អ្នក​​ស្លាប់​​នៅ​​វៀតណាម​​ដោយ​សារ​​គ្រោះ​​ទឹក​ជំនន់​​កើន​​ដល់​២៣​នាក់​​

ទិដ្ឋភាព​ពីលើ​អាកាស​នៃ​តំបន់ Hue ក្រុង​ភាគ​កណ្ដាល​ប្រទេស​វៀតណាម ដែល​ត្រូវ​បាន​លេប​ត្របាក់​ដោយ​ទឹកជំនន់។ (AFP/Hoang Anh)

មនុស្ស​ចំនួន២៣នាក់​បាន​បាត់បង់ជីវិតនិង​រាប់​សិប​នាក់​ទៀត​បាន​បាត់ខ្លួន បន្ទាប់ពី​ទឹកជំនន់​បាន​ជន់​លិច​ផ្ទះ​ជាច្រើន និង​ទូក​នេសាទ​មួយចំនួន​ត្រូវ​បាន​វាយ​ពន្លិច​ដោយ​រល​កធំៗនៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម។

រូបភាព​ដែល​បង្ហោះ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ បាន​បង្ហាញ​ពី​ទិដ្ឋភាព​ភូមិ​ទាំងមូល​នៃ​ខេត្ត​ក្វាង​ទ្រី និង​ក្វាង​ណាម ត្រូវ​បាន​លិចលង់ដោយ​ទឹកជំនន់ ខណៈ​ទីក្រុង​ហ៊ូ និង​តំបន់​ទេស​ចរ​ណ៍ផ្សេងទៀត ក៏​ត្រូវ​បាន​រង​ឥទ្ធិពល​ទឹកជំនន់​ដូចគ្នា។

អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​វៀតណាម​ បាន​និយាយ​ថា ​ផ្ទះ​ជាង​មួយ​សែន​ខ្នង​ត្រូវ​បាន​ជន់​លិច​ដោយ​ទឹកជំនន់ ស្រប​ពេល​ដែល​មនុស្ស​ជិត៤៦ ០០០នាក់​ត្រូវ​បាន​ជម្លៀស​ចេញ។

តាម​ប្រភព​សារព័ត៌មាន Channel News Asia បាន​បង្ហាញថា យោធា​វៀតណាម​បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រក្នុង​ការស្វែងរក​អ្នកនេសាទ​ចំនួន៦នាក់ដែល​ត្រូវ​បាន​ទឹកសមុទ្រ​កួច​យក​ទៅ នៅ​ខេត្ត Quang Tri ។

ប្រភព​ដដែល​បាន​បន្ថែម​ថា ក្នុងចំណោម​អ្នកនេសាទ​ទាំង៦នាក់​នោះ ត្រូវ​បាន​រក​ឃើញថា មាន​អ្នកនេសាទ៣នាក់​ត្រូវ​បាន​ស្លាប់និង៣នាក់​ទៀត​កំពុង​បាត់ខ្លួន។

ប្រទេស​​វៀតណាមកំពុងតែ​ត្រៀម​លក្ខណៈការពារភ្លៀង​ធ្លាក់​ខ្លាំង​ម្តង​ទៀត ដែល​បង្ក​ពី​ព្យុះ​មួយ ដែល​មាន​ប្រភព​ពី​សមុទ្រ​ចិន​ខាងត្បូង។

ទីភ្នាក់ងារ​អាកាសធាតុ​ជាតិ​វៀតណាម ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ព្យុះ​ណា​នកា ​នឹង​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រហូតដល់៤០០មីលីម៉ែត្រ នៅ​តំបន់​ខ្លះនៃ​ភាគ​ខាងជើងនិង​ភាគ​កណ្តាល​ប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃពុធដល់​ថ្ងៃសុក្រ។

តំបន់ឆ្នេរ​ផ្នែក​កណ្តាល​របស់​វៀតណាម ជា​តំបន់​ងាយ​រងគ្រោះ​បំផុត ក្នុង​អំឡុង​ខែមិថុនានិង​វិច្ឆិកា ស្រប​ពេល​ដែល​ប្រទេស​វៀតណាម តែងតែ​ទទួលរង​អាកាសធាតុ​ដ៏​អាក្រក់​នេះ​ជា​ញឹកញាប់ ក៏​ព្រោះតែ​ប្រទេស​នេះ​មាន​ឆ្នេរសមុទ្រ​វែង។ គ្រោះមហន្តរាយ​ធម្មជាតិ​ភាគច្រើន​ជា​ទឹកជំនន់និង​ការ​បាក់​ដី ដែល​បង្កឡើង​ដោយ​ព្យុះ បាន​សម្លាប់​មនុស្ស១៣២នាក់ និង​រង​របួស២០៧នាក់​ផ្សេងទៀតនៅក្នុង​ប្រទេស​នេះកាលពី​ឆ្នាំមុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ