រដ្ឋា​ភិបាល​​សម្រេច​​លុប​និង​​ព្យួរ​​អាជ្ញា​ប័ណ្ណ​​ប្រតិបត្តិ​​ករ​​ទូរ​គមនា​គមន៍​១៧​ក្រុមហ៊ុន​

អាគារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ រូបភាព៖ ជន ចាន់រ៉ែន

​រដ្ឋាភិបាល​បានសម្រេច​លុបចោលនិង​ព្យួរ​អាជ្ញាប័ណ្ណ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍១៧ក្រុមហ៊ុន ដោយ​ថា ក្រុមហ៊ុន​ទាំងនេះមិន​ដំណើរការ​អាជីវកម្ម​របស់​ពួក​គេ។

សេចក្ដីសម្រេច​បែបនេះ​របស់​រដ្ឋាភិបាល ត្រូវ​បាន​ប្រកាស​ឱ្យដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​របស់ក្រ​សួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចុះ​ថ្ងៃទី២០ ខែតុលា​ ម្សិលមិញ​នេះ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នោះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​និយាយ​ថា ប្រតិបត្តិ​ករ​ទូរគមនាគមន៍​មួយចំនួនបាន​គេចវេះ​មិន​បង់​ចំណូល​ដល់​រដ្ឋ ខណៈ​ក្រុមហ៊ុន​ខ្លះ​មិន​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ឡើយ និង​គ្មាន​សូម្បី​បុគ្គលិក​បម្រើ។

ជាង​នេះ​ទៀត ក្រសួង​និយាយ​ថា ក្រុមហ៊ុន​ខ្លះទៀត​ថែមទាំង​បាន​លាក់បាំង​ប្រាក់ចំណូល​របស់​ខ្លួន​ពី​មន្ត្រី​អធិការកិច្ច​របស់ក្រ​សួង​ដែល​ចុះទៅ​ត្រួតពិនិត្យ​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ ក្រសួង​បាន​អះអាង​ថា ខ្លួន​បាន​ណែនាំ​ទៅ​ក្រុមហ៊ុន​ទាំងនោះឱ្យ​ទូទាត់​បំណុល​ដែល​ជំពាក់​រដ្ឋ បំណុល​ជំពាក់​ឯកជន បំណុល​ពន្ធដារ និង​ការទទួលខុសត្រូវ​លើ​អត្ថ​ប្រយោជន៍​របស់​បុគ្គលិក ក្រោយពី​ប្រតិបត្តិ​ករ​ទាំងនេះត្រូវ​បាន​លុបចោល​អាជ្ញាប័ណ្ណ។

តាម​បញ្ជី​ឈ្មោះ​ដែល​បញ្ចេញ​ដោយ​ក្រសួង អាជ្ញាប័ណ្ណ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន១៦ ដែល​សុទ្ធតែ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេ​វា​អ៊ី​នធឺណិ​ត ត្រូវ​បាន​លុបចោល ខណៈ​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន១ទៀតត្រូវ​បាន​ព្យួរ​។

កញ្ញា ទន សុ​គន្ធា នាយិកា​ខុទ្ទកាល័យ​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ក្រសួង​បានសម្រេច​ចាត់វិធានការ​បែបនេះ បន្ទាប់ពី​ក្រុមហ៊ុន​ទាំងនេះ​ខកខាន​មិនបាន​ទូទាត់​បំណុល​ជូន​រដ្ឋ។

មន្ត្រី​រូប​នេះឱ្យ​ដឹង​ទៀត​ថា ក្រសួង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ត្រួតពិនិត្យ​ទៅលើ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍២៧ទៀត នៅក្នុងចំណោម​ក្រុមហ៊ុន​សរុប​ចំនួន១២៧ ដែល​កំពុង​កាន់កាប់​អាជ្ញាប័ណ្ណ​ផ្គត់ផ្គង់​សេវា​ទូរគមនាគមន៍​នៅ​ទូទាំង​ប្រទេស។

នៅពេល​ត្រូវ​បាន​សួរ​បន្ថែម​ថា តើ​ក្រសួង​នឹង​ចាត់វិធានការ​ដូចម្ដេច​ទៀត ប្រសិនបើ​ក្រុមហ៊ុន​នៅតែ​មិន​ទូទាត់​បំណុល​ជូន​រដ្ឋ​នោះ កញ្ញា សុ​គន្ធា ប្រាប់​ថា អគ្គនាយក​ដ្ឋាន​ពន្ធដារ នឹង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​តាម​ប្រព័ន្ធ​តុលាការដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

វី​អូ​ឌី​មិន​អាច​សុំ​ការ​ពន្យល់​ពីអ​គ្គ​នាយក​ពន្ធដារ លោក គង់ វិបុល បានទេ​នៅ​ថ្ងៃនេះ ដោយ​ទូរសព្ទ​ចូល​មិន​មាន​អ្នកទទួល។

ចំណែក​អ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខ​សេន​សាន ប្រាប់​ថា ទាក់ទង​ការ​ដាក់ទណ្ឌកម្ម​ព្យួរឬលុប​អាជ្ញាប័ណ្ណ រួម​ទាំង​ការ​ប្តឹង​ទាមទារ​ឱ្យក្រុមហ៊ុន​លក់​ទ្រព្យ​សម្បត្តិ​ឡាយឡុង​ទូទាត់​ប្រាក់​សង​មករ​ដ្ឋ គឺជា​កាតព្វកិច្ច​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

លោក​អះអាង​ថា តួនាទី​របស់ក្រ​សួង​សេដ្ឋកិច្ច និង​ហរិ​ញ្ញ​វត្ថុ មាន​សិទ្ធិ​ត្រឹមតែ​ត្រួតពិនិត្យ​ពី​ចំណូល​ចំណាយ​របស់​ក្រុមហ៊ុន​ដែល​បង់​ចូល​ទៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​តែប៉ុណ្ណោះ។

លោក មាស សុខ​សេន​សាន ប្រាប់​ថា៖ «យើង​គ្រាន់តែ​គ្រប់គ្រង​ចំណូល​ចំណាយ។ បើ​ពិនិត្យ​ឃើញ​នីតិវិធី​ខុស យើង​បញ្ជូន​ទៅ​ក្រសួង​សា​ម៉ី​ប្រតិបត្តិ​ការ​បន្ត បើសិនជា​ពាក់ព័ន្ធ​មិន​ប្រក្រតី»។

ក្រុមហ៊ុន​ផ្គត់ផ្គង់​សេ​វា​អ៊ី​នធឺ​ណិ​ត ATA Telecom គឺជា​ប្រតិបត្តិ​ករ​មួយ​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន១៦ផ្សេងទៀត ដែល​ត្រូវ​រដ្ឋ​លុបចោលឬព្យួរ​អាជ្ញាប័ណ្ណ។

លោក ផាន ចិន្ដា អ្នកគ្រប់គ្រង​ទូទៅ​នៃ ATA Telecom ប្រាប់​ថា ក្នុង​អំឡុង​កូ​វីដ១៩នេះ ក្រុមហ៊ុន​របស់​លោក​ខកខាន​បង់ពន្ធ​កម្រៃ​អាជ្ញាប័ណ្ណ​ប្រចាំខែ១០ភាគរយ​ជូន​រដ្ឋ ដែល​មាន​ទឹកប្រាក់​សរុប​ប្រហែល​ជិត២ម៉ឺន​ដុល្លារ​អាមេរិក ដោយសារតែ​អតិថិជន​របស់​ក្រុមហ៊ុន​ឈប់​ប្រើប្រាស់​សេវា​របស់​ក្រុមហ៊ុន​ប្រហែលជា​ជិត១០០នាក់។

លោក ចិន្តា បន្ត​ថា បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​លោក​នឹង​ទំនាក់ទំនង​ទៅ​ក្រសួង​ដើម្បីសង​លុយ​ដែល​ជំពាក់ ហើយ​ស្នើសុំ​ឱ្យបើក​ដំណើរការ​ប្រតិបត្តិ​ការ​របស់​ខ្លួន​ឡើងវិញ។

លោក ផាន ចិន្ដា ប្រាប់​ថា៖ «មួយ​រយៈ​មុន​កូ​វីដ យើង​បង់​ទៀងទាត់ ប៉ុន្តែដោយសារតែ​មួយ​រយៈ​កូ​វី​ដនេះ យើង​អត់​បាន​ផ្ញើរ​បាយ​ការណ៍។ និយាយទៅ ​បំណុល​នៅតែ​សង ប៉ុន្តែដោយសារតែ​មួយ​រយៈ​នេះ អត់មាន​លុយ ពួក​ខ្ញុំ​ខាន​បង់​ប្រហែលជា​ខ្ទង់ ១ម៉ឺន៩ពាន់​ដុល្លារ ឬ ២ម៉ឺន​ដុល្លារ»៕


សេចក្ដីកែតម្រូវ៖ សូមធ្វើការកែតម្រូវកថាខណ្ឌទី៨និងទី៩ខាងលើ ទៅជា៖

មន្ត្រី​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ក្រសួង​បាន​ចុះ​អធិការកិច្ច​ទៅលើ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន៣០ ហើយ​បានសម្រេច​លុបនិង​ព្យួរ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ចំនួន១៧នេះ បច្ចុប្បន្ន​ ក្រសួង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​បន្ត​ត្រួតពិនិត្យ​ទៅលើ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍១៦ផ្សេងទៀត នៅក្នុងចំណោម​ក្រុមហ៊ុន​សរុប​ចំនួន១២៧ដែល​កំពុង​កាន់កាប់​អាជ្ញាប័ណ្ណ​ផ្គត់ផ្គង់​សេវា​ទូរគមនាគមន៍​នៅ​ទូទាំង​ប្រទេស។

នៅពេល​ត្រូវ​បាន​សួរ​បន្ថែម​ថា តើ​ក្រសួង​នឹង​ចាត់វិធានការ​ដូចម្ដេច​ទៀត ប្រសិនបើ​ក្រុមហ៊ុន​នៅតែ​មិន​ទូទាត់​បំណុល​ជូន​រដ្ឋ​នោះ កញ្ញា សុ​គន្ធា ប្រាប់​ថា ក្រសួង​នឹង​អនុវត្ត​នីតិវិធី​បន្ត​តាមច្បាប់​ស្តី​ពី​ទូរគមនាគមន៍និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ជាធរមាន​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ