វិភាគ៖ ចៅក្រម​​ឯករាជ្យ​​ជា​​បង្អែក​​ក្រុម​​យុវជន​​ថៃ​​ប្រើ​ប្រាស់​​សិទ្ធិ​​

ក្រុមអ្នកតវ៉ាថៃលើកសញ្ញាម្រាមដៃ៣ឡើងទៅលើព្រមគ្នា ក្នុងពេលធ្វើការតវ៉ាមួយនៅឆ្នាំ២០២០។ (ហ្វេសប៊ុក៖ ศูนย์ทนายความเพื่อสิทธิมนุษยชน)

ស្ថាប័ន​តុលាការ​ឬចៅក្រម​ដែល​មានចំណេះ​ដឹង​បំពេញការងារ​ដោយ​ឯករាជ្យ ជាផ្នែក​មួយ​ជួយ​ផ្តល់​ឱកាស​ឱ្យ​ក្រុម​យុវជន​នៅក្នុង​ប្រទេស​ថៃ​ ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​ដេញដោល​លើ​ការងារ​របស់​នាយក​រដ្ឋមន្ត្រីនិង​ព្រះមហាក្សត្រ។

យុវជន​ថៃ​កំពុងតែ​តវ៉ា​ឥត​ឈប់ឈរទាមទារ​ឱ្យ​កែទម្រង់​ការដឹកនាំ ដោយ​ពួក​គេ​បារម្ភ​ថា របៀបរបប​ដឹកនាំ​បច្ចុប្បន្ន​ គឺ​ថ្នាក់ដឹកនាំ​មានអំណាច​ខ្លាំង​ហួសហេតុ ប៉ុន្តែ​មិន​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ទុក្ខ​លំបាក​ពលរដ្ឋឬមិន​មាន​សមត្ថភាព​ធ្វើ​ឱ្យ​ប្រទេសជាតិ​រីកចម្រើន។

ការ​តវ៉ា​របស់​ក្រុម​យុវជន​ចាប់តាំងពី​ពាក់កណ្តាល​ខែកក្កដា​មក ​ផ្តោត​លើ​ចំណុច៣ដោយ​មិនបាន​ប្ដូរ​គោលដៅ​ ​គឺបន្ថយអំណាច​ក្សត្រ បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ឡើងវិញ និងសរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ។

ការ​តវ៉ា​ឈាន​ដល់​ដំណាក់កាល​តានតឹង​ លោក ​ប្រា​យុទ្ធ ចាន់​អូ​ចា បានសម្រេច​ដាក់​ទីក្រុង​បាងកក​ក្នុង​ស្ថានភាព​គ្រា​មាន​អាសន្នកាល​ពី​ថ្ងៃទី១៥ ខែតុលា មិន​អនុញ្ញាត​ឱ្យ​មានការ​ជួបជុំ​មនុស្ស​ដល់៥នាក់​ទេ។ ចំណែក​យុវជន​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់ខ្លួន ក្នុងចំណោម​អ្នក​ត្រូវ​ចាប់ខ្លួន​នោះ​ មាន​ប្រមាណ១០នាក់​ជា​ក្រុម​ដឹកនាំ​ការ​តវ៉ា។

ក្រោយ​ការ​ចេញច្បាប់​ដាក់​ទីក្រុង​ក្នុង​គ្រា​មាន​អាសន្ន ប្រើ​រថយន្ត​បាញ់​ទឹក​បំបែក​ការ​ប្រមូល​ផ្តុំ និង ចាប់​តំណាង​ក្រុម​អ្នក​តវ៉ា​ នៅតែមិន​អាច​បញ្ឈប់​ការ​តវ៉ា​របស់​ក្រុម​យុវជន​បាន​នោះ​ ទើប​នៅ​ថ្ងៃទី២២ ខែតុលា លោក​ ប្រា​យុទ្ធ បាន​លុបចោល​បម្រាមដាក់​បាងកក​ក្នុង​គ្រា​មាន​អាសន្ន ហើយ​លោក​ប្រកាស​បើក​ការចរចា​ជាមួយ​យុវជន​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយសន្តិវិធី។

លោក​ ប្រា​យុទ្ធ ក៏បាន​ស្នើ​ឱ្យ​មានការ​ប្រជុំ​សភា​នៅ​ថ្ងៃទី២៦ និងទី២៧ ខែតុលា ដើម្បី​ប្រមូល​គំនិត​យោបល់​របស់​សមាជិកសភា ​ក្នុង​ការស្វែងរក​ដំណោះស្រាយ​ករណី​តវ៉ា​ទាមទារ​របស់​ក្រុម​យុវជន។

មានការ​ចោទសួរ​ថា តើ​ហេតុអ្វីបានជា​លោក ​ប្រា​យុទ្ធ មិន​ចាប់​តំណាង​យុវជន​ទាំងនោះ​ដាក់​ពន្ធនាគារ​ឱ្យ​អស់​? ឬប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​បាញ់​បង្ក្រាប​ដូច​មេដឹកនាំ​មួយចំនួន​ធ្លាប់​ប្រើ​ទៅ​?

បើ​និយាយ​ពី​ការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ទាំងអស់​ វា​មិន​ងាយស្រួល​នោះ​ទេ​ ទី១ ចំនួន​យុវជន​តវ៉ា​ពី​រាប់​ម៉ឺន​ទៅរាប់​សែន​នាក់ ហើយ​មួយទៀត​ បើ​មានការ​ចាប់ខ្លួន​ទាំង​បំពានច្បាប់​នោះ​ លោក​ ប្រា​យុទ្ធ​ អាច​ប្រឈម​ការចោទប្រកាន់​វិញ។

យុវជន​ថៃ​ដែល​ចូលរួម​តវ៉ា​ បញ្ជាក់​ថា ពួក​គេ​គ្រប់គ្នា​ជា​មេដឹកនាំ​តវ៉ា​ គឺ​ការ​តវ៉ា​មិនឈប់​នោះ​ទេ បើ​មិន​មានការ​ឆ្លើយ​តាម​ការ​ទាមទារ​របស់​ពួក​គេ។

ចំពោះ​ករណី​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ ដើម្បី​បាញ់សម្លាប់​ឬបាញ់​បង្ក្រាប​លើ​ក្រុម​យុវជន​នោះ នៅ​ប្រទេសថៃ​ ​ឆ្នាំ១៩៧៦ និង១៩៩២ ធ្លាប់​កើតមាន​ហើយ ចំណែក​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗក៏មានដែរ។

ករណី​លោក​ ប្រា​យុទ្ធ​ មិន​ប្រើ​អាវុធ​បាញ់សម្លាប់​យុវជន​ដើម្បី​បន្តអំណាច​នោះ​ យើង​មើល​លើ​ចំណុច​មួយចំនួន​ថា តើ​លោក ​ប្រា​យុទ្ធ ព្រោះតែ​ចង់​បន្តអំណាច​ ដាច់ចិត្ត​សម្លាប់​យុវជន​ជា​ជាតិសាសន៍​ខ្លួន​ទេ​? តើ​ការ​បាញ់​បង្ក្រាប​ធ្វើ​ឱ្យ​ឈប់​មានការ​តវ៉ា​ឬនាំ​ឱ្យ​មានការ​តវ៉ា​ធំឡើង​ជាង​មុន​? តើ​បើ​មាន​កា​របង្ក្រាប លោក​ ប្រា​យុទ្ធ នឹងអាច​ត្រូវ​តុលាការ​ចោទប្រកាន់និង​ចាប់ខ្លួន​ឬទេ​? 

ប្រព័ន្ធ​យុត្តិធម៌​នៅ​ថៃ​

បើ​យើង​ពិនិត្យមើល​លើ​របាយការណ៍​គម្រោង​យុត្តិធម៌​ពិភពលោក​ ឆ្នាំ២០២០ បង្ហាញថា ថៃ​ជាប់​ចំណាត់ថ្នាក់​លេខ៧១ ក្នុងចំណោម១២៨ប្រទេស។ ចំណាត់ថ្នាក់​នេះ ថៃ​ទទួល​បាន​ចំ​ណាត់​ថ្នាក់​ល្អ​ប្រសើរ​ឡើង​ចំនួន៦លេខ ​បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំមុន។

របាយការណ៍​ដដែល​បង្ហាញថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ១២៧ ចំណាត់ថ្នាក់​ដដែល​ប្រៀបធៀប​ឆ្នាំមុន ហើយ​ចំណែក​វៀតណាម​ទទួល​បាន​ចំ​ណាត់​ថ្នាក់​លេខ៨៥ ដែល​ចំ​ណាត់ថ្នាក់​នេះ​ធ្លាក់ចុះ២លេខ ​បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំមុន។ ចំណែក​មីយ៉ាន់ម៉ា ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​លេខ១១២។

របាយការណ៍​នេះ បង្ហាញថា ប្រព័ន្ធ​យុត្តិធម៌​របស់​ថៃ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​នៅក្នុង​តំបន់។

សមត្ថកិច្ច​ចាប់ តុលាការ​លែង

​យុវជន​ជា​ក្រុម​អ្នក​រៀបចំ​ការ​តវ៉ា​ ទាំងស្រីទាំងប្រុស​សុទ្ធតែ​ធ្លាប់​រង​ការ​ចាប់ខ្លួននិង​ចោទប្រកាន់​ពី​សមត្ថកិច្ច។ នៅក្នុង​ពេល​ដាក់​ក្រុង​បាងកក​ក្នុង​គ្រា​មាន​អាសន្ន​ យុវជន​ថៃ​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់ខ្លួន​តែ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​តែប៉ុណ្ណោះ ក្នុងចំណោម​នោះ​ អ្នកខ្លះ​ត្រូវ​រង​ការចោទប្រកាន់​ធ្ងន់ធ្ងរ​ពី​ស្ថាប័ន​អយ្យការ។

យុវជន២នាក់​ ឈ្មោះ Bunkueanun “Francis​” Paothong និង Ekachai Hongkangwan ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ខែតុលា​នេះ រង​ការ​ចោទ​ពី​បង​បង្ក​ហិង្សា​ឬប៉ុនប៉ង​បង្ក​ហិង្សា​ប្រឆាំង​ម្ចាស់​ក្សត្រី។ បើសិនជា​តុលាការ​រក​ឃើញ​កំហុស​ដូច​សមត្ថកិច្ច​ចោទប្រកាន់​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ថៃ​មាត្រា១១០នោះ យុវជន​ទាំង២នាក់​ប្រឈម​ជាប់ពន្ធ​នា​គារ​មួយ​ជីវិត​ឬកាត់ទោស​ប្រហារជីវិត។

បើ​ទោះជា​មានការ​ចាប់ខ្លួននិង​ចោទប្រកាន់​ធ្ងន់ធ្ងរ​ពី​ខាង​រដ្ឋាភិបាល​យ៉ាង​ក្តី ប៉ុន្តែ​អ្នក​ទាំងនោះ​ក៏​ត្រូវ​បានខាង​តុលាការ​បន្ត​នីតិវិធី​ស៊ើបអង្កេត​បន្ត​ទៀត។ ក្នុងចំណោម​យុវជន​រាប់​សិប​នាក់​ទាំងនោះ​ ក៏​មានការដោះលែង​ឱ្យ​ក្រៅ​ឃុំ​វិញ​ជាបន្តបន្ទាប់​ដែរ បន្ទាប់ពី​មេធាវី​របស់​ពួក​គេ​ការពារ​សិទ្ធិ​ទៅតាម​ផ្លូវច្បាប់​រួចហើយ។

ទាំងនេះ​បង្ហាញថា រាល់​ការចោទប្រកាន់​របស់​សមត្ថកិច្ច​ឬខាង​រដ្ឋាភិបាល​ដែល​ចាប់ខ្លួន​យុវជន​ទាំងនោះ មិនមែន​ខាង​ស្ថាប័ន​តុលាការ​ត្រូវ​ធ្វើតាម​ឬចោទប្រកាន់​តាម​ទាំងអស់​នោះ​ទេ​ គឺ​ករណី ឃុំខ្លួន​បន្ត​ឬដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ ជា​សិទ្ធិ​សម្រេច​ដោយ​ឯករាជ្យ​របស់​តុលាការ​ឬចៅក្រម។

ក្នុងអំឡុងពេល​ដែល​មាន​វិបត្តិ​នៅ​ថៃ​នេះ រដ្ឋាភិបាល​ក៏បាន​ព្រមាន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រមាណ៥ស្ថាប័ន និង​ចាត់​ឱ្យ​មន្ត្រី​តាមដាន​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ៗទៀត​ដែរ ដោយ​ចោទ​ថា មានការ​ផ្សព្វផ្សាយ​ញុះញង់​ឱ្យ​មាន​ភាព​ចលា​ចល​ក្នុង​សង្គម ប៉ុន្តែ​មិនទាន់​ឃើញ​តុលាការ​សម្រេច​សេចក្តី​លើ​ស្ថាប័ន​សារព័ត៌មាន​ណាមួយ​នៅឡើយ​ទេ។

ចំពោះ​តុលាការ​ឬចៅក្រម​មិន​រង​គំនាប​ពី​រដ្ឋាភិបាល​នេះ មិនមែន​បានន័យ​ថា ក្រុម​យុវជន​ដែល​តវ៉ា​ ពួក​គេ​អាច​ធ្វើ​បាន​តាមតែ​ចិត្ត​នោះ​ទេ គឺ​រាល់​សកម្មភាព​តវ៉ា​ ពួក​គេ​ត្រូវ​គិត​ពី​ច្បាប់ឬផល​ប្រយោជន​រួម​ដែរ។

ក្រុម​យុវជន​ដែល​តវ៉ា​តែងតែ​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា ការ​តវ៉ា​របស់​ពួក​គេ​ត្រូវ​បានធ្វើឡើង​ដោយសន្តិវិធី​ មិន​មាន​ហិង្សា។ ជាក់ស្តែង​ នៅ​ថ្ងៃទី១៦ ខែតុលា ​ពេល​ដែល​រថយន្ត​ខាង​រាជវង្ស​បើក​កាត់​កន្លែង​តវ៉ា អ្នកសម្របសម្រួល​ការ​តវ៉ា​នៅ​ទីនោះ ​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត មិន​ឱ្យ​ប្រើ​អំពើ​ហិង្សាឬជេរប្រមាថ​ដល់​រាជវង្ស​នោះ​ទេ បើ​ទោះជា​យុវជន​ទាំងនេះ​មិន​ពេញចិត្ត​ចំពោះ​អំណាច​រាជវង្ស​ក៏ដោយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ