ក្រសួង​​ណែនាំ​​ឱ្យ​​ប្រុង​ប្រយ័ត្ន​​ចំពោះ​​ការ​​ហក់​​ឡើង​​នៃ​​ទឹក​ទន្លេ​​មេគង្គ​​នៅ​​ចុង​សប្ដាហ៍​​នេះ​​

ស្ថានភាពទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨។ (ហ្វេសប៊ុក៖ ក្រសួងធនធានទឹក និងឧតុនិយម)

ក្រសួងធនធានទឹក និងឧតុនិយម បាន​ប្រកាស​ថា ទឹកទន្លេ​មេគង្គ​នឹង​ហក់​ឡើង​កាន់តែ​ខ្ពស់​ថែមទៀត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃខាងមុខ​នេះ ក្រោយពី​អាងទន្លេ​មេគង្គ​លើ​ទទួលរង​ទឹកភ្លៀង​ធ្លាក់​ច្រើន។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ ក្រសួង​ប្រកាស​ថា ប្រទេស​ឡាវនិង​បណ្ដា​ខេត្ត​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស​កម្ពុជា កំពុង​ទទួលរង​ភ្លៀង​ធ្លាក់​យ៉ាងច្រើន​ដោយសារតែ​ប្រព័ន្ធ​សម្ពាធ​ទាប។

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាស​ថា កម្រិត​ទឹកទន្លេ​មេគង្គ​នៅ​ខេត្ត​ស្ទឹងត្រែង នឹង​ហក់​ឡើង​ដល់​កម្ពស់៩ម៉ែត្រ​កន្លះ​នៅ​ថ្ងៃសៅរ៍​ខាងមុខនេះ ហើយ​កម្រិត​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តក្រចេះ នឹង​ហក់​ឡើង​ដល់​កម្ពស់២០ម៉ែត្រ​នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ។

បើ​តាម​ការព្យាកររបស់ក្រ​សួង កម្រិត​ទឹកទន្លេ​មេគង្គ​នៅ​ខេត្ត​កំពង់ចាម នឹង​ហក់​ឡើង​ដល់​កម្ពស់​១៤,១០ម៉ែត្រ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។

ប៉ុន្តែក្រសួង​អះអាង​ថា កម្ពស់​ទឹកទន្លេ​មេគង្គ​ផ្នែក​ខាងលើ​នៅ​មានកម្រិត​ទាប​ជាង​កម្រិត​ប្រកាស​អាសន្ន​នៅឡើយ​ទេ។

ទោះជាយ៉ាងណា ក្រសួង​បាន​ណែនាំ​ទៅ​ប្រជាពលរដ្ឋនិង​អាជ្ញាធរ​ដែនដី​នៅ​តាម​ដងទន្លេ​មេគង្គ​ផ្នែក​ខាងលើ ឱ្យបង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ