តួលេខរបស់ស្ថាប័នរដ្ឋាភិបាលបង្ហាញថា ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់មួយរយៈចុងក្រោយនេះ បានកើនឡើងដល់ចំនួន២៥នាក់ហើយ ក្នុងនោះកុមារ៧នាក់ផងដែរ។
របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ចេញនៅថ្ងៃនេះ បង្ហាញថា ទឹកជំនន់បានវាយប្រហារខេត្ត-រាជធានីចំនួន១៩នៅទូទាំងប្រទេសកម្ពុជា ដោយបានប៉ះពាល់ប្រជាពលរដ្ឋជិត៨ម៉ឺនគ្រួសារ ឬស្មើនឹងជាង៣១ម៉ឺននាក់នៅទូទាំងប្រទេស ចន្លោះពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃនេះ។
តួលេខរបស់ស្ថាប័ននេះ ឱ្យដឹងផងដែរថា ពលរដ្ឋស្លាប់ពាក់ព័ន្ធនឹងទឹកជំនន់ក្នុងរយៈពេលជិត២ខែនេះ កើនឡើងដល់២៥នាក់ ក្នុងនោះក្មេងតូចៗ៧នាក់នៅតាមបណ្ដាខេត្តចំនួន៥ នៅក្នុងចំណោមខេត្ត១៩ដែលរងគ្រោះដោយទឹកជំនន់។
ក្រៅពីប៉ះពាល់ដល់ជីវិតមនុស្ស គ.ជ.គ.ម. ក៏បានឱ្យដឹងទៀតថា ទឹកជំនន់បានជន់លិចផ្ទះសម្បែងពលរដ្ឋជាង៧ម៉ឺន៣ពាន់ខ្នង ក្នុងនោះខូចខាតអស់៥៦ខ្នង ខណៈវាក៏ជន់លិចសាលារៀនដល់ទៅ៥៦៨កន្លែងផងដែរ។
ជាងនេះទៀត ទឹកជំនន់ក៏បានលិចលង់ស្រូវស្រែអស់ជាង២១ម៉ឺនហិកតា និងដំណាំរួមផ្សំសរុបជិត៨ម៉ឺនហិកតា ខណៈហេដ្ឋារចនាសម្ព័ន្ធដូចជា ប្រព័ន្ធធារាសាស្ត្រ និងផ្លូវថ្នល់ដល់ទៅរាប់ពាន់គីឡូម៉ែត្រ ក៏រងផលប៉ះពាល់ពីទឹកជំនន់នេះផងដែរ៕