ក្រសួង​​បន្ត​​អំពាវនាវ​​ដល់​​ពលរដ្ឋ​​ឱ្យ​​ប្រុង​ប្រយ័ត្ន​​ចំពោះ​​ជំនន់​​ទឹក​ភ្លៀង​

លំនៅឋានពលរដ្ឋដែលកំពុងតែជន់លិចដោយជំនន់ទឹកភ្លៀង ស្ថិតឃុំ កាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តស្ទឹងត្រែង Stung Treng Provincial Administration)

​ក្រសួងធនធានទឹក និងឧតុនិយម បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី២០ ខែតុលាខាងមុខនេះ។

សេចក្ដីជូនដំណឹង​ចេញផ្សាយ​នៅ​ថ្ងៃទី១៣ ខែតុលា​នេះ ក្រសួងធនធានទឹក និងឧតុនិយម ឱ្យ​ដឹង​ថា ព្យុះ​ទី១៦ ឈ្មោះ ណាង​កា (Nangka​) និង​ព្យុះ​ទី១៧ ឈ្មោះ សូ​ដែល (Saudel​) ដែល​មាន​កម្លាំង​ខ្លាំង នឹង​មាន​ឥទ្ធិពល​លើ​ផ្នែក​ខ្លះ​នៃ​ប្រទេស​វៀតណាម រួច​បន្ថយឥទ្ធិពល​ជាបន្តបន្ទាប់ ដោយ​បន្ត​ឆ្លងកាត់​ចូល​ប្រទេស​កម្ពុជាតាម​ខេត្តរតនគិរី ចាប់ពី​ថ្ងៃទី១៨​-១៩ ខែតុលា ក្នុង​កម្លាំង​ជា​វិសម្ពាធនិង​សម្ពាធ​ទាប។

ក្រសួង​បន្ត​ថា ប្រព័ន្ធ​សម្ពាធ​ទាប​នេះនឹង​បន្ត​លាតសន្ធឹង​លើ​ប្រទេស​កម្ពុជា ដែល​នាំ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់បក់​ខ្លាំងនិង​រលក​សមុទ្រ​ខ្ពស់​ៗ ចាប់ពី​ថ្ងៃទី១៦​-២០ ខែតុលា ឆ្នាំ២០២០។

ករណីនេះ ក្រសួងធនធានទឹក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទី​ទំនាប ក្បែរផ្លូវ​ទឹក ជាប់​តំបន់​ភ្នំ និង​ជួរភ្នំ ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

បើ​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឱ្យ​ដឹង​កាលពី​ថ្ងៃម្សិលមិញ​ថា ចាប់តាំងពី​ថ្ងៃទី១ ដល់​ថ្ងៃទី១២ ខែតុលា​នេះ ជំនន់​ទឹកភ្លៀង​បាន​បង្ក​ផល​ប៉ះពាល់​ដល់​រាជធានី​-ខេត្ត​ចំនួន​១៦ និង​បាន​សម្លាប់​មនុស្ស១០នាក់ ខណៈ​ប្រជាពលរដ្ឋ​ជាង១ម៉ឺន​នាក់ ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទី​ទួ​លសុ​វត្ថិ​ភាព​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ