ស្ត្រីជាភរិយានិងសាច់ញាតិអតីតសកម្មជនបក្សប្រឆាំង ស្នើក្រសួងកិច្ចការនារី ជួយអន្តរាគមន៍ទៅអាជ្ញាធរបញ្ឈប់ការប្រើអំពើហិង្សាទៅលើពួកគាត់ នៅពេលដែលពួកគាត់ចេញតវ៉ាទាមទារឱ្យដោះលែងស្វាមី។
ការស្នើនេះបានធ្វើឡើងខណៈដែលស្ត្រីជាភរិយា កូនៗ និងសាច់ញាតិរបស់អតីតសកម្មជនបក្សប្រឆាំងជិត១០នាក់ បាននាំគ្នាយកញតិ្តទៅដាក់នៅក្រសួងកិច្ចការនារី នៅថ្ងៃសុក្រនេះ។
អ្នកស្រី សេង ចាន់ថន ភរិយាលោក ស៊ុន ធន់ អតីតសកម្មជនបក្សប្រឆាំងដែលធ្លាប់ត្រូវសន្តិសុខខណ្ឌ៧មករាចាប់បោកដួលលើថ្នល់ និយាយថា កន្លងមក ពួកគាត់ជាស្ត្រី ត្រូវបានអាជា្ញធរចាប់អូស រុញច្រាន និងប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព ប៉ុន្តែក្រសួងកិច្ចការនារីដែលជាស្ថាប័នជួយស្ត្រី បែរជានៅស្ងៀមស្ងាត់ទៅវិញ។
អ្នកស្រីបន្តថា ពួកគាត់ចង់ឱ្យក្រសួងជួយអន្តរាគមន៍ទៅអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ ឱ្យបញ្ឈប់ការប្រើប្រាស់ហិង្សាលើពួកគាត់ទៀត។
លោកថា៖ «ក្នុងនាមខ្ញុំជាស្ត្រី ពួកខ្ញុំត្រូវរត់រកពួកគាត់ [ក្រសួងកិច្ចការនារី] ដើម្បីឱ្យពួកគាត់ដោះស្រាយបញ្ហាឱ្យពួកខ្ញុំដែលត្រូវគេធ្វើបាប គ្រាន់តែមកទាមទារតវ៉ា គេចាប់បោក គេវាយ គេច្រាន គេធ្វើបាបអ៊ីចឹង សូមឱ្យពួកគាត់ជួយរកដំណោះស្រាយឱ្យពួកខ្ញុំដែលជាស្ត្រី ព្រោះក្រសួងកិច្ចការនារីដោះស្រាយឱ្យនារីនិងស្ត្រីទូទៅនៅស្រុកខ្មែរ»។
អ្នកស្រី ព្រំ ចន្ថា ជាស្ត្រីម្នាក់ទៀតដែលចូលរួមការប្រមូលផ្តុំ បានលើកឡើងថា កន្លងមក ក្រសួងកិច្ចការនារី បានជួយដោះស្រាយបញ្ហាស្ត្រីជាច្រើន ដែលករណីនេះ អ្នកស្រីស្នើឱ្យក្រសួងជួយរកយុត្តិធម៌ដល់ពួកគាត់ដែលជាស្ត្រីផងដែរ ខណៈពួកគាត់ម្នាក់ៗបានបាត់ស្វាមីដែលជាបង្គោលគ្រួសារក្នុងការរកចំណូលដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។
អ្នកស្រីថា៖ «ស្ត្រីធម្មតា តែខ្វះប្ដី ខ្វះមេគ្រួសារ វាលំបាកហើយ អ៊ីចឹងជួយជំរុញឱ្យដោះលែងមកវិញមក គាត់ប្រជុំគ្នាទៅ ធ្វើម៉េចៗទាំងក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌។ អ៊ីចឹងប្រទេសមួយអត់មានយុត្តិធម៌ផង ធ្វើម៉េច! ហើយកិច្ចការនារីក៏ដោយ ត្រូវមានដំណោះស្រាយឱ្យពួកខ្ញុំ»។
កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ស្ត្រីទាំងនោះបានតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យតុលាការដោះលែងស្វាមីរបស់ពួកគាត់ ជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិឱ្យមានសេរីភាពវិញ។ ក្នុងការតវ៉ានោះ មានការរុញច្រានពីកម្លាំងសន្តិសុខខណ្ឌ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ សេង ចាន់ថន ដួលបោកទៅលើថ្នល់ រងរបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោក ម៉ី ហ៊ុល បានចេញមកទទួលញត្តិរបស់ក្រុមស្ត្រី ដោយថា លោកនឹងបញ្ជូនញត្តិនេះទៅមន្ត្រីជំនាញពិនិត្យមើល។
លោកថា៖ «ខ្ញុំក៏តាមដានដែរ រឿងហ្នឹងវាដល់ណាហើយ ឆ្លើយទៅគេយ៉ាងម៉េច ដោះស្រាយយ៉ាងម៉េច ព្រោះខ្ញុំទទួលក៏ខ្ញុំតាមដានដែរ មិនមែនទទួលយកទៅបោះចោលទេ ព្រោះគាត់តេសួរខ្ញុំដែរ»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ជំរុញឱ្យក្រសួងពិនិត្យនិងដោះស្រាយបញ្ហាទាំងអស់នេះ ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រីបន្តទៀត។
លោកថា៖ «ប៉ុន្មានថ្ងៃខាងមុខនេះ គឺមានយុទ្ធនាការលុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារ ហើយក្រសួងក៏មានយុទ្ធនាការដែរ អ៊ីចឹងបញ្ហាដែលកើតឡើងជាអំពើហិង្សាលើស្ត្រី អាហ្នឹងយើងគួរតែលុបបំបាត់ ព្រោះវិធីសាស្ត្រដោះស្រាយវាមិនមែនតែទៅលើការប្រើប្រាស់អំពើហិង្សាទេ វាមានវិធីសាស្ត្រច្រើនក្នុងការដោះស្រាយ។ បើសិនជានៅតែបន្តមានអំពើហិង្សា ទោះជារូបភាពណាក៏ដោយ វាមិនសូវជាល្អមើល»។
ចាប់តាំងពីខែមិថុនាមក ក្រុមស្ត្រីដែលជាភរិយានិងសាច់ញាតិរបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិ បាននាំគ្នាដាក់ញត្តិទៅបណ្ដាស្ថានទូតនានាក្នុងរាជធានីភ្នំពេញ និងបានធ្វើយុទ្ធនាការប្រមូលផ្តុំមុខសាលាដំបូងរាជធានីភ្នំពេញរៀងរាល់ថ្ងៃសុក្រ ដើម្បីសុំកិច្ចអន្តរាគមន៍និងទាមទារឱ្យតុលាការដោះលែងស្វាមីរបស់ពួកគេវិញ៕