ស្ត្រីម្នាក់ដែលជាសាច់ញាតិសកម្មជនបក្សប្រឆាំង បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ ដោយប្តឹងសន្តិសុខខណ្ឌ៧មករាម្នាក់ ថាបានប្រើហិង្សារុញច្រានគាត់ដួលបោកទៅលើផ្លូវថ្នល់។
កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ស្រ្តីមួយក្រុមបានតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យតុលាការដោះលែងប្តីរបស់ពួកគាត់ជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិឱ្យមានសេរីភាពវិញ។ ក្នុងការតវ៉ានោះ មានការរុញច្រានពីកម្លាំងសន្តិសុខខណ្ឌ បណ្តាលឱ្យស្ត្រីម្នាក់ ឈ្មោះ សេង ចាន់ថន ដួលបោកទៅលើថ្នល់រងរបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
នៅថ្ងៃនេះ ក្រុមស្ត្រីទាំងនោះដែលមានគ្នាជាង១០នាក់ បាននាំគ្នាទៅប្រមូលផ្ដុំនៅមុខសាលាដំបូងរាជធានីភ្នំពេញជាថ្មីទៀត ដើម្បីតវ៉ាទាមទារឱ្យដោះលែងស្វាមីរបស់ពួកគេ ក្នុងនោះ ស្ត្រីម្នាក់ដែលត្រូវសន្តិសុខចាប់រុញផ្ដួលបោកទៅនឹងថ្នល់នោះ ក៏បានយកពាក្យបណ្ដឹងដាក់ទៅតុលាការដើម្បីប្ដឹងសន្តិសុខម្នាក់នោះផងដែរ។
អ្នកស្រី សេង ចាន់ថន បានឱ្យដឹងថា រូបគាត់បានដាក់ពាក្យបណ្តឹងទៅសាលាដំបូង ដោយប្ដឹងឈ្មោះ ឆោម ប្រសិដ្ឋ មានតួនាទីជាសន្តិសុខខណ្ឌ៧មករា ពាក់ព័ន្ធនឹងបទប៉ុនប៉ងមនុស្សឃាត។
អ្នកស្រីថា៖ «ខ្ញុំសុំសំណូមពរឱ្យតុលាការជួយរកយុត្តិធម៌ឱ្យខ្ញុំឱ្យបានត្រឹមត្រូវទៅតាមច្បាប់ ដែលគេប៉ុនប៉ងធ្វើឃាតខ្ញុំ ហើយសំណូមពររាជរដ្ឋាភិបាលធ្វើយ៉ាងណាឱ្យតុលាការធ្វើត្រូវទៅតាមច្បាប់»។
ស្ត្រីរូបនេះបន្ថែមថា បច្ចុប្បន្នគាត់នៅតែមានអាការចុកទ្រូង ឈឺក្បាល និងធ្វើការធ្ងន់មិនបានឡើយ ក្រោយពីត្រូវសន្តិសុខនោះរុញច្រានគាត់ដួលបោកទៅនឹងថ្នល់។
អ្នកស្រី សេង ចាន់ថន ជាភរិយារបស់លោក ស៊ន់ ធន់ អតីតសមាជិកជាប់ឆ្នោតនៃក្រុមប្រឹក្សាខេត្តកំពង់ធំ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១ ខែមិថុនា ក្រោមបទចោទប្រកាន់«រួមគំនិតក្បត់» និង «ញុះញង់យោធិនពិការឱ្យស្អប់រដ្ឋាភិបាល»។
វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីលោក ឆោម ប្រសិដ្ឋ សន្តិសុខខណ្ឌ៧មករា និងលោក លឹម សុភា អភិបាលខណ្ឌ៧មករា បានទេ នៅថ្ងៃសុក្រនេះ។
ចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ចាត់ទុកការប្ដឹងនេះថា ជាសិទ្ធិរបស់ប្រជាពលរដ្ឋ។
លោកថា៖ «តាមចាំ រដ្ឋបាលខណ្ឌ៧មករាខ្លួនឯងផ្ទាល់ បានធ្វើសេចក្ដីប្រកាសព័ត៌មានបកស្រាយពីទិដ្ឋភាពផ្សេងៗជុំវិញឧបទ្ទវហេតុហ្នឹង រួមទាំងវិធានការទៀត ដែលបានអនុវត្តទៅលើបុគ្គលសន្តិសុខដែលបានធ្វើកិច្ចការហ្នឹង។ ទី២ ពាក់ព័ន្ធនឹងបណ្ដឹងបន្ថែមទៀតនេះ ខ្ញុំអត់មានយោបល់ទេ គ្រាន់តែសិទ្ធិរបស់ប្រជាពលរដ្ឋអនុវត្តតាមនីតិវិធី គឺគាត់មានសិទ្ធិប្ដឹង»។
អាជ្ញាធរខណ្ឌ៧មករា កាលពីថ្ងៃទី៤ ខែកញ្ញា បានចេញសេចក្តីប្រកាសព័ត៌មានដោយបកស្រាយថា ក្នុងហេតុការណ៍នោះ កម្លាំងប្រជាការពារ [សន្តិសុខ] របស់ខ្លួន បានព្យាយាមទប់ស្កាត់ក្រុមស្ត្រីតវ៉ា កុំឱ្យរំខានដល់តុលាការនិងការរស់នៅរបស់ប្រជាពលរដ្ឋ ទើបឈានដល់ការជ្រុលដៃរុញស្ត្រីអ្នកតវ៉ាម្នាក់ដួលលើថ្នល់បែបនេះ។
អាជ្ញាធរខណ្ឌ បានបញ្ជាក់ដែរថា ក្រោយហេតុការណ៍នោះ រដ្ឋបាលខណ្ឌបានអប់រំនិងដាក់ពិន័យតាមច្បាប់ទៅលើប្រជាការពារ ឈ្មោះ ឆោម ប្រសិដ្ឋ ហើយដែរ។
ប្រធានផ្នែកសិទ្ធិមនុស្សនៅសមាគមអាដហុក លោក នី សុខា បានជំរុញឱ្យតុលាការស៊ើបអង្កេត និងមានចំណាត់ការលើករណីនេះ ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ។
លោកថា៖ «ក្រុមពួកគាត់ដែលមិនសុខចិត្ត ហើយបានដាក់បណ្ដឹងទៅតុលាការនេះ អាហ្នឹងជាបណ្ដឹងអាជ្ញា […] ក្នុងនាមយើងជាសង្គមស៊ីវិល ស្នើសុំឱ្យតុលាការធ្វើការដោះស្រាយបញ្ហាបណ្ដឹងរបស់ប្រជាពលរដ្ឋទូទៅ ក្នុងការផ្ដល់យុត្តិធម៌ឱ្យបានត្រឹមត្រូវ ចៀសវាងការដោះស្រាយដោយមិនមានតម្លាភាព មិនមានសមភាពចំពោះមុខច្បាប់ ឬក៏ការដោះស្រាយក្នុងករណីដែលធ្វើយ៉ាងណាឱ្យតុលាការមានដោះស្រាយដោយឈរលើឯករាជ្យពិតប្រាកដ»។
ចាប់តាំងពីខែមិថុនាកន្លងមក ក្រុមស្ត្រីដែលជាភរិយានិងសាច់ញាតិរបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិ បាននាំគ្នាដាក់ញត្តិទៅបណ្ដាស្ថានទូតនានាក្នុងរាជធានីភ្នំពេញ និងបានធ្វើយុទ្ធនាការប្រមូលផ្តុំមុខសាលាដំបូងរាជធានីភ្នំពេញ រៀងរាល់ថ្ងៃសុក្រ ដើម្បីសុំកិច្ចអន្តរាគមន៍ និងទាមទារឱ្យតុលាការដោះលែងស្វាមីរបស់ពួកគេវិញ៕