ទឹក​ជំនន់​​នៅ​​បន្ទាយ​មាន​ជ័យ​​សម្លាប់​​មនុស្ស​២៣​នាក់​ ខណៈ​​ប៉ះពាល់​​ជាង​៤​ម៉ឺន​​គ្រួសារ​

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកជំនន់បានជន់លិចដល់តំបន់មួយចំនួននៅភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

​តួលេខ​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បង្ហាញថា ទឹកជំនន់​លិចលង់​ខេត្ត​នេះ បាន​សម្លាប់​មនុស្ស​ដល់ទៅ២៣នាក់​ហើយ​គិត​ត្រឹម​ថ្ងៃសៅរ៍​កន្លងមក​នេះ ខណៈ​ពលរដ្ឋ​ដល់ទៅ​ជាង៤ម៉ឺន​គ្រួសារ បាន​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។

របាយការណ៍​ផ្ដល់ឱ្យដោយ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ឱ្យដឹង​ថា ទឹកជំនន់​ដែល​បង្កឡើង​ដោយ​ទឹកភ្លៀង​ធ្លាក់និង​ទឹកហូរ​ធ្លាក់​ពី​ប្រទេស​ថៃ​នោះ បាន​ប៉ះពាល់​ប្រជាពលរដ្ឋ៤១ ៩២៧គ្រួសារ ឬស្មើនឹង​មនុស្ស​ជិត១៧ម៉ឺន​នាក់។

បើតាម​តួលេខ​ដដែល​នេះ ប្រជាពលរដ្ឋ​ដល់ទៅ​ជាង៥ពាន់​គ្រួសារ ឬស្មើនឹង​ជិត២ម៉ឺននាក់ ត្រូវ​បាន​ជម្លៀស​ចេញទៅ​កាន់​ទីទួល​សុវត្ថិភាព​ដោយសារ​ទឹកជំនន់។

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យបាន​ឱ្យដឹង​ទៀត​ថា ទឹកជំនន់​ក៏​ប៉ះពាល់​ស្រូវ​ស្រែ​ដល់ទៅ​ជាង៦ម៉ឺន​ហិ​កតា​ផង​ដែរ ខណៈ​ដំឡូងមី​ទំហំ​ជាង១ម៉ឺន២ពាន់​ហិ​កតា និង​ដំណាំរួមផ្សំ​ទំហំ៦៣០ហិ​កតា​ទៀត ក៏​ត្រូវ​រង​ផលប៉ះពាល់​ផង​ដែរ។

តួលេខ​បង្ហាញ​ទៀត​ថា ទឹកជំនន់​ក៏​ប៉ះពាល់​ដល់​សាលារៀន១៩១កន្លែង វត្តអារាម៦៩កន្លែង និង​ប៉ះពាល់​ផ្លូវថ្នល់​សរុប​ជាង៦៤៨គីឡូម៉ែត្រ​នៅ​ទូទាំង​ខេត្ត​មួយ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ