បទ​​យក​ការណ៍​៖​ កម្មករ​​មួយ​​ចំ​នួន​​មិន​​ពេញ​ចិត្ត​​ការ​​តំឡើង​​ប្រាក់​ខែ​​គោល តែ​​បារម្ភ​​ពី​​ការ​បាត់​បង់​​ការងារ​​ជាង​​

ទិដ្ឋភាពនៅពីមុខចក្រចូលរោង​ចក្រ ​ខ្វ​លី​ធី តេ​ក្ស​ស្ទីល (Quality Textiles​) ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ២០២១ ត្រូវ​បាន​រដ្ឋា​ភិ​បា​លតំ​ឡើង២ដុល្លារ​បន្ថែម​លើ​ប្រាក់ឈ្នួល​គោល​បច្ចុប្បន្ន ខណៈ​ដែល​ពិភពលោក​កំពុង​ជួប​បញ្ហា​សុខភាព​សកល ហើយកម្ពុជា​ត្រូវ​បាន​កាត់​ផ្តាច់​មួយ​ផ្នែក នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ» ឬ EBA ពី​សហ​ភាព​អឺ​រ៉ុប។

នៅ​ម៉ោង​ប្រមាណ១២ថ្ងៃត្រង់ កម្មករ​-កម្មការិនី​រាប់ពាន់​នាក់​របស់​រោងចក្រ​នានា​ស្ថិត​ក្នុង​តំបន់​សួន​ឧស្សាហកម្ម វឌ្ឍនៈ​ បាន​ចេញ​ទិញនិងញ៉ាំ​បាយ​នៅមុខ​រោងចក្រ​ដែល​ពួក​គេ​បម្រើការ​ងារ។

កម្មការិនី​ម្នាក់​ក្នុងចំណោម​កម្មករ​-កម្ម​ការិនីរាប់ពាន់​នាក់ដែល​កំពុង​អង្គុយ​ញ៉ាំ​បាយ​ជុំគ្នាជាមួយ​កម្មករ​-កម្មការិនី​ផ្សេងទៀត​ប្រហែល៥ទៅ៦នាក់​នៅ​ក្រោម​ដើមឈើ​មុខ​រោងចក្រ អ្នកស្រី ទូច ស្រី​និច បាន​ឆ្លៀតពេល​ជជែក​ជាមួយ​អ្នកយកព័ត៌មាន​វី​អូ​ឌី​បណ្តើរ​ញ៉ាំ​បាយ​បណ្តើរ។

កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ ម៉ា​កាឡូ​តវ័ន ហ្កា​មិន ជាង១០ឆ្នាំ ​អ្នកស្រី ទូច ស្រី​និច មិនទាន់​បានដឹង​នៅឡើយ​ទេ​ថា នៅ​ឆ្នាំ២០២១ខាងមុខនេះ ប្រាក់ឈ្នួល​គោល​របស់​កម្មករ​រោងចក្រ​ឡើង​បាន២ដុល្លារ​នោះ។

កម្មការិនី ​វ័យ២៩ឆ្នាំ​ មក​ពី​ខេត្តស្វាយរៀង​រូប​នេះ ហាក់​មានការ​ភ្ញាក់ផ្អើល​នៅពេល​ដែល​អ្នកសារព័ត៌មាន​វី​អូ​ឌី​ប្រាប់​ថា ប្រាក់ឈ្នួល​គោល​កម្មករ​នៅ​ឆ្នាំក្រោយ​ឡើង​បាន២ដុល្លារ។

អ្នកស្រី​បន្ថែម​ថា៖ «២ដុល្លារ​តិចណាស់ ទំនិញ​ឥលូវ​ក៏​ថ្លៃ។ បើ​តំឡើង​បាន​ដូច​ឆ្នាំ​មុន​ៗ អាច​ទទួលយក​បាន តែ​នេះ​តិចណាស់»។

កម្មការិនី​ផ្នែក​ដេរ​រូប​នេះ បាន​រៀបរាប់​ថា ប្រាក់ឈ្នួល​ដែល​អ្នកស្រី​ទទួល​បាន​ពី​ការ​ធ្វើការងារ​រោងចក្រ​បច្ចុប្បន្ន​នេះ គឺ​ត្រូវ​ចំណាយ​ទៅលើ​ការ​បង់ថ្លៃ​បន្ទប់​ជួល ទឹក​ភ្លើង ហូបចុក​ប្រចាំថ្ងៃ ផ្ញើឱ្យ​កូន​រៀន​នៅ​ស្រុក និង​ត្រូវ​បង់​សង​ធនាគារ​មួយ​ខែ​ជាង១០០ដុល្លារ​ផង​ដែរ។

អ្នកស្រី​បន្ថែម​ថា៖ «យើង​មិន​ពេញចិត្ត​ ក៏​មិនដឹង​ធ្វើ​យ៉ាង​ម៉េចបា​ន បើ​ថ្នាក់លើ​គេ​កំណត់​អញ្ចឹង​ហើយ»។

ប្រាប់​វី​អូ​ឌី​ក្រោយ​ញ៉ាំបាយ​ថ្ងៃត្រង់​រួច ​កម្មការិនី​ម្នាក់ទៀត​មាន​ស្រុកកំណើត​នៅ​ខេត្ត​ពោធិ៍​សាត់​កញ្ញា ម៉ា​ប់ ភ័ក្ត្រា បម្រើការ​ងារ​នៅ​រោងចក្រ​ ម៉ា​កាឡូ​ត ៤ឆ្នាំ បាន​និយាយ​ថា កញ្ញា​មិន​ពេញចិត្ត​ចំពោះ​ការ​តំឡើង​ប្រាក់ឈ្នួល​ចំនួន២ដុល្លារ​សម្រាប់​ឆ្នាំ២០២១នេះ​ទេ ប៉ុន្តែ​កម្មការិនី ​វ័យ២២ឆ្នាំ​រូប​នេះ ក៏​បារម្ភ​ពី​ការបាត់បង់​ការងារ​ធ្វើ​ផង​ដែរ។

កញ្ញា​បន្ថែម​ថា៖ «បើ​យើង​ទាមទារ​ច្រើន​ ថៅកែ​គ្មាន​លទ្ធភាព ថៅកែ​អាច​បិទ​រោងចក្រ យើង​ក៏​ពិបាក​ដែរ។ អីចឹង​យើង​ខ្លាច​អត់​ការងារ​ធ្វើ​ដែរ។ បើ​អត់​ការងារ​ធ្វើ មាន​តែ​ទៅ​នៅផ្ទះ មាន​លុយ​ណា​ចាយ! អ្នកខ្លះ​ជំពាក់​ធនាគារ​ បាន​លុយ​ពីណា​បង់​សង​គេ»។

កំពុង​សម្រាក​រយៈពេល២ខែ​ដោយសារ​ខាង​រោងចក្រ​ព្យួរការងារ​ អ្នកស្រី ជា សុខា បម្រើការ​ងារ៧ឆ្នាំ​ នៅ​រោងចក្រW​&D ស្ថិត​ក្នុង​ខណ្ឌមានជ័យ បាន​និយាយ​ថា កម្មករ​សម្រេច​ទទួលការ​តំឡើង​ប្រាក់ឈ្នួល​គោល២ដុល្លារ​ទាំង​បង្ខំចិត្ត​ដោយ​គ្មាន​ការ​តវ៉ា​នេះ គឺ​ពួក​គេ​ក៏​បា​នបារ​ម្ភ​ពី​ការបាត់បង់​ការ​រងា​រធ្វើ​ដែរ ខណៈ​រោងចក្រ​ដែល​អ្នកស្រី​ធ្វើការ​នោះ មិន​​សូវ​មានការ​ងារ​ធ្វើនិង​កំពុង​ព្យួរការងារ​កម្មករ​ជិត១ពាន់​នាក់​ផង​នោះ។

អ្នកស្រី​បន្ថែម​ថា៖ «វា​ពាក់ព័ន្ធ​ជាមួយ​ជំងឺ​កូ​វី​ដនេះ​ផង​ដែរ។ អីចឹង​វា​ធ្វើឱ្យទឹកចិត្ត​របស់​កម្មករ​មួយចំនួន​ដែល​គាត់​គិតថា បើ​មិន​ទទួលយក២ដុល្លារ​នោះ​ទេ គាត់​ខ្លាច​បាត់បង់​ការងារ។ អីចឹង​ការយល់ព្រម​ទទួលយក​នេះ ​គឺ​ព្រម​ទទួលយក​ទាំង​បង្ខំចិត្ត​ទេ»។

កម្មការិនី​ផ្នែក​ដេរ​រូប​នេះ​បន្ត​ថា កាលណា​តែ​ប្រាក់ឈ្នួល​កម្មករ​ឡើង គឺ​បន្ទប់​ជួលនិង​ទំ​និញ​ទីផ្សារ​ក៏​ឡើងថ្លៃ​តាម​នោះ​ដែរ។

អ្ន​កស្រី​បន្ថែម​ថា៖ «ប្រាក់ឈ្នួល​កម្មករ​ឡើង​ មិនមែន​ផ្ទះ​ជួល​និង​ទំនិញ​ជុំវិញ​ខ្លួន​យើង​នៅ​ដដែល​ណា! ពេល​ដែល​ប្រាក់ខែ​កម្មករ​ឡើង​ របស់របរ​ក៏​ឡើងថ្លៃ​ដែរ។ អីចឹង បើសិនជា​ឱ្យ​ខ្ញុំ​ជ្រើសរើស​បាន ខ្ញុំ​យក​ប្រាក់ឈ្នួល​ពីមុន​វិញ ហើយ​ឱ្យទំ​និញ​ទីផ្សារ​ថោក​ដូច​ពីមុន​ដែរ»។

រដ្ឋមន្ត្រី​ក្រសួងការងារ លោក អ៊ិ​ត សំ​ហេង ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ពិ​ភា​ក្សាប្រាក់ឈ្នួល​អប្បបរមា​កាលពី​ថ្ងៃទី១០ ខែកញ្ញា​ថា ការដំឡើង​ចំនួន២ដុល្លារ​នេះ គឺ​ដោយ​ផ្អែកលើ​ការ​រីក​រាលដាលនៃ​ជំងឺ​កូ​វីដ១៩ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​ខ្សែ​ចង្វាក់​ផលិតកម្ម ការ​ផ្គត់ផ្គង់ ការនាំចេញ និង​លំហូរ​សាច់ប្រាក់​របស់​រោងចក្រ​នី​មួយ​ៗ ប៉ុន្តែ​លោក​ថា ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA​) ២០ភាគរយ​របស់​សហភាព​អឺរ៉ុប ​គឺ​មិនប៉ះពាល់​ខ្លាំង​នោះ​ទេ។

ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា ដែល​ប្រមូលផ្ដុំ​ដោយ​ភាគី​តំណាង​កម្មករ ភាគី​តំណាង​ថៅកែ​រោងចក្រ និង​ភាគី​រដ្ឋាភិបាល បាន​ជួប​ប្រជុំ​ចរចា​គ្នា​ចុងក្រោយ​នៅ​ថ្ងៃទី១០ ខែកញ្ញា ដោយ​ភាគី​តំណាង​កម្មក​រស្នើ​ដំឡើង១២,៣៥ដុល្លារ ខណៈ​ភាគី​ថៅកែ​ស្នើ​ដក១៧,៣៩ដុល្លារ និង​ភាគី​រដ្ឋាភិបាល​ស្នើ​ដក៤ដុល្លារនៃ​ប្រាក់ឈ្នួល​គោល​បច្ចុប្បន្ន១៩០ដុល្លារ។

ដោយសារតែ​តួលេខ​នេះ​មាន​ភាព​ខុសគ្នា​ខ្លាំង ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​បានសម្រេច​ជា​រួម​កំណត់​យក​តួលេខ១៩០ដុល្លារ ជា​ប្រាក់ឈ្នួល​ទាប​បំផុត​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សម្រាប់​ឆ្នាំ២០២១ ហើយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បន្ថែម២ដុល្លារ​ទៀត ដែល​ធ្វើ​ឱ្យប្រាក់​ឈ្នួល​គោល​របស់​កម្មករ​នៅ​ឆ្នាំ​ថ្មី ឡើង​ដល់១៩២ដុល្លារ​សម្រាប់​កម្មករ​ពេញ​សិទ្ធ និង១៨៧ដុល្លារ​សម្រាប់​កម្មករ​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​ការងារ។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួងការងារ លោក អ៊ិ​ត សំ​ហេង ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ គឺ​មាន​រោងចក្រ​កាត់ដេរ​ប្រមាណ៨០បាន​បិទទ្វារ និង​ប្រមាណ៤០០បាន​ព្យួរការងារ។ លោក​ថា បច្ចុប្បន្ន​មាន​ចន្លោះ​ពី៦ទៅ៧ម៉ឺន​នាក់​ប៉ុណ្ណោះ​ដែល​កំពុង​អត់​ការងារ​ធ្វើ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ