ក្រុម​ប្រឹក្សា​សកម្ម​ភាព​ជន​ពិការ​ស្នើ​ UN​ ជួយ​អង្គ​ការ​ជន​ពិការ​​​អំឡុង​​វិបត្តិ​កូវីដ​១៩​

ជនពិការនិងអ្នកចូលរួមជាច្រើននាក់ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់កម្មវិធីចាក់បញ្ចាំងវីដេអូដែលរៀបរាបពីជីវិតជនពិការ កាលពី​រសៀលថ្ងៃទី៣០ ខែកញ្ញា នៅ​មជ្ឈមណ្ឌល ​បុប្ផា​ណា ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ។ (ហ៊ុន សិរីវឌ្ឍន៍)

អគ្គ​​លេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ស្នើ​អង្គការ​សហប្រជាជាតិប្រចាំនៅកម្ពុជា ជួយ​​​ដល់​​សមាគម​និង​អង្គការ​ជនពិការមួយចំនួនដែល​កំពុង​ខ្វះខាត​ធនធាន​ ក្នុង​អំឡុង​ពេលដែល​កម្ពុជា​កំពុង​ជួប​បញ្ហាជំងឺកូវីដ​១៩។

ការស្នើនេះ បានធ្វើឡើងនៅក្នុង​ជំនួបរវាងលោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និងជាអគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្ម​ភាពជន​ពិការ ជាមួយលោក នីក បេរេដហ្វត តំណាងកម្មវិធីអភិវឌ្ឍ​ន៍នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងសង្គមកិច្ច នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។

លោក ឯម ច័ន្ទមករា បាន​លើកឡើងក្នុងទំព័រ​ហ្វេស​ប៊ុក​របស់​លោកថា កន្លងមក ភាគច្រើន​ជនមានពិការភាព​តែងតែរៀនជំនាញ​ម៉ាស្សា សិល្បៈតន្ត្រី ប៉ុន្តែដោយ​សារមានបញ្ហាជំងឺ​កូវីដ១៩ ការ​ងារ​ម៉ាស្សាត្រូវបានផ្អាកមួយរយៈ ដែលបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។

ក្នុង​ជំនួបនោះ លោក​​បាន​ស្នើដល់​អង្គការសហប្រជាជាតិប្រចាំ​នៅ​កម្ពុជា ពិនិត្យលទ្ធភាពជួយដល់សមាគមនិងអង្គការជនពិការដែលកំពុង​ប្រឈម​បញ្ហាកូវីដ-១៩ ហើយត្រូវការធនធានសម្រាប់ដំណើរការអង្គភាព។

លោកបានគូសបញ្ជាក់​ថា៖ «ខ្ញុំស្នើសុំតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជួយពិចារណាធ្វើយ៉ាង​​ណាឱ្យអង្គការសមាគម​ដឹកនាំដោយជនមានពិការភាព ទទួលបានផលប្រយោជន៍ពិតប្រាកដ»។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះ បានបន្ថែមទៀតថា៖ «ការផ្តល់អំណោយបែបសប្បុរសធម៌ជាការល្អម្យ៉ាង ប៉ុន្តែសម្រាប់សម្រួលតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ប្រសិនបើយើងផ្តល់ទីប្រឹក្សាបច្ចេកទេសជួយដល់សមាគម-អង្គការដែលដឹកនាំ​ដោយជនមានពិការភាព ហើយបណ្ដុះ​បណ្ដាល​គាត់ពីជំនាញផ្នែកដឹក​​នាំ ផ្នែកយុទ្ធសាស្ត្រ ផ្នែកសរសេរគម្រោងជាដើម ពេលនោះគាត់​អាចមានសមត្ថភាពដឹកនាំនិងដាក់សំណើទៅដៃគូអភិវឌ្ឍន៍ ដើម្បី​មានលទ្ធភាពធ្វើការជាដៃគូសហការល្អជាមួយរដ្ឋាភិបាល»។

លោក ឯ​ម ច័ន្ទមករា បាន​ឱ្យដឹង​ទៀតថា លោក នីក បេរេដហ្វ តំណាង​​​ប្រចាំប្រទេសកម្មវិធី​អភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានស្វាគមន៍សំណើរបស់លោក ហើយ​អង្គការ​សហប្រជាជាតិដែលធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយរាជរដ្ឋាភិបាល​កម្ពុជា នឹង​​អនុវត្តតាមអាទិភាពដែលរដ្ឋាភិបាលកំណត់។

លោក ​នីក បេរេដហ្វ ត្រូវ​បានស្រង់ប្រសាសន៍បន្ត​ថា៖ «កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា មានឆន្ទៈខ្ពស់ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យពិការភាព ធ្វើយ៉ាងណាឱ្យជនមានពិការភាពទទួលបានសុខុមាលភាព សិទ្ធិទទួលបានការពារ មានជីវិតរស់នៅសមរម្យ»។

លោក នីក បានបន្តទៀតថា បញ្ហាជំងឺកូវីដ​១៩ បាន​បង្ក​ផល​ប៉ះពាល់​ដល់ប្រជាជនទាំងមូលនៅប្រទេសកម្ពុជា ក្នុង​នោះ ជនមានពិការភាពបាន​រង​ផល​​ប៉ះពាល់ខ្លាំងជាងគេ ដែលករណីនេះ ទាមទារ​ឱ្យ​មានការ​​គិតគូរបន្ថែមទៅដល់ពួកគាត់​ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានលទ្ធភាពបង្កើនចំណូលឱ្យពួកគាត់ឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ