បទ​យកការណ៍៖ ការ​តស៊ូ​ជម្នះ​ឧបសគ្គ​របស់​ស្ត្រី​ពិការ៣នាក់ ត្រូវ​បាន​ផលិត​ជា​វីដេអូ​ដើម្បី​ជំរុញ​ការ​គិត​វិជ្ជមាន

វីដេអូដែលរៀបរាប់ពីជីវិតជនពិការ ​ត្រូវ​បាន​ចាក់​កាលពី​រសៀលថ្ងៃទី៣០ ខែកញ្ញា នៅ​មជ្ឈមណ្ឌល ​បុប្ផា​ណា ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ។ (ហ៊ុន សិរីវឌ្ឍន៍)

​«គ្មានអ្វី​ដែល​អាចម​ករាំងស្ទះ​ភាព​ជោគជ័យ​ពី​គោលដៅ​និង​ក្ដី​ស្រ​មៃរបស់​យើង​បាន​នោះ​ទេ បើ​យើង​ពិតជា​មានការ​តស៊ូ​ការ​ប្រឹងប្រែង​ប្រកបដោយ​ភាព​ឆ្លាត​វ័យនិង​ស្គាល់​ពី​តម្លៃ​នៃ​ជីវិត​របស់​ខ្លួនឯង​ច្បាស់។ គួរ​ចាំ​ថា​ មានតែ​អ្នក​ទេ​ដែល​អាច​គូសវាស​ផ្លូវ​ដើរ​សម្រាប់​ឆាកជីវិត​របស់​អ្នក​ឱ្យ​ល្អ​ស្អាត​បាន​ តាមតែ​អ្វី​ដែល​អ្នក​ប៉ងប្រាថ្នា​ចង់បាន» 

ខាងលើនេះ​ជា​សារ​នៅ​ខាងចុង​នៃ​វីដេអូ​ ធ្វើឡើង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ជីវិត​តស៊ូ ក្ដី​ស្រ​មៃ បញ្ហា​ប្រឈម និង​ភាព​ជោគជ័យរបស់​ស្ត្រី​មាន​ពិការភាព​នៅ​កម្ពុជា ដើម្បី​ជំរុញ​ដល់​ការ​តស៊ូ​ដល់​ជន​ពិការនិង​មនុស្ស​ផ្សេងទៀត​ឱ្យ​តស៊ូ​ប្រឹងប្រែង​ជំនះ​ឧបសគ្គ​ក្នុង​ជីវិត។ 

អ្នកដឹកនាំ​ការផលិត​នេះ​ គឺ​លោក សឿង វីរៈ បាន​លើកឡើង​ថា​ មូលហេតុ​ដែល​នាំ​ឱ្យ​លោក​ផលិត​វីដេអូ​នេះ​ឡើង ​គឺ​ចង់​បង្កើន​នូវ​សំឡេង ក្ដី​ស្រមៃ និង​ការ​លើកទឹកចិត្ត​ដល់​ជន​ពិការ ជាពិសេស​ស្ត្រី​ដែល​មាន​ពិការភាព មួយវិញទៀត​ដើម្បី​ឱ្យ​សាធារ​ណជន​បាន​ស្វែងយល់​ពី​បញ្ហា ការ​តស៊ូ និង​ជោគជ័យ​របស់​ជន​ពិការ​ផង​ដែរ។ 

លោក​ថា៖ «យើង​ព្យាយាម​ការជំរុញ​លើកទឹកចិត្ត​ពួក​គាត់​ឱ្យ​ស្វែងយល់​អំពី​គោលដៅ​ក្ដី​ស្រមៃ ឱ្យ​យល់​អំពី​ស្ថានភាព​របស់​គាត់​ថា ​គាត់​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ជំរុញខ្លួន​គាត់​ឱ្យទៅ​ដល់​គោលដៅ ហើយ​យើង​ឃើញថា ​ទោះបីជា​គាត់​មាន​បញ្ហា​ពិការភាព​ក៏​ពិតមែន ​ក៏ប៉ុន្ដែ​គាត់​មានការ​ប្ដេជ្ញា​ ការ​តស៊ូ​នៅក្នុង​ជីវិត ​ដើម្បី​ឱ្យ​ក្ដី​ស្រមៃនិង​គោលដៅ​របស់​គាត់​ហ្នឹង​ឱ្យ​ក្លាយជា​ការពិត​នា​ថ្ងៃណាមួយ។ ហើយ​យើង​ឃើញថា ​នៅក្នុង​នោះ ​មាន​អ្នក​សម្រេច​គោលដៅ មាន​អ្នក​ដែល​កំពុង​បន្ត​ដើរ​ក្នុង​គោលដៅ​របស់​គាត់​ ហើយក៏​មាន​អ្នក​កំពុងតែ​ដើរ​ក្នុង​គោលដៅ​របស់​គាត់ និង​ឈាន​ដល់​ក្ដី​ស្រមៃ​របស់​គាត់​ផង​ដែរ»។ 

វីដេអូ​ខ្លី​ដែល​ចាក់​បញ្ចាំង​នេះ​មាន​ចំនួន៣ ដែល​បាន​រៀបរាប់​ពី​ជីវិត​ពិត​របស់​ស្ត្រី​មាន​ពិការភាព​ចំនួន៣នាក់​ដែល​បាន​តស៊ូ​ក្នុង​ការរស់នៅដើម្បី​ឆ្ពោះទៅ​កាន់​គោលដៅ​របស់​ខ្លួន។ 

ជា​ជន​ពិការ​គំហើញ​ពី​កំណើត និង​ជា​តួអង្គ​ម្នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស​មក​ជា​គំរូ​ អ្នកស្រី មិន ចិន្ដា មានប្រសាសន៍​ថា តាមរយៈ​វីដេអូ​នេះ ​អ្នកស្រី​ចង់ឱ្យ​ជន​ពិការ​ផ្សេងទៀត​កុំ​អស់សង្ឃឹម កុំ​បាក់ទឹកចិត្ត ត្រូវ​មាន​គោលដៅនិង​បន្ត​ព្យាយាម​សម្រេច​គោលដៅ​របស់​ខ្លួន។

អ្នកស្រី​ថា៖ «ដោយសារ​ខ្ញុំ​ជា​ជន​ពិការ​ម្នាក់​ដែរ​ ខ្ញុំ​មាន​ចំណុច​អវិជ្ជមាន​ទាំងអស់​នោះ។ ខ្ញុំ​កើតមក​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ ​ខ្ញុំ​លំបាក ​ខ្ញុំ​កំព្រាឪពុក​ ខ្ញុំ​រស់នៅ​តែ​ជាមួយ​ម្ដាយ ​ខ្ញុំ​ជា​ស្ត្រី​ហើយ​ជា​កូនបង​គេ។ ជាមួយ​ភ្នែក​ពិការ ខ្ញុំ​គ្មាន​ជម្រក​រស់នៅ​ច្បាស់លាស់​ទេ​! កាល​ខ្ញុំ​នៅ​រៀន ​ខ្ញុំ​រស់នៅ​ក្នុង​វត្ត ខ្ញុំ​រស់នៅ​ជាមួយ​គេ។ ទើបតែ​មាន​លុយ​នៅផ្ទះ​ជួល​នៅពេល​ខ្ញុំ​មានការ​ងារ​ធ្វើ​ រហូតដល់​ខ្ញុំ​នៅពេល​នេះ​មានលទ្ធភាព​ទិញ​ផ្ទះ​ខ្លួនឯង​នៅ។ អ៊ីចឹង​ឧបសគ្គ​ដែល​ខ្ញុំ​ធ្លាប់​មាន​តាំងពី​តូច​រហូត ​ខ្ញុំ​បាន​ជោគជ័យ​ប៉ុណ្ណេះ ​ខ្ញុំ​អត់​អាច​រៀបរាប់​បានទេ​ពី​ទំហំ​ឧបសគ្គ​ទាំងអស់​នោះ។ អ៊ីចឹង​ខ្ញុំ​អាច​ធ្វើ​បាន អ៊ីចឹង​ក្មេង​ៗជំនាន់​ក្រោយ​ប្រាកដ​ជា​អាច​ធ្វើ​បាន​ជាង​ខ្ញុំ​ទៀត​!»

តាមរយៈ​ការ​ខំប្រឹង​ប្រែង​របស់​អ្នកស្រី មិន ចិន្ដា នៅពេល​នេះ​គាត់​បាន​ក្លាយជា​មន្ត្រី​នៃ​ក្រសួង​សង្គមកិច្ច ហើយ​គាត់​ក៏​ជា​និស្សិត​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​អូស្ត្រាលី​ផង​ដែរ។ 

ម្ចាស់​គម្រោង​នៃ​ការផលិត​វីដេអូ​នេះ និង​ជា​ជន​ពិការ​ជើង​ម្នាក់​ផង​នោះ ​អ្នកស្រី ស សាន មានប្រសាសន៍​ថា ​រាល់ពេល​ដែល​ជន​ពិការ​រង​នូវ​ការរើសអើង ​តែងតែ​ធ្វើ​ឱ្យ​ជន​ពិការ​មាន​ភាព​អវិជ្ជមាន​លើ​ខ្លួនឯង បោះបង់​នូវ​ការ​តស៊ូ ហើយ​ឈាន​ដល់​ការ​បាក់ទឹកចិត្ត​ថែមទៀត ទើប​អ្នកស្រី​រៀបចំ​គម្រោង​នេះ​ឡើង​ដើម្បី​ជំរុញលើកទឹកចិត្ត​ដល់​ជន​ពិការ​ទាំងអស់​កុំ​អស់សង្ឃឹមឬបាត់បង់​ជំនឿ​ចិត្ត​លើ​ខ្លួនឯង។ 

អ្ន​កស្រី ​ស សាន មានប្រសាសន៍​ថា៖ «ជាក់ស្ដែង​ក្នុង​វីដេអូ​ខ្លី​របស់​យើង ៣វីដេអូ​ហ្នឹង​ គឺ​យើង​និយាយ​ពី​ស្ត្រី​ដែល​គាត់​មាន​ពិការភាព​ហ្នឹង​ផ្សេងគ្នា ដែល​គាត់​មានការ​តស៊ូ​ផ្សេងគ្នា។ អ៊ីចឹង​គាត់​បាន​រំលេច​នៅក្នុង​វីដេអូ​ហ្នឹង​ ជា​សារ​មួយ​លើកទឹកចិត្ត​ដល់​ស្រ្តី​មាន​ពិការភាពឬក៏​ជន​មាន​ពិការភាព​ផ្សេងទៀត​ដែល​គាត់​កំពុងតែ​បាក់ទឹកចិត្ត​ហ្នឹង​ នៅពេល​ដែល​គាត់​ឃើញ​វីដេអូ​ខ្លី​មួយ​ហ្នឹង​គាត់​មាន​អារម្មណ៍​ថា ហ្ហា​! គាត់​ពិការភាព​ខ្លាំង​ជាង​ខ្ញុំ​ដែរ​ តែ​គាត់​មាន​សមត្ថភាព​ធ្វើ​រឿង​អស្ចារ្យ​បាន អ៊ីចឹង​ខ្ញុំ​ពិការភាព​ប៉ុណ្ណឹង ​ខ្ញុំ​ក៏​ត្រូវ​តស៊ូ​ទៅមុខ​ទៀត​ដែរ។ ​ហ្នឹងហើយ​ក្នុង​គោលបំណង​នៃ​គម្រោង​របស់ខ្ញុំ​ គឺ​ខ្ញុំ​ចង់​ជំរុញបែប​ហ្នឹង ហើយ​វា​ជា​លក្ខណៈ​នៃ​ការ​តស៊ូ​មតិ​ដើម្បី​ផ្លាស់ប្ដូរ​ផ្នត់គំនិត​អ្នក​ដែល​មើល​មក​ជន​មាន​ពិការភាព​គឺជា​ជន​ដែល​អសមត្ថភាព»។ 

វីដេអូ​ទាំង​បី​នេះ​ត្រូវ​បាន​ចាក់​កាលពី​រសៀលថ្ងៃទី៣០ ខែកញ្ញា នៅ​មជ្ឈមណ្ឌល ​បុប្ផា​ណា ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ។ បើ​តាម​គម្រោង​ បន្ទាប់ពី​ចាក់​ផ្សាយ​ហើយ វីដេអូ​ទាំង​បី​នេះ​នឹង​ត្រូវ​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម​នា​ពេល​ឆាប់​ៗនេះ​ផង​ដែរ។ 

ដើរចេញ​ពី​បន្ទប់​ផ្សាយ​សោត​ទស្សន៍​មួយ​នៅ​មជ្ឈមណ្ឌល​ បុប្ផា​ណា​ ជាមួយ​ជំនួយ​ពី​មិត្ត​ភក្តិ​ខ្លួន បន្ទាប់ពី​ចូល​ស្ដាប់​វីដេអូ​ទាំង៣នេះ យុវជន​ពិការ​ភ្នែក​ទាំងសងខាង​ម្នាក់​ គឺ​លោក សូរ សៀង​សុ​ខឃីម អាយុប្រមាណ២០ឆ្នាំ​ បានឱ្យ​អ្នកសារព័ត៌មានVOD ដឹង​ថា ​វា​ជា​វីដេអូ​ដែល​សាធារណជន​គួរតែ​ទស្សនា។ 

លោក​ថា៖ «អ្វី​ដែល​ជា​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​ៗសង្ឃឹមថា ពួក​គាត់​នឹងអាច​យល់ដឹង​បាន​ច្រើនជាង​មុន ហើយ​រាល់​សកម្មភាព កិច្ចការ ឬគម្រោងនានា​ដែល​ពួក​គាត់​បង្កើត ​ឬផ្ដួចផ្ដើម ឬធ្វើអ្វី​មួយ​ គាត់​ត្រូវតែ​គិតគូរ​ដល់​ការ​រួមបញ្ចូល​ជាមួយនឹង​អ្នក​ពិការ ព្រោះ​ជន​ដែល​មាន​ពិការភាព​គឺជា​អ្នក​រស់នៅ​ក្នុង​សង្គម ​អ៊ីចឹង​គាត់​ [ជន​មាន​ពិការភាព​] គឺជា​អ្នក​ដែល​ត្រូវ​ទទួល​ផង​ដែរ»។

វីដេអូ​ទាំងនេះ​មិន​ត្រឹមតែ​ជំរុញទឹកចិត្ត​ជន​ពិការ​នោះ​ទេ សម្រាប់​អ្នក​ដែល​មាន​កាយសម្បទា​គ្រប់គ្រាន់​ ក៏​មាន​អារម្មណ៍​ថា ​វីដេអូ​នេះ​មាន​ឥទ្ធិពល​ដល់​ខ្លួន​ផង​ដែរ។ 

និស្សិត​ឆ្នាំទី១ នៅ​សាកលវិទ្យាល័យ​កម្ពុជា លោក សុខ សំ​អួន ដែល​ជា​ជន​មាន​កាយសម្បទា​ធម្មតា​ បាន​ទទួលស្គាល់​ថា ​វីដេអូ​ទាំង៣នេះ​បាន​ជំរុញឱ្យ​រូបលោក​មាន​សង្ឃឹម​បន្ថែម​ទៀត​ក្នុង​ការ​ចាប់​យក​គោលដៅ​របស់​ខ្លួននិង​ចេះ​ជួយ​ដល់​អ្នកដទៃ។ 

លោក​បន្ថែម​ថា៖ «អ្វី​ដែល​ខ្ញុំ​ចាប់អារម្មណ៍​ជាងគេ​ គឺ​ការ​តស៊ូ​របស់​ពួក​គាត់។ នៅក្នុង​វីដេអូ​មួយ​ៗហ្នឹង ​គឺ​សុទ្ធតែ​មានការ​តស៊ូ​មួយ​ច្បាស់លាស់​ថា ទោះជា​គាត់​ពិការ​មែន​ ប៉ុន្ដែ​គាត់​នៅ​មានគំនិត​មួយ​គិតថា​ ឱ្យ​តែ​គាត់​ខំប្រឹង ​គាត់​នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​ដែល​គាត់​បាន​ធ្វើ​ហ្នឹងហើយ។ […] សម្រាប់​ខ្លួនខ្ញុំ​វិញ ​វា​បាន​ធ្វើ​ឱ្យ​ខ្ញុំ​គិតថា ​សូម្បីតែ​គាត់​ជា​អ្នក​ជន​ពិការ​ គាត់​នៅតែ​មានការ​ខំប្រឹង​ នៅតែ​មាន​អារម្មណ៍​ស្វែងយល់​ខំប្រឹង​ទាំងអស់​ហ្នឹង ទម្រាំ​ខ្ញុំ​អត់​ពិការ​! អ៊ីចឹង​ខ្ញុំ​ត្រូវតែ​ខំប្រឹង ខ្ញុំ​ទទួលស្គាល់​នូវ​អ្វី​ដែល​ខ្ញុំ​មាន ហើយ​ខ្ញុំ​នឹង​ជួយ​ដល់​ជន​ពិការ​ផ្សេងទៀត​ដែល​ខ្ញុំ​ធ្លាប់​ជួប ធ្លាប់​នៅជា​មួយ​គាត់​ពីមុន​មក»។ 

តំណាង​ម្ចាស់​ជំនួយ​មក​ពី DCA សម្រាប់​គម្រោង​នេះ ​អ្នកស្រី គឹម នី​ណា បាន​លើកឡើង​ដោយ​សង្ឃឹមថា ​វីដេអូ​ទាំងនេះ​នឹងអាច​បង្កើន​នូវ​ការយល់​ដឹងពី​សាធារណជន​បន្ថែម​លើ​ការ​លំបាកនិង​ការ​តស៊ូ​របស់​ជន​ពិការ ក៏ដូចជា​លើកទឹកចិត្ត​ដល់​មនុស្ស​ទូទៅ​ផង​ដែរ។

អ្នកស្រី​មានប្រសាសន៍​ថា៖ «វីដេអូ​ហ្នឹង ​គឺ​តួអង្គ​នៅក្នុង​ហ្នឹង ​គឺ​គាត់​បាន​ចែករំលែក​រឿង​ផ្ទាល់ខ្លួន​របស់​គាត់ ចែករំលែក​ពី​ភាព​លំបាក ហើយ​គាត់​អាច​ជម្នះ​នូវ​ភាព​លំបាក​នោះ​បាន។ ខ្ញុំ​យល់ថា ​វា​បាន​បំផុសគំនិតនិង​បាន​លើកទឹកចិត្ត​ដល់​អ្នកមាន​ពិការភាព ហើយ​បើ​ទោះបី​ខ្ញុំ​មិនមែន​ជា​អ្នកមាន​ពិការភាព ​ក៏​ខ្ញុំ​មាន​អារម្មណ៍​ថា ​រំភើប​នៅពេល​បាន​មើល​វីដេអូ​ហ្នឹង»។ 

របាយការណ៍​របស់ក្រ​សួង​សង្គមកិច្ច​កាលពី​ឆ្នាំ២០១៤ ឱ្យដឹង​ថា​ ជន​មាន​ពិការភាព​នៅ​កម្ពុជា​មានប្រហែល៤%នៃ​ចំនួន​ប្រជាជន​សរុប ឬ៥២៤ ០០០នាក់។ 

ម្ចាស់​គម្រោង​នៃ​ការផលិត​វីដេអូ​នេះ អ្នកស្រី ស សាន សង្ឃឹមថា​ នៅពេល​ដែល​វីដេអូ​ទាំង​បី​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ​វា​នឹង​ជ្រួតជ្រាប​ដល់​សាធារណជន​បាន​ច្រើន ដើម្បី​ឱ្យ​អ្នក​ដែល​បាក់ទឹកចិត្ត​ មិនថា​ជន​មាន​ពិការភាពឬអត់​ទាំងអស់​ មាន​សង្ឃឹម​តស៊ូ​ក្នុង​ជីវិត​របស់​ខ្លួន។ 

អ្នកស្រី ស សាន ​មានប្រសាសន៍​ថា៖ «ខ្ញុំ​គិតថា ​វីដេអូ​នេះ​ប្រាកដជា​បាន​ទៅដល់​អ្នក​ដែល​គាត់​បាក់ទឹកចិត្ត អ្នក​ដែល​គាត់​គិតថា ​ខ្លួនឯង​អត់​ចង់​រស់​អី​ជាដើម មិន​ត្រឹមតែ​ជន​ពិការ​ទេ​! អ្នក​ដែល​អត់​ពិការ​ក៏ដោយ​ ព្រោះ​អ្នកខ្លះ​គាត់​បាន​បាក់ទឹកចិត្ត​ខ្លាំង អ៊ីចឹង​សង្ឃឹមថា ​វីដេអូ​ហ្នឹង​នឹង​បាន​ទៅដល់​ពួក​គាត់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ