ក្រសួង​​និង​​សង្គម​​ស៊ីវិល​ ប្រកាស​​គំរូ​​លក្ខន្តិកៈ​​ថ្មី​​សម្រាប់​​ចុះ​បញ្ជី​​ដី​​សមូហ​ភាព​​ជនជាតិ​​ដើម​​ភាគ​តិច​

មន្ត្រី​មក​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចួល​រួម​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​និង​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​គំរូ​លក្ខន្តិកៈ​និង​បទបញ្ជា​ផ្ទៃក្នុង សម្រាប់​ការចុះបញ្ជី​ដី​សមូហភាព​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ The NGO Forum on Cambodia​)

​ក្រសួង​ពាក់ព័ន្ធនិង​អង្គការ​សង្គម​ស៊ីវិល ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​គំរូ​លក្ខន្តិកៈ​ថ្មី និង​បទបញ្ជា​ផ្ទៃក្នុង​សម្រាប់​ការចុះបញ្ជី​ដី​សមូហភាព​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា ដើម្បី​ជំរុញ​ដល់​ការចុះបញ្ជី​ដីធ្លី​សហគមន៍​ជនជាតិ​ដើម​ភាគតិច ឱ្យ​បាន​ឆាប់រហ័សនិង​មាន​ប្រសិទ្ធភាព។

ការប្រកាស​នេះ បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយនិង​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​គំរូ​លក្ខន្តិកៈនិង​បទបញ្ជា​ផ្ទៃក្នុង​សម្រាប់​ការចុះបញ្ជី​ដី​សមូហភាព​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ​នេះ។

នាយក​ប្រតិបត្តិ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា លោក តឹក វណ្ណា​រ៉ា ថ្លែង​ថា កន្លងមក ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួងមហាផ្ទៃ ក្រសួង​ដែនដី និង​អង្គការ​សង្គម​ស៊ីវិល បាន​ទទួល​សំណូមពរ​ជាច្រើនពី​សហ​គម​ន៍ជនជាតិ​ដើម​ភាគតិចនិង​អ្នក​ពាក់ព័ន្ធ​នានា ឱ្យធ្វើ​ការ​កែសម្រួល​នីតិ​វិធីក្នុង​ដំណើរការ​ចុះបញ្ជី​ដី​សមូហភាព​សហគមន៍​ជនជាតិ​ដើម​ភាគតិច ធ្វើ​យ៉ាងណា​ឱ្យ​មាន​លក្ខណៈ​ខ្លី ខ្លឹម ងាយ​យល់ និង​ងាយ​អនុវត្ត ដើម្បី​អនុវត្ត​ការងារ​ឱ្យ​មាន​ភាព​ឆាប់រហ័ស ចំណេញ​ពេល និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ 

លោក​បន្ត​ថា ជា​ការ​ឆ្លើយតប ក្រសួង​ពាក់ព័ន្ធ​ទាំង៣បាន​សហការ​ជាមួយ​អង្គការ​ពាក់ព័ន្ធ ​ធ្វើការ​ពិភាក្សានិង​កែសម្រួល​លក្ខន្តិកៈនិង​បទបញ្ជា​ផ្ទៃក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ដោយ​បង្កើត​នូវ​ទម្រង់​ឯកសារ​ថ្មីដែល​ងាយស្រួល​អនុវត្ត ក្នុង​គោលដៅ​ពន្លឿន​ដល់​ការចុះបញ្ជី​ដី​សមូហភាព​សម្រាប់​ជនជាតិ​ដើម​ភាគតិច ដើម្បី​សម្រេច​បាន​តាម​ការ​ចង់បាន​របស់​ជនជាតិ​ដើម​ភាគតិចនិង​ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល។

លោក​ថា៖ «សូម​ចូលរួម​អបអរ​សា​ទរ​ជាមួយនឹង​ប្អូន​ជនជាតិ​ដើម​ភាគតិច​ទាំងអស់ ក្រសួងមហាផ្ទៃនិង​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​ថ្មី​ដ៏​មាន​សារៈសំខាន់នេះ សម្រាប់​ដាក់​ជូន​ដល់​បងប្អូន​ជនជាតិ​ដើម​ភាគតិច ក៏ដូចជា​អ្នក​ពាក់ព័ន្ធ​នានា​ក្នុង​ការប្រើ​ប្រាស់​ជា​ផ្លូវការ​ក្នុង​ការចុះបញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា»។

ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ជនជាតិដើមភាគតិច​ នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក សុត សឿង មានប្រសាសន៍​ក្នុង​ពិធី​នោះ​ថា គំរូ​លក្ខន្តិកៈនិង​បទបញ្ជា​ផ្ទៃក្នុង​ថ្មីនេះ ត្រូវ​បាន​ក្រសួងមហាផ្ទៃនិង​ក្រសួង​អភិវឌ្ឍន៍​ជនបទ រួម​នឹង​អង្គការ​សង្គម​ស៊ីវិល បាន​ធ្វើការ​ពិភាក្សានិង​កែសម្រួល​រយៈពេល​ជិត១ឆ្នាំ​មក​ហើយ មុននឹង​មានការ​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ។

ជាមួយគ្នា​នេះ​ដែរ លោក​ថា ក្រសួង​នឹង​បន្ត​ជំរុញ​ការកំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច ឱ្យ​បាន​ឆាប់រហ័ស​ផង​ដែរ។

លោក​បន្ថែម​ថា៖ «យើង​នឹង​ជំរុញ​ឱ្យ​ការកំណត់​អត្តសញ្ញាណ​ឱ្យ​បាន​រួចរាល់​ក្នុង​ពេល​ឆាប់​ៗនេះ បានន័យ​ថា នៅសល់៣០០ភូមិ​ទៀត គឺ​មិន​អាច​ពន្យា​រដល់​រាប់​សិប​ឆ្នាំ​តទៀត​ទេ អ៊ីចឹង​កំពុង​រក​យុទ្ធសាស្ត្រ​ឬវិធីសាស្ត្រ​យ៉ាងណា​ដើម្បី​ជំរុញ៣០០ភូមិ​នេះ​ឱ្យ​ហើយ»។

បើ​តាម​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល រហូតមកដល់​ដំណាច់​ឆ្នាំ២០១៩ សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា មាន​ចំនួន៥០១សហគមន៍ ក្នុង​នោះមាន​សហគមន៍​ប្រមាណ១៥០ ត្រូវ​បាន​ទទួលស្គាល់​ស្វ័យ​អត្តសញ្ញាណ​ពី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ១៥០សហគមន៍​ទៀត ត្រូវ​បាន​ចុះបញ្ជី​ជា​នីតិបុគ្គល​នៅ​ក្រសួងមហាផ្ទៃ និង​សហ​គម​ន៍ចំនួន៣០ បាន​ទទួល​បណ្ណ​កម្មសិទ្ធិសមូហភាពពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ 

របាយការណ៍​ដដែលបន្ត​ថា កម្ពុជាមាន​ជនជាតិ​ដើម​ភាគតិច​ចំនួន២៤ក្រុមដែល​កំពុង​រស់នៅ​តាម​ខេត្ត​ចំនួន១៥ រួមមាន៖ ព្នង កួយ ទំពួន ចា​រាយ គ្រឹង ព្រៅ កា​វែ​ត ស្ទៀង ក្រោល មិល កា​ចក់ ព័រ ខោញ ជង សួយ ថ្មូ​ន លុន ស្អូច រដែ ខិ រអង ស្ពុង ល្អឺ​ន សំរែ ប្រមាណ​ជា ១,៣៤​% នៃ​ប្រជាជន​សរុប។ 

ជនជាតិ​ទាំងនោះ​រស់នៅ​ក្នុង​ខេត្តដូចជា៖ រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមា​នជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ និង​សៀមរាប​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ