មន្ត្រី​ខេត្ត​​កណ្តាល​ បិទ​​ចរាចរណ៍​​រថយន្ត​​ធុន​​ធំ​​នៅ​​កំណាត់​ផ្លូវ​​ជាតិ​៩​ខ្សែ​ ដោយ​សារ​​ទឹក​ហូរ​​កាត់​

អាជ្ញាធរខេត្តចុះពិនិត្យស្ថានភាពទឹកជំនន់នៅទ្វារទឹកស្ពាន៧មករា និងជំនន់ទឹកភ្លៀងដែលជន់លិចផ្លូវជាតិលេខ៣ ស្ថិតនៅឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកណ្តាល)

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល បាន​ជូនដំណឹង​ពី​ការ​បិទ​ចរាចរណ៍​រថយន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ នៅ​លើ​កំ​ណា់​តផ្លូវជាតិ​ធំ​តូច​ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​ចំនួន៩ខ្សែ ជា​បណ្ដោះអាសន្ន ក្រោយពី​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់។

សេចក្តី​ជូនដំណឹង​របស់​មន្ទីរ​សាធារណការ​ខេត្ត កាលពី​ថ្ងៃម្សិលមិញ បានឱ្យ​ដឹង​ថា ផ្លូវជាតិ​តូច​ធំ ដែល​បាន​បិទ​ចរាចរណ៍​រថយន្ត​ធុន​ធ្ងន់​ជា​បណ្តោះអាសន្ន​នោះ រួមមាន ផ្លូវជាតិ​លេខ ២, ៣, ៤, ៥, ២០​, ២០អា​, ២១​, ២១អា និង​ផ្លូវជាតិ​លេខ ២១បេ។

មន្ទីរ​សាធារណការ បន្ត​ថា ការប្រកាស​បិទ​ចរាចរណ៍​លើ​ផ្លូវ​ទាំងនេះ គឺ​ដោយសារ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន​និង​កំពុង​ជន់​ឡើង​យ៉ាង​ខ្លាំង ដែល​បាន​បណ្ដាល​ឱ្យ​ទឹក​លិច​កំណាត់ផ្លូវ​មួយចំនួន​នៅក្នុង​ខេត្ត ហើយ​ស្ថានភាព​បែបនេះធ្វើ​ឱ្យ​ផ្លូវនិង​ស្ពាន​មិន​អាច​ទ្រាំទ្រ​នឹង​ទម្ងន់​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​បាន​នោះ​ទេ។

កាលពី​យប់​ថ្ងៃពុធ​ម្សិលមិញ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ក៏បាន​បញ្ជា​ឱ្យ​ក្រុមការងារ​បិទ​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទនៅ​លើ​កំណាត់ផ្លូវ​លេខ ២១៧ ក្បែរ​រង្វង់​មូល​កួរស្រូវ ស្ថិត​ក្នុង​ខណ្ឌដង្កោ ជា​បណ្តោះអាសន្ន​ផង​ដែរ ដោយសារ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ទឹកស្ទឹង​ព្រែកត្នោត បាន​ហូរកាត់​ផ្លូវ​នេះ​ខ្លាំង។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ពលរដ្ឋដែល​ឆ្លងកាត់​ផ្លូវ​នេះ មេត្តា​ពង្វាង​ចរាចរណ៍​ទៅកាន់​ផ្លូវ​ផ្សេង។

រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន លោកទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល មានប្រសាសន៍​ពេលចុះត្រួត​ពិនិត្យ​ស្ថានភាពទឹកជំនន់​នៅក្នុង​ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃនេះ​ថា ​ជំនន់​ទឹកភ្លៀង បាន​បង្ក​ផល​ប៉ះពាល់ដល់​​​ផ្លូវចំនួន៨៧ខ្សែ ដែលមាន​ប្រវែង២៤៣​គីឡូ​ម៉ែត្រ ស្មើ​នឹង១៩៩កំណាត់ នៅ​​​ក្នុង​ខេត្ត​ចំនួន​១៣។

លោក​បន្ត​ថា ផ្លូវ​ដែល​រង​ផល​ប៉ះពាល់​ក្នុង​ខេត្ត​ទាំង១៣នោះ រួមមាន ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ កែប កំពង់ស្ពឺ ប៉ៃលិន កណ្ដាល ព្រៃវែង ឧត្តរមានជ័យ និង​ខេត្តសៀមរាប។

បើ​តាម​លោក​រដ្ឋមន្ត្រី មកដល់ពេលនេះ ក្រុមការងារ​ក្រសួង​កំពុង​បន្ត​ចុះ​តាមដាននិង​វាយតម្លៃ​ស្ថានភាព​ផ្លូវ​ដែល​រង​ការខូចខាត ដើម្បី​ត្រៀម​ជួសជុល​ឡើងវិញក្រោយពេល​ជំនន់​ទឹកភ្លៀង​ស្រក​ចុះ​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ