ក្រុម​កម្មករ​ប្រមូល​សំរាម​គ្រោង​ដាក់​លិខិត​ទៅ​រដ្ឋបាល​​រាជ​ធានី​ភ្នំពេញ​ សុំ​ចរ​ចា​​រក​ដំណោះ​ស្រាយ​ម្តង​ទៀត​

កម្មករ​និយោជិត​ប្រមាណ​ជាង១០០០នាក់ ធ្វើការ​ផ្នែក​សម្អាត​ប្រមូល​សំរាម​ប្រចាំ​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​និង​កំពុង​បន្ត​ទាម​ទាមទារ​នូវ​អត្ថ​ប្រយោជន៍ សំណង​បញ្ចប់​កិច្ចសន្យា​និង​បញ្ឈប់​ពី​ការងារ ថ្ងៃ​ចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។ (សង់ត្រាល់)

ក្រុមកម្មករប្រមូលសំរាម បានប្រមូលស្នាមមេដៃត្រៀមដាក់​​លិខិតទៅរដ្ឋបាល​​រាជធានីភ្នំពេញ ដើម្បីសុំចរចា​រកដំណោះស្រាយជាថ្មី​ម្តងទៀត ខណៈរដ្ឋបាល​រាជធានី​​ប្រកាសជ្រើសរើសកម្មករថ្មី។

ក្រុម​កម្មករ​ជាង២ពាន់​នាក់​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​ ស៊ីន​ទ្រី បាននាំគ្នា​ធ្វើការ​​​តវ៉ាមិនចូល​​ធ្វើការ​តាំងពី​ថ្ងៃទី២ ខែតុលា មកដល់បច្ចុប្បន្ន ដើម្បី​ទាមទារ​ទៅ​​ថៅកែ​ទូទាត់ប្រាក់​​អត្ថ​ប្រយោជន៍​៥​ចំណុច រួម​​​មាន ​ប្រាក់​អតីតភាព​ការ​ងារ ប្រាក់​​ជំងឺចិត្ត ប្រាក់​​ជួស​ឱ្យការ​ជូនដំណឹង​មុន ប្រាក់ដំណាច់​ឆ្នាំ​ដែល​នៅសល់ និង​ប្រាក់ខែ​ខុង​ក្រោយ ខណៈការគ្រប់គ្រង​សំរាម​នៅ​រាជធានី​ភ្នំពេញ កំពុង​ឈាន​ទៅ​រក​ការបែងចែក​ឡើងវិញ​ជាមួយ​ក្រុមហ៊ុន​ថ្មី​ចំនួន២ទៀត។

លោក រ៉ង សារ៉ាយ អះអាងជាតំណាងកម្មករប្រមូល​សំរាម​ក្រុម​ហ៊ុន ស៊ីនទ្រី ប្រាប់វីអូឌី​នៅថ្ងៃអង្គារ​​នេះថា វិវាទការងារនេះបានអូសបន្លាយរយៈពេលជិត២សប្តាហ៍មក​ហើយ នៅ​មិនទាន់មានដំណោះស្រាយនោះទេ ដែលករណីនេះ​​ ក្រុមកម្មករកំពុងប្រមូលស្នាម​មេដៃសម្រាប់​ដាក់លិខិតមួយ​ទៅរដ្ឋបាល​​រាជធានីភ្នំពេញ ដើម្បីសុំជួបចរចា​​​រកដំណោះស្រាយម្តងទៀត។

តំណាងកម្មកររូបនេះ បន្តថា ចំពោះការចរចារកដំណោះស្រាយកន្លងមក ខាង​អាជ្ញាធរពាក់ព័ន្ធ ជាពិសេស រដ្ឋ​បាល​​រាជធានីភ្នំពេញ គ្រាន់តែសន្យា ប៉ុន្តែមិនបានធ្វើលិខិតបញ្ជាក់​ពេលវេលានៃការដោះស្រាយច្បាស់លាស់ឡើយ ខណៈក្រុមកម្មករបារម្ភខ្លាចបាត់បង់​អត្ថប្រយោជន៍ផ្សេងៗ បន្ទាប់ពីពួកគេត្រូវបែងចែក​ទៅក្រុមហ៊ុនថ្មី។

លោកបន្ថែមថា៖ «គាត់ [លោក ឃួង ស្រេង] គ្រាន់តែសន្យា អត់មាន​អី​ជា​អំណះអំណាងច្បាស់លាស់​ ដែលបងប្អូន​យើងអាចទទួលយក​បាន អីចឹងពួកគាត់នៅតែទាមទារ។ ពួកគាត់ចង់​បានភាពជាក់លាក់ជាងនេះ ទឹកចិត្តបងប្អូនយើងនៅតែចង់ទាមទារអត្ថប្រយោជន៍៥ចំណុចដដែល»

អភិបាលសាលា​​​រាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យ លោក ម៉េត មាស​ភក្តី បានបដិសេធអត្ថាធិប្បាយ ដោយ​ប្រាប់ថា កំពុងជាប់រវល់ចុះជួយ​ពលរដ្ឋដែលរងគ្រោះដោយសារ​​ទឹកជំន​ន់។

កាលពីថ្ងៃទី១២ ខែតុលានេះ រដ្ឋ​បាល​​រា​ជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយលើកឡើងថា កម្មករបើកបរនិង​កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី នៅតែបន្តធ្វើកូដកម្មខុសច្បាប់ មិនចេញប្រមូលសំរាមឡើយ លើក​លែងតែកម្មករបោសសម្អាតផ្លូវតែប៉ុណ្ណោះ បានចូលធ្វើការងារវិញ កាលពីថ្ងៃទី១០ ខែតុលា។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល បានអំពាវនាវដល់កម្មករប្រមូលសំរាមទាំងអស់ឱ្យចូលធ្វើការងារវិញ ដើម្បីកុំឱ្យ​​បាត់បង់​អត្ថប្រយោជន៍​​ផ្សេងៗដែលច្បាប់បានកំណត់។

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យ​ដឹងដែរ​ថា ពាក់ព័ន្ធនឹង​វិវាទការងារ​នេះ អាជ្ញាធរពាក់ព័ន្ធ​បានចុះសម្របសម្រួលដោះស្រាយជាច្រើនលើកច្រើនសារហើយ រហូតមានកិច្ចព្រមព្រៀង​កាលពីថ្ងៃទី៧ ខែ​តុលា ប៉ុន្តែចុងក្រោយ ក្រុមកម្មករនៅតែមិនគោរពកិច្ចព្រមព្រៀងនោះ ហើយបន្តធ្វើកូដកម្ម​ទាមទារអត្ថប្រយោជន៍ខុសច្បាប់ ដែលសាលារាជធានីភ្នំពេញមិនអាចដោះស្រាយជូនបានឡើយ។

ប្រធាន​សហព័ន្ធ​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល មានប្រសាសន៍ថា ក្រោយជួប​ចរចាជាមួយតំណាងរដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីក្រសួងការងារ កាលពីថ្ងៃទី៧ ខែតុលារួច​មក លោកក៏ចង់ឱ្យកម្មករចូលធ្វើការងារវិញដែរ ប៉ុន្តែកម្មករមិនព្រម។

ថ្នាក់ដឹកនាំសហជីពរូបនេះ ហាក់មិនមានជំនឿថា រដ្ឋបាល​​រាជធានីភ្នំពេញនឹងជួបចរចា​ម្តងទៀត ក្រៅពីជំរុញឱ្យ​​កម្មករចូលធ្វើការងារធម្មតាវិញ ព្រោះក្នុ​ងកិច្ច​ប្រជុំកាលពីសប្តាហ៍មុន​ រដ្ឋបាលរាជធានីភ្នំពេញបាន​បញ្ជាក់យ៉ាងច្បាស់​ហើយ​ថា ពេលដែលបែងចែកកម្មករទៅក្រុមហ៊ុនថ្មី នឹងមានការទូរទាត់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ។

លោកបន្ថែមថា៖ «កាល​ពីជួបប្រជុំកាលពីថ្ងៃទី៧ [ខែតុលា] ហ្នឹង លោក ឃួង ស្រេង បានបញ្ជាក់ច្បាស់ហើយថា ពេល​ដែលបញ្ចប់ទៅ អ្នកដែលទទួលខុសត្រូវទូរ​ទាត់សំណងឱ្យ​បងប្អូនកម្មករ គឺម្ចាស់ក្រុមហ៊ុន ស៊ីនទ្រី ហើយសាលាក្រុងជាអ្នក​ដឹង​ឮ​ថា ពេលដែល​បញ្ចប់ទៅ ក្រុមហ៊ុន ស៊ីនទ្រី ត្រូវតែទូរទាត់ជូនបងប្អូនកម្មករ»

ពាក់ព័ន្ធការតវ៉ា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី នេះ កាលពីថ្ងៃទី៨ ខែតុលា ក្រសួងការងារ និង​បណ្ដុះបណ្ដាល​​វិជ្ជាជីវៈ បានចេញលិខិតមួយ​​ព្រមានទៅ​លោក ទូច កុសល ប្រធាន​សហព័ន្ធ​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា ដោយចោទថា បាន​ដឹកនាំ​កម្មករ​ប្រមូល​សំរាម​ធ្វើកូដកម្ម​ខុសច្បាប់ ប៉ុន្តែត្រូវបានលោក ទូច កុសល ច្រានចោលការចោទប្រកាន់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ