំ និង​ពិន័យ​ប្រាក់​ចន្លោះ​ពី១លាន​រៀល​ដល់៤លាន​រៀល ក្រោម​មាត្រា២៣៣នៃ​ក្រម​ព្រហ្មទណ្ឌ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ