បទយកការណ៍៖ជីវិតស្ត្រីបង្ខំចិត្តចាប់របរផ្លូវភេទដោយសារឥទ្ធិពលកូវីដ១៩

អ្នកស្រី ស្រី ពៅ ឈរចាំភ្ញៀវនៅបរិវេណរមណីយដ្ឋានវត្តភ្នំពេញ ថ្ងៃទី៩ខែកញ្ញឆ្នាំ២០២០។ រូប ដោយ គង់ មេត្តា

ស្ត្រីមួយចំនួនដែលទើបចាប់យករបររកស៊ីផ្លូវភេទនៅម្តុំវត្តភ្នំបានអះអាងថា តម្រូវការលុយរ៉ាប់រងចិញ្ចឹមសមាជិកគ្រួសារនិង​សងបំណុលធ្វើឱ្យពួកគាត់ឈរចាំភ្ញៀវទាំងភ្លៀងរលឹមប្រឈមទាំងមេរោគកូវីដ១៩ និងសមត្ថកិច្ចចាប់ខ្លួន ហើយពេលខ្លះដេកយំទាំងអត់អាហារដោយសាររកលុយមិនបាន។​​

អ្នកស្រី ស្រីពៅ ជាឈ្មោះអ្នកសរសេរដាក់ឱ្យ មានអាយុ៣១ឆ្នាំ កំពុងឈរតែម្នាក់ឯងនៅក្បែរបរិវេណវត្តភ្នំ នៅក្រោមភ្លៀងរលឹមស្រិចៗ នៅម៉ោងជាង៨យប់។​ ភ្នែកអ្នកស្រីព្យាយាមសម្លឹងក្រឡេកចុះក្រឡេកឡើងដើម្បីរកភ្ញៀវ​ និង​មើលសមត្ថកិច្ច​ដែលជារឿយៗចុះមកចាំចាប់ក្រុមស្រ្តីរកស៊ីផ្លូវភេទ។

ស្លៀកខោខៅបូយខ្លី អាវធំដៃវែងពណ៌លឿង បបូរមាត់លាបក្រេមពណ៌ក្រហមស្រស់ អ្នកនាងស្រីពៅ ឈរនិយាយសម្តីតិចៗ មួយៗ បានប្រាប់វីអូឌីកាលពីខែកញ្ញាថា គាត់ទើបចាប់ផ្តើមប្រកបរបរស៊ីផ្លូវភេទបានរយៈពេលជិត១០ថ្ងៃប៉ុណ្ណោះ។ អ្នកនាងថាមូលហេតុដែល​ធ្វើឱ្យខ្លួន​ចាប់យកមុខរបរនេះដោយសារតែរបរលក់ដូរ​មានដូចជាពងទាកូន ម្ជូរ គ្រឿងភេសជ្ជៈ បានបង់ខាតប្រាក់ចំណូលចាប់តំាងពីការរាតត្បាតនៃជំងឺ​កូវីដ១៩។  

អ្នកស្រីបញ្ជាក់៖«ខ្ញុំលក់នៅវិហារសួគ៌ លក់ឱ្យអ្នកធម្មតាចម្រុះគ្នា អ្នករោងចក្រ នៅខេត្តកណ្តាល នៅក្នុងតំបន់7NG ដល់ពេលផ្ទុះកូវីដខ្ញុំលក់អត់ដាច់ ថ្លៃផ្ទះវាថ្លៃ ហើយរត់អត់រួចក៏ខ្ញុំឈប់មក ហើយខ្ញុំក៏មកហ្នឹងសាកមើល ដល់ពេលមក ក៏ស្ងាត់អត់មានភ្ញៀវដើរ ហើយពិបាក»

អ្នកស្រីបន្ថែម៖«មុនកូវីដ រកចំណេញបានមួយថ្ងៃ៣ម៉ឺន ៤ម៉ឺន ដល់ពេលកូវីដមក កុំថាលុយចំណេញ លុយដើមក៏ខាតដែរ។ អត់សូវមានភ្ញៀវដើរ ពួករោងចក្រក៏គាត់ អត់សូវចាយលុយ ហើយយើងលក់ភ្ញៀវធម្មតាអ៊ីចឹងយើងអត់ដាច់ ហើយគេលក់ច្រើនអ៊ីចឹង ដល់អ៊ីចឹងទៅយើងលក់អត់ដាច់»

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានប្រាប់តាមរយៈសារតេឡេក្រាមថា រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករប្រមាណ ២៦០​ ៩២៤នាក់ ក្នុងវិស័យសេវាកម្មទេសចរណ៍និងកាត់ដេរស្បែកជើង ប្រមាណ១៧លានដុល្លារ ដែលបាត់បង់និងប៉ះពាល់ការងាររបស់ពួកគេ​ដោយសារជំងឺកូវីដ១៩​ ដែលធ្វើឱ្យ​រោងចក្រឬកន្លែងការងារផ្អាកដំណើរការឬបិទ។ យ៉ាងណាក្តីរដ្ឋាភិបាលកម្ពុជាមិនទាន់បានចេញជាយន្តការឬជំនួយទៅលើពលរដ្ឋដែលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលរងផលប៉ះពាល់ដោសារជំងឺកូវីដ១៩នៅឡើយទេ។ លោក ហេង សួរ មិនបានឆ្លើយសំណួរបន្ថែមនៅក្នុងសារទាក់ទងចំណុចនេះទេ។

អ្នកស្រី ស្រីពៅ ត្រូវចិញ្ចឹមកូន៤នាក់និងឪពុកម្តាយ ហើយស្រីពៅ សង្ឈឹមថា ការមកធ្វើស្រ្តីរកស៊ីផ្លូវភេទក្នុងកំឡុងពេលផ្ទុះ​កូវីដ១៩អាចរកចំណូលបានគ្រាន់សម្រាប់ថ្លៃទឹកដោះគោកូន និងគ្រួសារ។ ប៉ុន្តែផ្ទុយទៅវិញវា ក៏មិនសូវកាក់កប ដោយសារមិនសូវមានភ្ញៀវដើរច្រើន។ អ្នកនាងបានប្រាប់ថាថ្ងៃខ្លះអ្នកស្រីមិនអាចរកបានសូម្បីភ្ញៀវម្នាក់។​

អ្នកស្រីបញ្ជាក់៖«បានប្រហែលជាង១០ថ្ងៃ ថ្ងៃណាខ្លះទៅយើង មានភ្ញៀវម្នាក់ ពីរនាក់ទៅ ថ្ងៃណាខ្លះទៅក៏អត់ទៅ មួយថ្ងៃបានលុយ៧ម៉ឺន ៨ម៉ឺន បួនដប់ម៉ឺន»

អ្នកស្រីបន្ថែម៖«ទៅភោជនីយដ្ឋាន ប្រាក់ខែតិច ហើយដល់ខែបានបើកលុយ ហើយខ្ញុំត្រូវការលុយ កូនត្រូវបៅទឹកដោះគោ  កូន៩ខែ»

ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៧ ខែមីនា បានប្រកាសឱ្យបិទវិស័យសេវាកម្សាន្តដូចជាខារ៉ាអូខេ រង្គសាល ឌីស្កូតែក ជាដើម។​

របាយការណ៍មួយដែលសិក្សាពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ចុះផ្សាយខែមិថុនាឆ្នាំ២០២០ បានសម្ភាសស្រ្តីរកស៊ីផ្លូវភេទចំនួន១៣០នាក់នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាលនិងខេត្តបន្ទាយមានជ័យ។ របាយការណ៍​ដែល​ចុះផ្សាយដោយអង្គការបណ្តាញការងារនិងសម្ព័ន្ធបងប្អូនស្រីបាន​ឱ្យ​ដឹង​ថាស្រី្តជិត៩៣ភាគរយបញ្ជាក់ថា ការអនុវត្តទៅលើការបិទ KTV ក្លឹបកម្សាន្ត មានខារ៉ាអូខេ រង្គសាលនិងឌីស្កូតែក ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាបានប៉ះពាល់ដល់ធ្ងន់ធ្ងរដល់ជីវភាពររបស់ពួកគេ ហើយជិត៥០ភាគរយមិនមានប្រាក់ចំណូលទាល់តែសោះ និងប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះយ៉ាងខ្លាំង។

របាយការណ៍ដដែលក៏បង្ហាញថាស្រ្តីរកស៊ីផ្លូវភេទប្រមាណ៥០ភាគរយបានជាប់បំណុលស្រាប់ហើយកើន២០ភាគរយបន្ទាប់ពីជំងឺកូវីដ១៩ដោយត្រូវទៅខ្ចីបំណុលគេក្នុងការប្រាក់ខ្ពស់។

ស្ត្រីប្រកបរបរផ្លូវភេទម្នាក់ទៀត អាណែត ជាឈ្មោះអ្នកសរសេរដាក់ឱ្យបានប្រាប់ថា គាត់បានមកធ្វើការជាអ្នកចាក់ស្រាតាមហាងភោជនីយដ្ឋាន(បារ)តាំងពីឆ្នាំ២០០៧ក្រោយពីលែងលះប្តី ហើយអ្នកស្រីត្រូវមើលថែទាំកូនមួយនិងគ្រួសារឪពុកម្តាយ ដោយអ្នកស្រីមានលទ្ធភាពអាចផ្ញើលុយទៅផ្ទះសម្រាប់ចំណាយក្នុងគ្រួសារនិងសងថ្លៃធនាគារប្រមាណ៥០០ដុល្លារ ។

អ្នកស្រីបានខ្ចីលុយចំនួន៥០០០ដុល្លារពី​ធានាគារដើម្បីរៀបការឱ្យប្អូនប្រុសនិង៤០០០ដុល្លារដើម្បីទិញដីសាងសង់ផ្ទះ។ ពេលមុនជំងឺកូវីដផ្ទុះអ្នកស្រីអាចរកប្រាក់បានប្រមាណ ១៥០០ដុល្លារក្នុងមួយខែគិតទាំងលុយធីប។ ប៉ុន្តែចាប់ពីខែកុម្ភៈអ្នកស្រីមិនមានចំណូល ដោយសារហាងត្រូវបានបិទនិងការមិនមានភ្ញៀវទេសចរណ៍ពីក្រៅប្រទេសមកចូលកម្សាន្ត ដែលធ្វើឱ្យអ្នកស្រីបានជួបការលំបាកក្នុងជីវភាពនិងការបង់ធនាគារយ៉ាងខ្លាំង។

អ្នកស្រីបានប្រាប់ថា៖«ដល់បិទអ៊ីចឹងទៅ យើងមានអារម្មណ៍ថា ស្រីបារមួយៗគ្នារកលុយបង់ថ្លៃផ្ទះ រកតែលុយផ្ញើទៅស្រុក ឱ្យម៉ែក៏អត់បាន និយាយទៅរកលុយចាយខ្លួនឯងក៏អត់បានដែរ»

អ្នកស្រីបញ្ជាក់៖«យើងមានអារម្មណ៍មិនដឹងទៅណាទេ ទៅផ្លូវណាទេ។ គាត់[រដ្ឋាភិបាល]ប្រាប់ថាកុំឱ្យអង្គការ[គ្រឹះស្ថានហិរញ្ញវត្ថុ]គេយក អង្គការនៅតែយក នៅតែទារការ »

បើទោះបីជាសាលា​រាជធានី​ភ្នំពេញកាលពី​ថ្ងៃ៣ ខែ​កក្កដា បាន​ជូនដំណឹង​ដល់​ម្ចាស់​ក្លឹ​បក​ម្សាន្ត និង​ខារ៉ាអូខេ ប្រែក្លាយ​អាជីវកម្ម​របស់​ខ្លួន​ទៅជា​ភោជនីយដ្ឋាន​វិញ ក្រោយ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យបើក​ដំណើរការ​អាជីវកម្ម​ឡើងវិញដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ចនិង​ផ្តល់​ការងារ​ឡើងវិញ​ដល់​កម្មករ។ ប៉ុន្តែអាណែតនៅតែមិនមានភ្ញៀវដូចពីមុនដោយសារអ្នកស្រីពឹងផ្អែកទាំងស្រុងលើភ្ញៀវទេសចរក្រៅប្រទេស។

ក្នុងសំឡេងអួលដើមក​  ទឹកភ្នែកក្នុងរង្វង់ភ្នែក អ្នកស្រីនិយាយថា៖«អ្នកផ្ទះរំពឺងខ្ញុំ គ្រួសារខ្ញុំខ្ចីលុយអង្គការ ការប្រពន្ធឱ្យប្អូនប្រុស ដល់អ៊ីចឹងជំពាក់ដីហ្នឹង។កាលមុនកូរ៉ូណាខ្ញុំអាចបង់៥០០​ទៅ៦០០ដុល្លារ  ដល់ឥឡូវតែ១០០ដុលារផ្ញើទៅផ្ទះអត់ចង់បានផង។ ​ហើយអង្គការមកទារលិចកើត ហើយបង្ខំខ្ញុំឱ្យដើររកខ្ចីអ្នកនេះអ្នកនោះ ទៅខ្ចីអ្នកណាឱ្យកូរូណាគេកំពុងជ្រួលច្របល់ចង់ងាប់ហ្នឹង»។

ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាលោក កាំង តុងងី​បានប្រាប់តាមទូរសព្ទថា ធនាគារជាតិកម្ពុជាកាលពីខែមីនា បានចេញជាគោលការណ៍ទាំងគ្រឹះស្ថានមីក្រូហិរញ្ញាវត្តុនិងធនាគារជាតិនៅក្នុងប្រទេស អនុវត្តការរៀបចំឥណទានឡើងវិញ ដល់អតិថិជន ដែលរងផលប៉ះពាល់ដោយកូវីដ១៩។ លោកថា អតិថិជនអាចស្នើមិនសងកម្ចីក្នុងរយៈពេលពី៣ខែដល់៦ខែ ឬអតិថិជនអាចស្នើសុំមិនបង់ទាំងការប្រាក់និងកម្ចីពីរយៈពេលចាប់ពី៣ទៅ៦ខែ។

លោកកាំង តុងងី ៖«អាចមានប្រជាពលរដ្ឋខ្លះគាត់មិនទាន់បានដឹងរឿងហ្នឹង។ យើងតាមដានសមាជិរបស់យើង ជារៀងរាល់សប្តាហ៍ប្រសិនបើឃើញមានករណីដែលប្រជាពលរដ្ឋមិនអាចបង់ទាន់ពេលកើនឡើងខ្លាំង»

លោកបន្តថា ៖«យើងធ្លាប់ឮថាមានបុគ្គលិកជំរុញឱ្យអតិថិជនរបស់គាត់ ទៅខ្ញីលុយឯកជនដើម្បីបង់ផ្តាច់ បើគាត់ធ្វើអ៊ីចឹងមែន គាត់ប្រឈមនឹងការបណ្តេញចេញហើយ។​ ហើយបើវាជាលក្ខណៈប្រព័ន្ធ អាហ្នឹងស្ថាប័នហ្នឹងប្រឈមនឹងការដកអាជ្ញាបណ្ណហើយ យើងអត់មានករណីហ្នឹងជាសមាជិករបស់យើងទេ»

របាយការណ៍បណ្តាញការងារនិងសម្ព័ន្ធបងប្អូនស្រីរកឃើញទៀតថា ស្ត្រីប្រកបរបររកស៊ីផ្លូវភេទទាំងនេះ មានការភ័យខ្លាច បារម្ភ និងពិបាកចិត្ត ទាំងខ្វះលុយចិញ្ចឹមគ្រួសារ ខ្វះលុយសងបំណុល សមត្ថកិច្ចចាប់ខ្លួននិងការរើសអើង ជាដើម។​

ជុំវិញការចោទថា សមត្ថកិច្ចចាប់ខ្លួនស្ត្រីប្រកបរបរផ្លូវភេទនៅម្តុំរមណីយដ្ឋានវត្តភ្នំនេះលោកចាន់ សុខន នាយរងប៉ុស្តិ៍នគរបាលសង្កាត់វត្តភ្នំបានបដិសេធថាលោកពុំបានចាប់ឬបញ្ជួនស្រី្តរកស៊ីផ្លូវភេទៅមន្ទីរសង្គមកិច្ចទេ។​

 លោក ចាន់ សុខន៖«យើងចុះទៅប្រាប់គាត់ ណែនាំគាត់កុំឱ្យបាត់បង់សណ្តាប់ធ្នាប់ ព្រោះកន្លែងគេគោរព។ ហើយប្រាប់គាត់ថាកូវីដវាឆ្លង កុំឱ្យរកស៊ីផ្លូវភេទ យើងគ្រាន់តែណែនាំជាមួយគាត់ទេ»

អ្នកស្រីអាណែត មិនបានបារម្ភការឆ្លងមេរោគកូវីដ១៩នោះទេគឺអ្នកស្រីចង់ឱ្យមានភ្ញៀវ ទេសចរចូលមកកម្សាន្តនៅកម្ពុជាវិញដើម្បីគាត់មានការងារធ្វើ។​

អ្នកស្រីបញ្ជាក់៖«ខ្ញុំមានអារម្មណ៏អត់ខ្លាច អត់ខ្លាចងាប់អី សំខាន់រកលុយ ចង់និយាយថា ខ្ញុំអត់ខ្លាចទេកូរូណា ចង់និយាយថាបើយើងអត់ធ្វើការរកលុយឱ្យគេ អង្គការនឹងរឹបអូសយកផ្ទះ យកដី ហើយពេលហ្នឹងគេជ្រួលច្របល់គ្រប់គ្នាខ្ញុំអត់ខ្លាច ខ្ញុំបន់ឱ្យគេបើកឱ្យអឺរ៉ុបចូលវិញហោះហើរ អ៊ីចឹងទេខ្ញុំងាប់ ខ្ញុំជំពាក់គេ តាំងពីកូរូណាមក ខ្ញុំអត់ចូលស្រុកមួយឆ្នាំហើយ ខ្ញុំអត់លុយ។

អ្នកស្រីបន្ថែម៖«ជូនកាលដេកយំក្នុងបន្ទប់ម្នាក់ឯង អត់បាយហូប ខ្ញុំនិយាយឱ្យអស់ពីចិត្តហ្មង» ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ