លោក​ ហ៊ុន​ សែន​៖​ ដើម្បី​​ពលរដ្ឋ​១៦​លាន​​នាក់ ត្រូវ​​បន្ត​​អនុវត្ត​​បទ​បញ្ជា​​ចេញ​១វាយ​១​​

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធីសម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ខ្នាត​យក្ស​ដំបូង​នៅ​កម្ពុជា «ព្រីនស៍ ម៉ា​ណ័រ» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​/ Screenshot​)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ដើម្បី​ការពារ​ប្រយោជន៍​ពលរដ្ឋ​កម្ពុជា១៦លាន​នាក់ ត្រូវ​បន្ត​អនុវត្ត​បទបញ្ជា​ «ចេញ១ វាយ១» ទប់ស្កាត់​បណ្តាញ​បញ្ជា​ពីក្រៅ​ប្រទេស​ដែល​លោក​ហៅថា «ក្រុម​ឧក្រិដ្ឋជន»។

លោក ហ៊ុន សែន ថ្លែង​បែបនេះ​ធ្វើឡើង​ក្នុង​ពិធី​មួយ​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល នា​ថ្ងៃពុធ​នេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និយាយ​ក្នុង​ពិធី​នោះ​ថា បច្ចុប្បន្ន អ្នកនយោបាយ​មួយ​ក្រុម​នៅ​ក្រៅប្រទេស បាន​ផ្តល់​លុយ​ឱ្យ​បណ្តាញ​ពួក​គេ​ធ្វើសកម្មភាព​នៅ​ក្រុង​ប្រទេស ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក។ លោក​ថា ទង្វើ​នេះ​ធ្វើ​ឱ្យ​មនុស្ស​មួយចំនួន​កំពុង​ជាប់ទោសនិង​មួយចំនួន​ទៀត​កំពុង​រត់គេច​ខ្លួន។

លោក ហ៊ុន សែន រំឭក​ដែរ​ថា បទបញ្ជា​ចេញ១វាយ១ ត្រូវ​បន្ត​ធ្វើ ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សណ្តាប់​ធ្នាប់​សង្គម និង​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ១៦លាន​នាក់។

លោក​ថា៖ «ខ្ញុំ​បាន​បញ្ជាក់​ហើយ​ ចេញ១វាយ១ ចេញ២វាយ២។ អ្នកឯង​ចង់ថា​អីថា​ទៅ តែ​ដើម្បី​ការពារ​ប្រជាជន​ដ៏​កម្សត់​មួយ​នេះ​ដែល​មាន​ប្រជាជន១៦លាន​នាក់ ខ្ញុំ​ត្រូវ​មាន​ភារកិច្ច​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សណ្តាប់​ធ្នាប់​សន្តិសុខ​សង្គម»។

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា និយាយ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ ទទួល​បាន​សំឡេង​ឆ្នោត​ជិត​ពាក់កណ្តាល​ប្រទេស ​ប្រហាក់​ប្រហែល​នឹង​បក្ស​កាន់អំណាច​ដែរ​អំឡុង​ឆ្នាំ២០១៧ មុន​បក្ស​នេះ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល។

លោក​និយាយ​ទៀត​ថា វិធានការ​ទាំងឡាយ​ណា​មិន​ផ្តល់​យុត្តិធម៌​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ វា​មិន​មានន័យថា មេ​បក្ស​កាន់អំណាចកំពុង​ធ្វើ​អ្វី​ៗដើម្បី​ពលរដ្ឋខ្មែរ១៦លាន​នាក់​នោះ​ទេ។

លោក មាជ សុវណ្ណារ៉ា ប្រាប់​ថា៖ «យើង​រំលាយ​គេ​ដោយ​អយុត្តិធម៌ យក​អំណាច​តុលាការ​ជា​ចំណាប់ខ្មាំង​ដែល​ជា​សម្ពាធ​នយោបាយ​របស់​បក្ស​កាន់អំណាច​ហ្នឹង យក​មក​ធ្វើជា​ឡប់ឡែ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​មេ​បក្ស​គេដាក់​គុក​ទៅទៀត ហើយ​យើង​ថា​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ១៦លាន​យ៉ាង​ម៉េ​ង? លោក ហ៊ុន សែន អះអាង​បែបនេះ គឺ​លោក ហ៊ុន សែន ខ្លាច​អស់អំណាច​ទេ»។

អង្គការ​លី​កាដ​ូ​ដែល​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​និយាយ​ក្នុង​របាយការណ៍​ចុះ​ថ្ងៃទី២២ ខែកញ្ញា​ថា អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន និង​សិល្បករ​ចំនួន១៩នាក់ ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ចាប់តាំងពី​ខែកក្កដា ដោយសារ​ការប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិនិង​ជួបជុំគ្នា​ដោយសន្តិវិធីដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

អ្នក​ទាំងនោះ ប្រឈម​នឹង​ការ​ជាប់ពន្ធ​នា​គារ​រហូតដល់២ឆ្នាំ ប្រសិនបើ​តុលាការ​រក​ឃើញថា​មានទោស ដែល​រង​ការ​ចោទ​ថា​បាន «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

ក្នុង​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​កម្ពុជា​ដែល​ដាក់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR​) បាន​និយាយ​ថា ១ឆ្នាំ​ចុងក្រោយ​នេះ ការ​បង្ក្រាប​ខាងនយោបាយ​កាន់តែ​ខ្លាំង​ឡើង​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា។

ស្ថាប័ន​តំណាង UN មួយ​នេះ និយាយ​ទៀត​ថា យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ចំនួន១៤០នាក់​ដែរ ដែល​ជាប់​ទាក់ទង​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចាប់ខ្លួន។

របាយការណ៍​នោះសរសេរ​ថា សំណុំរឿង​ចោទប្រកាន់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ពី​បទ​ «ក្បត់ជាតិ» ត្រូវ​បាន​គេ​ជឿជាក់​ថា «ជាហេតុ​ផល​នយោបាយ និង​ជាផ្នែក​មួយ​នៃ​លំនាំ​ដ៏​ធំ​មួយ​នៃ​ការប្រើ​ប្រាស់​ច្បាប់​មិន​ត្រឹមត្រូវ ដែល​តម្រង់​ទៅលើ​គូប្រជែង​នយោបាយ​និង​អ្នករិះគន់​រដ្ឋាភិបាល»

អ្នកវិភាគ​បញ្ហា​សង្គម​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស គឺ​លោក គឹម សុខ និយាយ​ថា សារ​គំរាម​របស់​មេដឹកនាំ​បក្ស​កាន់អំណាច​នេះ ជា​ការ​បារម្ភ​ពី​ការ​ងើបឡើង​នៃ​រលក​ប្រជាធិបតេយ្យនិង​សម្ពាធ​អន្តរជាតិ ក្នុង​គោលដៅ​ដើម្បី​ពង្រឹង​អំណាច មិនមែន​ដើម្បី​ការពារ​ប្រយោជន៍ជាតិ​ដូច​ការ​អះអាង​ទេ ព្រោះ​ស្ថានការណ៍​នយោបាយ​មិនទាន់​ស្តារ​ឡើងវិញ​នៅឡើយ។

លោក គឹម សុខ ប្រាប់​ថា៖ «ម្យ៉ាងទៀត ​ច្រក​ផ្លូ​វធំៗ​ជាមួយ​ចិន​សម្រាប់​ប្រមូល​លុយ​ចិញ្ចឹម​អំណាច ក៏ដូចជា​ដល់​ដំ​ណើរ​រកក​ល់​គាំង​ ចំ​ពេល​ដែល​អាមេរិកកាំងនិង​សហភាព​អឺរ៉ុប​បន្ត​ដាក់ទណ្ឌកម្ម​ចំ​ប្រយោជន៍​មេ​ដឹក​នាំ​ធំៗ​របស់​លោក ហ៊ុន សែន។ កាលណា​វិបត្តិ​អត់​លុយ​មកដល់​ហើយ ប្រ​ផ្នូល​អា​ក្រ​ក់ៗ​ក៏​វា​ចាប់​លេច​ឡើង​ដែរ ជាពិសេស​វិបត្តិ​ផ្ទៃក្នុង»។

ប៉ុន្តែលោក​ថា ល្បែង​នយោបាយ​ដែល​មេ​បក្ស​កាន់អំណាច​កំពុង​លេង​នេះ មិន​មានផល​ចំណេញ​ដល់​ពលរដ្ឋ១៦លាន​នាក់​ដូច​ការ​អះអាង​ទេ តែថា វា​នឹង​ជំរុញ​ឱ្យ​កម្ពុជា​ជួប​វិបត្តិ​សង្គម បើ​គ្មានអ្វី​ប្រែប្រួល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ