បទ​​យក​ការណ៍​៖ អ្នក​ភូមិ​​បន្ទោស​​លើ​​ទំនប់​​វារី​​អគ្គិស​នី​​នៅ​​ឡាវ​​ថា ​ធ្វើ​​ឱ្យ​​ទន្លេ​មេគង្គ​​ប្រែប្រួល​​

ប្រជា​នេសាទ​ម្នាក់​លក់​ត្រី​ដែល​ខ្លួន​រកបាន នៅ​ផ្សារត្រី​ក្នុង​ក្រុង​ស្ទឹងត្រែង នា​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។ (Enric Catal​)

ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង៖ «កោះ​ព្នៅ»​ ជា​កោះ​មួយ​នៅក្នុង​ដែន​ទន្លេមេគង្គ។ កោះ​នេះ​មានផ្ទៃ​ដី​ធំល្មម​គ្រប់គ្រាន់​ដែល​អាច​ទ្រាំទ្រ​នឹង​វដ្ត​នៃ​ការ​ស្រក​ឡើងចុះ​របស់​ទន្លេមេគង្គ​បាន។ នៅ​រសៀល​មួយ​ក្នុង​ខែសីហា ​ប្រធាន​សហគមន៍​នេសាទ​កោះ​ព្នៅ និង​សមាជិក​ មក​ជួបជុំគ្នា​រំឭក​ឡើងវិញ​អំពី​ទឹកជំនន់​កាលពី​ឆ្នាំមុន​ដែល​បាន​ធ្វើ​ឱ្យ​អ្នកភូមិ​ភ័យ​ស្លន់ស្លោ​ជា​ខ្លាំង។

ភ្លៀង​ធ្លាក់​នៅ​រដូវវស្សា នៅ​ភូមិសាស្ត្រ​នេះ ​ជា​ធម្មតា​តែង​បណ្តាល​ឱ្យ​មាន​ទឹកជំនន់ ប៉ុន្តែ​ទឹកឡើង​អស់​ដល់​ត្រឹម​ជង្គង់​តែប៉ុណ្ណោះ នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​លោក មុយ ផាន់ ប្រធាន​សហគមន៍​នេសាទ​កោះ​ព្នៅ។ ឯជំនន់​ទឹកទន្លេ​មេគង្គ​កាលពី​ខែកញ្ញា​ឆ្នាំមុន​នេះ គឺជា​លើកដំបូង​បង្អស់​ដែល​លិច​កោះ​រហូតដល់​អ្នកភូមិ​កោះ​ព្នៅ​ ត្រូវ​បង្ខំចិត្ត​ជម្លៀស​ចេញពីផ្ទះ​សម្បែង។

បើ​តាម​ការអង្កេត​ជា​ផ្លូវ​ការ ទឹកទន្លេ​មេគង្គ​នា​ពេលនោះ​ បាន​ហក់​ឡើង​រហូតដល់១២ម៉ែ​ត្រ ហួស​កម្រិត​ប្រកាស​អាសន្ន​ដែល​នៅ​ត្រឹម១០,៧ម៉ែត្រ។ លោក​ មុយ​ ដែល​មាន​តួនាទី​ល្បាត​អ្នកនេសាទ​ល្មើសច្បាប់​និង​ទប់ស្កាត់​ការ​នេសាទ​ដែល​មិន​មាន​និរន្តរភាព​ដោយ​អ្នកភូមិ​នៅ​លើ​កោះ​មួយ​នេះ បានឱ្យ​ដឹង​ថា អ្នកភូមិ​នា​ពេលនោះ​ មានការ​ភិតភ័យ​និង​អន្ទះ​សារ​ជា​ខ្លាំង។

ប្រធាន​សហគមន៍​នេសាទ​កោះ​ព្នៅ លោក ផាន់ មុយ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន នា​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ (Enric Catal​)

លោក​បាន​និយាយ​ថា៖ «គ្រាន់តែ​ឮ​ថា ​ទំនប់​ចាប់ផ្តើម​ប្រេះ​ហើយ​ ម្នា​ក់ៗ​ភ័យ​ណាស់ ជ្រួលច្របល់ ខ្លះ​លោត​ពីលើ​ផ្ទះ​ក៏​មាន។» ផ្ទះនៅ​លើ​កោះ​ព្នៅ​នោះ​ ភាគច្រើន​ជា​ផ្ទះ​ឈើ​មាន​កម្ពស់​ប្រហែល២ម៉ែត្រ​ពី​ដី។

លោ​ក ផាន់ មុយ បន្ត​ថា គ្រានោះ អ្នកភូមិ​ត្រូវ​បាន​អាជ្ញាធរ​ជូនដំណឹង​មុន​ពេល​ទឹកឡើង​ដល់កម្រិត​គ្រោះថ្នាក់ ដូច្នេះ​ប្រជាពលរដ្ឋ​បាន​ចាប់ផ្តើម​រុះរើ​ផ្ទះនិង​បាន​ជញ្ជូន​ក្តារ ស័ង្កសី​ ទៅ​ដាក់​នៅ​លើ​ទីទួល​ក្នុង​ភូមិ។ ចំណែក​ស្ត្រី​និង​កុមារ​ត្រូវ​បាន​ជម្លៀស​ចេញទៅ​កាន់​ទីទួល​សុវត្ថិភាព​មុន ឯបុ​រសៗ​នៅ​ជម្លៀស​សត្វគោ ក្របី មាន់ ទា ទៅ​ទី​ខ្ពស់។ 

តាម​ការ​រៀបរាប់​របស់​លោ​ក ផាន់ ​មុយ មេឃុំ​អូរស្វាយ​បាន​​ប្រកាសប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​អំពី​ទឹកជំនន់ ព្រោះ​មាន​ព័ត៌មាន​ថា ទំនប់​វារី​អគ្គិស​នី​«ដង​សា​ហុង» ដែល​នៅ​ជាប់​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង​និង​ប្រទេស​ឡាវ​ បាន​ប្រេះ​ហើយ។

ជាក់ស្តែង ទំ​បន់​វារី​អគ្គិស​នី​ដង​សា​ហុង ​មិនបាន​បាក់​ប្រេះ​នោះ​ទេ ប៉ុន្តែ​អ្នកភូមិ​កោះ​ព្នៅ​នា​ពេលនោះ​ បាន​ត្រៀម​ភៀសខ្លួន​ពី​ទឹកជំនន់​ដែល​ពួក​គាត់​សន្និដ្ឋាន​ថា​ ជា​ទឹកជំនន់​ដែល​បង្ក​ដោយ​ទំនប់​ដង​សា​ហុង។ អ្នកភូមិ​នៅ​កោះ​ព្នៅ​ធ្លាប់​បាន​តវ៉ា​លើ​ការសាងសង់​ទំនប់​វារី​អគ្គិស​នី​ដែល​មាន​ទីតាំងនៅ​ខ្សែទឹក​ខាងលើ ដោយ​បារម្ភ​ពី​ហា​និភ័យ​នៃ​ការ​បាក់​ទំនប់​ដែល​អាច​ហូរច្រោះ​ដីស្រែ​និងផ្ទះ​របស់​ពួក​គាត់។

នៅ​ខេត្ត​ស្ទឹងត្រែង ភាគ​ខាងជើង​ប្រទេស​កម្ពុជា ប្រជាជន​ដែល​រស់នៅ​តាម​ដងទន្លេ​មេគង្គ​និង​អ្នកនេសាទ​ កំពុងតែ​ទទួលរង​ផល​ប៉ះពាល់​ពី​ការប្រែប្រួល​បរិស្ថាន​មាន​ដូចជា ​ការ​ធ្លាក់ចុះ​នៃ​ផល​នេសាទ ព្រៃលិចទឹក​ចាប់ផ្តើម​សឹករេចរឹល និង​ដី​កោះ​ចាប់ផ្តើម​បាក់​ស្រុត ​ជាដើម។ នៅពេល​ដែល​ពួក​គេ​ព្យាយាម​សម្រប​ជីវភាព​ទៅតាម​ការ​ផ្លាស់​ប្តូរ​នេះ អ្នកភូមិ​ភាគច្រើន​បាន​សន្និដ្ឋាន​ថា​ទំនប់​ដង​សា​ហុង​គឺជា​ដើមហេតុ​ក្នុង​បញ្ហា​នេះ បើ​ទោះបីជា​កត្តា​ដែល​នាំ​ឱ្យ​មានផល​ប៉ះពាល់​នេះ​មាន​ច្រើនជាង​ការសាងសង់​និង​ដាក់​ឱ្យ​ដំណើរការ​ទំនប់​ដង​សា​ហុង។

វដ្ដធម្មជាតិ​ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ

​អង្គុយ​នៅក្នុង​កញ្ចុះ​ធំ​មួយ​ដែល​ជា​អាហារដ្ឋាន​របស់​លោក លោ​ក ផយ វណ្ណា អតីតប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ព្រះរំកិល ​ប្រាប់​ឱ្យ​ដឹង​ថា សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​កន្លងមក​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មកកាន់​តំបន់​ទេសចរណ៍​ព្រះរំកិល​ នៅសល់​តែ​បី​ក្បាល​ប៉ុណ្ណោះ​ដែល​នៅ​មានវត្តមានក្នុង​តំបន់​នេះ។ លោក​ថា ​សត្វ​ផ្សោត​ទាំងនេះ​បាន​ឈប់​មក​នៅ​អន្លុ​ងរ​បស់​វា​ដែល​នៅ​ក្បែរ​នោះ​ហើយ។

បើ​តាម​ការ​ឱ្យ​ដឹងពី​លោក ផយ វណ្ណា ចាប់តាំងពី​ទំនប់​វារី​អគ្គិស​នី​ដង​សា​ហុង​ចាប់ផ្តើម​សាងសង់ សត្វ​ផ្សោត​ទន្លេមេគង្គ​បាន​ផ្លាស់ទី​ពី​អន្លង់​ផ្សោត​«ឈើទាល» ​ទៅ​រស់នៅ​ក្នុង​ដែនទឹក​​របស់​ប្រទេស​ឡាវ​វិញ ដោយសារ​ការ​បំផ្ទុះ​ថ្ម​ក្នុង​ពេល​សាងសង់​ទំនប់។ 

លោក ផយ វណ្ណា អតីតប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ព្រះរំកិល បើក​ទូត​របស់​លោក​កាត់​តំបន់ដីសើម​ការពារ​រ៉ាម​សារ នា​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ (Enric Catal​)

លោក​មានប្រសាសន៍​ថា៖ «ឥលូវនេះ ពេល​ទៅ​មើល​ផ្សោត យើង​ត្រូវ​បើកទូក​ទៅដល់​ព្រំប្រទល់​ទឹក​ខាង​ឡាវ។ ទូក​យើង​ទៅដល់ យើង​ឈប់​នៅ​ត្រឹម​ព្រំប្រទល់​ទឹក​ព្រះរំកិល។ ពេល​ផ្សោត​វា​ងើប​មក យើង​មើលឃើញ។»

លោ​ក ផយ វណ្ណា​ ក៏​បង្ហាញ​ក្តី​បារម្ភ​ថា​ ភ្ញៀវ​ទេសចរ​អាច​នឹង​ឈប់​មក​ទស្សនា​តំបន់​អេកូ​ទេសចរណ៍​ព្រះរំកិល​ ប្រសិនបើ​សត្វ​ផ្សោត​លែង​មានវត្តមានក្នុង​តំបន់​នេះ។

លោក វី ផល្លុយ អ្នកសម្របសម្រួល​គម្រោង​នៅ​សមាគម​ថែរក្សា​បរិស្ថាន​និង​វប្បធម៌​ ហៅ​កាត់​ថា CEPA នៅ​ខេត្ត​ស្ទឹងត្រែង​ បានឱ្យ​ដឹង​ថា ចំនួន​សត្វ​ផ្សោត​ដែល​ស្ថិត​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN នៅ​អន្លង់​ឈើទាល​នេះ​ បាន​ធ្លាក់ចុះ​តាំងពី​មុន​ទំនប់​វារី​អគ្គិស​នី ដង​សា​ហុង​ ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ២០១៥ម៉្លេះ។ លោក​ដាក់​ការសង្ស័យ​ថា​ ទំនប់​ដង​សា​ហុង​បាន​ធ្វើឱ្យ​ចំនួន​ផ្សោត​កាន់តែ​ថយ​ចុះ។

ផ្សោត​ទន្លេមេគង្គ​ គឺជា​ប្រធានបទ​នាំមុខ​នៅក្នុង​អំឡុង​ឆ្នាំ២០១០ ក្នុង​ការ​តវ៉ា​ដែល​ដឹកនាំ​ដោយ​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​ ដើម្បី​ប្រឆាំង​នឹង​ការសាងសង់​ទំនប់​ដង​សា​ហុង។ បើ​តាម​អង្គការ​នេះ ទំនប់​ដង​សា​ហុង​នឹង​ធ្វើ​ឱ្យ​ផ្សោត​ទន្លេមេគង្គ​ចាកចេញ​ពី​តំបន់​ដែល​វា​ធ្លាប់​រស់នៅ ដោយសារ​ការ​កាយដី រួម​ទាំង​កំណើន​ចរាចរ​ណ៍ទូក​ពេល​សាងសង់​ទំនប់​មួយ​នេះ ហើយ​ថែមទាំង​រារាំង​ចរាចរ​ណ៍របស់​ត្រី​ដែល​ត្រូវ​ធ្វើ​ចរាចរណ៍​ផ្លាស់ទី​ នៅពេល​ដែល​ទំនប់​នេះ​ចាប់ផ្តើម​ដំណើរការ។

លោក វី ផល្លុយ​ បាន​អះអាង​ថា ​ទាំង​ចំនួន​ផ្សោត ចំនួន​ត្រី ​និង​សេវាកម្ម​អេកូ​ទេសចរណ៍​ បាន​ធ្លាក់ចុះ​នា​ពេល​កន្លងមក ដោយ​លើកឡើង​ពី​ការប្រែប្រួល​នៃ​ចរន្ត​ហូរ​ធម្មជាតិ​នៃ​ទឹកទន្លេ​មេគង្គ។

ព្រៃលិចទឹក​នៅក្នុង​តំបន់​«រ៉ាម​សារ​» ដែល​ស្ថិតនៅ​កណ្តាលទន្លេ​មេគង្គ​ នៅក្នុង​ខេត្ត​ស្ទឹងត្រែង ដែល​ជា​តំបន់ដីសើម​មាន​សារៈសំខាន់​ទទួលស្គាល់​ជា​អន្តរជាតិ ក៏បាន​ជ្រុះ​ស្លឹក​និង​ដួល​រលំ​ភាគច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ព្រៃលិចទឹក​នេះ​មាន​សារៈសំខាន់​ ជា​ជម្រកត្រី​ពូជ​និង​ត្រី​ផ្លាស់ទី​ចរាចរ​ណ៍ជាច្រើន​ប្រភេទ​បង្កាត់ពូជ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ដើមឈើ​ក្នុង​តំបន់​ព្រៃ​លិចទឹក​មាន​ភាព​ស្រស់​ស្អាត ​ដោយសារ​ឫសរ​បស់​វាមានស​ភាព​បត់បែន​ទៅតាម​ចរន្តទឹក​ហូរ។

លោ​ក ផល្លុយ​ លើកឡើង​ថា​ ព្រៃលិចទឹក​នេះ បាន​ងាប់​ដោយសារ​កម្រិត​និង​របប​ឡើងចុះ​នៃ​ទឹកទន្លេ​មេគង្គ​មានការ​ផ្លាស់​ប្តូរ​សម្រាប់​តំបន់​នេះ ដោយសារ​ដើមឈើ​ក្នុង​ព្រៃលិចទឹក​នេះ​ត្រូវការ​​រស់នៅ​ក្នុងទឹក​នៅ​រដូវវស្សា​ និង​នៅលើគោក​នៅក្នុង​រដូវប្រាំង។

ជាក់ស្តែង នៅ​ខែសីហា ជា​ខែ​មួយ​ក្នុង​រដូវ​ត្រី​ពង កម្ពស់​ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង​គួរតែ​ឡើង​ដល់​ច្រាំងទន្លេ​ហើយ ប៉ុន្តែ​នៅក្នុង​ឆ្នាំនេះ​ ទឹកទន្លេ​បាន​ឡើង ​តែ​មានកម្រិត​ទាប​ជាង​កម្ពស់​ធម្មតា​ប្រហែល១ទៅ២ម៉ែត្រ។ កម្រិត​ទឹកទន្លេ​ទាប បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ការ​ពង​កូន​របស់​ត្រី​នៅក្នុង​តំបន់​នេះ។ 

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «យើង​សង្កេតឃើញ​មានការ​ប្រែប្រួល​ជា​ខ្លាំង​លើ​កម្រិត​ទឹក​ក្នុង​ទន្លេមេគង្គ។ ទឹកទន្លេ​ត្រូវ​ឡើង​ តែ​មិន​ឡើង​ទេ ដល់តែ​ពេល​ឡើង ឡើង​លឿន​តែម្តង បង្ក​ទៅជា​ទឹក​ជំ​នន់​ភ្លាម​ៗ។»

លោ​ក ផល្លុយ​ រំឭក​ថា ទឹកជំនន់​កាលពី​ខែកញ្ញា​ឆ្នាំមុន ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ត្រូវ​ជម្លៀស​ចេញពី​ភូមិ​ បាន​កើតឡើង​ជួន​ពេល​នឹង​ការ​បិទទ្វារ​ទឹក​របស់​ទំនប់​ដង​សា​ហុង​ដែរ។

លោក​លើកឡើង​ថា ការ​បិទទ្វារ​ទំនប់​នេះ​ អាច​ជាការ​រុញ​ចរន្តទឹក​ឱ្យ​ហូរ​មក​លឿន​ហើយ​ខ្លាំង​ បង្ក​ជា​ទឹក​ជំ​នន់​ភ្លាម​ៗ។ លោក​បាន​បន្ថែម​ថា ទឹក​ជំ​នន់​ភ្លាម​ៗនេះ​ បាន​រំឭក​ប្រជាពលរដ្ឋ​អំពី​ការ​បាក់​ទំនប់​«សេ​ភាន សេ​ណាម​ណយ» ​នៅ​ប្រទេស​ឡាវ​ ដែល​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន១៧ភូមិ​នៅ​ស្រុក​សៀមប៉ាង ​ត្រូវ​ជម្លៀស​ចេញ​ភ្លាម​ៗ។ 

ប្រជា​នេសាទ​និង​អ្នកទិញ​ត្រី ជួបជុំគ្នា​នៅ​ផ្សារត្រី​ក្នុង​ក្រុង​ស្ទឹងត្រែង នា​ព្រឹក​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។ (Enric Catal​)

លោក សាយ ហ្វេ​ង ជា​មេភូមិ​កោះ​ឈើទាល​តូច​ បាន​អះអាង​ថា មុន​ពេល​មាន​ទឹកជំនន់​កាលពី​ឆ្នាំមុន រាល់​ឆ្នាំ​បើ​ទោះបីជា​មាន​គ្រោះ​ទឹកជំនន់ ប៉ុន្តែ​កោះ​ឈើទាល​តូច​មិនដែល​បាក់​ស្រុត​ច្រាំងនិង​ដី​កោះ​ឡើយ។ ប៉ុន្តែ​ទឹក​ជនន់​ក្នុង​រដូវវស្សា​ឆ្នាំ​កន្លងទៅ​នេះ ​បាន​ផ្លាស់​ប្ដូរស្ថានភាព​នេះ​ហើយ។

លោក​ សាយ ហ្វេ​ង បាន​បន្ថែម​ថា ប្រជាពលរដ្ឋ​មួយចំនួន​បាន​ផ្លាស់ទី​ទៅ​នៅ​លើ​ដីគោក​វិញ​ចាប់តាំងពី​ឆ្នាំ២០១៨ ដោយសារ​ពួក​គេ​មើលឃើញ​ថា ​ការសាងសង់​ទំនប់​ដង​សា​ហុង​ជិត​រួចរាល់ ហើយ​ពួក​គេ​រំពឹង​ថា ​នឹង​មាន​ទឹកជំនន់​កើតឡើង​ក្រោយពេល​ទំនប់​នេះ​ចាប់ផ្តើម​ដំណើរការ។

ប្រវត្តិ​នៃ​ភាព​ចម្រូង​ចម្រាស​នៃ​ទំនប់​ដង​សា​ហុង

​ក្រុម​អ្នកស្រាវជ្រាវ​បានឱ្យ​ដឹង​ថា បើ​ទោះបីជា​ទំនប់​ដង​សា​ហុង​បង្ក​ជា​ក្តី​បារម្ភ​សម្រាប់​អ្នកភូមិ​ដែល​រស់នៅ​ក្បែរ​ទំនប់​នេះ ក៏​មិនមែន​ទំនប់​តែមួយ​នេះ​ទេដែល​បាន​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេមេគង្គ គឺ​ខ្សែ​ច្រ​វាក់​ទំនប់​វារី​អគ្គិស​នី​ទាំងអស់ ​ដែល​មាន១៣កំពុង​ដំណើរការ​នៅ​លើ​ទន្លេមេគង្គ ចាប់តាំងពី​ប្រទេស​ចិន​រហូតដល់​ប្រទេស​ឡាវ។ 

លោក Ian Baird អ្នកស្រាវជ្រាវ​ផ្តោត​លើ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​សាកល​វិទ្យាល័យ Wisconsin​-Madison នៅ​សហរដ្ឋអាមេរិក​ និង​បាន​សិក្សា​ស្រាវជ្រាវ​ច្រើន​អំពី​ប្រទេស​កម្ពុជានិង​ប្រទេស​ឡាវ គឺជា​មនុស្សម្នាក់​ក្នុងចំណោម​អ្នកជំនាញ​ដំបូងបង្អស់​ដែល​បាន​លើកឡើង​ពី​ក្តី​បារម្ភ​អំពី​ការសាងសង់​ទំនប់​ដង​សា​ហុង​នេះ។

លោក​បាន​សរសេរ​ការ​បារម្ភ​នេះ​នៅក្នុង​របាយការណ៍​ការសិក្សា​ជាច្រើន​អំពី​សារៈសំខាន់​នៃ​ច្រក​ផ្លូវទឹក​«សា​ហុង» ជាទី​តាំង​ទំនប់​ដង​សា​ហុង​បច្ចុប្បន្ន សម្រាប់​ចរាចរណ៍​របស់​ត្រី​ផ្លាស់ទី​ជិត​ឆ្ងាយ​ដែល​ធ្វើដំណើរ​មក​ពី​បឹងទន្លេសាប ឆ្លងកាត់​ព្រំដែន​កម្ពុជា-ឡាវ និង​តំបន់ «សី​ផាន់ដន»​(កោះ៤០០០​) ក្នុង​ប្រទេស​ឡាវ។

ទោះជាយ៉ាងណា នៅពេល​ដែ​លត្រូវ​បាន​សាកសួរ​អំពី​បញ្ហា​នេះ លោក Ian Baird បាន​និយាយ​ថា ទំនប់​ដង​សា​ហុង​មាន​ឥទ្ធិពល​តិចតួច​តែប៉ុណ្ណោះ​មក​លើ​ប្រទេស​កម្ពុជា ខុសពី​លទ្ធផល​ចេញពី​ការស្រាវជ្រាវ​របស់​លោក​អំពី​ផល​ប៉ះពាល់​ដែល​អាច​កើតមាន​ចេញពី​ទំនប់​នេះ​មក​លើ​ប្រទេស​កម្ពុជា។

ទំនប់​ដង​សា​ហុង​ ត្រូវ​បាន​សាងសង់​នៅ​លើ​ច្រក​ផ្លូវទឹក​សា​ហុង ដែល​ជា​ច្រក​សំខាន់​បំផុត​សម្រាប់​ប្រភេទ​ត្រី​​ផ្លាស់ទី​ដែល​ធ្វើដំណើរ​ពី​ទន្លេសាប​ទៅកាន់​ជម្រក​របស់​វា​នៅក្នុង​ប្រទេស​ឡាវ​ដើម្បីបង្កាត់ពូជ​និង​ពង​កូន ហើយ​ដូចដែល​អ្នកស្រាវជ្រាវ​និង​សកម្មជន​បរិស្ថាន​ជាច្រើន​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការសាងសង់​ទំនប់​នេះ តាំងពី​ពេល​ដែល​ក្រុមហ៊ុន Mega First បាន​ចុះ​អនុស្សរ​ណៈ​យោគយល់​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ឡាវ នៅក្នុង​ឆ្នាំ២០០៩។ 

នៅពេល​ដែល​រដ្ឋាភិបាល​ប្រទេស​ឡាវ​បាន​ប្រកាស​ពី​ចេតនា​ក្នុង​ការសាងសង់​ទំនប់​ដង​សា​ហុង ទៅកាន់​គណៈ​កម្មាធិ​ការ​ទន្លេមេគង្គ​នៅ​​ឆ្នាំ២០១៣ លិខិត​ជាច្រើន​ដែល​មាន​អត្ថន័យ​ប្រឆាំង​ការសាងសង់​ទំនប់​នេះ ​បាន​បង្ក​ទៅជា​ការ​តវ៉ា​ជាច្រើន​នៅ​ព្រំប្រទល់​ប្រទេស​កម្ពុជា​ ដែល​បាតុកម្ម​នេះ​មាន​អ្នកចូលរួម​រហូតដល់​ជាង៦០០នាក់។ 

លោក គង់ ចាន់​ធី អតីតប្រធាន​សហគមន៍​នេសាទ​ឃុំ​អូរស្វាយ​ចា កំពុង​ពិនិត្យ​មង​ដែល​រាយ​នៅ​ក្បែរ​ភោជនីយដ្ឋាន​គ្រួសារ​របស់​លោក នៅ​ខេត្ត​ស្ទឹងត្រែង នា​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ (Enric Catal​)

បច្ចុប្បន្ន​នេះ ទំនប់​ដង​សា​ហុង​បាន​ដាក់​ឱ្យ​ដំណើរការ​រួចហើយ លោក Ian Baird និយាយ​ថា ទស្សនៈ​របស់​លោក​ទៅលើ​ទំនប់​ដង​សា​ហុង​នៅពេល​នេះ​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ទាំងស្រុង ព្រោះថា​លោក​មិនបាន​ដឹង​ថា​ ក្រុមហ៊ុន​មាន​ផែនការ​ក្នុង​ការ​បើក​ច្រក​ផ្លូវទឹក​សា​ហុង។

លោក​បាន​ថ្លែង​ថា៖ «នៅ​ខាង​កម្ពុជា គេ​មិនដឹង​ច្បាស់​ថា ​មានរឿង​អ្វីខ្លះ​ដែល​ប៉ះពាល់​ទន្លេមេគង្គ​នោះ​ទេ ហើយក៏​មិន​មាន​អ្នក​យល់​អំពីអ្វី​ដែល​កំពុង​កើតឡើង​នេះ​ដែរ។ ទំនប់​នោះ​គឺ​នៅចំពោះមុខ​ពួក​គេ ហើយ​ច្រក​ផ្លូវទឹក​នោះ ​ជាច្រក​ផ្លូវទឹក​ធំជាង​គេ ​[សម្រាប់ត្រី​ធ្វើ​ចរាចរ​] ដែល​ស្ថិតនៅ​ចំពោះមុខ​ [ព្រំ​ដែន​ប្រទេស​របស់​]​ ពួក​គេ [….] ប៉ុន្តែ​ខ្ញុំ​មិន​គិតថា​ អ្នក​អាច​សន្មត​ផល​ប៉ះពាល់​ដែល​ពួក​គេ​កំពុង​ជួបប្រទះ​ថា ​មាន​ដើមហេតុ​ចេញពី​ទំនប់​នេះ​ទេ។»

លោក Peter Hawkins អ្នកជំនាញ​ផ្នែក​បរិស្ថាន​ និង​ជា​អ្នក​ប្រឹក្សា​វាយតម្លៃ​ទីតាំង​សាងសង់​ទំនប់​រហូតដល់​ការ​ចាប់ផ្តើម​សាងសង់​ទំនប់ បាន​អះអាង​ថា ​ក្រុមហ៊ុន​បាន​ធ្វើការ​ជាច្រើន​ដើម្បី​ធានា​ថា ​ត្រី​នៅតែ​អាច​ឆ្លងកាត់​ទឹកធ្លាក់​«ល្បាក់ខោន​»នៅ​ខាង​ប្រទេស​ឡាវ។ 

លោក Hawkins ឱ្យ​ដឹង​ថា លោក​បាន​សិក្សា​ច្រក​ផ្លូវទឹក​ដែល​នៅ​ជុំវិញ​ច្រក​ទ្វារ​ទឹក​សា​ហុង ដោយ​បាន​សាកល្បង​ធ្វើតេស្ត​ ដើម្បី​ឱ្យ​ដឹង​ថា​ តើ​ត្រី​ពិតជា​មាន​ច្រក​ផ្លូវទឹក​ជំនួស​ឬទេ។ ក្រុមហ៊ុន​នៅពេល​នោះ​បាន​បំផ្ទុះ​ថ្ម​ ដើម្បី​ត្រួសត្រាយ​ច្រក​ផ្លូវទឹក​«សា​ដាម» ​ដើម្បី​ឱ្យ​ត្រី​ងាយស្រួល​ឆ្លងកាត់ ហើយ​ក្រុមហ៊ុន​ក៏បាន​ចេញផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ រួម​ជាមួយ​នឹង​រូបភាព​វីដេអូ បង្ហាញ​ទៅកាន់​សកម្មជន​និង​អ្នក​សង្កេត​បរិស្ថាន​ថា​ ត្រី​បាន​ប្រើប្រាស់​ផ្លូវទឹក​នេះ​ហើយ។

លោក Hawkins បាន​និយាយ​ថា៖ «កា​រស​ន្និ​ដ្ឋាន​ទុកជាមុន​មួយទៀត​នោះ ​គឺថា ត្រី​ដឹង​តែ​ត្រូវ​ហែ​លទៅ​ផ្នែក​ខាងលើ [នៃ​ទន្លេមេគង្គ​] ហើយ​ប្រសិនបើ​មាន​អ្វី​មក​បាំង​វា វា​នឹង​មិន​ផ្លាស់ទី​នោះ​ទេ។ ជាក់ស្តែង ត្រី​បាន​ព្យាយាម​រក​ផ្លូវទឹក​ផ្សេងទៀត​ក្នុង​ការ​ផ្លាស់ទី។ ជម្រើស​ទីមួយ​របស់​ត្រី​ គឺ​ទៅតាម​ផ្លូវទឹក​ណា​ដែល​មាន​ទឹក​ច្រើនជាង​គេ ហើយ​ពួក​វា​នឹង​ជ្រើស​រើស​ផ្លូវ​ផ្សេងទៀត ប្រសិនបើ​ពួក​វា​មិន​អាច​ឆ្លងកាត់​ផ្លូវទឹក​នោះ​បាន»។

លោក Hawkins សង្ស័យ​ថា មិនមែន​ត្រី​ទាំងអស់​សុទ្ធតែ​អាច​រក​ផ្លូវទឹក​ដែល​មាន​សុវត្ថិភាព​នោះ​ទេ ហើយ​ត្រី​មួយចំនួន​រួម​ទាំង​ពងត្រី​ដែរ បាន​ងាប់​នៅក្នុង​តួប៊ី​ន នៅ​ពេល​ដែល​វា​ព្យាយាម​ផ្លាស់ទី​ដោយ​ប្រើប្រាស់​ញាណ​ពី​ធម្មជាតិ។

លោក Hawkins និយាយ​ថា ​លោក​បាន​លាឈប់​ពី​ការងារ​មុន​ពេល​ដែល​មាន​លទ្ធផលជាក់​លាក់​អំពី​ចំនួន​ត្រី​ដែល​បាត់បង់​និង​ងាប់​នៅក្នុង​តួប៊ីន​ ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ប៉ុន្តែ​អ្វី​ដែល​លោក​ដឹង​ច្បាស់​នោះ​គឺ ​របាយការណ៍​នេះ​កំពុង​ត្រូវ​បាន​ចងក្រង​ឡើង។

ជាមួយគ្នា​នេះ​ដែរ លោក Kent Hortle អ្នក​ប្រឹក្សា​ផ្នែក​បរិស្ថាន​និង​ជលផល​ ដែល​កំពុង​តាមដាន​ទំនប់​វារី​អគ្គិស​នីមួយ​នេះ​ បាន​និយាយ​ថា ក្រុមហ៊ុន​កំពុង​តាមដាន​ចំនួន​ត្រី​ដែល​បាត់បង់និង​ងាប់​នៅក្នុង​តួប៊ីន។ លោក​បញ្ជាក់​តាម​សារ​អេ​ឡិច​ត្រូ​និច​ថា ​មាន​ត្រី​ច្រើន​ពាន់​ក្បាល​បាន​ប្រើប្រាស់ «​ផ្លូវទឹក​សា​ដាម​» ជំនួស​ឱ្យ​ «ផ្លូវទឹក​សា​ហុង​» ដែល​ត្រូវ​បាន​បិទ ដោយ​លើកឡើង​ពី​វីដេអូ​ជា​ភស្តុតាង។ 

ពាក់ព័ន្ធ​នឹង​ទឹកជំនន់​កាលពី​ខែកញ្ញា​វិញ លោក Hortle បាន​និយាយ​ថា ​ទឹកជំនន់​តែង​កើតមាន​តាំងពី​មុន​ពេល​ទំនប់​ដង​សា​ហុង​មិនទាន់​ដំណើរការ​មក​ម៉្លេះ ហើយ​ថែមទាំង​បាន​អះអាង​ថា ការ​បាក់​ច្រោះដី​ គឺជា​បញ្ហា​ដែល​ប្រឈម​សម្រាប់​តំបន់​នៅ​ក្បែរ​ទឹកធ្លាក់​ល្បាក់​ខន។

ទិដ្ឋភាពទំនប់ដងសាហុងនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។(រូបថត៖Enric Catal)

បើ​ទោះបីជា​ទំនប់​ដង​សា​ហុង​មាន​យន្តការ​កាត់បន្ថយ​ផល​ប៉ះពាល់​ក្តី ចរន្ត​ទឹក​ទន្លេមេគង្គ​បាន​នឹង​កំពុង​ប្រែប្រួល ​មិន​មាន​ភាព​ទៀងទាត់ ហើយ​ត្រី​និង​ព្រៃឈើ​បាន​និង​កំពុង​បាត់បង់។

អ្នកជំនាញ​បាន​លើកឡើង​ថា ​ការ​នេសាទ​ត្រី​លើសលុប​គឺជា​ដើមហេតុ ខណៈ​នៅក្នុង​ឆ្នាំនេះ មានការ​ចេញផ្សាយ​របាយការណ៍​ដោយ​ទីភ្នាក់ងារ​ស្រាវជ្រាវ Eyes on Earth ដោយ​ផ្អែកលើ​រូបភាព​ប្រព័ន្ធ​ផ្កាយរណប​ បាន​ផ្សារភ្ជាប់​ការប្រែប្រួល​ចរន្តទឹក​ទន្លេមេគង្គ​ទៅ​នឹង​បណ្តុំ​ទំនប់​វារី​អគ្គិស​នី​នៅ​ប្រទេស​ចិន។

កាលពី​ឆ្នាំមុន ប្រទេស​ថៃ​បាន​ជួបប្រទះ​នឹង​កម្រិត​ទឹកទន្លេ​ដែល​ទាប​បំផុត​ ហើយដែល​បាន​ធ្វើឱ្យមាន​គ្រោះ​រាំងស្ងួត​កាន់តែ​អា​ក្រក់ រហូតដល់​អាងស្តុកទឹក​ហួត​អស់ ហើយ​ទឹកសមុទ្រ​បាន​ឡើង​ចូល​មក​ក្នុង​ប្រភព​ទឹកសាប។

ក្រុមហ៊ុន​ស្រាវជ្រាវ Eyes on Earth បាន​កត់សម្គាល់​ថា ចរន្ត​ហូរ​របស់​ទឹកទន្លេ​ដែល​មានកម្រិត​ទឹក​ខ្ពស់​នៅ​រដូវប្រាំង​និង​កម្រិត​ទឹក​ទាប​នៅ​រដូវវស្សា​ បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ២០១២ ហើយ​និន្នាការ​នេះ​មាន​សភាព​កាន់តែ​អា​ក្រ​ក់​ទៅៗ​ នៅពេល​ដែល​ប្រទេស​ចិន​ចាប់ផ្តើម​ដាក់​ឱ្យ​ដំណើរ​ការទំនប់​វារី​អគ្គិស​នី​កាន់តែ​ច្រើន​នៅ​តាម​បណ្តោយ​ទន្លេមេគង្គ។

រដ្ឋាភិបាល​ចិន​បាន​បដិសេធ​របាយការណ៍​នេះ​តែម្តង ដោយ​បាន​លើកឡើង​ថា​ ប្រទេស​នេះ​ក៏បាន​ជួប​គ្រោះ​រាំងស្ងួត​និង​កម្រិត​ទឹកដែល​ទាប​នៅក្នុង​អាងស្តុកទឹក​ដែរ។ ក្នុង​នោះ​ គណៈ​កម្មា​ធិការ​ទន្លេមេគង្គ​ ក៏បាន​ថ្លែង​ថា ​ការព្យាករ​ក្នុង​របាយការណ៍​នេះ​ មិន​មាន​ភាព​ស៊ីជម្រៅ​ឡើយ។

ទោះជាយ៉ាងណា គណៈ​កម្មា​ធិការ​ទន្លេមេគង្គ​បាន​អំពាវ​នា​វម្តងហើយ​ម្តង​ទៀ​ត ឱ្យ​រដ្ឋាភិបាល​ប្រទេស​ចិន​បង្ហាញ​តួលេខ​អំពី​កម្រិត​នៅក្នុង​អាងស្តុកទឹក​ពេញ​មួយឆ្នាំ ជំនួស​ឱ្យ​ការ​បង្ហាញ​តែ​ក្នុង​រដូវ​ដែល​មាន​ទឹកជំនន់។

កំពុង​បើក​បង្ហាញ​សៀវភៅ​ស្តី​ពី​ប្រភេទ​ត្រី លោក ​គង់ ចាន់​ធី​ ជា​ប្រធាន​សហគមន៍​នេសាទ​ឃុំ​អូរស្វាយ​ ចាប់តាំងពី​ឆ្នាំ២០០២ ចង្អុល​ប្រាប់​ពី​ប្រភេទ​ត្រី​ដែល​លែង​សូវ​ឃើញ​មាននៅ​ក្នុង​ទន្លេ និង​ប្រភេទ​ខ្លះ​មិន​ត្រូវ​បាន​ប្រទះឃើញ​ទាល់តែសោះ។ លោក ចាន់​ធី គឺជា​អតីត​អ្នកនេសាទ។

ដោយសារ​លោក​ ចាន់​ធី ​ដឹង​ច្រើន​ពី​ត្រី​ក្នុង​ទន្លេមេគង្គ​ លោក​បាន​ក្លាយទៅជា​អ្នកតស៊ូ​មតិ​ដែល​តែងតែ​ផ្តល់​ព័ត៌មាន​ទៅដល់​រដ្ឋបាល​ជលផល​ អំពី​មេត្រី​ពូជ​ដែល​លោក​បានឃើញ​នៅក្នុង​អន្លង់​ជ្រៅ​ក្នុង​តំបន់​នេះ។ លោក​ក៏​តែងតែ​បញ្ចេញមតិ​លើកឡើង​ពី​ក្តី​បារម្ភ​នានា​អំពី​ការប្រែប្រួល​ទន្លេមេគង្គ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដែរ។ 

លោក​ ចាន់ធី ជឿជាក់​ថា ​រដ្ឋបាល​ជលផល​បានដឹង​ពី​បញ្ហា​ទាំងនេះ ប៉ុន្តែ​វា​អាច​មានក​ត្តា​ផ្សេង​ៗដែល​រាំងស្ទះ មិន​ឱ្យ​មាន​ដំណោះស្រាយ។ វា​អាចម​កពី​កង្វះ​ហិរញ្ញប្បទាន​ ឬក​ត្តា​នយោបាយ។ លោក​ថា ការ​វាយ​តម្លៃ​មួយ​ដែល​ផ្តោត​លើ​ជីវភាព​ប្រជាជន ​គឺជា​អាទិភាព។ 

លោក គង់ ចាន់​ធី អតីតប្រធាន​សហគមន៍​នេសាទ​ឃុំ​អូរស្វាយ​ចា និយាយ​ពី​តំបន់ដីសើម​រ៉ាម​សារ ដែល​ស្ថិតនៅ​កណ្តាលទន្លេ​មេគង្គ នៅក្នុង​ខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ (Enric Catal​)

លោក​ ចាន់​ធី​ លើកឡើង​ថា៖ «ធនា​គារ​ធំៗ​ដែល​ផ្តល់​ហិរញ្ញប្បទាន កម្ចី​ និង​ទុន​សម្រាប់​សាងសង់​ទំនប់​វារី​អគ្គិស​នី​ទាំងនេះ គឺ​គេ​មាន​លុយ​ច្រើនណាស់ឱ្យ​ក្រុមហ៊ុន​ខ្ចី ប៉ុន្តែ​ហេតុអ្វី​មិន​មានលទ្ធភាព​គាំទ្រ​ឱ្យ​មានការ​សិក្សា​វាយ​តម្លែ​ឯករាជ្យ​មួយ​ពី​ផល​ប៉ះពាល់​ដែល​អាច​ជួយ​ដល់​សហគមន៍​?» ដោយ​មើលឃើញ​និន្នាការ​បច្ចុប្បន្ន លោក ​គង់ ចាន់​ធី មិន​មានការ​ព្យាករ​វិជ្ជមាន​ទេ​សម្រាប់​អនាគត​ទន្លេមេគង្គ។ 

លោក ចាន់​ធី​ បាន​ថ្លែង​ថា៖ «នៅពេល​គេ​មកលេង​តំបន់​នេះ គេ​នាំគ្នា​ថា​ តំបន់​នេះ​ស្អាត​គ្រប់គ្នា ប៉ុន្តែ​ខ្ញុំ​ថា ​មិន​ទេ! បើ​មកឃើញ​តំបន់​នេះ​ពីមុន បានដឹង​ថា​ស្អាត​យ៉ាងណា»៕

ព័ត៌មាន​នេះ​ត្រូវ​ផលិតឡើងដោយមានការ​គាំទ្រពី Internews’ Earth Journalism Network​

ប្រែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេសដោយ ចាន់ មុយហុង​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ