មេធាវីតំណាងក្រុមហ៊ុនអចលនទ្រព្យ អិលអូឌី (LOD) សាខាខេត្តកំពង់ឆ្នាំង បានចេញលិខិតបំភ្លឺនិងច្រានចោលការចោទប្រកាន់លើបុគ្គលិកក្រុមហ៊ុននេះចំនួន៤រូប ដែលថា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា។
បុគ្គលិកក្រុមហ៊ុន អិលអូឌី ចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងចាប់ខ្លួន កាលពីថ្ងៃម្សិលមិញ នៅភូមិកំពង់បាស្រូវខាងត្បូង ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្រោមមូលហេតុថា បានចូលទៅគាស់សោរម៉ូតូដែលចាក់ច្រវាក់របស់កូនបំណុលដែលទុកនៅក្នុងផ្ទះ ដោយមិនបានសហការជាមួយសមត្ថកិច្ចនិងតុលាការ។ ករណីនេះ មន្ត្រីអាវុធហត្ថចាត់ទុកជាទង្វើបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា។
ពាក់ព័ន្ធនឹងករណីនេះ មេធាវី ភួង ណាវុធ តំណាងឱ្យក្រុុមហ៊ុនអចលនទ្រព្យ LOD បានចេញសេចក្តីបំភ្លឺកាលពីថ្ងៃទី៣០ ខែកញ្ញា ម្សិលមិញថា ឈ្មោះ លាង គឹមឈៀង និងឈ្មោះ ឌឿ ឆេងលាង ត្រូវជាឪពុកនិងកូន បានទិញម៉ូតូ១គ្រឿង ក្នុងតម្លៃ២៥៩០ដុល្លារ ពីក្រុមហ៊ុនអចលនទ្រព្យ LOD កាលពីខែមីនា ឆ្នាំ២០១៩ ដោយបានកក់ប្រាក់៥៥០ដុល្លារ និងធ្វើកិច្ចសន្យាបង់រំលស់ចំនួន៩៦ដុល្លារ រយៈពេល៣៦ខែ។
លោកបន្តថា កូនបំណុលមិនបានគោរពតាមការសន្យានិងខកខានសងប្រាក់អស់រយៈពេល៣ខែចុងក្រោយតាមកិច្ចសន្យាបង់រំលស់ ព្រមទាំងយកម៉ូតូនោះទៅឱ្យឈ្មោះ មន ផល្លី និងឈ្មោះ ភន សុផល កាន់កាប់ទៅវិញ។
លិខិតបំភ្លឺដដែលបញ្ជាក់ថា ក្រោយពីកូនបំណុលមិនបង់ប្រាក់តាមការសន្យា ហើយយកម៉ូតូនោះ ទៅចាក់សោរជាប់នឹងសសរផ្ទះមេភូមិ។ ករណីនេះ បុគ្គលិកក្រុមហ៊ុននាំគ្នាដោះសោរនោះចេញនៅចំពោះមុខកូនបំណុលនិងមេភូមិ ដើម្បីឱ្យកូនបំណុលទូរទាត់ប្រាក់ដែលជំពាក់ ប៉ុន្តែកូនបំណុលនៅតែមិនសង និងប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនចំនួន៤នាក់ ព្រមទាំងចោទថា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនាទៅវិញ។
ករណីនេះ មេធាវីតំណាងក្រុមហ៊ុន LOD បានបដិសេធលើការចោទប្រកាន់កូនក្តីរបស់ខ្លួន ដោយចាត់ទុកការចោទប្រកាន់នេះថា ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុន។
វីអូឌី មិនអាចសុំការបំភ្លឺពីកូនបំណុលទាំង៤នាក់នោះបានទេនៅថ្ងៃនេះ។
ប៉ុន្តែអ្នកស្រី ភន សុផល ដែលអះអាងថា ត្រូវជាម្តាយមីងកូនបំណុលម្នាក់ឈ្មោះ លាង គឹមឈៀង និយាយថា ក្មួយរបស់គាត់បានយកលុយបង់ឱ្យក្រុមហ៊ុន៨០០ដុល្លារដែរ ប៉ុន្តែបុគ្គលិកក្រុមហ៊ុនមិនព្រមទទួលយកទេ ដោយតម្រូវឱ្យកូនបំណុលបង់លុយឱ្យគ្រប់ចំនួនតាមកិច្ចសន្យា។
អ្នកស្រីបន្តថា ក្រោយពីចរចាគ្នាមិនត្រូវ បុគ្គលិកក្រុមហ៊ុនបានកាត់សោរម៉ូតូក្មួយគាត់បម្រុងយកទៅក្រុមហ៊ុន ប៉ុន្តែត្រូវបានមេភូមិនិងប្រជាពលរដ្ឋជួយឃាត់មិនឱ្យយកទៅនោះទេ រហូតប្តឹងដល់សមត្ថកិច្ចចុះឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនទាំង៤នាក់នោះបញ្ជូនទៅតុលាការតែម្តង។
អ្នកស្រីថា៖ «សាហាវមែនទែន ខ្ញុំឡើងញាក់សាច់ ហើយអ្នកស្រុកអ្នកភូមិរោម គេផ្អើលត្រង់ខ្ញុំស្រែកថា គេ [បុគ្គលិកក្រុមហ៊ុន] កាច់សោរម៉ូតូក្មួយខ្ញុំហើយ អត់ទាន់មានអ្នកណាមកដល់ បានផ្អើលទាំងមេភូមិគាត់នៅលើផ្ទះ គាត់ចុះមកដី គាត់ថាលោកគ្រូធ្វើអញ្ចឹងមិនកើតទេ ទុកពេលដោះស្រាយគ្នាសិន ព្រោះគ្នាទៅរកលុយ គាត់ថាក្រុមហ៊ុនគាត់មិនអាចទុកម៉ូតូបានទេ ត្រូវយកចេញទៅ»។
លោក ឌុំ សាខន មេភូមិកំពង់បាស្រូវខាងត្បូង រៀបរាប់ថា ក្នុងរយៈពេល៣ខែកន្លងមក កូនបំណុលពិតជាមិនបានបង់លុយទៅឱ្យក្រុមហ៊ុនតាមការកំណត់មែន។ ប៉ុន្តែលោកថា កូនបំណុលបានស្នើទៅក្រុមហ៊ុនបង់លុយ៨០០ដុល្លារនៃដើមនិងការប្រាក់សរុប១៣៩៥ដុល្លារ តែក្រុមហ៊ុនមិនព្រមនោះទេ។
ចំណែករឿងបុគ្គលិកកាត់សោរយកម៉ូតូកូនបំណុលនោះ លោកមិនបានដឹងនោះទេ ដោយសាររូបលោកជាប់រវល់ដោះស្រាយរឿងពលរដ្ឋជំពាក់លុយផ្សេងទៀតនៅផ្ទះរបស់លោក។
លោកមានប្រសាសន៍ថា៖ «បើខ្ញុំនៅកន្លែងហ្នឹង ក៏ខ្ញុំមិនឱ្យគាត់វាយសោរដែរ ប៉ុន្តែពេលនោះខ្ញុំនៅលើ [ផ្ទះ] ដោះស្រាយប្រជាពលរដ្ឋមួយចំនួនទៅ ចុះទៅវិញគាត់ [បុគ្គលិកក្រុមហ៊ុន] វាយសោរអស់ ហើយគាត់យកមកដល់មុខផ្ទះ បានពួកហ្នឹងគេឃាត់ ខ្ញុំក៏ឃាត់ ខាងរាជអាវុធហត្ថគេតេមកកុំទាន់យកទៅណាឱ្យនៅចាំគេសិន គេមកដល់ឥលូវហើយ ក៏ថាចាំដោះស្រាយគ្នានៅខេត្ត នៅពេលទៅដល់ខេត្ត សមត្ថកិច្ចឃាត់គាត់មិនឱ្យចេញ»។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក សាក់ សារ៉ាង ពន្យល់ថា រឿងជំពាក់បំណុល ក្រុមហ៊ុនត្រូវប្តឹងទៅអាជ្ញាធរពាក់ព័ន្ធនិងតុលាការ ដើម្បីបង្ខំឱ្យកូនបំណុលអនុវត្តតាមច្បាប់។ ប៉ុន្តែលោកថា ករណីបុគ្គលិកក្រុមហ៊ុនទៅគាស់សោរម៉ូតូដែលកូនបំណុលចាក់ច្រវាក់ទុកនៅផ្ទះមេភូមិនោះ ខុសច្បាប់ព្រហ្មទណ្ឌ ដោយសារមិនបានសហការជាមួយសមត្ថកិច្ចនិងតុលាការ។
លោក សាក់ សារ៉ាង ប្រាប់ថា៖ «ដោយសារពួកគាត់ទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃហ្នឹង អ៊ីចឹងដោយសារមានការបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញា អ៊ីចឹងកម្លាំងយើងធ្វើតាមនីតិវិធី កសាងសំណុំរឿងនេះទៅឯកឧត្តមព្រះរាជអាជ្ញា»។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំង លោក អ៊ិត សុធា បានប្រាប់វីអូឌីនៅថ្ងៃនេះថា បុគ្គលិកក្រុមហ៊ុនទាំង៤រូបនោះ កំពុងស្ថិតនៅក្រោមការសាកសួររបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត លោក ថាន់ឡេ នៅឡើយ។
មន្ត្រីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា មានប្រសាសន៍ថា ដើម្បីផ្តល់យុត្តិធម៌ដល់ភាគីទាំងសងខាង តុលាការត្រូវចាប់បង្ខំឱ្យកូនបំណុលគោរពកិច្ចសន្យារបស់ខ្លួនជាមួយម្ចាស់បំណុល។ ចំណែកបុគ្គលិកក្រុមហ៊ុនធ្វើខុសច្បាប់នោះ ត្រូវអនុវត្តតាមច្បាប់។
លោកមានប្រសាសន៍ថា៖ «ភាគីកូនបំណុលដែលមិនព្រមបង់[ជា]រឿងមួយ ដែលម្ចាស់បំណុលត្រូវប្តឹងបង្ខំឱ្យកូនបំណុលសង ឱ្យកូនបំណុលគោរពកាតព្វកិច្ច តែទង្វើភាគីម្ចាស់បំណុលទៅធ្វើបែបនេះ គឺជាបទល្មើស [ព្រហ្មទណ្ឌ] មួយទៀត អញ្ចឹងតុលាការត្រូវផ្តល់យុត្តិធម៌ដល់ភាគីទាំងសងខាង គឺបង្ខំឱ្យកូនបំណុលសងម្ចាស់បំណុល ហើយម្ចាស់បំណុលដែលធ្វើខុស ត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន»។
មាត្រា៤១១ នៃក្រមព្រហ្មទណ្ឌចែងថា ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា កាលបើប្រព្រឹត្តដោយមានគ្នាច្រើនរូប ធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត ឬជាអ្នកសមគំនិត ប្រព្រឹត្តនៅទីកន្លែងលំនៅឋាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានទៅ១០លានរៀល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អំពាវនាវឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារដែលរកស៊ីចងការប្រាក់ ឱ្យមានការយោគយល់ មិនត្រូវរឹបអូសទ្រព្យសម្បត្តិពីកូនបំណុលអំឡុងមានវិបត្តិកូវីដ១៩នេះទេ។
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ក្រុមអង្គការសង្គមស៊ីវិលជាង១០០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួម លើកឡើងថា វិបត្តិកូវីដ១៩បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋច្រើនម៉ឺននាក់ ជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាច្រើនជាង២លាន៥សែននាក់ ជាប់ជំពាក់កម្ចីខ្នាតតូចជាមួយនឹងអត្រាកម្ចីជាមធ្យម៣៨០០ដុល្លារ ដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក៕