គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានឱ្យដឹងថា មានពលរដ្ឋដល់ទៅជាង២៥ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតថ្មីក្នុងរយៈពេល១៨ថ្ងៃកន្លងមកនេះ ខណៈរយៈពេលនៃការចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នឹងត្រូវបញ្ចប់នៅត្រឹមល្ងាចថ្ងៃនេះ។
តួលេខចេញដោយ គ.ជ.ប. បង្ហាញថា គ.ជ.ប. បានចុះឈ្មោះពលរដ្ឋថ្មី២៥៦ ៥៤៥នាក់នៅក្នុងបញ្ជីបោះឆ្នោតនៅចន្លោះថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែតុលា ដែលស្មើនឹង៨៥,៤០ភាគរយនៃចំនួនពលរដ្ឋជាង៣សែននាក់ ត្រូវចុះឈ្មោះបោះឆ្នោតថ្មី។
បើតាមគ.ជ.ប. ពលរដ្ឋថ្មីទើបតែគ្រប់អាយុដែលត្រូវទៅចុះឈ្មោះបោះឆ្នោតនៅក្នុងឆ្នាំនេះ មានចំនួន៣០០ ៣៩០នាក់នៅទូទាំងប្រទេស ដែលនាំឱ្យចំនួនពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយមានសិទ្ធិបោះឆ្នោត កើនពីចំនួនជាង៨លាន៦២ម៉ឺននាក់ នៅឆ្នាំ២០១៩ ទៅដល់ចំនួនជាង១០លាន៣៨ម៉ឺននាក់ នៅឆ្នាំ២០២០នេះ។
តួលេខចេញដោយ គ.ជ.ប. បង្ហាញឱ្យឃើញទៀតថា ពលរដ្ឋដល់ទៅជាង១៤ម៉ឺននាក់ ត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ខណៈពលរដ្ឋជាង៨ម៉ឺន៨ពាន់នាក់ បានស្នើសុំកែប្រែទិន្នន័យផ្ទាល់ខ្លួន ហើយពលរដ្ឋជាង៨ម៉ឺន៣ពាន់នាក់ទៀត បានផ្លាស់ប្ដូរទីកន្លែងបោះឆ្នោតរបស់ពួកគេ។
គិតត្រឹមថ្ងៃចន្ទនេះ ពលរដ្ឋដល់ទៅជាង៨លាន៨៨២ម៉ឺននាក់ ចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចរាល់ហើយ ដែលស្មើនឹង៨៥,០៣ភាគរយនៃពលរដ្ឋសរុបដែលត្រូវបានអនុញ្ញាតឱ្យបោះឆ្នោត៕