ទឹក​ជំនន់​​វាយ​​ប្រហារ​​ខេត្ត​​បន្ទាយ​មាន​ជ័យ​ មនុស្ស​​ស្លាប់​​កើន​​ដល់​១៧​នាក់​

ក្រុម​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ចុះ​ពិនិត្យ​និង​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នា​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​)

​របាយការណ៍​របស់​អាជ្ញាធរ​បាន​ឱ្យដឹង​ថា មនុស្ស​ដល់ទៅ១៧នាក់​ហើយ​បាន​ស្លាប់​ពាក់ព័ន្ធ​នឹង​ទឹកជំនន់​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ បន្ទាប់ពី​ខេត្ត​នេះ​បាន​រងទឹក​ជំនន់​ល្វឹងល្វើយ ក្រោយ​ការ​បាក់​ទំនប់ទឹក​មួយ​នៅក្នុង​ប្រទេស​ថៃ។

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃនេះ​ថា ទំនប់​ទឹ​កខៃ​ដនដែល​ស្ថិតនៅ​ក្រុង​ប៉ោយប៉ែត បាន​បាក់​ប្រវែង១៥ម៉ែត្រ ហើយ​ធ្លាយ​ទឹកហូរ​កាត់​ផ្លូវជាតិ​លេខ៥។

ក្នុង​របាយការណ៍​របស់​ខ្លួន រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ប្រកាស​ថា ទឹកជំនន់​នៅ​ខេត្ត​មួយ​នេះ បាន​ជន់​លិច​ស្រុក​-ក្រុង​ទាំង៩របស់​ខេត្ត​នេះ ហើយ​ប៉ះពាល់​ប្រជាពលរដ្ឋ​ជិត២ម៉ឺន៧ពាន់​គ្រួសារ។

អាជ្ញាធរ​ខេត្ត​នេះ អះអាង​ថា ប្រជាពលរដ្ឋ​ដល់ទៅ​ចំនួន៤ ២២២គ្រួសារ ឬស្មើនឹង​ជាង​១ម៉ឺន​៦ពាន់​នាក់ ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព។

រដ្ឋបាល​ខេត្ត​នេះ​ក៏បាន​ឱ្យដឹង​ផង​ដែរ​ថា មនុស្ស១៧នាក់បាន​ស្លាប់​ពាក់ព័ន្ធ​នឹង​ទឹកជំនន់​ចាប់តាំងពី​ដើមខែ​តុលា​នេះ។

បើ​តាម​របាយការណ៍​ដដែល ទឹក​ជនន់​ដែល​ហូរ​ធ្លាក់​មក​ពី​ប្រទេស​ថៃ​ចាប់តាំងពី​ថ្ងៃទី១៧ ខែតុលា​នោះ បាន​ជន់​លិច​ស្រូវ​ស្រែ​ទំហំ​ជាង៦ម៉ឺន២ពាន់​ហិ​កតា ដំឡូងមី​ជិត១ម៉ឺន​ហិ​កតា និង​ដំណាំ​រួម​ផ្សំផ្សេងទៀត​ដល់ទៅ៥៤៣ហិ​កតា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ